នាវាហ្វឹកហាត់របស់កងទ័ពជើងទឹកចិនមួយគ្រឿងកំពុងធ្វើដំណើរនៅលើសមុទ្រចិនខាងត្បូងដែលមានជម្លោះ និងបានធ្វើដំណើរហួសឆ្ងាយពីព្រំដែនដើម្បីជួបជាមួយនឹងសម្ព័ន្ធមិត្តបរទេស បណ្តុះបណ្តាលដល់ក្រុមនាវិករបស់ខ្លួន សាបព្រួសបេសកកម្មសុច្ឆន្ទៈ ខណៈពង្រឹងការទាមទារគ្រប់គ្រងដែនសមុទ្រមានជម្លោះ និងដើម្បីបង្អាក់ឥទ្ធិពលរបស់ប្រទេសអូស្រ្តាលីទៅលើតំបន់។
រដ្ឋាភិបាលក្រុងប៉េកាំងបានបង្កើតភាពតានតឹងនៅក្នុងទ្វីបអាស៊ីចាប់តាំងពីឆ្នាំ២០១០មក តាមរយៈការចាក់បំពេញកោះតូចៗនៅក្នុងសមុទ្រចិនខាងត្បូងមានជម្លោះសម្រាប់បម្រើវិស័យយោធារបស់ខ្លួន។ ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី កោះតៃវ៉ាន់ វៀតណាម និងហ្វីលីពីន បានទាមទារកាន់កាប់ចំណែកត្រួតស៊ីគ្នានៃផ្លូវទឹកទំហំ៣លាន ៥សែនគីឡូម៉ែត្រការ៉េជាមួយចិន។ ចិនអះអាងថា៩០ភាគរយនៃសមុទ្រគឺជាកម្មសិទ្ធិរបស់ខ្លួន។
នាវាហ្វឹកហាត់របស់កងទ័ពជើងទឹកចិនឈ្មោះ Qi Jiguang បានចេញដំណើរកាលពីចុងខែកញ្ញា ដើម្បីធ្វើការបណ្តុះបណ្តាល និងធ្វើទស្សនកិច្ចរយៈពេលពីរខែទៅកាន់ប្រទេសនានានៅក្នុងតំបន់។ នេះបើយោងតាមសេវាព័ត៌មានយោធាចិននៃកងទ័ពរំដោះពលរដ្ឋចិន ។ ប្រទេសប្រ៊ុយណេ ទីម័រខាងកើត កោះហ្វីជី ប្រទេសនូវែលហ្សេឡង់ និងប៉ាពូណូហ្គីណេស្ថិតនៅក្នុងបញ្ជីនៃប្រទេសដែលនាវានេះត្រូវធ្វើទស្សនកិច្ច។ នេះគឺជាបេសកកម្មលើកទីពីរចាប់តាំងពីឆ្នាំ២០១៧មក។
លោក Andrew Yang អគ្គលេខាធិការនៃក្រុមប្រឹក្សាសម្រាប់ការសិក្សាគោលនយោបាយជឿនលឿនចិននៅកោះតៃវ៉ាន់បាននិយាយថា«ខ្ញុំគិតថាចិន ប្រហែលជាកំពុងអនុវត្តគោលនយោបាយទន់ភ្លន់របស់ខ្លួន ដើម្បីព្យាយាមបញ្ចុះបញ្ចូលប្រទេសនានាក្នុងតំបន់ឲ្យគិតថាចិនមានអំណាចស្លូតត្រង់ និងមិនយកអំណាចនោះដើម្បីប្រឆាំងជាមួយនឹងពួកគេនោះទេ»។
បេសកកម្មសុច្ឆន្ទៈនេះអាចជួយបន្ថយសម្ពាធអន្តរជាតិលើប្រទេសចិនដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានទម្លាក់ទម្ងន់លើការចាក់ពង្រីកដែនសមុទ្រដោយរដ្ឋាភិបាលក្រុងប៉េកាំង។
ចាប់តាំងពីឆ្នាំ២០១៦មករដ្ឋាភិបាលក្រុងប៉េកាំងបានព្យាយាមបង្កើនទំនាក់ទំនងជាមួយប្រទេសនានាដែលទាមទារកាន់កាប់ផ្នែកខ្លះនៃសមុទ្រចិនខាងត្បូង បន្ទាប់ពីចិនបានចាញ់ក្តីនៅតុលាការអាជ្ញាកណ្តាលពិភពលោកដែលបានចេញសេចក្តីសម្រេចឲ្យប្រទេសហ្វីលីពីនឈ្នះក្តីក្នុងការកាន់កាប់ព្រំដែនអធិបតេយ្យសមុទ្រ។ ស្របពេលជាមួយគ្នានោះ រដ្ឋាភិបាលក្រុងប៉េកាំងបានបន្ថែមសមត្ថភាពយោធានៅលើកោះតូចៗដែលខ្លួនបានគ្រប់គ្រងរួចទៅហើយ ខណៈខ្លួនកំពុងចូលក្នុងមហាសមុទ្រដែលគ្រប់គ្រងដោយសម្ព័ន្ធមិត្តបស្ចិមប្រទេសដែលជាអតីតគូប្រជែងកាលពីសម័យសង្គ្រាមត្រជាក់។
ទស្សនកិច្ចរបស់នាវាទៅកាន់ប្រទេសប្រ៊ុយណេ
នាវាហ្វឹកហាត់របស់កងទ័ពជើងទឹកចិនបានឈប់សំចតលើកទី១រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៧ ខែកញ្ញានៅឯកំពង់ផែ Muara ក្នុងប្រទេសប្រ៊ុយណេ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សេវាសារព័ត៌មានយោធាចិន។ មនុស្សជាង៣០០នាក់រួមទាំងតំណាងរបស់កងទ័ពជើងទឹកប្រ៊ុយណេបានទទួលស្វាគមន៍ការមកដល់របស់នាវាចិននេះ។
សារព័ត៌មានបានរាយការណ៍បន្ថែមទៀតថាក្រុមនាវិកនិងកម្មាភិបាលចិនបានធ្វើទស្សនកិច្ចនៅក្នុងនាវាយាមល្បាតក្រោមការរៀបចំរបស់ទាហានជើងទឹកប្រ៊ុយណេ ដើម្បីចែករំលែកនិងផ្លាស់ប្តូរបទពិសោធន៍យុទ្ធសាស្រ្តការពារបរិស្ថានឆ្នេរសមុទ្រជាមួយនឹងក្រុមនាវិកទាហានជើងទឹកប្រ៊ុយណេ។
ប្រទេសប្រ៊ុយណេនិងចិនមានជម្លោះជាមួយគ្នាពាក់ព័ន្ធនឹងការទាមទារកាន់កាប់ដែនសមុទ្រប្រវែង៣៧០គីឡូម៉ែត្រចាប់ពីឆ្នេរសមុទ្រដែលសម្បូរដោយធនធានប្រេងនៃប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។ តំបន់នោះត្រូវបានចាត់ទុកថាជាតំបន់សម្បូរឧស្ម័ននិងប្រេង។
ប្រទេសទាំង៧ ដែលទាមទារកាន់កាប់ផ្នែកខ្លះនៃដែនសមុទ្រមានជម្លោះ សុទ្ធតែចង់បានសមុទ្រត្រូពិកមួយនេះ ដែលជាកន្លែងសម្បូរធនធានបំរុង ព្រមទាំងជាកន្លែងសម្បូរត្រី និងជាផ្លូវនាវាចរណ៍ដ៏សំខាន់ថែមទៀតផង។ ចិននិងវៀតណាមបានប៉ះទង្គិចគ្នានៅតំបន់នោះជាហូរហែរចាប់តាំងពីទសវត្សរ៍១៩៧០មក។
ភាគច្រើននៃប្រទេសនៅទ្វីបអាស៊ីមិនសូវមានអំណាចយោធា និងបច្ចេកវិទ្យាដូចជាប្រទេសចិនទេ។ ប្រទេសចិនបានសាងសង់ផ្លូវហោះហើរនិងចំណតយន្តហោះយោធានៅលើកោះតូចៗសំខាន់ចំនួនបីនៃប្រជុំកោះស្ព្រាតលីនៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមវិទ្យាស្ថានស្រាវជា្រវសហរដ្ឋអាមេរិកសម្រាប់យុទ្ធសាស្រ្តនិងការសិក្សាអន្តរជាតិ។ ប្រទេសចិនក៏បានបង្ហោះឧបករណ៍ដ្រូននៅលើសមុទ្រផងដែរ ហើយកាលពីខែសីហា ប្រទេសចិនបានសាកល្បងដោយជោគជ័យក្នុងការដឹកជញ្ជូនសម្ភារៈតាមសាឡាងទៅកាន់កោះតូចៗនៅសមុទ្រចិនខាងត្បូងផងដែរ។
នៅឆ្នាំនេះប្រទេសជាសមាជិកទាំង១០នៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន កំពុងជំរុញប្រទេសចិនឲ្យចុះហត្ថលេខាលើក្រមប្រតិបត្តិនៃដែនសមុទ្រហៅកាត់ថា COC ដែលនឹងជួយដោះស្រាយបញ្ហានៅសមុទ្រមានជម្លោះនេះ។
ការទទួលស្វាគមន៍នាវារបស់ចិនកាន់តែកើនឡើង
ប្រទេសផ្សេងៗទៀតដែលពាក់ព័ន្ធជាមួយនឹងការហ្វឹកហាត់បើកនាវានេះ ស្ថិតនៅខាងក្រៅសមុទ្រចិនមានជម្លោះ ប៉ុន្តែស្ថិតនៅខាងក្នុងឥទ្ធិពលនយោបាយរបស់ប្រទេសអូស្តា្រលី។
ប្រទេសអូស្រ្តាលី ជប៉ុន ឥណ្ឌា និងសហរដ្ឋអាមេរិកដែលស្ថិតនៅក្នុងក្រុមមួយដែលមានឈ្មោះថាក្រុមចតុកោណ ចង់ត្រួតពិនិត្យលើការពង្រីកឆ្នេរសមុទ្ររបស់ចិន។ នាវាកងទ័ពជើងទឹកអូស្រា្តលីបានឆ្លងកាត់សមុទ្រចិនខាងត្បូងពីរដងកាលពីដើមឆ្នាំនេះ ដោយមានការឃ្លាំមើលពីសំណាក់យោធាចិន។
ប្រទេសនានាដែលត្រូវបានស្នើឲ្យទទួលស្វាមគន៍នាវាហ្វឹកហាត់នេះ ប្រហែលជានឹងយល់ព្រមតាមសំណើរនេះ។ នេះបើយោងតាមលោក Carl Thayer សាស្រ្តាចារ្យចូលនិវត្តន៍នៃសាកលវិទ្យាល័យ New South Wales នៅប្រទេសអូស្ត្រាលី។ លោកបានថ្លែងបន្ថែមទៀតថាកងទ័ពជើងទឹករបស់ប្រទេសទាំងនោះចង់ដឹងតើអ្នកណាខ្លះស្ថិតក្នុងចំណោមកងកម្លាំងចិនទាំងនោះ។
លោក Thayer បានថ្លែងបន្តទៀតថា «ធនធានសម្រាប់មនុស្សម្នាក់ៗមានកំណត់។ ក្នុងមួយឆ្នាំមានតែ៣៦៥ថ្ងៃតែប៉ុណ្ណោះ ដូច្នេះនៅពេលអ្នកដាក់ចិននៅក្នុងប្រក្រតីទិន
នោះវានឹងបិទពេលសម្រាប់អ្នក។ នេះគឺជាការកសាងទំនាក់ទំនង ដូច្នេះអ្នកត្រូវតែត្រៀមលក្ខណៈសម្រាប់ធ្វើសង្គ្រាម ប៉ុន្តែវិធីមួយទៀតដើម្បីបញ្ចៀសកុំឲ្យមានសង្គ្រាម គឺត្រូវបង្កើតទំនាក់ទំនង»។
ការបណ្តុះបណ្តាលកងទ័ពជើងទឹក
នាវាហ្វឹកហាត់កងទ័ពជើងទឹក Qi Jiguang ក៏ទំនងជាបណ្តុះបណ្តាលផ្នែកសមយុទ្ធយោធាដល់ក្រុមនាវិកចិនផងដែរ។ នេះបើយោងតាមលោក Oh Ei Sun អ្នកស្រាវជ្រាវជាន់ខ្ពស់នៅឯវិទ្យាស្ថានកិច្ចការអន្តរជាតិនៅប្រទេសសិង្ហបុរី។
លោក Sunបានបញ្ជាក់ដូច្នេះថា មនុស្សនៅលើនាវានោះប្រហែលជាធ្វើការហ្វឹកហាត់ ជាពិសេសលើការធ្វើសមយុទ្ធយោធានៅក្នុងសមុទ្រ ជាកន្លែងដែលពួកគេកម្រនឹងទៅដល់ ដែលជាផ្នែកមួយនៃការជំរុញរបស់រដ្ឋាភិបាលក្រុងប៉េកាំងដើម្បីបង្កើតកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក។
លោក Sun បានថ្លែងទៀតថា«ពួកគេកំពុងបោះជំហានយឺតៗដើម្បីចូលទៅដល់កន្លែងថ្មីៗដែលពួកគេមិនធ្លាប់បានទៅដល់កាលពីមុន»។
លោក Yang បាននិយាយថា ប្រទេសចិនសង្ឃឹមថាបេសកកម្មរបស់នាវាហ្វឹកហាត់នេះនឹងជាការសាកល្បងរបស់ចិនទៅកាន់អន្តរជាតិ។ លោករំពឹងថានឹងមានប្រតិកម្មមិនខ្លាំងក្លាប៉ុន្មានទេពីអន្តរជាតិ។
លោកបានថ្លែងបន្ថែមទៀតថា អូស្រា្តលីនឹងឃ្លាំមើលសកម្មភាពនាវាហ្វឹកហាត់នេះ ហើយប្រទេសនានានឹងគិតថា នាវានេះមិនសូវសំខាន់ដូចនាវាទេសចរណ៍ ឬនាវាចម្បាំងរបស់ចិនឡើយ៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា