ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គមស៊ីវិល ជំរុញ​រដ្ឋាភិបាល​ឱ្យ​បញ្ចប់​និទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នកកាសែត


រូបឯកសារ៖ អ្នកកាសែត​កម្ពុជា ​នាំ​គ្នា​សួរ​ព័ត៌មាន​ពី​សកម្មជន​សិទ្ធិមនុស្ស លោក អំ សំអាត នៃ​អង្គការ​លីកាដូ នៅ​ខាង​ក្រៅ​តុលាការ​ក្រុង​ភ្នំពេញ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។
រូបឯកសារ៖ អ្នកកាសែត​កម្ពុជា ​នាំ​គ្នា​សួរ​ព័ត៌មាន​ពី​សកម្មជន​សិទ្ធិមនុស្ស លោក អំ សំអាត នៃ​អង្គការ​លីកាដូ នៅ​ខាង​ក្រៅ​តុលាការ​ក្រុង​ភ្នំពេញ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។

សង្គមស៊ីវិល​ធ្វើ​ការ​លើវិស័យសិទ្ធិមនុស្ស​អំពាវនាវ​ឲ្យ​មានការ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទាំង​តាមផ្លូវ​ច្បាប់​ និង​រាងកាយ​មក​លើ​អ្នកកាសែត​ ដើម្បី​រក្សាលំហ​ឲ្យពលរដ្ឋ​ទទួលបាន​ព័ត៌មាន​គ្រប់ជ្រុងជ្រោយដែល​ជា​ប្រយោជន៍​ក្នុងការ​ធ្វើ​សេចក្តីសម្រេចចិត្ត​ផ្តល់ការគាំទ្រ​លើ​គោល​នយោបាយ​របស់​រដ្ឋាភិបាល ឬក៏​បាន​ដឹង​ពី​កំហុស​ឆ្គង​របស់​មន្ត្រី​សាធារណៈ។

សេចក្តី​អំពាវនាវ​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​របស់​ក្រុមអង្គការ​សង្គមស៊ីវិល​ដែល​ធ្វើ​ការ​ការពារ​សិទ្ធិមនុស្ស​ និង​សេរីភាព​សារព័ត៌មាន​ នៅ​ចំពេល​មាន​ការ​ប្រារព្ធទិវាអន្តរជាតិ​អំពី​ការ​បញ្ឈប់​និទណ្ឌ​ភាព​លើ​អ្នក​កាសែត​ថ្ងៃទី​២ ខែវិច្ឆិកា​ ឆ្នាំ​២០២១​។

បើតាម​សេចក្តីថ្លែង​ការណ៍​រួមរបស់​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុងស្រុក​ និងក្រៅ​ប្រទេសចំនួន​៩​ ចេញផ្សាយ​ជា​សាធារណៈ​នៅថ្ងៃ​អង្គារនេះ​ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ និង​ឧក្រិដ្ឋ​កម្មប្រឆាំង​អ្នកកាសែត​ហាក់​ដូច​ជា​មាន​ការ​កើន​ឡើង​។

លោក ​ណុប វី​ នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នកសារ​ព័ត៌មាន​កម្ពុជា​ (ខេម​បូចា)​ យល់ថា ការ​យាយី​អ្នក​កាសែត​លើ​រាង​កាយ​រហូត​ដល់​មាន​ការសម្លាប់​អ្នក​កាសែត​បាន​បន្តកើត​មាន​ចាប់តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣​មក។ លោក​ចាត់​ទុក​បញ្ហា​និទណ្ឌភាព​នៅ​តែ​ជារឿង​មួយ​គួរឲ្យ​ព្រួយ​បារម្ភ​ ខណៈជន​ដៃដល់​ដែល​ធ្វើ​បាប​អ្នក​កាសែត​តាម​ទម្រង់​យាយីផ្សេងៗរួម​មាន​អំពើហិង្សាផង​នោះ​ មិន​ត្រូវ​បាន​យក​មក​ប្រឈម​មុខ​ជាមួយ​នឹង​តុលាការ​ទេ។

លោកប្រាប់​វីអូអេ​នៅថ្ងៃ​អង្គារនេះ​ថា៖ «ករណី​ថ្មី​ៗ​ យើងឃើញ​សូម្បី​តែ​មាន​ករណី​នៃ​ការ​វាយដំ​ ទៅ​លើ​អ្នក​សារព័ត៌​មាន​ដូច​ជា​នៅ​ក្នុង​ខេត្តសៀម​រាប​ ករណី​វាយ​ដំ​ទៅលើ​អ្នកសារព័ត៌មាន​ ដែល​ហ៊ាន​ធ្វើ​ការ​ស៊ើប​អង្កេតបទល្មើស​ព្រៃ​ឈើ​ដូច​ជា​ករណី​នៅ​ក្នុង​ខេត្ត​ក្រចេះ​អ៊ីចឹង​ជា​ដើម​។ ហើយ​នឹងង​ករណី​នៃ​ការ​ស្លាប់​អ្នកសារព័ត៌​មាន​លោក​ពិសិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​ត្រូវបាន​រក​ឃើញ​ថា​ ត្រូវ​បាន​លើកឡើង​ថា ជា​គ្រោះ​ថ្នាក់​ចរាចរណ៍​អី​ហ្នឹង​ គឺ​ជា​រឿង​មួយ​គួរ​តែមាន​ការស៊ើប»។

លោក ​គួយ​ ពិសិត​ អាយុ​២៤​ឆ្នាំ​ ជា​អ្នកសារព័ត៌​មាន​អង្គភាព​ CBNTV Online បាន​ស្លាប់​នៅចំណុច​ផ្លូវ​បេតុងមួយ​ ក្នុង​សង្កាត់​ចោម​ចៅ៣ ខណ្ឌ​ពោធិ៍សែន​ជ័យ។ អាជ្ញាធរ​មានសមត្ថកិច្ច​ខណ្ឌពោធិ៍​សែន​ជ័យ​ អះអាងថា​ ការស្លាប់នោះ​ ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ មិន​មែន​ជា​ករណី​ឃាតកម្មទេ។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន​ក្នុងស្រុក​កន្លងមក​។​ ​

លោក ​ណុប វី​ នាយក​ប្រតិបត្តិសមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ ​(ខេមបូចា)​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ មាន​ករណី​ហិង្សាលើ​អ្នក​កាសែត​មួយ​ចំនួន​ទៀត​ មិន​ទាន់​ត្រូវ​បាន​មន្ត្រី​ជំនាញ​សន្តិសុខ​ ធ្វើការ​អង្កេត​រក​ជន​ដៃដល់​មក​ផ្តន្ទា​ទោស​បាន​នោះ​ទេ។​ លោក​ថ្លែង​ថា​៖

«ករណី​វាយ​ដំ​លើ​អ្នកសារព័ត៌មាន​ ដែល​ហ៊ាន​ទៅ​យក​ព័ត៌មាន​នៅ​កន្លែង​ប្រព្រឹត្តល្បែងស៊ីសង​អីហ្នឹង​ គួរ​តែ​ត្រូវ​បាន អាជ្ញាធរ​មាន​សមត្ថកិច្ច​ហ្នឹង​ចាប់​ជន​ល្មើស​ ដែល​ហ៊ាន​ប្រព្រឹត្ត​ល្បែង​ស៊ីសង​ ហ៊ាន​វាយ​ដំ​លើ​អ្នកសារព័ត៌​មាន​ហ្នឹង​ ដើម្បី​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់»។

បើ​តាម​សមាគម​ខេមបូចា​ ក្នុង​រយៈពេល​១០ខែ​ចុង​ក្រោយ​ គឺ​គិត​ពី​ខែមករា ដល់​ខែតុលា​ឆ្នាំ​២០២១​ មាន​អ្នកកាសែត​ចំនួន​៨១នាក់​ ត្រូវបាន​ក្លាយ​ជាគោល​ដៅ​នៃ​ការយាយី ដោយ​ក្នុង​នោះ​ ពួកគេបាន​រងអំពើ​ហិង្សា​២០​ករណី​ គំរាមកំហែង​១៦ករណី​ ប្រឈម​នឹង​វិធានការ​តុលាការ​៨ករណី​ និង​ត្រូវបាន​ឃុំខ្លួន​ដើម្បី​សួរនាំ​ចំនួន​៦ករណី​ក្នុងនោះ​ មាន​ស្ត្រី​ម្នាក់​ផងដែរ។

