ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិធីសាស្ត្រ​ការទូត​បែប «ចចក​ចម្បាំង» របស់​ចិន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ខ្លាំងក្លា​ពី​អន្តរជាតិ


រូបឯកសារ៖ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi ថ្លែងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានមួយ នៅក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

កាល​ពី​ចុង​ឆ្នាំ​មុន រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi បាន​រៀបចំ​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​មន្ត្រី​ការទូត​ចិន​ទាំងអស់​ដើម្បី​និយាយ​លើកទឹក​ចិត្ត​ពួកគេ ដោយ​ប្រាប់​ពួកគេ​ឲ្យ​មាន​ភាព​មោះមុត​បន្ថែម​ទៀត​នៅ​ក្នុង​ការ​តំណាង​ឲ្យ​ផលប្រយោជន៍​ចិន​នៅ​ក្រៅ​ប្រទេស និង​ត្រូវ​ហ៊ាន​និយាយ​ការពារ​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន​ពី​ការ​រិះគន់​ផ្សេងៗ។

លោក Wang Yi បាន​ត្អូញត្អែរ​ថា ចិន​កំពុង​រង​ការ​យាយី​ឌឺដង​ពី​បណ្ដា​បស្ចិម​ប្រទេស​នានា​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​សិទ្ធិ​មនុស្ស​របស់​ខ្លួន ហើយ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​នានា​របស់​សារព័ត៌មាន​ចិន លោក​រដ្ឋមន្ត្រី​ការបរទេស​បាន​បង្គាប់​ឲ្យ​អ្នក​ការទូត​ទាំងអស់​បង្ហាញ​នូវ «ស្មារតី​តតាំង» ខ្លាំងក្លា​ជាង​មុន។

ចាប់​តាំង​ពី​ខែ​ធ្នូ​ឆ្នាំ​មុន​មក មន្ត្រី​ការទូត​ចិន​បាន​ធ្វើ​ដូច​អ្វី​ដែល​លោក Wang Yi បាន​ជំរុញ​នោះ ដែល​នេះ​ជា​អ្វី​ដែល​មន្ត្រី​បស្ចិម​ប្រទេស និង​ក្រុម​អ្នក​វិភាគ​និយាយ​ថា ជា​យុទ្ធនាការ​រៀបចំ​ឡើង​មួយ​ដើម្បី​លើក​សរសើរ​ដល់​លោក​ប្រធានាធិបតី Xi Jinping និង​គំរាម​ចាត់ «វិធានការ​តតាំង» នឹង​រដ្ឋាភិបាល​បរទេស​ដែល​តែងតែ​រិះគន់​ខ្លួន។

រូបឯកសារ៖ សមាជិកសភាចិនទះដៃអបអរសាទរការមកដល់របស់ប្រធានាធិបតីលោក Xi Jinping អំឡុងពេលកិច្ចប្រជុំមួយ នៅក្រុងប៉េកាំង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ សមាជិកសភាចិនទះដៃអបអរសាទរការមកដល់របស់ប្រធានាធិបតីលោក Xi Jinping អំឡុងពេលកិច្ចប្រជុំមួយ នៅក្រុងប៉េកាំង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។

ស្រប​ពេល​ដែល​មាន​ការ​រិះគន់​ពី​អន្តរជាតិ​កាន់តែ​ច្រើន​ឡើង​លើ​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ចិន​ចំពោះ​ការ​ឆ្លង​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​នៅ​ដំណាក់កាល​ដំបូង និង​ខណៈ​ពេល​ដែល​មាន​ការ​ចោទ​ប្រកាន់​កើន​ឡើង​ដែល​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទំនងជា​បាន​លាក់​ប្រភព​ពិត​ប្រាកដ​នៃ​វីរុស​ដ៏​ប្រល័យ​នេះ ដោយ​បាន​បិទបាំង​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​ឆ្លង​រាតត្បាត​នៅ​ក្នុង​ទីក្រុង​វូហាន​នោះ អ្នក​ការទូត​តំណាងឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ប៉ះ​សម្តី​ជាមួយ​នឹង​មន្ត្រី​នៃ​ប្រទេស​ដែល​ចិន​តាំង​ទូត​នៅ ដែល​នេះ​ជា​អ្វី​មួយ​ដែល​គេ​មិន​ធ្លាប់​ឃើញ​នៅ​ក្នុង​សម័យកាល​សន្តិភាព។

«វិស័យ​ការ​ទូត​សាធារណៈ​របស់​ចិន​បាន​ឈាន​ដល់​កម្រិត​ខ្លាំងក្លា​មួយ។ វា​ហាក់ដូចជា​មាន​ការ​រៀបចំ​យ៉ាង​ល្អ​ជា​ទីបំផុត ដោយ​មាន​កម្រិត​ខុសៗ​គ្នា​នៃ​គំនិត​ដែល​គិត​ថា​ខ្លួន​ឯង​ត្រូវ​ជា​និច្ច ការ​មិន​ចុះ​សម្រុង​នឹង​គ្នា និង​ការ​រក្សា​ភាព​នៅ​ជា​កណ្ដាល»។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក John Seaman នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​បារាំង (French Institute)។

ប៉ុន្តែ​សូម្បី​តែ​មុន​ពេល​មាន​ការ​រាតត្បាត​វីរុសកូរ៉ូណា សម្តីសំដៅ និង​កំសួល​ផ្នែក​ការទូត​ចិន​មាន​កាន់​តែ​មុតស្រួច​ឡើង ដោយ​អ្នកការទូត​ចិន​ប្រចាំ​រដ្ឋធានី​នានា​នៅ​បស្ចិមប្រទេស​បាន​បង្ហាញ​នូវ​ទំនោរ​ប្រកែក​តវ៉ា។ មន្ត្រី​នៅ​បស្ចិប​ប្រទេស​និយាយ​ថា នេះ​គឺ​ខុស​ពី​អ្វី​ដែល​គេ​ធ្លាប់​បាន​ឃើញ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Deng Xiaoping ដែល​បាន​ដឹកនាំ​ប្រទេស​ចិន​ពី​ឆ្នាំ ១៩៧៨ រហូត​ដល់​ពេល​ដែល​លោក​ចូលនិវត្តន៍​នៅ​ឆ្នាំ ១៩៩២។

កាល​ពី​មុន អ្នកការទូត​ចិន​ធ្លាប់​ត្រូវ​បាន​ចាត់​ទុក​ជា​អ្នកការទូត​មាន​ការ​ប្រយ័ត្នប្រយែង​ជាង​គេ​នៅ​លើ​ពិភពលោក ប៉ុន្តែ​នៅ​ពេល​នេះ​អ្នកការទូត​ចិន​បាន​ផ្លាស់ប្តូរ។ នៅ​ក្នុង​ចំណោម​អ្នក​ការទូត​ចិន​ដំបូង​ដែល​ស្តាប់​តាម​បង្គាប់​របស់​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​នោះ​គឺ​លោក Gui Congyou ឯក​អគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​ស៊ុយអែត។

លោក Congyou បាន​តបត​យ៉ាង​ខ្លាំងក្លា​ចំពោះ​ការ​រិះគន់​ពី​សំណាក់​ប្រទេស​ស៊ុយអែត​ពាក់ព័ន្ធ​នឹង​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​នៅ​ប្រទេស​ចិន ដោយ​លោក​បាន​ធ្វើ​ការ​ព្រមាន​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​នឹង​សារព័ត៌មាន​ស៊ុយអែត Göteborgs-Posten ថា ផលវិបាក​ធ្ងន់ធ្ងរ​នឹង​កើត​មាន ប្រសិនបើ​ការ​ស្វែងរក​កំហុស​មិន​បញ្ឈប់​នោះ។

រូបឯកសារ៖ លោក Gui Congyou ឯក​អគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​ស៊ុយអែត
រូបឯកសារ៖ លោក Gui Congyou ឯក​អគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​ស៊ុយអែត

ដោយ​លើក​ឡើង​ពី​ការ​បង្អាក់​នូវ​ទំនាក់ទំនង​វប្បធម៌​រវាង​ស៊ុយអ៊ែត​និង​ចិន លោក Congyou បាន​និយាយ​ថា៖ «រដ្ឋាភិបាល​ចិន​ពិត​ជា​មិន​អាច​អនុញ្ញាត​ឲ្យ​ប្រទេស អង្គការ ឬ​បុគ្គល​ណា​មួយ ធ្វើ​ឲ្យ​ខូច​ដល់​ផលប្រយោជន៍​របស់​ចិន​នោះ​ទេ។ ពិតណាស់ យើង​ត្រូវតែ​ចាត់​វិធានការ​តបត​ទៅ​វិញ»។

លោក Congyou ដែល​បាន​ចាប់ផ្តើម​ការងារ​ជា​អ្នកស្រាវជ្រាវ​គោលនយោបាយ​នៃ​គណៈកម្មាការ​កណ្តាល​នៃ​បក្ស​កុម្មុយនីស្ត​ចិន បាន​និយាយ​ថា៖ «ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ក៏​នឹង​ត្រូវ​ប៉ះពាល់​ផងដែរ»។

ទំនាក់ទំនង​ស៊ុយអ៊ែត​និង​ចិន​មាន​ភាព​រកាំរកូស​ជាមួយ​គ្នា​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ ការ​ចាប់​ឃុំ​ខ្លួន​លោក Gui Minhai ដែល​ជា​ពលរដ្ឋ​ស៊ុយអែត និង​ជា​អ្នក​លក់​សៀវភៅ​នៅ​ទីក្រុង​ហុងកុង ជា​ចំណុច​ចាប់ផ្ដើម​នៃ​ការ​ធ្លាក់​ចុះ​នៃ​ទំនាក់ទំនង​រវាង​ប្រទស​ទាំង​ពីរ។ លោក Gui Minhai បាន​បាត់ខ្លួន ពេល​កំពុង​សម្រាកលំហែកាយ​នៅ​ប្រទេស​ថៃ និង​ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុង​ប្រទេស​ចិន​ចាប់តាំង​ពី​ឆ្នាំ ២០១៥ មក។

ចាប់​តាំង​ពី​លោក Gui Congyou បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​សាព័ត៌មានមក អ្នក​ការទូត​ចិន​មួយ​ចំនួន​ផ្សេង​ទៀត​ត្រូវ​បាន​រដ្ឋាភិបាល​នៃ​ប្រទេស​ដែល​អ្នក​ការទូត​ទាំង​នោះ​ប្រចាំ​នៅ រិះគន់​ថា​បាន​ផ្សព្វផ្សាយ «ព័ត៌មាន​ក្លែងក្លាយ» នៅ​លើ​បណ្ដាញ​សង្គម​តាម​អ៊ីនធឺណិត ឬ​ក៏​ត្រូវ​បាន​រិះគន់​សម្រាប់​អ្វី​ដែលគេ​យល់​ថា​ជា​ការ​បញ្ចេញ​មតិ​បែប​វាយប្រហារ។

ដោយ​ត្រូវ​បាន​ឲ្យ​ឈ្មោះ​ថា «ចចក​ចម្បាំង» ទៅ​តាម​ភាពយន្ត​ល្បីល្បាញ​មួយ​ ដែល​បង្ហាញពី​កងកម្លាំង​ពិសេស​ចិន​វាយ​បំបាក់​ទាហាន​ស៊ី​ឈ្នួល​អាមេរិក​នៅ​អាហ្វ្រិក និង​អាស៊ី អ្នក​ការទូត​ចិន​ហាក់​ដូចជា​តាំងចិត្ត​ផ្ដាច់​ខ្លួន​ចេញ​ពី​ការទូត​បែប​ប្រយ័ត្នប្រយែង​របស់​ចិន​កាល​ពី​អតីតកាល។

ភ្លាមៗ​បន្ទាប់​ពី​លោក Gui Congyou បាន​ព្រមាន​ពី «ផលវិបាក​ដ៍​អាក្រក់» ទៅ​កាន់​ប្រទេស​ស៊ុយអែត​មក អ្នក​ការ​ទូត​ចិន​ម្នាក់​ទៀត​នៅ​ប្រទេស​កាណាដា លោក Cong Peiwu បាន​ព្រមាន​ចាត់ «វិធានការ​តបត​យ៉ាង​មុតមាំ» ប្រឆាំង​នឹង​រដ្ឋាភិបាល​កាណាដា ប្រសិន​បើ​សមាជិក​សភា​កាណាដា​នៅ​តែ​ជំរុញ​ទៅ​មុខ​ជាមួយ​នឹង​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ចិន​ទាក់ទិន​នឹង​ការ​ចោទ​ប្រកាន់​ថា ចិន​បាន​រំលោភ​សិទ្ធិ​មនុស្ស​លើ​ជាតិ​សាសន៍​អ៊ុយហ្គ័រ​កាន់​សាសនា​ឥស្លាម ដែល​ជា​កុលសម្ព័ន្ធ​ភាគតិច​និយាយ​ភាសា​ទួរគី​នៅ​ភាគពាយព្យ​ប្រទេស​ចិន។

ចាប់​តាំង​ពី​ឆ្នាំ ២០១៥ មក ជាតិសាសន៍​អ៊ុយហ្គ័រ​ប្រមាណ​ជាង​មួយ​លាន​នាក់​ត្រូវ​បាន​ចាប់​ដាក់​ឃុំ​នៅ​ក្នុង​កន្លែង​ដែល​មន្ត្រី​ចិន​ពណ៌នា​ថា​ជា «មណ្ឌល​អប់រំ​វិជ្ជាជីវៈ» សម្រាប់​ការ​ហ្វឹកហ្វឺន​ការងារ ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​បាន​ហៅ​មណ្ឌល​នោះ​ជា​ជំរំ​ឃុំឃាំង​ទៅ​វិញ។ លោក Cong Peiwu បាន​ព្រមាន​ថា ប្រសិន​បើ​កាណាដា​ដាក់​ទណ្ឌកម្ម​លើ​ចិន «នោះ​គឺ​ជា​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ទៅ​លើ​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ចិន»។

រូបឯកសារ៖ ស្រ្តីជនជាតិភាគតិចអ៊ុយហ្គរចាកចេញពី​មណ្ឌល​អប់រំ​វិជ្ជាជីវៈ​នៅ​តំបន់​ស្វយ័ត Xinjiang ប្រទេសចិន កាលពីថ្ងៃទី០៦ ខែ​កញ្ញា​ ឆ្នាំ២០១៨។
រូបឯកសារ៖ ស្រ្តីជនជាតិភាគតិចអ៊ុយហ្គរចាកចេញពី​មណ្ឌល​អប់រំ​វិជ្ជាជីវៈ​នៅ​តំបន់​ស្វយ័ត Xinjiang ប្រទេសចិន កាលពីថ្ងៃទី០៦ ខែ​កញ្ញា​ ឆ្នាំ២០១៨។

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​សហរដ្ឋអាមេរិក លោក Cui Tiankai ក៏​បាន​ធ្វើ​ការ​ព្រមាន​អំពី​ទណ្ឌកម្ម​ដែល​ត្រូវ​បាន​ស្នើ​ឡើង​ផងដែរ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដោយ​បាន​និយាយ​ថា៖ «មនុស្ស​មួយ​ចំនួន​នៅ​សហរដ្ឋអាមេរិក​កំពុង​ទម្លាក់​កំហុស​ទៅ​លើ​គណបក្ស​ដឹកនាំ​ប្រទេស និង​ប្រព័ន្ធ​ដឹកនាំ​របស់​ចិន ដោយ​ព្យាយាម​សាងសង់​ឡើង​វិញ​នូវ​កំផែង​ខណ្ឌ​ចែក​រវាង​ចិន​និងសហរដ្ឋអាមេរិក​លើ​ផ្នែក​សេដ្ឋកិច្ច បច្ចេកវិទ្យា និង​មនោគមវិជ្ជា»។

ប៉ុន្តែ​ចាប់តាំង​ពី​មាន​ការ​រាតត្បាត​វីរុស​កូរ៉ូណា​មក សម្តីសំដៅ​របស់​មន្ត្រី​ការទូត​ចិន​កាន់តែ​គំរោះគំរើយ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​ការទូត និង​ក្រុម​អ្នកវិភាគ​នៅ​បស្ចិម​ប្រទេស។ ពួកគេ​រំពឹង​ថា ការ​ប៉ះទង្គិច​ពាក្យ​សម្តី​នឹង​មាន​កាន់តែ​ច្រើន ស្រប​ពេល​ដែល​មាន​ការ​ទាមទារ​ពី​អន្តរជាតិ​កាន់​តែ​ខ្លាំង​ឡើង​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​លើ​ប្រភព​ពិតប្រាកដ​នៃ​វីរុស​កូរ៉ូណា​ដ៏​ប្រល័យ​នេះ និង​លើ​ការ​បំបិទ​របាយការណ៍​ដោយ​អាជ្ញាធរ​ចិន​អំពី​លទ្ធភាព​នៃ​ឆ្លង​ជំងឺ​កូវីដ១៩ ពី​មនុស្ស​ទៅ​មនុស្ស។

ទោះបី​ជា​មិនមែន​ទាំងអស់​ក៏ដោយ មេដឹកនាំ និង​មន្ត្រី​មួយ​ចំនួន​នៅ​បស្ចិម​ប្រទេស បាន​លើក​ឡើង​ថា វីរុស​នោះ​ប្រហែល​បាន​ធ្លាយ​ចេញ​ពី​មន្ទីរ​ពិសោធន៍​ស្រាវជ្រាវ​មួយ​នៅ​ទីក្រុង​វូហាន ប្រទេស​ចិន ដែល​ជា​កន្លែង​ដែល​វីរុស​នេះ​ត្រូវ​បាន​រក​ឃើញ​ដំបូង​កាល​ពី​ចុង​ឆ្នាំ​មុន។

នៅ​ក្នុង​ទីក្រុង​ប៉ារីស អាជ្ញាធរ​បារាំង​បាន​រិះគន់​ឯក​អគ្គរដ្ឋទូត​ចិន​លោក Lu Shaye កាល​ពី​ខែ​មេសា ទាក់ទិន​ទៅ​នឹង​ការ​បង្ហោះ​សារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ពី​ស្ថានទូត​ចិន​នៅ​បារាំង ដែល​អះអាង​ថា បារាំង​បាន​ធ្វើ​ព្រងើយកន្ដើយ​ចំពោះ​ពលរដ្ឋ​វ័យ​ចំណាស់​របស់​ខ្លួន ដោយ​ទុក​ឲ្យ​ពួកគេ «ស្លាប់​ដោយសារ​ការ​អត់ឃ្លាន និង​ជំងឺ»។

ក្រសួងការបរទេស​បារាំង​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា៖ «ការ​លើកឡើង​ជា​សាធារណៈ​នា​ពេល​ថ្មីៗ​នេះ​មួយ​ចំនួន​របស់​តំណាង​ស្ថានទូត​ចិន​នៅ​បារាំង មិន​ស្រប​តាម​លក្ខខណ្ឌ​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំ​ពីរ​នោះ​ទេ»។

នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Lu Shaye វ័យ ៥៥ ឆ្នាំ ដែល​ធ្លាប់​ធ្វើ​ជា​បេសកជន​ការ​ទូត​ប្រចាំ​ប្រទេស​កាណា និង​ជា​អតីត​អភិបាល​រង​ទីក្រុង​វូហាន ស្ថាន​ទូត​ចិន​នៅ​បារាំង​បាន​សរសើរ​នូវ​អ្វី​ដែល​ខ្លួន​បាន​ពណ៌នា​ថា ជា​ភាគ​ជោគជ័យ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​ការ​លុបបំបាត់​ការ​ឆ្លង​រាតត្បាត​នៃ​វីរុស​កូរ៉ូណា ហើយ​ស្រប​ពេល​នោះ​ដែរ បាន​បន្ទោស​ដល់​ការ​គ្រប់គ្រង​របស់​បស្ចិម​ប្រទេស​នានា​ចំពោះ​ការ​រាតត្បាត​នៃ​វីរុស​នេះ។

ការ​លើក​ឡើង​បែប​វាយប្រហារ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​ការទូត​បារាំង​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។​ បារាំង​បាន​ធ្វើ​ការ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​លើកកម្ពស់​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​ចិន ហើយ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មួយ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​បន្ធូរបន្ថយ​សម្ពាធ​យុទ្ធសាស្ត្រ​របស់​សហភាព​អឺរ៉ុប​លើ​ប្រទេស​ចិន ដែល​ត្រូវ​បាន​ព្រមព្រៀង​ឡើង​កាល​ពី​ប៉ុន្មាន​ខែ​មុន​ដំណើរ​ទស្សនកិច្ច​នេះ​កើត​ឡើង។

រូបឯកសារ៖ ប្រធានាធិបតីបារាំង​លោក Emmanuel Macron និង​ប្រធានាធិបតី​ចិន​លោក Xi Jinping ជួប​ពិភាក្សា​គ្នា​អំឡុងពេល​ពិធី​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​លោក Macron មក​កាន់​ប្រទេស​ចិន។
រូបឯកសារ៖ ប្រធានាធិបតីបារាំង​លោក Emmanuel Macron និង​ប្រធានាធិបតី​ចិន​លោក Xi Jinping ជួប​ពិភាក្សា​គ្នា​អំឡុងពេល​ពិធី​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​លោក Macron មក​កាន់​ប្រទេស​ចិន។

នៅ​ប្រទេស​ស៊ីប អ្នក​ការទូត​ចិន​លោក Huang Xingyuan បាន​បង្ក​ឲ្យ​មាន​ការ​ជំទាស់​ពី​ប្រទេស​ម្ចាស់​ផ្ទះ​សម្រាប់​ការ​និយាយ​ថា ពិភពលោក​មាន​ការ​អៀនខ្មាស​ដោយសារ​ចិនអាច​ដោះស្រាយ​វិបត្តិ​វីរុស​កូរ៉ូណា​បាន​ឆាប់​រហ័ស និង​ងាក​មក​ផ្ដោត​លើ​ការ​ចោទ​ប្រកាន់​របស់​អន្តរជាតិ​មក​លើ​ប្រទេស​ចិន​ទាក់ទិន​នឹង​រឿង​នេះ។

បន្ថែម​ពី​លើ​នេះ​ទៀត សារ​តាម​បណ្តាញ​សង្គម Twitter និង​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​អ្នក​ការទូតចិន​បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​តបត​វិញ​មិនត្រឹម​តែ​នៅ​អឺរ៉ុប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​នៅ​ក្នុង​ប្រទេស​កាហ្សាក់ស្ថាន អ៊ីរ៉ង់ ប៉ាគីស្ថាន ប្រេស៊ីល និង​សិង្ហបុរី​ជា​ដើម ដែល​នៅ​ប្រទេស​ទាំង​នោះ គេ​ឃើញ​មាន​ការ​ប៉ះសម្តី​គ្នា​កើត​ឡើង​ផង​ដែរ។

នៅ​ក្នុង​ប្រទេស​ស្រីលង្កា ស្ថាតទូត​ចិន​បាន​រអ៊ូរទាំ​នៅ​លើ​បណ្តាញ​សង្គម Twitter ថា៖ «នៅ​ពេល​ដែល​បស្ចិម​ប្រទេស​បញ្ចេញ​មតិ​របស់​ពួកគេ វា​ត្រូវ​បាន​គេ​ហៅ​ថា សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញ​មតិ មិន​ថា គំនិត​នោះ​ខុស​ឆ្គង​យ៉ាងណានោះ​ទេ។ តែ​នៅ​ពេល​ចិន​និយាយ​អ្វី​មួយ​ខុស​ពី​ពួកគេ វា​ត្រូវ​បាន​គេ​ហៅ​ថា​ជា​យុទ្ធនាការ​បំភ្លៃ​ព័ត៌មាន​ទៅ​វិញ។ នេះ​ពិតជា​ស្តង់ដារ​ពីរ ដ៏​គួរ​ឲ្យ​អស់​សំណើច​ណាស់»។

អ្នក​ការទូត​ចិន​ក៏​បាន​បញ្ចេញ​ព្រលះ​តបត​វិញ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ផង​ដែរ នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ផ្តល់​សំណង​ចំពោះ​ការ​រាតត្បាត​វីរុស​កូរ៉ូណា​ជា​សាកល ដោយ​បាន​និយាយ​ថា ការ​ទាមទារ​សំណង​នេះ​ជា «រឿង​គួរ​ឲ្យ​អស់​សំណើច និង​មិន​សមហេតុ​សម​ផល​យ៉ាង​ច្បាស់​នឹង​ភ្នែក»។

នៅ​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា ដែល​ជា​ប្រទេស​មួយ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាត់ទុក​ថា​ជា «សម្ព័ន្ធមិត្ត​សង្គម​និយម» អ្នក​ការទូត​ចិន​បាន​សរសេរ​សារ​តាម​បណ្តាញ​សង្គម Twitter ថា មន្ត្រី​រដ្ឋាភិបាល​វេណេហ្ស៊ុយអេឡា​គួរ​តែ «ពាក់ម៉ាស និង​បិទមាត់​ទៅ»។ នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការណ៍​ដែល​មន្ត្រី​វេណេស៊ុយអេឡា​លើក​ឡើង​សំដៅ​លើ​ជំងឺ​កូវីដ១៩ ថា​ជា​វីរុស «ចិន» ឬ​វីរុស «វូហាន»។

ការ​ផ្សព្វផ្សាយ​ផ្លូវការ​របស់​ចិន​ក៏​មិនបាន​បង្ហាញ​នូវ​ការ​សុំទោស​ចំពោះ​ការ​ទូត​បែប​វាយប្រហារ​នេះ​ដែរ។ សារព័ត៌មាន People's Frontline ដែល​ជា​សារព័ត៌មាន​គ្រប់គ្រង​ដោយ​យោធា​ចិន បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា៖ «ចូរ​បោះបង់​ចោល​ការ​ចេះ​តែ​នឹក​ឃើញ​របស់​អ្នក ហើយ​ត្រៀម​លក្ខណៈ​សម្រាប់​ការ​ប្រយុទ្ធ​វិញ​ទៅ»។

សារព័ត៌មាន Global Times ដែល​ជា​សារព័ត៌មាន​របស់​គណបក្ស​កុម្មុយនីស្ត​ចិន បាន​ប្រកាស​ថា៖ «ពិភពលោក និង​អ្នក​ការទូត​ចិន​បាន​ផ្លាស់ប្តូរ​ហើយ»។ នៅ​ក្នុង​ផ្នែក​បញ្ចេញ​មតិ​នៃ​សារព័ត៌មាន​នេះ កាល​ពី​ខែ​មេសា មាន​ការ​សរសេរ​ថា៖ «ថ្ងៃ​ដែល​ចិន​អាច​ត្រូវ​ជាប់​នៅ​ក្នុង​ទម្រង់​ចុះចាញ់​គឺ​គ្មាន​ជា​យូរ​មក​ហើយ។ ការ​រីកចម្រើន​នូវ​កេរ្តិ៍ឈ្មោះ​របស់​ចិន​នៅ​លើ​ពិភពលោក​តម្រូវ​ឲ្យ​ចិន​ការពារ​ផល​ប្រយោជន៍​ជាតិ​របស់​ខ្លួន​ដោយ​មិន​ងាករេ»។

កាសែត Global Times បាន​រាយការណ៍​ថា ពលរដ្ឋ​ចិន «លែង​ពេញ​ចិត្ត​នឹង​ការ​ទូត​បែប​ទន់ជ្រាយ​ទៀត​ហើយ»។ កាសែត​នេះ​បាន​បន្ថែម​ថា ចិន​មិន​បាន​បោះបង់​ចោល​នូវ​ក្បួន​ច្បាប់​ការ​ទូត​របស់​លោក Deng Xiaoping នោះ​ទេ ដែល​នោះ​គឺ «លាក់​កម្លាំង​របស់​អ្នក រង់ចាំ​ឱកាស​ហុច​ឲ្យ»។ សារព័ត៌មាន​នេះ​បាន​សរសេរ​ទៀត​ថា៖ «យុទ្ធសាស្ត្រ​ការទូត​បែប «ចចក​ចម្បាំង» មិន​ខុស​ពី​ក្បួន​ច្បាប់​នេះ​ទេ គ្រាន់​តែ​ទន់​ជាង​មុន​តែ​ប៉ុណ្ណោះ»។

រូបឯកសារ៖ បុរសម្នាក់ដើរកាត់ស្លាកបដាដែលមានដាក់រូបប្រធានាធិបតីចិនលោក Xi Jinping។
រូបឯកសារ៖ បុរសម្នាក់ដើរកាត់ស្លាកបដាដែលមានដាក់រូបប្រធានាធិបតីចិនលោក Xi Jinping។

លោក Robin Niblett នាយក​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ Chatham House នៅ​ចក្រភព​អង់គ្លេស​ បាន​និយាយ​ថា អ្នក​ការទូត «ចចកចម្បាំង» ចិន បាន​ព្យាយាម​ចង់​ឲ្យ​មាន​ឈ្មោះ​ល្បី​ជាង​គ្នា​តាមរយៈ​ការ​តតាំង​នឹង​ការ​លើកឡើង​ផ្សេងៗ​អំពី​ជំងឺ​កូវីដ១៩ ហើយ​ស្រប​នោះ​ដែរ បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​ប្រភពដើម​នៃ​វីរុស​នោះ»។

អ្នកវិភាគ​មួយ​ចំនួន​នៅ​បស្ចិម​ប្រទេស​ជឿ​ថា ភាព​គឃ្លើន​ផ្នែក​ការទូត​របស់​ចិន​គឺ​តាម​ពិត​ទៅ​មាន​មូលដ្ឋាន​ការពារ​ខ្លួន​ទៅ​វិញ​ទេ។ ហើយ​នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ថា ថ្នាក់​ដឹកនាំ​ចិន​កំពុង​ប្រឈម​មុខ​នឹង​ភាព​ទាល់ច្រក ក្នុង​បរិបទ «ជះ​ភក់​ត្រឡប់​ទៅ​វិញ​នៅ​ពេល​ត្រូវ​បាន​បំផុស»។ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​ហូឡង់ ដែល​ជា​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​គោលនយោបាយ​មួយ​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡាអេ។

អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Kevin Rudd បាន​និយាយ​ថា មិន​ថា​ដើម​ចម​អ្វី​ក៏ដោយ ការ​វាយប្រហារ​ផ្នែក​ការទូត​អាច​ប្រឈម​នឹង​ប្រតិកម្ម​ត្រឡប់​ទៅ​វិញ។

នៅ​ក្នុង​ការ​បញ្ចេញ​មតិ​មួយ​សម្រាប់​ទស្សនាវដ្តី Foreign Affairs កាល​ពី​ថ្ងៃ​ទី ៦ ខែ​ឧសភា​កន្លង​ទៅ​នេះ លោក Rudd បាន​និយាយ​ថា៖ «មិន​ថាអ្វី​ក៏ដោយ​ដែល​អ្នក​ការទូត «ចចក​ចម្បាំង» ចិន របាយការណ៍​ត្រឡប់​ទៅ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​វិញ ការ​ពិត​គឺ​ថា ជំហរ​របស់​ប្រទេស​ចិន​បាន​រង​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង ដោយ​សារ​ថា អ្នក​ការ​ទូត​ចចក​ចម្បាំង​ទាំង​នោះ​បង្ក​ឲ្យ​មាន​ការ​ខូចខាត​កាន់​តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត និង​មិន​បាន​ជួយ​អ្វី​បន្ថែម​នោះ​ទេ។ ប្រតិកម្ម​ប្រឆាំង​នឹង​ប្រទេស​ចិន​ពាក់ព័ន្ធ​នឹង​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា ដែល​ជា​រឿយៗ​ត្រូវ​បាន​ចោទ​ប្រកាន់​បែប​ប្រកាន់​ពូជ​សាសន៍ ត្រូវ​បាន​គេ​ឃើញ​កើត​មាន​ឡើង​នៅ​ប្រទេស​ផ្សេងៗ​ដូចជា​ឥណ្ឌា ឥណ្ឌូនេស៊ី និង​អ៊ីរ៉ង់​ជា​ដើម។ អំណាច​ការទូត​របស់​ចិន​អាច​ប្រឈម​នឹង​ការ​ចុះ​ខ្សោយ​ក្នុង​បរិបទ​នេះ»៕

ប្រែសម្រួល​ដោយ ណឹម សុភ័ក្ត្របញ្ញា

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG