ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧត្តមសេនីយ៍​កំពូល​របស់​ឥណ្ឌា​ថា ការប្រឈមមុខ​ជាមួយ​ចិន​អាច​បង្ក​ឱ្យ​មាន​ជម្លោះ​កាន់តែ​ធំ


រូបឯកសារ៖ លោក ​Bipin Rawat ​ប្រធាន​សេនាធិការ​ការពារ​ជាតិ​ឥណ្ឌា ថ្លែង​ក្នុង​សន្និសីទ​សារព៍ត៌មាន​មួយ​នៅក្នុងទីក្រុង​ New Delhi នៃ​ប្រទេស​ឥណ្ឌា​ កាលពី​ថ្ងៃទី ១២​ខែមករា ឆ្នាំ២០១៨។
រូបឯកសារ៖ លោក ​Bipin Rawat ​ប្រធាន​សេនាធិការ​ការពារ​ជាតិ​ឥណ្ឌា ថ្លែង​ក្នុង​សន្និសីទ​សារព៍ត៌មាន​មួយ​នៅក្នុងទីក្រុង​ New Delhi នៃ​ប្រទេស​ឥណ្ឌា​ កាលពី​ថ្ងៃទី ១២​ខែមករា ឆ្នាំ២០១៨។

ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ឲ្យ​ដឹង​ថា​ មេបញ្ជាការ​យោធា​កំពូល​របស់​ប្រទេស​ឥណ្ឌា​បាន​និយាយ​កាលពី​ថ្ងៃសុក្រថា ការ​ប្រឈម​មុខ​ដាក់​គ្នា​ដ៏​តានតឹង​ជាមួយ​កងកម្លាំង​ចិន​នៅ​តំបន់ភ្នំ​ហិមាល័យ​ភាគ​ខាង​លិច អាច​បង្ក​ឱ្យ​មាន​ជម្លោះ​កាន់តែ​ធំឡើង​ សូម្បី​តែក្រោយ​មេបញ្ជាការ​ជាន់​ខ្ពស់​នៃ​ភាគី​ទាំងពីរ​ បាន​ជួបគ្នា​នៅ​ជិតជួរ​មុខ​ដើម្បី​ចរចា​លើក​ទី​៨ ​ក្តី។​

លោក ​Bipin Rawat ​ប្រធាន​សេនាធិការ​ការពារ​ជាតិ​ឥណ្ឌា​បាន​និយាយ​ថា​ ស្ថានការណ៍​មាន​ភាព​តានតឹង​នៅ ​«ខ្សែ​បន្ទាត់​កាន់កាប់​ជាក់ស្តែង» (Line of Actual Control) ​នៅ​ព្រំដែន​ភាគខាង​កើត​តំបន់ ​Ladakh​ ជា​កន្លែង​ដែល​កងទ័ព​ឥណ្ឌា​ និង​ចិន​រាប់​ពាន់នាក់ បាន​ប្រឈម​មុខ​ដាក់​គ្នា​រយៈ​ពេលរាប់​ខែ​មក​ហើយ។​

ក្នុង​សុន្ទរកថា​តាម​អ៊ិនធឺណែត​ លោក​ Rawat ​បាន​មាន​ប្រសាសន៍​ថា៖ «យើង​នឹង​មិន​ទទួល​យក​ការ​ផ្លាស់ប្តូរ​ណា​មួយ​នៃខ្សែ​បន្ទាត់​កាន់កាប់​ជាក់ស្តែង​ទេ»។

លោក Rawat ​បាន​និយាយ​បន្តថា៖ «គិត​ពី​សន្តិសុខ​ទូទៅ​ ​ការ​ប្រឈម​មុខ​គ្នា​តាម​ព្រំដែន​ ការ​រំលោភ​និង​សកម្មភាព​យោធា​ដែលមិន​មាន​ការបង្ក​ហេតុ ​អាច​នាំ​ឲ្យ​មាន​ជម្លោះ​កាន់តែ​ធំ​ ដែល​ស្ថានភាព​មិន​អាច​មើល​រំលង​បាន​ទេ»។​

ការ​ប្រយុទ្ធ​ដោយ​ផ្ទាល់ដៃ​យ៉ាង​ឃោរឃៅ​កាល​ពីខែ​មិថុនា​ បាន​ធ្វើ​ឱ្យ​ទាហាន​ឥណ្ឌា​ប្រមាណ២០​នាក់ ​និង​ទាហាន​ចិន​ដែល​គេមិន​ដឹង​ចំនួន​បាន​ស្លាប់​ ហើយ​វា​បាន​បង្កើន​ភាព​តានតឹង​និង​បង្ក​ការ​ពង្រាយ​ទ័ព​ជាច្រើន​នៅ​តាម​តំបន់​ព្រំដែន​ដាច់ស្រយាល។​ ចាប់​តាំង​ពី​ពេល​នោះ​មក​ ភាគី​ទាំង​សង​ខាង​ បាន​ព្យាយាម​បន្ធូរបន្ថយ​ស្ថានការណ៍​ តាម​រយៈ​បណ្តាញ​ការទូត​និង​យោធា​ ប៉ុន្តែ​បាន​លទ្ធផល​តិចតួច ​ដែល​ធ្វើ​ឱ្យ​ទាហាន​ត្រូវប្រចាំការ​ប្រឈម​ដាក់​គ្នានៅ​តំបន់​មាន​សីតុណ្ហភាព​ក្រោម​សូន្យ​អង្សារ​សេ​ នៅ​ក្នុង​វាលព្រិលលើ​ភ្នំ​នៅ​តំបន់​ Ladakh នេះ។

ក្រុម​មន្រ្តី​នៅ​ក្រុងញូវដេលី​បាន​និយាយ​ថា​ មេបញ្ជាការ​ជាន់ខ្ពស់​ឥណ្ឌា​និង​ចិន ​បាន​ជួបប្រជុំ​នៅ​ថ្ងៃ​សុក្រ​នៅ​តំបន់​ Ladakh ​ដែល​ជា​កិច្ច​ចរចាលើក​ទី៨ ​រវាង​មេ​ដឹកនាំ​យោធា​ចាប់​តាំង​ពី​វិបត្តិ​បាន​ចាប់​ផ្តើម៕

XS
SM
MD
LG