សកម្មជននិងប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីបានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា កងកម្លាំងគាំទ្ររដ្ឋាភិបាលស៊ីរីបានត្រួតត្រាទីក្រុងPalmyra វិញហើយ គឺ ១០ខែ បន្ទាប់ពីក្រុមរដ្ឋឥស្លាមបានក្តោបក្តាប់ទីកក្រុងបុរណនេះ ហើយបានបំផ្លាញរូបសំណាកនិងវិមាននានា ដែលបានស្ថិតនៅក្នុងទីក្រុងនេះ អស់ជិត២.០០០ឆ្នាំមកហើយនោះ។
ការវាយប្រយុទ្ធគ្នានៅក្នុងទីក្រុង Palmyra បានកើនឡើងកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅពេលដែលកងកម្លាំងស៊ីរី ដែលគាំទ្រដោយកងទ័ពអាកាសរុស្សី បានរុញច្រានក្រុមរដ្ឋឥស្លាមចេញពីទីក្រុងនេះ ក្នុងរយៈពេល៣សប្តាហ៍កន្លងមកនេះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី (Syrian Observatory for Human Rights) ដែលមានទីតាំងនៅក្នុងប្រទេសអង់គ្លេសបាននិយាយថា កងកម្លាំងប្រយុទ្ធរបស់ក្រុមរដ្ឋឥស្លាមដែលនៅសល់ បានភៀសទៅប៉ែកខាងកើតប្រទេសស៊ីរីគឺ ទៅទីក្រុង Deir Ezzor។ កងកម្លាំងទាំងនេះបានក្តោបក្តាប់ដែនដីមួយភាគ ដែលលាតសន្ធឹងពីទីក្រុង Deir Ezzor. កាត់តាមរដ្ឋធានី បណ្ដោះអាសន្នរបស់ពួកគេគឺ ក្រុង Raqqa ទៅដល់ព្រំដែនតួកគី ហើយលាតសន្ធឹងដល់ប៉ែកខាងត្បូងក្នុងប្រទេសអ៊ីរ៉ាក់ទៀត។
បន្ទាប់ពីដណ្ដើមបានទីក្រុងPalmyra មកវិញនោះ រដ្ឋាភិបាលស៊ីរី បានបើកចំហវាលខ្សាច់ចម្ងាយ១០០គីឡូម៉ែត្រពីទីក្រុងនេះទៅកាន់ទីក្រុងDeir Ezzor។
ទីក្រុងPalmyra ដែលគេហៅថាជា «កូនក្រមុំនៅក្នុងវាលខ្សាច់»នេះ ធ្លាប់ទាក់ទាញភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ។
ក្រុមរដ្ឋឥស្លាមបានវាយដណ្តើមត្រួតត្រាទីក្រុងបុរាណនេះពីកងកម្លាំងរដ្ឋាភិបាល តែក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ កាលពីខែឧសភា ឆ្នាំ២០១៥ ហើយបន្ទាប់មក ក្រុមនេះ ក៏បានបំផ្លាញរូបសំណាកជាច្រើនក្នុងរជ្ជកាលរ៉ូម៉ាំង ដោយសារពួកគេព្យាយាមបំផ្លាញអ្វីដែលពួកចាត់ទុកជាការគោរពទេវរូប៕