ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី​ជំរុញ​ឲ្យ​រៀបចំ​សេចក្តីព្រាង​រដ្ឋ​ធម្មនុញ្ញ​ថ្មី​មួយ​ក្នុង​ប្រទេស​ស៊ីរី ត្រឹម​ខែ​សីហា


រដ្ឋ​មន្រ្តី​ការ​បរទេស​រុស្ស៊ី Sergei Lavrov (រូប​ស្តាំ) និង​រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក John Kerry ធ្វើ​សន្និសីទ​កាសែទ​មួយ​នៅ​វិមាន​ក្រឹមឡាំង នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ទី២៤ ខែមីនា ឆ្នាំ២០១៦។
រដ្ឋ​មន្រ្តី​ការ​បរទេស​រុស្ស៊ី Sergei Lavrov (រូប​ស្តាំ) និង​រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក John Kerry ធ្វើ​សន្និសីទ​កាសែទ​មួយ​នៅ​វិមាន​ក្រឹមឡាំង នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ទី២៤ ខែមីនា ឆ្នាំ២០១៦។

សហរដ្ឋ​អាមេរិក​ និង​រុស្ស៊ី​កំពុង​តែ​ស្នើ​ឲ្យ​រៀបចំ​សេចក្តី​ព្រាង​រដ្ឋ​ធម្មនុញ្ញ​ថ្មី​មួយ​ក្នុង​ប្រទេស​ស៊ីរី ត្រឹម​ខែ​សីហា។ ប្រទេស​ទាំង​២​ក៏​បាន​ឯកភាព​គ្នា​ក្នុង​ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ស៊ីរី​ និង​ក្រុម​ប្រឆាំង​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំង​អស់ ជា​ពិសេស​ជន​ទាំងឡាយ​ណា​ដែល​ទន់​ខ្សោយ។

បន្ទាប់​ពី​កិច្ចប្រជុំ​រយៈពេល​៤​ម៉ោង​ក្នុង​ទីក្រុង​មូស្គូ លោក John Kerry រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​អាមេរិក ​និង​លោក Vladimir Putin ប្រធានាធិបតី​រុស្ស៊ី បាន​ឯកភាព​គ្នា​ថា សហប្រតិបត្តិការ​រវាង​សហរដ្ឋ​អាមេរិក​ និង​រុស្ស៊ី​គឺ​ជា​ឧបករណ៍​ដ៏​សំខាន់​ក្នុង​ការ​សម្រេច​បាន​នូវ​ការអនុវត្ត​បទ​ឈប់​បាញ់​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដែល​ហែកហួរ​ដោយ​សង្រ្គាម​នោះ។ លោក Kerry បាន​មាន​ប្រសាសន៍​ថា លោក​ដឹង​អំពី​ការ​បំពាន​ទៅ​លើ​បទ​ឈប់​បាញ់​នេះ ប៉ុន្តែ​ការ​បំពាន​ទាំង​នេះ​ត្រូវ​បាន​តាមដាន​យ៉ាង​ប្រុងប្រយ័ត្ន។​

លោក Kerry ​និង​លោក​រដ្ឋ​មន្រ្តី​ការបរទេស​រុស្ស៊ី Sergei Lavrov បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​វិមាន​ក្រឹមឡាំង បន្ទាប់​ពី​កិច្ចប្រជុំ​ដែល​មាន​រយៈពេល​យូរបាន​បញ្ចប់។

មាន​ការ​មិន​ឯកភាព​គ្នា​មួយ​ចំនួន ប៉ុន្តែ​ទាំង​លោក Kerry និង​លោក​ Lavrov បាន​ធានា​ដល់​អ្នក​សារព័ត៌មាន​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​មូស្គូ​ប្តេជ្ញា​ថា​ នឹង​សម្រេច​ឲ្យ​បាន​នូវសន្តិភាព​យូរអង្វែង​បន្ថែម​ទៀតក្នុង​ប្រទេស​ស៊ីរី បង្កើន​ជំនួយ​មនុស្ស​ធម៌ និង​ដំណើរការ​អន្តរកាល​នយោបាយ​ដ៏​ពិត​ប្រាកដ​មួយ​នៅ​ស៊ីរី។ ​

នៅ​ពេល​អ្នក​សារព័ត៌មាន​អាមេរិក​ម្នាក់​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​បាន​សួរ​ថា​តើ​លោក​គិត​ថា​សហរដ្ឋ​អាមេរិក​គឺ​ជា​ដៃគូ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ឬ​ក៏​ជា​ផ្នែក​មួយ​នៃ​បញ្ហា​នេះ លោក Lavrov បាន​មាន​ប្រសាសន៍​ថា លោក​ជឿ​ថា សហរដ្ឋអាមេរិក​បាន​ជួយ​បង្កើត​ស្ថានភាព​មួយ​ដែល​បង្ក​ជា​អំពើ​ភេរវកម្ម​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន លីប៊ី និង​ប្រទេស​មួយ​ចំនួន​នៅ​មជ្ឈឹមបូព៌ា។ លោក Lavrov បាន​និយាយ​ថា អ្នក​នយោបាយ​នា​ពេល​បច្ចុប្បន្នមួយ​ចំនួន​នៅ​អាមេរិក​ក៏​និយាយយ៉ាង​ដូច្នេះ​ដែរ។ ​

ចំណែក​លោក Kerry វិញ​បាន​ថ្កោលទោសទៅ​លើ​ដៃគូ​របស់​រុស្ស៊ី​គឺ​លោក​ប្រធានាធិបតី​ស៊ីរី​ Bashar al-Assad ចំពោះ​សង្រ្គាម​ដែល​បាន​កើត​ឡើង​រយៈពេល​៥​ឆ្នាំ​ក្នុង​ប្រទេស​ស៊ីរី ហើយ​លោក​ក៏​បាន​មាន​ប្រសាសន៍​ថា លោក Putin នា​ពេល​បច្ចុប្បន្ន​នេះ បាន​សម្រេច​ដក​កងកម្លាំង​មួយ​ចំនួន​ចេញ​ពី​ប្រទេស​ស៊ីរី​ ដោយ​សារលោក​បាន​បង្កើត​អំណាច​ជា​ថ្មី​ម្តង​ទៀតឲ្យ​លោក Assad តាមរយៈ​ការ​ជួយ​អន្តរាគមន៍​នោះ៕

XS
SM
MD
LG