សេចក្តី​ថ្លែង​ការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៩ ដែល​ក្នុងនោះ​មាន​សមាគម​ខេមបូចា និង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR) បាន​សរសេរ​តាម​ន័យដើមថា៖ «​យើង​ទទូច​សុំ​អាជ្ញាធរ​កម្ពុជា​ ចាត់​វិធានការ​ជា​បន្ទាន់​ ដើម្បី​ធានា​ការស៊ើប​អង្កេតមាន​ប្រសិទ្ធភាព​ ​ឯករាជ្យ និងតម្លាភាព​ត្រូវ​បាន​ធ្វើឡើង​ទៅក្នុងក​រណី​ឧក្រិដ្ឋ​កម្ម​ និង​ធានា​ថា​ យុត្តិធម៌​ត្រូវ​បាន​រក​ឃើញ​»។

អ្នក​ស្រី​ ចក់ សុភាព​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ ប្រាប់​វីអូអេ​នៅថ្ងៃ​អង្គារនេះថា​ អាជ្ញាធរ​ពាក់​ព័ន្ធ​គួរ​តែ​បង្កើន​កិច្ច​ខិតខំ​ បើក​ការ​អង្កេត​លើ​ករណី​ឧក្រិដ្ឋ​កម្ម​ធ្ងន់ធ្ងរ​ដូច​ជា​ឃាត​កម្ម​លើ​អ្នកកាសែត​ ដើម្បីធានា​ថា​ អ្នក​ប្រកប​អាជីព​សារព័ត៌មាន​មិនមាន​ការ​ភ័យខ្លាច​ ក្នុង​ការ​ផ្សព្វផ្សាយ​ដំណឹង​ពិត​ ដែលជាប្រយោជន៍​រួម​របស់​សាធារណ​ជន​ទូទៅ។​

អ្នកស្រី​ថ្លែង​ថា៖ «​នៅ​ពេល​ណា​ដែល​យើង​មិន​បាន​ខ្នះខ្នែង​ ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ បង្ហាញ​នូវ​ការ​ពិត​ជូន​ពលរដ្ឋ​ ជូនសាធារណ​ជន​បាន​ដឹង​ឮ​នោះ​ទេ​។ បានន័យ​ថា​ យើង​គាំទ្រ​ចំពោះ​និទណ្ឌភាព​នេះ​ ឲ្យនៅ​តែ​ជា​ឧបសគ្គ​នៅ​ក្នុងជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ដែល​នឹង​មាន​ការ​ភ័យ​ខ្លាច​ដូច​ថា​ នៅពេល​មាន​បទល្មើស​ហ្នឹង​ គឺ​ជន​ល្មើស​មិន​ត្រូវ​រងនូវ​ការផ្តន្ទា​ទោស​ណាមួយ​នោះ​ទេ»។

អ្នកស្រី​បន្ថែមថា៖​ «អ៊ីចឹង​ចាំបាច់​បំផុត​ ដែលមន្ត្រី​ពាក់​ព័ន្ធ ជាពិសេស​ស្ថាប័ន​តុលាការ​អី​ជាដើម​ហ្នឹង​ត្រូវ​តែ​ស្វែង​រក​នូវ​យុត្តិធម៌​នេះ​ ដើម្បី​បង្ហាញ​ដល់ពលរដ្ឋថា​យុត្តិធម៌​ពិត​ជា​មាន​សម្រាប់​ ជន​រងគ្រោះ​ ហើយ​នឹង​ក្រុមគ្រួសារ​ ហើយ​នឹង​សិទ្ធិ​ក្នុងការ​ដឹង​ឮការពិត​របស់​សាធារណ​ជន​ហ្នឹង​ គឺត្រូវបាន​ធានា»។ ​

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​ខាងលើ​ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤​មក​ មានអ្នកកាសែត​យ៉ាង​តិច​ណាស់​ ១៧នាក់​ ត្រូវបាន​សម្លាប់​ និង​ស្លាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ហើយ​ស្ទើរតែ​គ្រប់​ករណីទាំង​អស់​ជន​រងគ្រោះ​ត្រូវបាន​ក្លាយ​ជាគោល​ដៅ​ ដោយសារ​ការងារ​របស់​ពួកគេ។

អ្នកកាសែត​ចំនួន​១២នាក់​ ក្នុងចំណោម​១៧​នាក់ដែលបាន​ស្លាប់នោះ​ បាន​ធ្វើ​សេចក្តីរាយការណ៍​រសើប​នៅពេល​ពួក​គេបាន​ស្លាប់​។ ជាងនេះ​ទៅ​ទៀត​ ជនល្មើស​មិន​ដែល​ត្រូវបាន​នាំមក​កាត់​ទោស​នោះទេ​ ក្នុងករណី​ស្លាប់​ចំនួន​១២ករណីនោះ។ ​

គួរ​កត់​សម្គាល់​ផងដែរថា ​កម្ពុជា​ ជាប់​ចំណាត់ថ្នាក់​លេខ​១៤៤ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០ ក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ឆ្នាំ២០២១ ដែល​ជា​ចំណាត់​ថ្នាក់​មិន​ផ្លាស់​ប្តូរ​ចាប់​តាំង​ពី​ឆ្នាំ២០២០​មក។ នេះ ​បើ​យោង​តាម​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន ​(Reporters Without Borders)។

ថ្លែង​ក្នុង​កិច្ចពិភាក្សា​មួយតាម​ប្រព័ន្ធ​អនឡាញ​ស្តីពី សេរីភាព​សារព័ត៌មាន​ និង​និទណ្ឌ​ភាព​រៀបចំ​ដោយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ លោក​ មាស សុភណ្ឌ​ កត់​សម្គាល់​ពីសារសំខាន់​នៃ​តួនាទី​របស់​អ្នកសារព័ត៌មាន​ក្នុងការ​ពាំនាំ​ដំណឹង​ពិត​ពីប្រជាជន​ទៅរដ្ឋ​ និងរដ្ឋ​មក​ប្រជាជន។​

ក៏ប៉ុន្តែ​ មន្ត្រី​រូប​នេះ​ក៏ថ្លែង​ដែរ​ថា​ អ្នក​សារព័ត៌​មាន​ត្រូវ​មានការ​ទទួលខុសត្រូវ​ចំពោះ កំហុស​វិជ្ជាជីវៈ​របស់​ខ្លួន​ផងដែរ​។ លោក​ថ្លែង​ថា៖

«​ដូច្នេះ​ទន្ទឹមហ្នឹង​ ច្បាប់​របប​សារព័ត៌មាន​ មានការ​បើក​ទូលាយ​ អ្នកដែលប្រកប​វិជ្ជាជីវៈសារព័ត៌មាន​ គឺត្រូវ​មាន​កាតព្វកិច្ច​នៅក្នុង​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន»។

អ្នក​នាំពាក្យ​រូបនោះ​ ក៏​ស្នើឲ្យ​អ្នកកាសែត​សិក្សា​អំពី​ឯកសារ​ច្បាប់​ និង​លិខិត​បទដ្ឋាន​ដែល​មាន​ជាធរមាន​ ​ពាក់​ព័ន្ធនឹង​វិស័យ​ព័ត៌មាន​ ដើម្បី​ធ្វើ​យ៉ាងណាឲ្យការ​បំពេញ​វិជ្ជាជីវៈសារព័ត៌មាន​ ប្រព្រឹត្តទៅ​ ដោយ​គ្មាន​ការ​ប្រឈម​នៅពេល​បំពេញ​ការងារ​ជាអ្នកកាសែតនោះ។ តែ​លោក​មិន​បាន​មាន​មតិ​យ៉ាង​ណា​នោះ​ទេ លើការ​ចាត់ការ​ផ្លូវច្បាប់​ក្នុង​សំណុំ​រឿង​ឧក្រិដ្ឋកម្ម​លើ​អ្នក​សារព័ត៌មាន។​

រូបឯកសារ៖ លោក យួន ឈីវ ជា​ចាងហ្វាង​គេហទំព័រ Koh Kong Hot News។ (រូបថតពីទំព័រហ្វេសប៊ុក​យួន ឈីវ Youn Chhiv)
រូបឯកសារ៖ លោក យួន ឈីវ ជា​ចាងហ្វាង​គេហទំព័រ Koh Kong Hot News។ (រូបថតពីទំព័រហ្វេសប៊ុក​យួន ឈីវ Youn Chhiv)

ក្នុងសំណុំរឿង​យាយី​អ្នកកាសែត​នេះ ចាងហ្វាងគេហទំព័រ​ Koh Kong Hot News លោក​ យួន​ ឈីវ​ ត្រូវបាន​សាលាដំបូង​ខេត្តកោះកុង​ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​២លាន​រៀល​ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍។

នៅ​មុន​ពេល​កាត់​ទោស​ ​អ្នកកាសែត​ឈរជើង​នៅខេត្ត​កោះកុង​រូបនោះ បាន​រាយ​ការណ៍​ព័ត៌មាន​តាមប្រព័ន្ធ​សង្គមហ្វេសប៊ុក​ អំពី​វិវាទ​ដីធ្លី​មួយ​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​បទុម​សាគរ​ក្នុង​ខេត្ត​កោះ​កុង។

លោក​ នាវ កាវ ​អាយុ​៤៥ឆ្នាំ ​ប្អូនប្រុស​បង្កើត​របស់​លោក ​យួន​ ឈីវ​ បញ្ជាក់​ថា លោក​ យួន​ ឈីវ ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ព្រះសីហនុ ដោយ​មិនសុខចិត្ត​នឹងសាលក្រម​របស់​សាលាដំបូង​ខេត្តកោះ​កុង​។​

លោកនិយាយថា៖ «បើតាម​សាច់​រឿង​ដែល​យើង​ដឹង​ទៅ​ ខ្ញុំគិត​ថា ការ​ផ្សាយ​ព័ត៌មាន​ បើវា​មិន​ពិត​យើង​អាច​បំភ្លឺ​ឲ្យ​សាធារណមតិ​ ឡើង​វិញបាន​។ ហើយ​មួយ​ទៀត​ អ្វីដែល​ខាង​តុលាការ​ចោទ​ប្រកាន់​ពីបទ​ញុះញង់​ ឲ្យ​ចលាចល​ក្នុង​សង្គម​ ខ្ញុំក៏​មិន​យល់ផ្លូវច្បាប់​ដែរ​។ ប៉ុន្តែ​គ្រាន់តែ រឿង​ទិដ្ឋភាព​ជាក់​ស្តែង ការ​កាប់​បំផ្លាញ​ដំណាំ​ ខ្ទម​ផ្ទះ​អីចឹង​ទៅ​ គាត់​គ្រាន់​តែ​ស្រែក​ ស្រែកហ្នឹង​មិន​ស្រែក​អីទេ​ គ្រាន់​តែ​ថា ផ្សាយ​ព័ត៌មាន​ពិត​ ហើយ​ដល់​ពេល​អ៊ីចឹង​ មិនដឹងយ៉ាង​ណា យ៉ាងណា​ យើង​ក៏មិនស៊ីជម្រៅ​ដែរ»។

ប្អូន​ប្រុស​លោក ​យួន ឈីវ​ សង្ឃឹមថា​ សាលាឧទ្ធរណ៍​នឹង​ប្រើឆន្ទានុសិទ្ធិ​សម្រេច​លើបណ្តឹង​លោក​យួន ឈីវ​ ​ជំទាស់​ការ​កាត់​ទោស​របស់​សាលាដំបូង​ខេត្តកោះកុង និង​សម្រេច​ឱ្យ​លោក​រួច​ខ្លួន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG