ឧត្តមសេនីយ៍កំពូលម្នាក់របស់សហរដ្ឋអាមេរិកបានព្រមានថា មិនយូរមិនឆាប់ផែនការរបស់ចិនដើម្បីជំនួសសហរដ្ឋអាមេរិកខាងឧត្តមភាពយោធា នឹងក្លាយជាការណ៍ពិត។ លោកបានអំពាវនាវឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្ត ពន្លឿនកិច្ចខិតខំប្រឹងប្រែងទប់ទល់នឹងការប្រជែងរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
លោកឧត្តមសេនីយ៍ John Hyten មេបញ្ជាការរងនៃអគ្គសេនាធិការចម្រុះនិងជាមន្ត្រីយោធាជាន់ខ្ពស់បំផុតទីពីររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បាននិយាយថា កំណើនយ៉ាងឆាប់រហ័សនៃយោធាចិន ជាបញ្ហា«គួរឱ្យភ្ញាក់ផ្អើល»។ លោកបានប្រាប់ក្រុមអ្នកនិពន្ធអំពីវិស័យការពារជាតិ កាលពីថ្ងៃព្រហស្បតិ៍ ដោយឆ្លើយតបនឹងសំណួរពី VOA ថា៖ «ល្បឿននិងគន្លងដែលចិនកំពុងធ្វើ នឹងវ៉ារុស្ស៊ី និងសហរដ្ឋអាមេរិក បើយើងមិនធ្វើអ្វីមួយដើម្បីកែប្រែនោះទេ។ យើងត្រូវតែធ្វើអ្វីម្យ៉ាង»។
ការព្រមានរបស់លោកឧត្តសេនីយ៍ Hyten ដែលនឹងចូលនិវត្តន៍នៅខែក្រោយនេះ កើតឡើងមួយថ្ងៃ បន្ទាប់ពីមន្ត្រីយោធាកំពូលរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ជាសាធារណៈថា ចិនបានសាកល្បងប្រព័ន្ធអាវុធលឿនជាងសំឡេងកាលពីខែកក្កដា ដោយបានបង្ហោះយានជុំវិញពិភពលោកលឿនជាសំឡេងប្រាំដង។
ឧត្តមសេនីយ៍ Mark Milley នាយអគ្គសេនាធិការចម្រុះ បានប្រាប់ទូរទស្សន៍ Bloomberg កាលពីថ្ងៃពុធថា ការសាកល្បងរបស់ចិន គឺជាបញ្ហា«គួរឱ្យបារម្ភខ្លាំងណាស់»។ ដោយលោកនិយាយយោងដល់ការបង្ហោះផ្កាយវិទ្យាសាស្ត្ររបស់រុស្ស៊ីដំបូងបង្អស់ក្នុងពិភពលោកក្នុងទសវត្សរ៍១៩៥០ លោកបានបន្ថែមថា «ខ្ញុំមិនដឹងថា វាហោះដូចផ្កាយវិទ្យាសាស្ត្រ ឬយ៉ាងណាទេ ប៉ុន្តែខ្ញុំគិតថា វាស្រដៀងគ្នា»។ សមិទ្ធផលនេះ បានជំរុញឱ្យមានការប្រណាំងប្រជែងក្នុងអវកាសច្រើននៅប៉ុន្មានទសវត្សរ៍ខាងមុខ។
ដូចលោក Milley ដែរ លោក Hyten បានបដិសេធមិនចែករំលែកព័ត៌មានលម្អិតនៃការសាកល្បងអាវុធលឿនជាងសំឡេងរបស់ចិនទេ ដោយលោកនិយាយថា វាជាព័ត៌មានសម្ងាត់នៅឡើយ។ ប៉ុន្តែលោកបានទទួលស្គាល់ថា ចិនបានផ្ញើសារដោយគ្រាន់តែធ្វើការសាកល្បងបែបនេះ៕