លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Rex Tillerson កំពុងអំពាវនាវដល់ប្រទេសចិនឲ្យដោះលែងភរិយាមេម៉ាយរបស់លោក Liu Xiaoboចេញពីការឃុំ ឃាំងនៅក្នុងផ្ទះ។
លោករដ្ឋមន្រ្តីការបរទេសអាមេរិកបានមានប្រសាសន៍កាលពីថ្ងៃព្រហស្បត៍ប៉ុន្មានម៉ោងបន្ទាប់ពីជ័យលាភីណូបែលសន្តិភាពទទួលមរណៈភាពថា «ខ្ញុំអំពាវនាវដល់រដ្ឋាភិបាលចិនឲ្យដោះលែងលោកស្រី Liu Xia ចេញពីឃុំឃាំងនៅក្នុងផ្ទះហើយនឹងអនុញ្ញាតឲ្យលោកស្រីចាកចេញពីប្រទេសចិនទៅតាមការប្រាថ្នារបស់លោកស្រី»។
លោករដ្ឋមន្រ្តីការបរទេសTillersonមានប្រសាសន៍បន្តទៀតថា «នៅក្នុងការប្រ យុទ្ធដើម្បីសេរីភាព សមភាពនិងការគ្រប់គ្រងតាមរដ្ឋធម្មនុញ្ញនៅក្នុងប្រទេសចិន លោក Liu Xiaobo បានតំណាងឲ្យស្មារតីរង្វាន់ណូបែល»។
លោក Liu ដែលជាអ្នកវិភាគខាងអក្សរសាស្រ្តក្លាយទៅជាអ្នកប្រឆាំងនិងអ្នកគាំ ទ្រលទ្ធិប្រជាធិបតេយ្យបានទទួលមរណៈភាពកាលពីថ្ងៃព្រហស្បត្តិ៍ក្នុងអាយុ៦១ឆ្នាំបន្ទាប់ពីការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកថ្លើមមក។
លោក Terry Branstad ដែលជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិនបានមានប្រសាសន៍ថា «ខ្ញុំសូមចូលរួមជាមួយលោករដ្ឋមន្រ្តីការបរទេស Tillerson នៅក្នុងការកាន់ទុកការស្លាប់របស់លោក Liu Xiaobo ដែលជាអ្នកគាំទ្រប្រកបដោយសេចក្តីអង់អាចក្លាហានដែលបានឧទ្ទិសជីវិតរបស់លោកដល់លទ្ធិប្រជាធិបតេយ្យនិងសេរីភាព»។
លោកបានមានប្រសាសន៍ទៀតថា «ប្រទេសចិនបានបាត់បង់មនុស្សគំរូមួយរូបដែលប្រកាន់យកគោលការណ៍ដែលសាកសម្យទទួលបានការគោរពរបស់យើងមិនមែនការកាត់ទោសឲ្យជាប់ពន្ធនាគារនោះទេ។ជាថ្មីម្តងទៀត យើងសុំឲ្យរដ្ឋា ភិបាលចិនដោះលែងលោកស្រី Liu Xia ចេញពីការឃុំឃាំងនៅក្នុងផ្ទះហើយនឹងអនុញ្ញាតិឲ្យលោកស្រីនិងក្រុមគ្រួសាររបស់លោកស្រីធ្វើដំណើរទៅតាមការប្រា ថ្នារបស់ពួកគេ»៕