រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅពេលឆាប់ៗខាងមុខនេះ អាចបណ្តេញពួកនិស្សិតចិនក្រោយថ្នាក់ឧត្តមសិក្សារាប់ពាន់នាក់ដែលបានចុះឈ្មោះរៀននៅសាកលវិទ្យាល័យនានាក្នុងសហរដ្ឋអាមេរិក ហើយ នឹងដាក់ទណ្ឌកម្មផ្សេងទៀតប្រឆាំងនឹងពួកមន្រ្តីចិនដែលជាសញ្ញានៃការតានតឹងនៅពេលថ្មីៗបំផុតរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំង ដែលកំពុងឈ្លោះប្រកែកគ្នាអំពីពាណិជ្ជកម្ម ការរាតត្បាតនៃមេរោគកូរ៉ូណា សិទ្ធិ មនុស្សនិងឋានៈភាពរបស់ទីក្រុងហុងកុង។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោក នឹងធ្វើការប្រកាសនៅថ្ងៃសុក្រនេះ ហើយពួកមន្រ្តីរដ្ឋបាលរបស់លោក បាននិយាយថា លោកប្រធានាធិបតី កំពុងពិចារណាសំណើដើម្បីដកទិដ្ឋាការរបស់ពួកនិស្សិតដែលទាក់ទិនជាមួយវិទ្យាស្ថានអប់រំក្នុងប្រទេសចិនដែលមានទំនាក់ទំនងនឹងកងទ័ពរំដោះប្រជាជនចិនឬក្រសួងស៊ើបការណ៍សម្ងាត់ចិន។
លោកប្រធានាធិបតី ត្រាំ ក៏កំពុងថ្លឹងថ្លែងដៅលើការដាក់ទណ្ឌកម្មការធ្វើដំណើរនិងហិរញ្ញវត្ថុប្រឆាំងនឹងពួកមន្រ្តីចិនចំពោះសកម្មភាពនៅក្នុងទីក្រុងហុងកុង។ នេះបើតាមពួកមន្រ្តីដែលមិនត្រូវបានគេអនុញ្ញាតឲ្យពិភាក្សាអំពីបញ្ហានេះជាសាធារណៈ ហើយបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
លោកប្រធានាធិបតី ត្រាំ បានប្រាប់ពួកអ្នកយកព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយសំដៅដល់ជំងឺកូវីដ១៩ថា៖ «យើងនឹងប្រកាសអ្វីដែលយើង នឹងធ្វើនៅថ្ងៃសុក្រនេះដែលទាក់ទិននឹងចិន ហើយយើងមិនសប្បាយរីករាយជាមួយចិនទេ។ យើង មិនសប្បាយចិត្តអំពីអ្វីដែលបានកើតមានឡើង។ ពលរដ្ឋនៅលើពិភពលោក កំពុងទទួលរងគ្រោះគឺ១៨៦ប្រទេស។ ពួកគេកំពុងរងគ្រោះនៅទូទាំងពិភពលោក។យើងមិនសប្បាយចិត្តទេ»៕