ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សកម្មជន​ប្រជាធិបតេយ្យ​​ចិន​ លោក Liu Xiaobo ​ស្លាប់​ក្នុង​វ័យ ៦២​ឆ្នាំ


រូបឯកសារ៖ លោក Liu Xiaobo និយាយ​ក្នុង​បទសម្ភាសន៍​មួយ​ពី​ផ្ទះ​របស់​លោក​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី០៦ ខែ​មករា ឆ្នាំ​២០០៨។

ដោយ​ត្រូវ​បាន​ស្គាល់​តាមរយៈ​យុទ្ធនាការ​ជា​បន្តបន្ទាប់​ដើម្បី​ប្រទេស​ចិន​មួយ ប្រកបដោយ​លទ្ធិប្រជាធិបតេយ្យ និង​មាន​លក្ខណៈ​សេរី លោក​ Liu ត្រូវ​បាន​មនុស្ស​ភាគច្រើន​ចាត់​ទុក​ថា​ជា វីរបុរស​មួយ​រូប។ ប៉ុន្តែ​សម្រាប់​រដ្ឋាភិបាល​ចិន លោក​ជា​ ការ​រំខាន​មួយ​ទៅ​វិញ។​

សកម្មជន​នយោបាយ​ អ្នក​និពន្ធ និង​ម្ចាស់​ជ័យ​លាភី​ពាន​រង្វាន់​ណូបែល​ ជនជាតិ​ចិន លោក​ Liu Xiaobo (លីវ ស៊ែវ​ប៉) បាន​ស្លាប់​នៅ​ឯ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង Shenyang (ឆីញយ៉ាង) ប្រទេស​ចិន។ លោក​មាន​អាយុ​ ៦២​ឆ្នាំ។

មន្ទីរពេទ្យ​ទីមួយ​នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្រ្ត​ចិន​ (First Hospital of China Medical University) និយាយ​ថា លោក​បាន​ស្លាប់​ដោយសារ​ជំងឺ​មហារីក​ថ្លើម។ លោក​ Liu ត្រូវ​បាន​គេ​រាយការណ៍​ថា លោក​ត្រូវ​បាន​គេ​រក​ឃើញ​ថា កើត​ជំងឺ​នេះ​ក្នុង​ខែ​ឧសភា និង​បាន​ប្រកាស​ជា​សាធារណៈ​នៅ​ខែ​មិថុនា​កន្លង​ទៅ។​

ដោយ​ត្រូវ​បាន​ស្គាល់​តាមរយៈ​យុទ្ធនាការ​ជា​បន្តបន្ទាប់​ដើម្បី​ប្រទេស​ចិន​មួយ ប្រកបដោយ​លទ្ធិប្រជាធិបតេយ្យ និង​មាន​លក្ខណៈ​សេរី លោក​ Liu ត្រូវ​បាន​មនុស្ស​ភាគច្រើន​ចាត់​ទុក​ថា​ជា វីរបុរស​មួយ​រូប។ ប៉ុន្តែ​សម្រាប់​រដ្ឋាភិបាល​ចិន លោក​ជា​ ការ​រំខាន​មួយ​ទៅ​វិញ។​

​លោក Liu បាន​ប្រឈម​មុខ​ជាមួយ​នឹង​ការ​រុកគួន ការ​តាមដាន និង​ការ​ចាប់​ដាក់​ពន្ធនាគារ​ ជា​បន្តបន្ទាប់​ ពី​សំណាក់​រដ្ឋាភិបាល​ ដឹកនាំ​ដោយ​បក្ស​កុម្មុយនិស្ត​ចិន។

ការ​ទទួល​បាន​ពានរង្វាន់​ណូបែល​សន្តិភាព​ក្នុង​ឆ្នាំ​ ២០១០ បាន​ធ្វើ​ឲ្យ​ លោក​ Liu Xiaobo ក្លាយ​ជា​ជនជាតិ​ចិនដំបូង​គេ​បង្អស់​ នៅ​ក្នុង​ប្រទេស​ចិន​ផ្ទាល់ ដែល​ទទួល​បាន​ការ​ទទួលស្គាល់​ជា​អន្តរជាតិ​ដូច​នេះ និង​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​បុគ្គល​មួយ​រូបក្នុង​ចំណោម​បុគ្គល​បី​រូប ដែល​ទទួល​បាន​ពានរង្វាន់ ខណៈ​ពេល​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំខ្លួន​នៅ​ឡើយ។ បុគ្គល​ពីរ​នាក់​ផ្សេងទៀត​រួម​មាន លោក Carl von Ossietzky (ខាល វ៉ុន អូស៊ែត​ស្គី) នៅ​ប្រទេស​អាល្លឺម៉ង់ ដែល​បាន​ទទួល​បាន​ពានរង្វាន់​ណូបែល​សន្តិភាព​ក្នុង​ឆ្នាំ ១៩៣៥ និង​លោកស្រី​អង់សាន ស៊ូជី​ នៅ​ប្រទេស​មីយ៉ាន់ម៉ា ក្នុង​ឆ្នាំ​ ១៩៩១។

លោក Liu បាន​កើត​ក្នុង​ទី​ក្រុង​ Changchun (ឆាង​ឈុន) ខេត្ត Jilin (ជីលីន) នៅ​ថ្ងៃ​ទី២៨ ខែធ្នូ ឆ្នាំ​១៩៥៥ នៅ​ក្នុង​ត្រកូល​គ្រួសារ​បញ្ញវន្ត​មួយ។ លោក​បាន​ឆ្លង​កាត់​ក្នុង​ជីវិត​នូវ​ការ​លំបាកញាំញី​អស់​ជា​ច្រើន​ឆ្នាំ​ នៅ​ក្នុង​ប្រទេស​ចិន នា​សម័យ​ទំនើប។

​លោក Liu ​ធ្លាប់ជាបញ្ញវន្ត​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ Columbia ក្នុង​ក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ពេល​ដែល​ចលនា​តស៊ូ​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ទីលាន​ Tianamen ក្នុង​ប្រទេស​ចិន បាន​ចាប់ផ្តើម​ឡើង​ក្នុង​ឆ្នាំ ១៩៨៩។ លោក​បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​ចិនវិញ​ ដើម្បី​ចូលរួម​ក្នុង​បាតុកម្ម​ ដែល​រៀបចំ​ឡើង​ដោយ​ក្រុម​និស្សិត​នោះ។​ នៅ​ទី​បញ្ចប់ បាតុកម្ម​នោះ ត្រូវ​បាន​អាជ្ញាធរ​ចិន​ចុះ​បង្រ្កាប ដោយ​បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់​រយ​នាក់​បាត់បង់​ជីវិត។

លោក​ Liu និង​សកម្មជន​ដទៃ​ទៀត ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ខ្ពស់ ចំពោះ​ការ​បញ្ចៀស​ការ​បង្ហូរឈាម​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ តាមរយៈ​ការ​ចរចា​ជាមួយ​នឹង​កងកម្លាំង​ប្រដាប់​អាវុធ ដើម្បី​ការ​ចាកចេញ​របស់​បាតុករ​រាប់​ពាន់​នាក់​ ដោយ​សន្តិវិធី​ ពី​ទីលាន​ Tiananmen នោះ។

​លោក Liu ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់​ការ​ធ្វើ​បាតុកម្ម ហើយ​បាន​រង​ការ​ចោទប្រកាន់​ថា «ជា​មេក្លោង​នៅ​ពី​ក្រោយ​ចលនា​បាតុកម្ម​នៅ​ទីលាន​ Tiananmen»។

ទោះ​បី​ជា​ត្រូវ​បាន​លើកលែងទោស​ពី​ការ​ចោទប្រកាន់​បទ​ឧក្រិដ្ឋ និង​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ក៏​ដោយ​ ក៏​លោក Liu បាន​បាត់បង់​អាជីព​ជា​គ្រូបង្រៀន​របស់​ខ្លួន និង​ជាប់​ក្រោម​ការ​ឃុំខ្លួន​ក្នុង​ផ្ទះ នៅ​ប្រទេស​ចិន។ លោក​ត្រូវ​បាន​គេ​ផ្តល់​សិទ្ធិ​នៅ​ជ្រក​កោន​នៅ​ប្រទេស​អូស្រ្តាលី​ ប៉ុន្តែ​លោក​បាន​បដិសេធ។

លោក​ Liu បាន​ជាប់​ពន្ធនាគារ​បី​ដង បន្ទាប់​ពី​បាន​ធ្វើបាតុកម្ម​នៅ​ទីលាន Tiananmen មក​ ប៉ុន្តែ​លោក​នៅ​តែ​បន្តទាមទារ​ការ​ធ្វើ​កំណែទម្រង់​ផ្នែក​នយោបាយ​ដដែល។ ចាប់​ពី​ឆ្នាំ ១៩៩៩ រហូត​ដល់​ឆ្នាំ ២០០៨ លោក​បាន​ចំណាយ​ពេល​សរសេរ និង​បាន​ជួយ​បង្កើត​មជ្ឈមណ្ឌល​សំណេរ​ឯករាជ្យ​ចិន (Independent Chinese Pen Center) ដែលជា​វេទិកា​មួយ​សម្រាប់​អ្នកនិពន្ធ និង​អ្នកសារព័ត៌មាន​ធ្វើ​ការ​បញ្ចេញ​មតិ​ដោយ​សេរី។ លោក​ Liu ត្រូវ​បា​ន​គេ​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ប្រធាន​មជ្ឈមណ្ឌល​នោះ​ចំនួន​បី​ដង។

ក្នុង​ឆ្នាំ ២០០៨ លោក Liu Xiaobo បាន​ជួយ​សរសេរ​សេចក្តី​ព្រាង​ប័ណ្ណ​ឃោសនា​មួយ ដែល​ហៅ​ថា «ធម្មនុញ្ញ ០៨» ដោយ​អំពាវនាវ​ឲ្យ​មាន​សេរីភាព សិទ្ធិមនុស្ស និង​ការ​បោះឆ្នោត​ដោយ​សេរី។ ធម្មនុញ្ញ​នេះ​ ត្រៀម​នឹង​ចេញ​ផ្សាយនៅ​ថ្ងៃ​ទី១០ ខែ​ធ្នូ នា​ឆ្នាំ​នោះ ដែល​ត្រូវ​នឹង​ទិវា​សិទ្ធិ​មនុស្ស​ពិភពលោក ក៏ដូចជា ខួប​ ៦០​ឆ្នាំ​នៃការ​ចេញ​ផ្សាយ​សេចក្តី​ប្រកាស​សាកល​ស្តី​ពី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ផង​ដែរ។

នៅ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​មុន​ការ​ចេញ​ផ្សាយ «ធម្មនុញ្ញ ០៨» នោះ លោក Liu Xiaobo ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​បំផុស​បំផុល​ដើម្បី​ផ្តួលរំលំ​អំណាច​រដ្ឋ ហើយ​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១១​ឆ្នាំ។

លោក Liu Xiaobo បាន​ទទួល​ពានរង្វាន់​ណូបែល​សន្តិភាព​នៅ​ខែ​តុលា ឆ្នាំ​២០១០។ នៅឯពិធី​ប្រគល់​ពាន​រង្វាន់​ គណៈកម្មាធិការ​ពានរង្វាន់​ណូបែល​ ប្រទេស​ន័រវែស បាន​ដាក់​កៅអី​ទទេ​មួយ​នៅ​លើ​ឆាក​ ដើម្បី​តំណាង​ឲ្យ​លោក Liu Xiaobo ដោយសារ​តែ​លោក​មិន​ត្រូវ​បាន​រដ្ឋាភិបាល​ចិន​អនុញ្ញាត​ឲ្យ​មក​ចូលរួម​ក្នុង​ពិធី​ទទួល​ពាន​រង្វាន់​នេះ។

ក្រសួង​ការបរទេស​អាមេរិក​បាន​រិះគន់​ប្រទេស​ចិន​ពី​ការ​ផ្តន្ទាទោស​លោក​ Liu Xiaobo ដោយ​លើកឡើង​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​ អ្នក​និយាយ​ពីបញ្ហា​នយោបាយ​ដោយ​សន្តិវិធី គឺ​ជា​ ការ​រំលោភបំពាន​ទៅ​លើ​គោលការណ៍សិទ្ធិមនុស្ស ដែលទទួលស្គាល់​ជា​អន្តរជាតិ។

សហភាព​អឺរ៉ុប អាល្លឺម៉ង់ បារាំង និង​ប្រទេស​ដទៃ​ទៀត បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ស្រដៀង​គ្នា​នេះ​ដែរ។ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជា​ច្រើនក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​លោក Liu Xiaobo ដូច​ដែលបាន​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អតីត​ប្រធានាធិបតី​អាហ្វ្រិកខាងត្បូង​លោក Nelson Mandela និង​ម្ចាស់​ជ័យលាភី​ពានរង្វាន់​ណូបែល​សន្តិភាព​ ១៥​រូប​ផ្សេង​ទៀត។

ក្នុង​ឆ្នាំ ២០០៩ មេដឹកនាំ​សាសនា​តំបន់​ទីបេ សម្តេចសង្ឃ​ Dalai Lama ដែល​កំពុង​និរទេស​ខ្លួន និង​ជា​ម្ចាស់​ជ័យលាភី​ពានរង្វាន់​ណូបែល​សន្តិភាព​មួយ​រូប​ផងដែរ​ បាន​និយាយ​ថា ការ​ចាប់​បុគ្គល​ម្នាក់​ដាក់​ពន្ធនាគារ ដោយសារ​តែ​បុគ្គល​នោះ​គ្រាន់តែ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន គឺ​ផ្ទុយ​ទាំងស្រុង​ ពី​គោលការណ៍​ជា​មូលដ្ឋាន​នៃ​អនុសញ្ញា​ស្តីពី​សិទ្ធិ​មនុស្ស។

ចាប់​ពីពេល​នោះ​មក លោក Liu Xiaobo បាន​ជាប់​ពន្ធនាគារ​រហូត​ទាល់​តែ​ដល់​ពេល​សុខភាព​របស់​លោក​ធ្លាក់ចុះដុនដាប ហើយ​លោក​ត្រូវ​បាន​គេបញ្ជូន​ទៅ​ព្យាបាលមន្ទីរពេទ្យ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ មុន​ពេល​លោក​ស្លាប់។ ក្រុម​គ្រួសារ​របស់​លោក​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ចិន​អនុញ្ញាត​ឲ្យ​លោក​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក ឬ​អាល្លឺម៉ង់ ដើម្បី​ព្យាបាល​ជំងឺ​មហារីក​ថ្លើម ប៉ុន្តែ​សំណើ​នោះ​ត្រូវ​បាន​បដិសេធ។

លោក Liu Xiaobo អ្នក​ជ័យលាភី​ពានរង្វាន់​ណូបែល​សន្តិភាព​ បាន​ស្លាប់​នៅ​អាយុ ៦២​ឆ្នាំ៕

XS
SM
MD
LG