ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល អំពាវនាវ​ឱ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បញ្ឈប់​ការប្រើ​ហិង្សា​លើ​កូដករ​ណាហា្គវើលដ៍


រូបឯកសារ៖ សកម្មភាព​កូដកម្ម​នៅ​ខាង​មុខ​អគារ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)
រូបឯកសារ៖ សកម្មភាព​កូដកម្ម​នៅ​ខាង​មុខ​អគារ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​សហគមន៍​ដីធ្លី​ជាង​៧០​កន្លែង​និង​ស្ថាប័ន​ ​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​របស់​អាជ្ញាធរ​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​កាន់តែ​អាក្រក់​ទៅៗ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ទៅ​លើកូដករ​ដែល​ជា​អតីត​កម្មករ​និយោជិត​ ឬ​បុគ្គលិក​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍។

នៅ​ក្នុង​ការ​តវ៉ា​ចុង​ក្រោយ​ថ្មីៗ​នេះ​របស់​កូដករ​ណាហ្គាវើលដ៍​កាល​ពី​ថ្ងៃ​ទី​២២​ និង​២៣ ​ខែ​មីនា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​កូដករ​ចោទ​ប្រកាន់​ថា​ បាន​ប្រើ​ហិង្សា​យ៉ាង​ចាស់ដៃ​លើ​ពួក​គេ​ ក្នុង​អំឡុង​ពេល​នៃ​ការ​ចេញ​ធ្វើ​កូដកម្ម​តាម​ទី​សាធារណៈ​ឆ្ពោះទៅ​កាន់​កាស៊ីណូ​ណាហ្គាវើលដ៍។

​ក្រុមអង្គការ​សង្គម​ស៊ីវិល​ និង​សហគមន៍​ដីធ្លី ផ្តល់​ការ​កត់​សម្គាល់​ក្នុង​សេចក្តី​ថ្លែងការណ៍​រួមមួយ​ថា នាពេល​ថ្មីៗ​នេះ​ អាជ្ញាធរ​បាន​បង្កើន​ការ​ឃាត់​ខ្លួន​ និង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​គួរ​ឱ្យ​ព្រួយបារម្ភ​ ទៅ​លើ​សមាជិក​សហជីព​ នៅ​ខាង​មុខ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ ក៏​ដូច​ជា​រឹតត្បិត​ខ្លាំងឡើង​ចំពោះ​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​ និង​អ្នក​សារព័ត៌មាន​ ហើយ​ក៏មានការ​បង្ខំ​អ្នកឃ្លាំ​មើល​ឱ្យ​លុប​រូបភាព​ និង​វីដេអូ​ដែល​ថត​បានពី​ហេតុការណ៍​កូដកម្ម​នោះ។

សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃទី២៥​ ខែមីនា​ លើកឡើង​តាម​ន័យដើម​ថា៖ ​«យើង​ខ្ញុំ​ព្រួយ​បារម្ភ​ចំពោះ​វិធានការ​ថ្មីៗ​នេះ​ ពីសំណាក់​អាជ្ញាធរ​ ដែល​បាន​រារាំង​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​ និង​អ្នក​សារព័ត៌មាន​ មិន​ឱ្យ​ឃ្លាំមើល​ការ​បន្ត​ប្រើប្រាស់​អំពើ​ហិង្សា​ទៅលើ​កូដករ​អហិង្សា​ដែល​ភាគច្រើន​ជា​ស្ត្រី»។​

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​ដដែល​ ជា​ច្រើន​លើក​ច្រើន​សា​ អាជ្ញាធរ​បាន​រារាំង​អ្នក​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ និង​អ្នក​សារព័ត៌មាន​ពី​ការ​ថតរូប​ ឬ​ឈរ​នៅ​ជិត​ទីតាំង​នៃ​ការ​ឃាត់​ខ្លួន​បែប​ហិង្សា​ទាំង​នេះ។ ​លើស​ពីនេះ​ អ្នក​សារព័ត៌មាន​ត្រូវ​បាន​គំរាមកំហែង​ចាប់​ខ្លួន​ ដោយ​សារ​ចុះ​យក​ព័ត៌មាន​ស្តីពី​កូដកម្ម​ ហើយ​ជា​ច្រើន​ករណី​ទៀត​ អាជ្ញាធរ​បាន​បណ្តេញ​អ្នក​ឃ្លាំ​មើល​ និង​អ្នកសារព័ត៌មាន​ចេញ​ឆ្ងាយ​ ខណៈ​ដែល​អាជ្ញាធរ​ចាប់​សែង​កូដករ​ ទៅ​កាន់​រថ​យន្ត​ក្រុង​«យ៉ាង​ហិង្សា»។

នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លី​កាដូ​ លោក ​អំ សំអាត​ និយាយ​ថា​ អំពើ​ហិង្សា​ដែល​ត្រូវ​គេ​ចោទ​ថា ​បង្កឡើង​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​មក​លើ​កូដករ​នា​ពេល​ថ្មីៗ​នេះ នឹងធ្វើ​ឱ្យ​រដ្ឋាភិបាល​រង​ការ​រិះ​គន់​បន្ថែម​ទៀត​ ពាក់​ព័ន្ធ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​ថា៖ «បើ​សិន​ជា​អាជ្ញាធរ​នៅ​តែ​មាន​ការ​ប្រើ​ប្រាស់​នូវ​ទម្រង់​ដែល​មើល​ទៅ​គេ​អាច​ចាត់​ទុក​ថា​ជា​អំពើ​ហិង្សា​ណាមួយ​អា​ហ្នឹង​ យើង​នឹង​អាច​ទទួល​រង​ការ​រិះគន់​ទាក់​ទង​ទៅ​នឹង​បញ្ហា​ការ​រំលោភ​ទៅ​លើ​សេរីភាព​ជា​មូលដ្ឋាន​ឬ​ក៏​រំលោភ​ទៅ​លើ​សិទ្ធិ​របស់​កូដករ​ហ្នឹង​ ដែល​នាំ​ឱ្យ​មាន​ការ​រិះ​គន់​ជា​បន្ត​បន្ទាប់​ដូច​ពេល​កន្លង​មក»។

​អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ លោក ​ម៉េត​ មាសភក្តី មិន​ទាន់​ឆ្លើយ​តប​សំណួរ​របស់​សំឡេង​សហរដ្ឋ​អាមេរិក​ វីអូអេ​ដែលបាន​ផ្ញើ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ នៅ​ថ្ងៃ​សុក្រនេះ។​

​ក៏ប៉ុន្តែ​កាល​ពី​ថ្ងៃទី​២៣​ ខែ​មីនា​ អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​រូបនោះ បាន​ចេញ​សេចក្តីប្រកាស​ថ្លែង​ការពារ​វិធានការ​រដ្ឋបាល​ក្នុង​ការ​រក្សា​សណ្តាប់​ធ្នាប់​សាធារណៈ​ក្នុង​រាជធានី ​និង​បាន​បដិសេធ​ចោលការ​ផ្សព្វផ្សាយ​«ព័ត៌មាន​មិន​ពិត​មួយ​ចំនួន»​ ដែល​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​រាជធានី​បាន​ប្រើ​អំពើ​ហិង្សា​លើ​ក្រុម​បាតុករ​ដែល​ជា​អតីត​បុគ្គលិក​ ឬ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍។

បើ​តាម​សេចក្តី​ប្រកាស​របស់​សាលារាជធានី​ភ្នំពេញ​ កូដករ​ណាហ្គាវើលដ៍​ត្រូវ​បាន​ចាត់​ទុក​ជា​បាតុករ​ ដែល​គឃ្លើន​នឹង​ការ​ណែនាំ​ និង​អប់រំ​ជា​ច្រើន​លើក​ច្រើន​សា​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ដោយ​បន្ត​ចេញមក​ធ្វើ​ការ​ប្រមូល​ផ្តុំ​ខុសច្បាប់​តាម​ទី​សាធារណៈ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា បាតុករ​មិន​ត្រឹមតែ​មិន​បាន​ស្តាប់​តាម​ការ​ណែនាំ​ទេ​ ប៉ុន្តែ​ពួកគេ​ថែម​ទាំង​បន្ត​បំពាន​ធ្វើ​សកម្មភាព​ខុសច្បាប់​ជា​បន្តបន្ទាប់​ តាម​ការ​រៀបចំ​របស់​អ្នកដឹកនាំ​រឿង​ «ដើម្បី​កេងចំណេញ​រូបភាព​បម្រើ​មហិច្ឆតា​របស់​ក្រុម​ខ្លួន​ រហូត​ឈាន​ដល់​ការ​បង្កើត​ឈុត​ឆាក​សម្តែង​ជា​ជន​រងគ្រោះ​ក្រោម​រូបភាព​ផ្សេងៗ» ហើយ​ចោទ​ប្រកាន់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ប្រើ​ហិង្សា​លើ​ពួកគេ​ នៅ​ពេល​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​អញ្ជើញ​ពួក​គេ​ឱ្យ​ឡើង​រថយន្ត​ទៅ​ធ្វើការ​សម្តែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ។

កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍កញ្ញា សៀក​ បញ្ញា​ ដែល​តែងតែ​ចូល​រួម​កូដកម្ម​នោះ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃសុក្រ​ថា អាជ្ញាធរ​មិន​ទទួល​ស្គាល់​កាយវិការ​ហិង្សារបស់​ខ្លួន​ទេ។

កញ្ញា​ពន្យល់​ថា៖ «សូម្បី​តែ​ខ្ញុំ​លើក​ដៃ​សំពះ​សុំ​អង្វរ​ថា បងៗ​ឯង​កុំវាយ​ពួកខ្ញុំ​ ពួកខ្ញុំ​ខុស​អីគេ? ប៉ុន្តែ​គាត់​អាជ្ញាធរ​ ហ្នឹង​បង!​ ចង់​និយាយ​ថា​ គាត់​ក្តាប់​ដៃ​វាយ​យើង​វិញ​ច្រាន។ មាត់​គាត់​ខាង​លើ​អញ្ជើញ​ ប៉ុន្តែ​ដៃ​ជើង​គាត់​ខាង​ក្រោម​ធាក់»។

បើ​តាម​កញ្ញា សៀក​ បញ្ញា​ កូដករ​នឹង​មិន​ដកថយ​ពី​ការចេញ​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ទេ​ បើទោះ​ជា​ក្រុម​សមត្ថកិច្ច​រឹតបន្តឹង​ច្រកចូល​ទៅ​ទីនោះក្តី។​ កញា​បន្ថែម​ថាក្រុម​កូដករ​ក៏​បន្ត​ធ្វើ​កូដកម្ម​នៅថ្ងៃ​សុក្រ​នេះ​ផង​ដែរ ​ហើយ​កូដកម្ម​នឹង​នៅ​ធ្វើ​ជា​ដរាប​ បើ​សិន​ក្រុមហ៊ុន​មិន​អនុញ្ញាត​ឱ្យ​មាន​សហជីព​ឯករាជ្យ​នៅក្រុមហ៊ុន​ និង​មិន​ព្រម​ទទួល​យក​កម្មករ​និយោជិត​ចំនួន​៣៦៥នាក់​ឱ្យ​បាន​ចូល​ធ្វើ​ការ​ដូចដើម​ឡើងវិញ​នោះ។

កញ្ញា​ថ្លែង​ថា៖ «ដរាបណា​ប្រទេស​កម្ពុជា​ខ្ញុំ​នៅ​មាន​ច្បាប់​ដែល​មាន​ចែង​ហ្នឹង ​លុះ​ត្រា​ប្រទេស​កម្ពុជាខ្ញុំ​លុប​អា​ច្បាប់​ស្តី​ពី​ការងារ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ហ្នឹង​ចោល អាហ្នឹង​បាន​ពួកខ្ញុំ​ឈប់​ធ្វើ​ បន្ត​ធ្វើ​កូដកម្ម​ទៀត។ ទាល់​តែ​ដូរ​ច្បាប់​ការងា​រទាំង​អស់​ដូរ​ដាក់​ច្បាប់​ណាហ្គា​ទាំងអស់ ​អាហ្នឹង​បាន​ពួក​ខ្ញុំ​លែង​តវ៉ា»។

គួរ​បញ្ជាក់​ផងដែរ​ថា​ សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើលដ៍ ​បាន​ធ្វើ​កូដកម្ម​របស់​ពួកគេ​ដោយ​សន្តិវិធី​ ​និង​ក្នុង​ក្របខណ្ឌ​នៃ​ច្បាប់​ជាតិ​ ​និង​ច្បាប់អន្តរជាតិ​ ​ដែល​ធានា​អំពី​សិទ្ធិ​ក្នុង​ការ​ជួបជុំ​ ​និង​ប្រមូលផ្ដុំ​គ្នា​ដោយសេរី។​ នេះ​បើតាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល។

ក្រុមអង្គការ​សង្គមស៊ីវិល​បន្ថែម​ថា​ ប៉ុន្តែ​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​ ​ចំពោះ​កូដកម្ម​នេះ​ ​គឺជា​ការ​ចាប់ខ្លួន​អ្នក​ដឹកនាំ​សមាជិក​ ​និង​សកម្មជន​សហជីព​ចំនួន​១១​រូប​ទៅវិញ​ ​ពាក់ព័ន្ធ​នឹង​បទ​ចោទ​មិន​ត្រឹមត្រូវ។ អាជ្ញាធរ​នៅតែ​បន្ត​រុញច្រាន​បង្ខំ​ ​និង​ឃាត់ខ្លួន​កូដករ​នៃ​សមាជិក​សហជីពរាប់រយ​នាក់​ទៅ​ក្នុង​រថយន្តក្រុង​ស្ទើរតែ​រាល់ថ្ងៃ​ ​ក៏ដូច​ជាដឹក​អ្នក​ទាំង​នោះ​ដោយ​មិន​ត្រឹមត្រូវ​ទៅ​កាន់​មណ្ឌល​ចត្តាឡីស័ក​ ​ហើយ​ថ្មីៗ​នេះ​ដឹក​យកទៅ​ទុកចោល​នៅ​ទីតាំង​ដាច់​ស្រយាល​មួយ​កន្លែងនៅ​ជាយ​រាជធានី​ភ្នំពេញ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG