ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សព​លោក ​Liu ​អ្នក​ប្រឆាំង​ចិន ​បានត្រូវ​បូជា​ហើយ​ធាតុ​របស់​លោក​បាន​ត្រូវ​បាច​ចូល​ក្នុង​សមុទ្រ


រូបថត​​ ថត​ចេញ​ពីវដេអូ បង្ហាញ​ពី​ក្រុម​គ្រួសារ​របស់​លោក Liu Xiaobo បាច​អដ្ឋិធាតុ​របស់​លោក​ចូល​ក្នុង​សមុទ្រ។

អដ្ឋិធាតុរបស់​លោក ​Liu Xiaobo អ្នក​ប្រឆាំង​និង​ជ័យលាភី​ណូបែល​សន្តិភាព​ជាតិ​ចិន ត្រូវបាន​បាច​ទៅ​ក្នុង​សមុទ្រ​កាល​ពី​ថ្ងៃ​សៅរ៍ ​បន្ទាប់​ពី​ពិធី​បូជារ​ដ៏​ស្ងប់​ស្ងាត់​មួយ​ដែល​បាន​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​យ៉ាង​ដិត​ដល់​ពី​រដ្ឋាភិបាល​នៅ​ក្នុង​ទីក្រុង ​Shenyang ​នៃ​ប្រទេស​ចិន។

លោក​ Liu​ ដែល​ជា​អ្នក​ទោស​សិទ្ធិ​មនុស្ស​ដ៏​ល្បីល្បាញ​របស់​ចិន​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ជន្មាយុ​៦១​ឆ្នាំ​ បន្ទាប់​ពី​បាន​ព្យាយាម​ប្រយុទ្ធអត់​ទ្រាំ​នឹងជំងឺ​មហារីក​ថ្លើម​ដែល​បាន​ធ្វើ​ឲ្យ​លោក​ស្លាប់។

លោក​បាន​ចំណាយ​ពេល​៨​ឆ្នាំ​ចុង​ក្រោយ​ជា​អ្នក​ទោស​មនសិការ​ ហើយ​បាន​ទទួល​មរណៈភាពក្នុង​មន្ទីរពេទ្យ​នៅ​ទីក្រុង​ Shenyang ​ដែល​នៅ​ទី​នោះ​លោក​បាន​ត្រូវ​គេ​យក​ចេញ​ពី​បន្ទប់​ក្នុង​ពន្ធនាគារ​នៅពេល​ដែល​លោក​មាន​ជំងឺ​ដ៏​ធ្ងន់​ធ្ងរ។ការិយាល័យ​តុលាការ​ក្នុង​ក្រុង​ Shenyang ​បាន​ប្រកាស​មូល​ហេតុ​នៃ​ការ​ស្លាប់​នេះ​ថា​ «សរីរាង្គ​ជា​ច្រើន​បាន​គាំង​ដំណើរ‍»។

ពួក​មន្រ្តី​បាន​បង្ហាញ​អ្នក​យក​ព័ត៌មាន​ពី​ការ​បញ្ចាំង​រូបថតនៃពិធី​ដែល​ត្រូវ​បាន​ចូល​រួម​ដោយ​លោកស្រី ​Lui Xia ​ភរិយារបស់​លោក បងប្អូន​ប្រុស​២​នាក់​របស់​លោក Liu ​ហើយ​និង​បងប្អូនរបស់​ភរិយាលោក។ រដ្ឋាភិបាល​បាន​និយាយ​ថា មិត្តភ័ក្រ្ត​របស់​លោក​ Liu ​ក៏បាន​ចូលរួម​ពិធី​បុណ្យ​សព​ដែរ។ គេ​បាន​ប៉ាន់​ស្មាន​ថា ​ក្នុង​ចំណោម​មនុស្ស​១០​នាក់​ដែលបាន​ចូលរួម​ពិធី​បុណ្យ​សពនេះ ​មិត្តភ័ក្រ្ត​ជិត​ស្និទ្ធ​របស់​គូ​ស្រករ​ទាំង​២​មិន​បានបង្ហាញ​ខ្លួន​ក្នុង​ចំណោម​ពួកគេ​ទេ​នៅ​ក្នុង​រូប​ថត​របស់​រដ្ឋាភិបាល។

រូបថត​មួយ​បាន​បង្ហាញ​ភរិយារបស់​លោក ​Liu ​បាន​ពាក់​វ៉ែនតា​ពណ៌​ខ្មៅ​ហើយ​និង​ឱប​រូបថត​សព​ប្តី​របស់​លោកស្រី។​ ទើប​តែប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ពិធី​នោះ ​វីដេអូ​របស់​រដ្ឋាភិបាល​ចិន​បាន​បង្ហាញ​រូប​លោកស្រី Liu Xia ​ហើយ​និង​អ្នក​ចូល​រួម​ផ្សេង​ទៀត​បាន​បើក​គម្រប​កោដ្ឋ​ដើម្បី​យក​ធាតុ​បាច​ទៅ​ក្នុង​ទឹក ​ហើយ​ក្រុម​គ្រួសារ​និង​អ្នក​គាំទ្រ​បាន​ធ្វើ​ការ​គោរព​ជ័យលាភីណូបែល​សន្តិភាព​ចិន​ជាលើក​ចុង​ក្រោយ៕

XS
SM
MD
LG