ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិមនុស្ស​អាមេរិក​រិះគន់​រដ្ឋាភិបាល​កម្ពុជាខ្លាំងៗ​ ចំពោះការ​ដាក់​ទោស​អ្នកកាសែត​ម្នាក់​នៅ​កោះកុង


រូបឯកសារ៖ នាយក​រងអង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​(Human Rights Watch) ប្រចាំ​តំបន់​អាស៊ី​លោក​ Phil Robertsonចូលរួមសន្និសីតសារព័ត៌មាន​នៅរាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥។ (AP)

អង្គការ​សិទ្ធិមនុស្ស​Human Rights Watch នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ចោទ​រដ្ឋាភិបាល​កម្ពុជា​ថា​កំពុង​ធ្វើ​ទុក្ខបុក​ម្នេញ​លើ​អ្នកកាសែត​ឯករាជ្យ​ ក្រោយ​អ្នក​កាសែត​នៅ​ខេត្តកោះកុង​ម្នាក់​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពីបទ​ញុះញង់​ ចំពោះ​ការ​ធ្វើ​សេចក្តី​រាយការណ៍​ជម្លោះ​ដីធ្លីដែល​អាជ្ញារ​ខេត្ត​ចោទ​ថា​មិនពិត។

ចាងហ្វាង​គេហទំព័រ​សារព័ត៌មាន​ Koh Kong Hot News​ [កោះកុង​ព័ត៌មាន​ទាន់​ហេតុការណ៍​] លោក​យួន ឈីវ​ ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​កោះកុង​កាត់​ទោស​កាលពី​ថ្ងៃព្រហស្បតិ៍ឲ្យ​ជាប់​ពន្ធ​នាគារ​១​ឆ្នាំ​ពី​បទ«​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទ៍​» និង​ពិន័យ​ជាប្រាក់​ពីរលាន​រៀល​ (ឬប្រមាណ​៥០០ដុល្លារ​អាមរិក)​។

តុលាការ​ខេត្តកោះកុង​ចោទ​លោក ​យួន​ ឈីវ​ ថា​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់​ស្តែង​ក្នុង​ពេលគាត់រាយការណ៍​ព័ត៌មាន​និង​ធ្វើ​ការ​អធិប្បាយ​តាម​ហ្វេសប៊ុក​ ពាក់​ព័ន្ធ​នឹង​ការ​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​ នៅក្នុងតំបន់​ការពារ​ធម្មជាតិនៃសួន​ឧស្យាន​ជាតិបូទុម​សាគរ​ក្នុង​ខេត្តកោះកុង។ មុល​ពេល​លោក​ត្រូវតុលាការ​កាត់​ទោស​ លោក​យួន​ ឈីវ ត្រូវបាន​អភិបាល​រង​ខេត្តកោះកុង​លោក​ សុខ សុទ្ធី​ ប្តឹងពី​បទ​បរិហារ​កេរ្តិ៍​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត។ ​

នាយក​រងអង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​(Human Rights Watch) ប្រចាំ​តំបន់​អាស៊ី​លោក​ Phil Robertson ចាត់​ទុក​ការ​ចោទ​ប្រកាន់​លើ​លោក​យួន​ ឈីវ​ ថា​ ជា​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​ និង​បាន​ចោទថា​រដ្ឋាភិបាល​កម្ពុជាកំពុង​បំបិទ​សំឡេង​អ្នកកាសែត​ និង​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ដែល​នៅ​សេស​សល់​មួយ​ចំនួន​តូច​នៅ​ក្នុង​ប្រទេស​។

លោកថ្លែង​ជា​ភាសា​អង់គ្លេស​ និងប្រែ​សម្រួល​ជា​ខេមរភាសា​ក្នុងន័យ​ដើមថា៖ «ដោយ​ការយក​លេស​នៃ​ការ ប្រឆាំង​អ្វីដែល​ចាត់​ទុកថាជា​ ដំណឹង​ក្លែងក្លាយ​ និង​ព័ត៌មានមិនពិត​នោះ​ រដ្ឋា​ភិបាល​កំពុង​បែរ​ទៅ​រកការ​យកមក​ផ្តន្ទា​ទោស​ព្រហ្មទណ្ឌក្នុងប្រព័ន្ធ​តុលាការកម្ពុជា​ ដែល​ត្រូវ​ធ្វើ​ឲ្យ​ក្លាយ​ជា​ស្ថាប័ន​នយោបាយ​ មក​ដាក់​គោលដៅ​លើ​អ្នក​កាសែត​ឯករាជ្យ តាម​រយៈ​ការ​ចោទប្រកាន់ដែល​យក​ជា​ការ​មិន​បាន​»។

លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​បរទេស​ ទាមទារ​ជាបន្ទាន់​ និង​ជា​សាធារណៈថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម បណ្តាញ អ៊ិនធើណិត​ឯករាជ្យ​ និងអ្នកកាសែត​របស់​ប្រព័ន្ធផ្សព្វផ្សាយ​ទាំងនោះ​ ត្រូវ​បាន​ការ​ពារ​ពីការបង្ក្រាប​របស់​រដ្ឋាភិបាល​មក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

លោក​ Phil Robertson បន្ថែម​ថា​៖ «សហគមន៍​អន្តរជាតិ​ មាន​កាតព្វកិច្ច​ដើម្បីទាមទារ​ថា​ សេរីភាព​សារ​ព័ត៌មាន​ និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ត្រូវបានគោរព​ ដោយ​ចាប់ផ្តើម​ពីថ្ងៃនេះ​ជាមួយ​ការ​ជំរុញ​ឲ្យបញ្ចប់​ការ​យាយី​ និង​ការ​ផ្តន្ទាទោស​លោក​យួន​ ឈីវ»។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លើក​ឡើង​ទៀត​ថា​ កម្ពុជា​អាច​ប្រើ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​ ​ដែល​បង្កើត​ឡើង​ដើម្បី​កែ​ស្ថានការណ៍ ដែល​អត្ថបទ​ព័ត៌មាន​ត្រូវ​គេជឿថា​ ផ្តល់​ព័ត៌មាន​បង្កការ​ភ័ន្ត​ច្រឡំ​ និង​មិន​ត្រឹមត្រូវ​នោះ។

ព្រះរាជ​អាជ្ញារង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​កោះកុង​លោក​វ៉ៃ ភីរម្យ​ ប្រាប់​វីអូអេ​នៅថ្ងៃ​សុក្រនេះ​ថា​ ការ​អធិប្បាយ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Human Rights Watch មិន​ត្រូវ​នឹង​ស្ថានភាព​ពិត​ដែល​លោក​យួន​ ឈីវ​ បាន​ធ្វើ​សេចក្តី​រាយការណ៍​មិន​ពិត​នានា​ នាំ​ឲ្យ​សាធារណជន​មានការ​យល់​ច្រឡំ​មក​លើ​អាជ្ញាធរ​មាន​សមត្ថកិច្ច។ លោក​និយាយថា​ លោក​យួន​ ឈីវ​ មាន​ជម្រើស​តែ​មួយ​គឺការ​ប្តឹង​ជំទាស់​នឹង​សាលក្រម​សាលា​ដំបូង​ខេត្ត​កោះកុង។ ​

«អីចឹង​ទេ​ ផ្អែក​លើ​មូលដ្ឋាន​នៃ​ការ​ស្នើ​សុំ​ ឲ្យ​មានការ​ទម្លាក់​បទ​ចោទ​ ឬក៏លុប​ចោល​ការ​ចោទ​ប្រកាន់​ឬក៏​ផ្តន្ទាទោស​ផ្សេង​ៗ​ អាហ្នឹង​ជា​សិទ្ធិ​របស់​គាត់​»។

រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក​ជិន ម៉ាលីន​ ហៅ​ប្រតិកម្ម​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ ថា​ជា​ទម្លាប់​ច្រំដែល​ក្នុង​ការ​រិះគន់​ដោយ​គ្មាន​មូលដ្ឋាន​ចំពោះវិធានការ​ច្បាប់​របស់​អាជ្ញាធរ​កម្ពុជា។ ​

គួរ​បញ្ជាក់​ថា ​លោក ​យួន ឈីវ បាន​ទទួលរង​ពាក្យ​បណ្តឹង​របស់​អភិបាល​រង​ខេត្ត​ លោក ​សុខ សុទ្ធី​ ក្រោយពី​រដ្ឋបាល​ខេត្ត​កោះកុង ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​ ដោយ​ច្រាន​ចោល​សេចក្តី​រាយការណ៍​នានា​កន្លង​មករបស់​លោក​យួន​ ឈីវ​ និងបាន​ចោទ​លោក​ យួន​ ឈីវ​ ថា​ បាន​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​«ខុស​ពី​ការ​ពិត​ ខ្វះ​វិជ្ជាជីវៈ ខ្វះ​ក្រម​សីលធម៌» ហើយ​ថា ​អ្នក​កាសែត​រូបនោះ​ ក៏ស្ថិត​ក្នុង​ចំណោម​ក្រុម​បុគ្គល​ដែល​ចូល​ទៅ​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​នៃ​ឧទ្យាន​ជាតិ​បូទុម​សាគរ​ក្នុង​ខេត្ត​កោះ​កុងផងដែរ។

នៅមុន​ពេល​តុលាការ​កាត់​ទោស​លោក​យួន ឈវី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក ​ទៀ បាញ់ ​ក៏បាន​ ចេញបញ្ជា​ឲ្យ​អ្នកនៅ​ក្រោម​បង្គាប់​លោក​ប្តឹង​អ្នកកាសែត​ប្រចាំ​ខេត្ត​កោះកុង​រូប​នេះ​ផងដែរ​។​ លោក​ទៀ បាញ់​ ចាត់​ទុក​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​លោក​យួន ឈីវ​ថា​ ជា​ព័ត៌មាន​«ខុស​ការពិត​ មិន​គ្រប់ជ្រុង​ជ្រោយ​ និង​បង្ក​ភាព​ចលាចល​ក្នុងសង្គម»៕​

XS
SM
MD
LG