ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃពុធបានធ្វើការវាយប្រហារជាថ្មីលើក្រុមហ៊ុនបណ្តាញសង្គម ដោយលោកថា សមាជិកគណបក្សសាធារណរដ្ឋយល់ថា ក្រុមហ៊ុនទាំងនេះរឹតត្បិតទាំងស្រុងនូវសំឡេងអភិរក្សនិយមរបស់ពួកគេ។
ការខឹងសម្បាររបស់លោកត្រាំទៅនឹងក្រុមហ៊ុនបណ្តាញសង្គមអាមេរិកកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពីបណ្តាញសង្គម Twitter ជាលើកដំបូងបំផុតបានកំណត់ចំណាំសារ tweet របស់លោកចំនួនពីរ ដោយបញ្ជាក់ទៅអ្នកតាមដានថាសាររបស់លោកត្រាំ «មានការអះអាងមិនមានភស្តុតាងដែលថាការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍នឹងនាំឲ្យមានការបន្លំសន្លឹកឆ្នោត។
នៅក្រោមសារ tweet របស់លោកត្រាំ បណ្តាញ Twitter បានណែនាំឲ្យអ្នកអានស្វែងរកការពិតដោយភ្ជាប់សារនេះទៅនឹងអត្ថបទរបស់ទូរទស្សន៍ CNN និងកាសែត Washington Post ដែលជាប្រព័ន្ធផ្សាយព័ត៌មានពីរដែលកន្លងមកលោកត្រាំបានពិពណ៌នាថាជា«ព័ត៌មានក្លែងក្លាយ»។
លោកត្រាំបានប្តេជ្ញាថា លោកនឹងមានវិធានការគ្រប់គ្រងតឹងរ៉ឹងជាងមុនឬបិទបណ្តាញសង្គមណាដែលមិនអនុញ្ញាតឲ្យក្រុមអ្នកអភិរក្សនិយមអាចបញ្ចេញទស្សនៈរបស់ពួកគេ។
លោកប្រធានាធិបតីអះអាងថា កាលពីអំឡុងការបោះឆ្នោតឆ្នាំ២០១៦ ក្រុមហ៊ុនបណ្តាញសង្គមនានាបានព្យាយាមមិនបានសម្រេចក្នុងការបំបិទសំឡេងក្រុមអ្នកអភរិក្សនិយម ហើយលោកថា លោកនឹងទប់ស្កាត់ការព្យាយាមទាំងនេះនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ៕