ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អតីត​នាយក​ CIA ត្រូវ​ពិន័យ​១សែន​ដុលា្លរ​ពី​ការ​ធ្វើ​ឲ្យ​បែក​ធ្លាយ​ព័ត៌មាន​ទៅ​មិត្ត​ស្រី​របស់​គាត់


លោក David Petraeus អតីត​នាយក​ទីភ្នាក់ងារ​ CIA និង​ឧត្តមសេនីយ៍​ផ្កាយ​៤​បាន​យល់​ព្រម​សារភាព​ថា​មាន​ទោស​ពី​ការ​ចែក​ចាយ​ព័ត៌មាន​ដោយ​គ្មាន​ការ​អនុញ្ញាតិ្ត។ គាត់​ត្រូវ​បង្ហាញ​ខ្លួន​នៅ​សវនការ​ព្រឹទ្ធ​សភា​ជាមួយ​ឧត្តមសេនីយ៍​ឯក​ Ronald Burgess ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោក David Petraeus អតីត​នាយក​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​ស.រ.អា. CIA បាន​ត្រូវ​ពិន័យ​១សែន​ដុល្លារ​ហើយ​បាន​ត្រូវ​កាត់​សេចក្តី​ឲ្យ​មាន​ការ​ព្យួរទោស​ដោយមាន​លក្ខខណ្ឌ​ចំនួន​ពីរ​ឆ្នាំ​ដោយសារ​លោក​បាន​ផ្តល់​ឱ្យ​ស្រី​កំណាន់ចិត្ត​របស់​លោក​នូវ​ព័ត៌មាន​សម្ងាត់​នៅ​ពេល​ស្ត្រី​រូប​នេះ​សរសេរ​សៀវភៅ​មួយ​អំពី​ជីវប្រវត្តិ​របស់​លោក។​

លោក​ Petraeus ដែល​មាន​អាយុ​៦២ឆ្នាំ​ធ្លាប់​ជា​ឧត្តមសេនីយ៍​ល្បី​ឈ្មោះ​ម្នាក់​នៃ​កង​ទ័ព​ជើង​គោក​ស.រ.អា.​នៅ​ក្នុង​សង្គ្រាម​ស.រ.អា.​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេសអាហ្វហ្គានីស្ថាន​ហើយ​បន្ទាប់​មក​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ បាន​តែង​តាំង​លោក​ជា​នាយក​ទីភ្នាក់ងារ​ CIA។​

អាជីព​របស់​លោក​មាន​បញ្ហា​កាល​ពី​ពីរឆ្នាំ​កន្លះ​មុន​នេះ​ដោយសារ​មាន​ការ​លាតត្រដាង​ថា​លោក​មាន​សេចក្តី​ស្នេហា​សម្ងាត់​ជាមួយ​អ្នកស្រី Paula Broadwell អ្នក​សរសេរ​ជីវប្រវត្តិ​របស់​លោក។​ ស្ត្រី​រូប​នេះ​បាន​សរសេរ​សៀវភៅ​មួយ​សម្តែង​ការ​ពេញ​ចិត្ត​ដល់លោក Petraeus​ ដែល​មាន​ចំណង​ជើង​ថា All In: The Education of David Patraeus។

កាល​ពី​ពីរ​ខែ​មុន​នេះ​លោក​ Petraeus បាន​សារភាព​ថា​មាន​ទោស​កម្រិត​មជ្ឈឹម​ពី​ការ​យក​ចេញ​និង​ការ​រក្សា​ទុក​ឯកសារ​សម្ងាត់​ដោយ​គ្មាន​ការ​អនុញ្ញាត។

ក្រុម​រដ្ឋ​អាជ្ញា​បាន​និយាយ​ថា​នៅ​ពេល​ដែល​អ្នកស្រី​ Broadwell សរសេរ​សៀវភៅ លោក​ Petraeus បាន​ផ្តល់​ឱ្យ​អ្នកស្រី​នូវ​ឯកសារ​សម្ងាត់​៨ដុំ​ដែល​លោក​មិន​បាន​រក្សា​ទុក​ឱ្យ​បាន​ត្រឹមត្រូវ​ពី​ពេល​ដែល​លោក​កាន់តំណែង​ជា​អគ្គ​មេបញ្ជាការ​ក្រុម​យោធា​ស.រ.អា.ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន៕

XS
SM
MD
LG