ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​អនុម័ត​សំណើ​ច្បាប់​សន្តិសុខ​ហុងកុង ស្រប​ពេល​ភាព​តានតឹង​ជាមួយ​សហរដ្ឋ​អាមេរិក​កើន​ឡើង


រូបឯកសារ៖ ប្រធានាធិបតីចិនលោក Xi Jinping ធ្វើការបោះឆ្នោតអំឡុងពេលកិច្ចប្រជុំក្នុងសភា នៅក្រុងប៉េកាំង កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។

រដ្ឋសភា​ចិន​បាន​អនុម័ត​លើ​ការ​សម្រេច​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ក្នុង​ការ​បន្ត​ទៅ​មុខ​នូវ​សំណើ​ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ទីក្រុង​ហុងកុង ដែល​សកម្មជន​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​ហុងកុង និង​នៅ​បណ្ដា​បស្ចិម​ប្រទេស​នានា​ខ្លាច​ថា​អាច​ប៉ះពាល់​ដល់​ស្វ័យភាព​ពិសេស និង​សេរីភាព​របស់​ទីក្រុង​នេះ។

រដ្ឋាភិបាល​ចិន​ថា សំណើ​ច្បាប់​នេះ​មាន​គោល​បំណង​ដោះស្រាយ​បញ្ហា​ផ្ដាច់​ឯករាជ្យ ការ​ផ្ដួល​រំលំ​រដ្ឋ​អំណាច អំពើ​ភេរវកម្ម និង​ការ​ជ្រៀតជ្រែក​របស់​បរទេស​នៅ​ក្នុង​ទីក្រុង​ហុងកុង។ ក្រោយ​ពី​សំណើ​ច្បាប់​នេះ​ត្រូវ​បាន​បង្ហាញ​ឡើង​កាល​ពី​សប្ដាហ៍​មុន​មក គេ​ឃើញ​មាន​ការ​តវ៉ា​ដ៏​ធំ​បាន​ផ្ទុះ​ឡើង​ប្រឆាំង​នឹង​សំណើច្បាប់​នេះ។

សមាជិក​រដ្ឋសភា​ចិន​បាន​អបអរសាទ​យ៉ាង​យូរ នៅ​ពេល​ដែល​សេចក្ដី​សម្រេច​នេះ​ត្រូវ​បាន​អនុម័ត​ក្នុង​សំឡេង ២.៨៧៨ ទល់​នឹង ១ ដោយ​មាន​សំឡង​ឆ្នោត​អនុប្បវាទ​ចំនួន ៦ សំឡេង​ផង​ដែរ។

សេចក្ដី​លំអិត​នៃ​ច្បាប់​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​ព្រាង​ឡើង​នៅ​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ។ ច្បាប់​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​អនុម័ត​ឡើង​នៅ​មុន​ខែ​កញ្ញា​ខាង​មុខ។

អាជ្ញាធរ​ចិន និង​រដ្ឋាភិបាល​ហុងកុង​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​អះអាង​ថា សំណើ​ច្បាប់​នេះ​មិន​ប៉ះពាល់​ដល់​ស្វ័យភាព​របស់​ទីក្រុង​ហុងកុង​នោះ​ទេ។

ទោះបីជា​មាន​ការ​ធានា​ដូច​នេះ​ក៏​ដោយ ក៏​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​សំណើ​ច្បាប់​សន្តិសុខ​នេះ និង​ផល​ប៉ះពាល់​របស់​វា​លើ​ទីក្រុង​ហុងកុង ដែល​ជា​ទីក្រុង​មាន​សេរីភាព​ខ្លាំង​ជាង​គេ​បំផុត​របស់​ចិន និង​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​សំខាន់​មួយ​នៅ​លើ​ពិភពលោក៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG