គេបានប្រាប់ឲ្យដឹងកាលពីថ្ងៃច័ន្ទថា លោក John Brennan នាយកទីភ្នាក់ងារស៊ើបការសម្ងាត់ស.រ.អា. CIA បានអញ្ជើញទៅទស្សនកិច្ចក្រុងម៉ូស្គូកាលពីដើមខែមីនា។
ដំណឹងអំពីទស្សនកិច្ចរបស់លោកនាយក CIA នៅក្នុងរដ្ឋធានីនៃប្រទេសរុស្ស៊ីត្រូវបានលាតត្រដាងឲ្យដឹងជាសាធារណៈជាលើកដំបូងកាលពីថ្ងៃច័ន្ទ ដោយអ្នកនាំពាក្យនៃក្រសួងការបរទេសរុស្ស៊ី ហើយត្រូវបានបញ្ជាក់ថាជាការពិតនៅពេលបន្ទាប់មកដោយទីភ្នាក់ងារ CIA។
ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ីបានដកស្រង់ពាក្យសម្តីលោក Oleg Syromolotov អ្នកនាំពាក្យនៃក្រសួងការបរទេសរុស្ស៊ីដែលបាននិយាយប្រាប់ពួកអ្នកកាសែតនៅក្នុងក្រុងម៉ូស្គូថា «មិនមែនជាការសម្ងាត់ទេដែលលោក Brennan បានអញ្ជើញមកទីនេះ»។
លោកបាននិយាយបន្ថែមថា ទស្សនកិច្ចនេះគ្មានការទាក់ទិនជាមួយសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងម៉ូស្គូអំពីការចាប់ផ្តើមដកកងកម្លាំងយោធារុស្ស៊ីចេញពីប្រទេសស៊ីរី ដែលលោកប្រធានាធិបតីរុស្ស៊ីបានប្រកាសកាលពីថ្ងៃទី១៤ខែមិនានោះទេ។
លោក Dean Boyd នាយកការិយាល័យកិច្ចការសាធារណៈរបស់ទីភ្នាក់ងារ CIA បានបញ្ជាក់កាលពីថ្ងៃច័ន្ទថា លោក Brennan ប្រាកដជាបានទៅទស្សនាក្រុងម៉ូស្គូមែន។
លោក Boyd បាននិយាយថា «លោកនាយក Brennan បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីកាលពីដើមខែមិនា ដើម្បីគូសបញ្ជាក់ជាមួយក្រុមមន្ត្រីរុស្ស៊ីអំពីសារៈសំខាន់នៃការគោរពដោយប្រទេសរុស្ស៊ីនិងរបបគ្រប់គ្រង Assad តាមកិច្ចព្រមព្រៀងរបស់ពួកគេ ដើម្បីអនុវត្តការបញ្ឈប់អរិភាពនៅក្នុងប្រទេសស៊ីរី»។
លោក Boyd បាននិយាយបន្ថែមថាលោក Brennan «ក៏បានបញ្ជាក់ជាថ្មីទៀតអំពីការគាំទ្រជាទៀងទាត់របស់រដ្ឋាភិបាលស.រ.អា.ដល់អន្តរកាលនយោបាយពិតប្រាកដមួយនៅក្នុងប្រទេសស៊ីរីនិងអំពីសេចក្តីត្រូវការឲ្យលោក Assad ចុះចេញពីតំណែង ដើម្បីសម្រួលឲ្យមានអន្តរកាលមួយដែលឆ្លុះបញ្ចាំងឆន្ទៈរបស់ប្រជារាស្ត្រស៊ីរី»។
គេបានដកស្រង់ពាក្យសម្តីលោក Syromolotov អ្នកនាំពាក្យនៃក្រសួងការបរទេសរុស្ស៊ី ដែលបាននិយាយថានៅពេលដែលលោកស្ថិតនៅក្នុងក្រុងម៉ូស្គូ លោក Brennan បានទៅទស្សនាសេវាកម្មសន្តិសុខសហព័ន្ធហៅកាត់ថា FSB ដែលជាទីភ្នាក់ងារសន្តិសុខធំបំផុតរបស់រុស្ស៊ីនិង«កន្លែងឯទៀតៗ» ក៏ប៉ុន្តែមិនមែនក្រសួងការបរទេសទេ។
ទីភ្នាក់ងារព័ត៌មាន Tass របស់រដ្ឋនៃប្រទេសរុស្ស៊ីបានដកស្រង់ពាក្យសម្តីលោក Dmitry Peskov អ្នកនាំពាក្យរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលបាននិយាយកាលពីថ្ងៃច័ន្ទថា លោក Brennan មិនបានជួបជាមួយនរណាម្នាក់នៅឯវិមានក្រឹមឡាំងកាលពីពេលថ្មីៗនេះទេ៕