ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន ថ្កោលទោស​ការដាក់​ពន្ធនាគារ​អ្នកកាសែត​ប្រចាំ​ខេត្តកោះកុង


ស្លាកសញ្ញារបស់​​អង្គការ​អ្នកកា​សែត​គ្មាន​ព្រំដែន​ ជាភាសា​បារាំង (Reporters Sans Frontieres) ដែល​ហៅកាត់​ថា RSF ឬ​ជា​ភាសា​អង់គ្លេស​ថា Reporters Without Borders។
ស្លាកសញ្ញារបស់​​អង្គការ​អ្នកកា​សែត​គ្មាន​ព្រំដែន​ ជាភាសា​បារាំង (Reporters Sans Frontieres) ដែល​ហៅកាត់​ថា RSF ឬ​ជា​ភាសា​អង់គ្លេស​ថា Reporters Without Borders។

ការ​ផ្តន្ទាទោស​របស់​តុលាការខេត្តកោះ​កុងមក​លើ​អ្នក​កាសែត​ម្នាក់​កាលពី​ពេល​ថ្មីៗនេះ​ ​បង្ហាញ​នូវភាព​យុត្តិធម៌ដែល​យក​ជាការ​ពុំបាន។ នេះជា​ការ​កត់​សម្គាល់​របស់​អង្គការ​អ្នកកា​សែត​គ្មាន​ព្រំដែន​ (Reporters Without Borders) ហៅកាត់​ថា RSF។

ចាង​ហ្វាង​គេហទំព័រ​ Koh Kong Hot News លោក ​យួន​ ឈីវ​ ត្រូវបាន​សាលាដំបូង​ខេត្តកោះកុង​ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​២លាន​រៀល​ (ឬប្រមាណ​៥០០ដុល្លារ​អាមេរិក)​ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ តាម​មាត្រា៤៩៤ និង​៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។

បើ​តាម​សេចក្តី​ប្រកាស​របស់​អ្នកកាសែត​គ្មាន​ព្រំដែន​ដែល​មាន​ទីស្នាក់​ការកណ្តាល​នៅ​ទីក្រុង​ប៉ារីស ​ប្រទេស​បារំាង​ លោក ​យួន​ ឈីវ ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ បន្ទាប់​ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន​តែ​ពីរថ្ងៃ​ប៉ុណ្ណោះ។​

អង្គការ​អ្នកកាសែត​គ្មានព្រំដែន Reporters Without Borders បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ចេញ​ផ្សាយ​កាល​ពីថ្ងៃទី​១ ខែតុលា​ថា៖ «​អង្គការ​អ្នក​កាសែត​គ្មានព្រំដែន​ថ្កោល​ទោស​យុត្តិធម៌​ក្លែងក្លាយ​ ដែល​អ្នក​កាសែត​មូល​ដ្ឋាន​នៅ​ក្នុង​ខេត្ត​កោះកុង​ ស្ថិត​នៅ​ភាគ​និរតី​របស់​ប្រទេស​កម្ពុជា ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​បញ្ជា​ឲ្យ​ធ្វើបាប​ដោយ​ឥតលាក់​លៀម​ពីការ​សង​សឹក​ខាង​នយោបាយ​ដោយ​គណបក្ស​កាន់​អំណាច​ បន្ទាប់​ពី​លោក​បាន​ធ្វើ​សេចក្តីរាយការណ៍​ថា​ អាជ្ញាធរ​កំពុង​រឹបអូស​ដីធ្លី​ពី​ប្រជាជន​ ដែល​បាន​ធ្វើកសិកម្ម​លើ​ដីនោះ​ជាច្រើន​ឆ្នាំ​មក​ហើយ»។

​ប្អូនប្រុស​បង្កើត​លោក​ យួន ឈីវ​ គឺ​លោក​ លាវ​ កាវ​ អាយុ​៤៥​ឆ្នាំ​ និយាយថា​ ក្រុម​គ្រួសារ​មិន​ទាន់​សម្រេច​ថា​ នឹង​ការ​មាន​ការប្តឹង​សារទុក្ខ​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​កោះកុងនោះទេ ដោយ​ថា​ ក្រុម​គ្រួសារ​ត្រូវការ​ពេល​វេលា​ពិគ្រោះ​យោបល់​គ្នា​ជាមុន​សិន។

«ទាក់​ទង​បញ្ហា​ហ្នឹង​ ទាល់តែ​ពិគ្រោះ​ហើយ​ ម៉េច​បាន​ព័ត៌មាន​ នឹង​ចាំ​ផ្តល់​តាមក្រោយ»។

នៅមុន​ពេល​តុលាការ​កាត់​ទោស​លោក​ យួន ឈីវ​ អ្នកកាសែត​ប្រចាំ​ខេត្តកោះកុង​រូបនោះ​ ត្រូវ​បាន​អភិបាល​រង​ខេត្ត​កោះ​កុង​មួយ​រូប​ គឺ​លោក ​សុខ សុទ្ធី​ ប្តឹង​ពីបទ​បរិហារកេរ្តិ៍ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​។

ការ​ប្តឹង​ផ្តល់​របស់​លោក ​សុខ សុទ្ធី​ មក​លើ​លោក ​យួន​ ឈីវ​ ធ្វើ​ឡើង​បន្ទាប់ពី​អ្នកកាសែត​រូបនោះ​ បង្ហោះ​ព័ត៌មាន​លើ​ទំព័រ​ហ្វេសប៊ុក​ Koh Kong Hot News ​[កោះកុង​ព័ត៌មាន​ទាន់​ហេតុការណ៍​] ​កាលពីថ្ងៃទី​២១ ​ខែ​កញ្ញា​ថា​ អភិបាល​រង​ខេត្ត​កោះកុង​ លោក ​សុខ សុទ្ធី មិន​ព្រម​ធ្វើ​តាម​ប្រមុខ​រាជ​រដ្ឋាភិបាល​ ពាក់​ព័ន្ធ​នឹង​ការ​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​ ហើយ​កាប់​ដំណាំ​ និងផ្ទះ​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ការ​ញញើត​ដៃ។

​រដ្ឋបាល​ខេត្ត​កោះកុង ​កន្លង​មក​ក៏បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ បដិសេធ​ចោល​សេចក្តី​រាយការណ៍​នានា​កន្លង​មករបស់​លោក ​យួន​ ឈីវ​ និងបាន​ចោទ​លោក​ យួន​ ឈីវ​ ថា​ បាន​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​«ខុស​ពី​ការ​ពិត​ ខ្វះ​វិជ្ជាជីវៈ ខ្វះ​ក្រម​សីលធម៌» ហើយ​ថា ​អ្នក​កាសែត​រូបនោះ​ ក៏ស្ថិត​ក្នុង​ចំណោម​ក្រុម​បុគ្គល​ដែល​ចូល​ទៅ​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​នៃ​ឧទ្យាន​ជាតិ​បូទុម​សាគរ​ក្នុង​ខេត្ត​កោះ​កុងផងដែរ។

បើ​តាម​លោក Daniel Bastard នាយក​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ (RSF)​ ​ទទួល​បន្ទុក​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក​ ការ​ចាប់​ខ្លួន​លោក ​យួន ឈីវ​ តាម​តែ​អំពើ​ចិត្ត​ និងអ​វត្តមាន​ការ​ស៊ើប​អង្កេត​ ​ជាមួយ​នឹង​ការ​កាត់​ក្តីដោយ​គ្មាន​មេធាវី​ អ្នក​កាសែត​រូប​នោះ​ បាន​ទទួល​រង​ការ​បំផ្លើស​នៃ​យុត្តិធម៌​ ដែល​កំណត់​ឡើង​ពីក្រោយ​ក្តី​បារម្ភ​នយោបាយ​។

លោក ​Daniel Bastard បានថ្លែង​ជា​ភាសាអង់​គ្លេស​ និងត្រូវ​ប្រែសម្រួល​ជា​ខេមរ​ភាសា​ថា៖ «​យើង​អំពាវនាវ​ដល់​ចៅក្រម​នៃ​តុលាការ​ខេត្តកោះកុង​ ឲ្យ​ផ្លាស់​ប្តូរការ​សម្រេច​ចិត្ត​ដែល​គ្មាន​យុត្តិធម៌​ ដើម្បី​ស្តារឡើងវិញ​នូវភាព​ដែល​អាច​គួរ​ឲ្យជឿទុក​ចិត្ត​បាន​នៃស្ថាប័ន​តុលាការ​កម្ពុជា។ អ្នកកាសែត​ដែល​កំពុង​ព្យាយាម​បំពេញ​ការងារ​របស់​ពួកគេ​ ត្រូវ​តែ​លែង​ក្លាយ​ជា​ជន​រងគ្រោះ​នៃដំណោះ​ស្រាយ​កំប៉ិក​កំប៉ុករបស់​វណ្ណៈ​គណបក្ស​កាន់​អំណាច»។

វីអូអេ​មិន​ទាន់​អាច​សុំការ​អធិប្បាយ​ពី​ព្រះរាជ​អាជ្ញារង និង​ជា​អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្ត​កោះកុង​លោក ​វ៉ៃ ភីរម្យ​ បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។ ប៉ុន្តែ​លោក​បាន​ប្រាប់​វីអូអេ​កាល​ពី​សប្តាហ៍​មុន​ថា​ លោក ​យួន​ ឈីវ មាន​ជម្រើស​តែ​មួយគត់​ ដើម្បី​ជួយ​លោក​ឲ្យ​រួចពីការ​ចោទ​ប្រកាន់​ ពោល​ គឺការ​ប្តឹង​ឧទ្ធរណ៍​ជំទាស់​នឹង​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​កោះកុង។

ក្នុង​សំណុំ​រឿង​លោក​ យួន ឈីវ​ នេះ​ អង្គការ​សិទ្ធិមនុស្ស ​Human Rights Watch បាន​ចោទ​រដ្ឋាភិបាល​កម្ពុជា​ថា​ កំពុង​ធ្វើ​ទុក្ខបុក​ម្នេញ​លើ​អ្នកកាសែត​ឯករាជ្យ​ ក្រោយ​លោក ​យួន​ ឈីវ​ ត្រូវបាន​សាលា​ដំបូង​ខេត្ត​កោះកុង​កាត់​ទោស​យ៉ាងប្រញាប់​ប្រញាល់​ឲ្យ​ជាប់​ពន្ធនាគារ​ពីបទ​ញុះញង់​ ចំពោះ​ការ​ធ្វើ​សេចក្តី​រាយការណ៍​ជម្លោះ​ដីធ្លីដែល​អាជ្ញារ​ខេត្ត និង​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​លោក​ ទៀ​ បាញ់ ចោទ​ថា ​មិនពិត។ នេះបើតាម​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​របស់​សហរដ្ឋ​អាមេរិកមួយ​នេះ​ ដែល​បាន​ចេញ​ផ្សាយ​កាលពី​សប្តាហ៍​មុន។

នាយក​រងអង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី​លោក​ Phil Robertson ចាត់​ទុក​ការ​ចោទ​ប្រកាន់​លើ​លោក ​យួន​ ឈីវ​ ថា​ ជា​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​ និង​បាន​ចោទថា ​រដ្ឋាភិបាល​កម្ពុជាកំពុង​បំបិទ​សំឡេង​អ្នកកាសែត​ និង​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ដែល​នៅ​សេស​សល់​មួយ​ចំនួន​តូច​នៅ​ក្នុង​ប្រទេស​។

ប៉ុន្តែ​រដ្ឋលេខាធិការ​ និង​អ្នក​ជានាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ ជិន ម៉ាលីន ប្រតិកម្ម​ថា​ កា​រ​ចោទ​ប្រកាន់​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្សជាទម្លាប់​ច្រំដែល​ក្នុង​ការ​រិះគន់​ដោយ​គ្មាន​មូលដ្ឋាន​ចំពោះ​វិធានការ​ច្បាប់​របស់​អាជ្ញាធរ​កម្ពុជា​។

យ៉ាង​ណាក៏​ដោយ​ នាយក​ប្រតិបត្តិ​សមាគម​អ្នកសារព័ត៌មាន​ (ខេមបូចា)​ លោក​ ណុប វី ​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ចំណាត់​ការ​ច្បាប់​របស់​តុលាការ​ខេត្ត​កោះកុង​មកលើ​លោក​ យួន​ ឈីវ​។​ លោក​បានកត់​សម្គាល់​ថា អាជ្ញា​ធរ​ហាក់​ដូច​ជា​មើល​រំលង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​ ដែល​បើក​ផ្លូវ​ឲ្យមាន​ការ​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ដែល​បាន​កើត​ឡើង​ចំពោះ​អ្នកកាសែត​។

«ខ្ញុំ​ក៏មាន​សោក​ស្តាយ​ដែរ​ ដែល​ឃើញតុលាការ​ខេត្តកោះ​កុង​ លោក​មាន​ការ​ដំណើរ​ការ​ក្តី​ហ្នឹង​ រៀង​រហ័ស​រហួន​លឿន​ពេក​នៅ​ក្នុង​ករណី​គ្រាន់​តែអ្នកសារព័ត៌មាន​ដែល​លោក​លើក​ឡើង​ ឬក៏​បង្ហាញ​អំពី​ដែល​ព័ត៌មានជុំវិញរឿងទំនាស់​ដីធ្លីនៅ​ក្នុង​ខេត្តនេះ។ អ៊ីចឹង​យើងទាម​ទារ​ ហើយ​នឹង​ស្នើ​ឲ្យ​មាន​ការ​ពិនិត្យ​ ហើយ​នឹង​ការ​ប្រើ​ប្រាស់​ច្បាប់​ ជាពិសេស​ គឺ​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​នៅ​ក្នុង​ករណី​ទាំង​ឡាយ​ណា​ដែល​ពាក់​ព័ន្ធ​ជាមួយ​នឹង​អ្នក​សារព័ត៌មាន​»។

ប្រទេស​កម្ពុជា​មាន​កំណត់​ត្រា​អាក្រក់​នៃ​សេរីភាព​សារព័ត៌​មាន​ ដោយ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​១៤៤​ ក្នុង​ចំណោម​១៨០​ប្រទេស​ ដែល​ចំណាត់​ថ្នាក់​សេរី​បំផុត​នោះ​ គឺ​ចំណាត់​ថ្នាក់​លេខរៀង​ទី​១។ នេះបើតាម​ការ​វាយ​តម្លៃ​របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​ (Reporters Without Borders)។ អង្គការ​ដែល​ឃ្លំាមើល​សន្ទស្សន៍​ប្រព័ន្ធ​ផ្សព្វ ផ្សាយ​ជាប្រចាំ​ឆ្នាំនេះ​ និយាយ​ថា​ គណបក្ស​កាន់​អំណាច​កំពុង​ «បំបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ» ដែល​មាន​លក្ខណៈ​រិះគន់​៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG