ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ត្រាំ​ថា​​ចំនួន​​ពលរដ្ឋ​អាមេរិក​​១សែន​នាក់​ស្លាប់​​ពី​កូវីដ១៩​​ជា​ព្រឹត្តិការណ៍​ដ៏​សោកសៅ​ខ្លាំង​​​​


ខ្សែបូ​ត្រូវ​បានគេ​ចងទម្លាក់​ដើម្បីបង្ហាញ​ការ​ចងចាំ​ដល់​ជនរងគ្រោះដែល​បាន​ស្លាប់​ដោយ​វីរុ​ស​កូរ៉ូណានៅ​ខាងក្រៅព្រះវិហារ Grant African Methodist Episcopal កាលពី​ថ្ងៃអង្គារទី​២៩ ខែឧសភា ឆ្នាំ២០២០។
ខ្សែបូ​ត្រូវ​បានគេ​ចងទម្លាក់​ដើម្បីបង្ហាញ​ការ​ចងចាំ​ដល់​ជនរងគ្រោះដែល​បាន​ស្លាប់​ដោយ​វីរុ​ស​កូរ៉ូណានៅ​ខាងក្រៅព្រះវិហារ Grant African Methodist Episcopal កាលពី​ថ្ងៃអង្គារទី​២៩ ខែឧសភា ឆ្នាំ២០២០។

លោក​ប្រធានាធិបតី​ដូណាល់​ត្រាំ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ហៅ​ព្រឹត្តិការណ៍​នៃ​ចំនួន​អ្នក​ស្លាប់​ពី​ជំងឺ​កូវីដ១៩​នៅ​សហរដ្ឋ​អាមេរិក​ដែល​បាន​កើន​លើស​១០០.០០០​នាក់​ថា​ជាដំណាក់កាល​ដ៏​គួរ​ឲ្យ​សោកសៅ​យ៉ាង​ខ្លាំង។​

កាល​ពី​ដើម​ឆ្នាំ​នេះ លោក​ប្រធានាធិបតី​តែង​បាន​មើល​ស្រាល​ការ​គំរាមកំហែង​ពី​វីរុស​កូរ៉ូណា​ដែល​បង្ក​ជំងឺ​កូវីដ១៩ ដោយ​លោក​អះអាង​ពេល​នោះ​ថា​ចំនួន​ករណី​ឆ្លង​វីរុស​នៅ​សហរដ្ឋ​អាមេរិក​នឹង​ធ្លាក់​ចុះ​ឆាប់​រហ័ស​រហូត​ដល់​សូន្យ។

ប៉ុន្តែ​នៅ​ក្នុង​សារ​មួយ​តាម​បណ្តាញ​Twitter កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​លោក​ត្រាំ​បាន​ទទួល​ស្គាល់តួលេខ​អ្នក​ស្លាប់​១​សែន​នាក់​នេះដែល​ជា​ចំនួនច្រើន​ជាង​ចំនួន​ពលរដ្ឋ​អាមេរិក​ដែល​បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម​វៀតណាម​និង​កូរ៉េ​បូក​បញ្ចូល​គ្នា។

នៅ​ក្នុង​សារ​ដដែល​នោះ​លោក​ប្រធានាធិបតី​ថ្លែងយ៉ាង​ដូច្នេះ​ថា៖ «ជូន​ចំពោះ​គ្រប់​ក្រុមគ្រួសារ​និង​មិត្ត​ទាំង​អស់​នៃ​អ្នក​ដែល​បាន​ចែក​ឋាន​ទៅ ខ្ញុំសូម​ចូលរួម​រំលែក​ទុក្ខ​និង​រំឭក​ដល់​សេចក្តី​ស្រឡាញ់​និង​គុណសម្បត្តិ​ទាំង​អស់​ដែល​តំណាង​ឲ្យ​បុគ្គល​ដ៏​ល្អ​ទាំង​នោះ។ សូម​ព្រះជា​ម្ចាស់​នៅ​ជាមួយ​អ្នក»។

ខណៈ​ដែល​សហរដ្ឋ​អាមេរិក​មាន​ចំនួន​អ្នក​ស្លាប់​ពី​កូវីដ១៩​កើន​លើស​១​សែន​នាក់​ក្នុង​រយៈ​ពេលតិច​ជាង​៤​ខែ អ្នក​តាក់តែង​ច្បាប់​អាមេរិក​ទាំង​នៅ​ក្នុង​រដ្ឋសភា​និង​ព្រឹទ្ធសភា​បាន​ធ្វើ​សំណើ​ផ្សេងៗ​គ្នា​ឲ្យ​មានការ​រំឭក​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះតាម​រយៈ​ការ​ស្មឹងស្មាធិ៍ ឬ​ការ​ស្ថាបនា​បូជនីយដ្ឋាន​ទៀត​ផង។

ចំនួន​អ្នក​ស្លាប់​ពី​កូវីដ១៩​ក្នុង​មួយ​ថ្ងៃៗ​នៅ​សហរដ្ឋ​អាមេរិក​បាន​ថយ​ចុះ​វិញហើយ ប៉ុន្តែ​ចំនួន​នេះ​នៅ​តែ​មាន​កម្រិត​ខ្ពស់ ហើយ​កាលពី​ថ្ងៃ​ពុធ​ចំនួន​អ្នក​ស្លាប់​បាន​រហូតដល់១.៤០០​នាក់។​

នៅ​ជុំ​វិញ​ពិភព​លោកចំនួន​អ្នក​ស្លាប់​សរុប​ដោយ​កូវីដ​១៩​បាន​កើន​ឡើង​ដល់​ជាង​៣៥៦.០០០​នាក់ និង​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ចំនួន​៥,៧​លាន​នាក់ ដោយ​ជិត​៣០%​ស្ថិត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG