ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ទីរពេទ្យ​ចិន​ថា ជំងឺ​លោក Liu Xiaobo ធ្ងន់ធ្ងរ​ពេក​ដែល​ពិបាក​ឲ្យ​លោក​ធ្វើ​ដំណើរ​ទៅ​ព្យាបាល​នៅ​បរទេស


ប៉ូលិស​ឈរ​យាម​នៅ​ក្បែរ​រូប​របស់​លោក Liu Xiaobo ក្នុង​ពេល​បាតុកម្ម​មួយ​នៅ​ខាង​ក្រៅ​ការិយាល័យ​សម្របសម្រួល​មួយ​របស់​ចិន ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧។
ប៉ូលិស​ឈរ​យាម​នៅ​ក្បែរ​រូប​របស់​លោក Liu Xiaobo ក្នុង​ពេល​បាតុកម្ម​មួយ​នៅ​ខាង​ក្រៅ​ការិយាល័យ​សម្របសម្រួល​មួយ​របស់​ចិន ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧។

មន្ទីរពេទ្យ​ដែល​ព្យាបាល​សកម្មជន​ប្រឆាំង​ជនជាតិ​ចិន​លោក Liu Xiaobo បាន​បញ្ជាក់​ថា អាការៈ​ជំងឺ​របស់​លោក​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ពេក ដែល​ធ្វើ​ឲ្យ​លោក​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ព្យាបាល​នៅ​បរទេស។

មន្ទីរពេទ្យ​នេះ​បាន​បន្ថែម​ថា សម្ពាធ​ឈាម​របស់​លោក Liu Xiaobo បាន​ធ្លាក់​ចុះ​ទាប ពោះ​របស់​លោក​កាន់តែ​ហើម​ធំ​ទៅៗ ពោះវៀន​របស់​លោក​មួយ​ផ្នែក​មាន​លក្ខណៈ​ស្ទះ​មិន​ដំណើរ​ការ និង​បញ្ហា​ផ្សេងៗ​ទៀត។ កាល​ពី​ពេល​ថ្មីៗ​នេះ លោក Liu Xiaobo ត្រូវ​បាន​គេ​បញ្ជូន​ចេញ​ពី​ពន្ធនាគារ​ទៅ​កាន់​មន្ទីរពេទ្យ​ទី​មួយ​នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ចិន (First Hospital of China Medical University) នៅ​ក្នុង​ទីក្រុង Shenyang បន្ទាប់ពី​លោក​ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ថា កើត​ជំងឺ​មហារីក​ថ្លើម​ដំណាក់​កាល​ចុង​ក្រោយ។

កាល​ពី​ឆ្នាំ ២០០៩ លោក​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១១ ឆ្នាំ សម្រាប់ «ការ​ញុះញង់​ផ្ដួល​រំលំ​រដ្ឋាភិបាល» បន្ទាប់​ពី​លោក​បាន​ជួយ​សរសេរ​ញត្តិ​មួយ ដែល​គេ​ស្គាល់​ថា «ធម្មនុញ្ញ ០៨‍» ដែល​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​នៅ​ក្នុង​ប្រទេស​ចិន។

ចាប់តាំង​ពី​ដំណឹង​អំពី​ជំងឺ​ធ្ងន់ធ្ងរ​របស់​លោក​ត្រូវ​បាន​ផ្សព្វផ្សាយ និង​ចាប់តាំង​ពី​លោក​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ក្នុង​លក្ខខណ្ឌ​ព្យាបាល​ជំងឺ​នៅ​ក្រោម​ការ​រឹង​បន្តឹង​សន្តិសុខ​តឹងរ៉ឹង​មក គេ​ឃើញ​មាន​ការ​កើន​ឡើង​នូវ​ការ​អំពាវនាវ​ឲ្យ​បញ្ជូន​រូប​លោក​ទៅ​ព្យាបាល​នៅ​បរទេស។

កាល​ពី​ថ្ងៃ​អាទិត្យ​ទី ៩ ខែ​កក្កដា កន្លង​ទៅ​នេះ វេជ្ជបណ្ឌិត​បរទេស​ពីរ​រូប​ដែល​បាន​ជួប​នឹង​លោក Liu Xiaobo បាន​និយាយ​ថា លោក​អាច​ទៅ​ព្យាបាល​នៅ​បរទេស​បាន​ដោយ​សុវត្ថិភាព ហើយ​លោក Liu Xiaobo ខ្លួន​លោក​ផ្ទាល់​ចង់​ទៅ​ព្យាបាល​នៅ​ប្រទេស​អាល្លឺម៉ង់ ឬ​ក៏​សហរដ្ឋ​អាមេរិក។

វេជ្ជបណ្ឌិត​ទាំង​ពីរ​រូប​នេះ បាន​បន្ថែម​ថា ការ​បញ្ជូន​រូប​លោក​ទៅ​ព្យាបាល​នៅ​បរទេស​ត្រូវតែ​ធ្វើ​ឲ្យ​បាន​ឆាប់។ ប៉ុន្តែ តាម​មើល​ទៅ រដ្ឋាភិបាល​ចិន​នឹង​មិន​ធ្វើ​ដូច្នេះ​នោះ​ទេ។

កាល​ពី​ថ្ងៃ​ចន្ទ​ ទី១០ កក្កដា ក្រសួង​ការបរទេស​ចិន​បាន​បន្ត​អំពាវនាវ​ឲ្យ​ប្រទេស​នានា «គោរព​អធិបតេយ្យភាព​ប្រទេស​ចិន‍» និង​បាន​និយាយ​ថា ការ​លើក​ឡើង​ណា​មួយ​អំពី​ការ​បញ្ជូន​លោក Liu Xiaobo ទៅ​ព្យាបាល​នៅ​បរទេស គឺ​ជា «ការ​ជ្រៀតជ្រែក​នៅ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ចិន‍»។

វីដេអូ​របស់​លោក Liu Xiaobo នៅ​ពេល​លោក​ដេក​នៅ​លើ​គ្រែ​នៅ​ក្នុង​មន្ទីរពេទ្យ​ត្រូវ​បាន​គេ​ដាក់​បង្ហាញ​នៅ​លើ​កញ្ចក់​កុំព្យូទ័រ​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។
វីដេអូ​របស់​លោក Liu Xiaobo នៅ​ពេល​លោក​ដេក​នៅ​លើ​គ្រែ​នៅ​ក្នុង​មន្ទីរពេទ្យ​ត្រូវ​បាន​គេ​ដាក់​បង្ហាញ​នៅ​លើ​កញ្ចក់​កុំព្យូទ័រ​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។

ទំនាក់ទំនង​របស់​ក្រុម​គ្រួសារ​លោក​ត្រូវ​រារាំង

អង្គការ​សិទ្ធិ​មនុស្ស​នានា​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ចិន​បាន​អនុញ្ញាត​ឲ្យ​លោកស្រី Liu Xia ដែល​ជា​ភរិយា​របស់​លោក Liu Xiaobo និង​សាច់​ញាតិ​ដទៃ​ទៀត​របស់​លោក ជួប​សួរ​សុខ​ទុក្ខ​លោក ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​ទាក់ទង​ជាមួយ​នឹង​បរទេស​នោះ​ទេ។

មជ្ឈមណ្ឌល​ព័ត៌មាន​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ហុងកុង បាន​រាយការណ៍​ថា បង​ប្រុស​របស់​លោក​ឈ្មោះ Liu Xiaoguang និង​ភរិយា នា​ពេល​ថ្មីៗ​នេះ បាន​ទៅ​សួរ​សុខ​ទុក្ខ​លោក​នៅ​ក្នុង​មន្ទីរពេទ្យ។ ប៉ុន្តែ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ប៉ូលិស​បាន​តាមដាន​លោក Liu Xiaoguang និង​ភរិយា យ៉ាង​តឹងរ៉ឹង ហើយ​ពួកគេ​ទាំង​ពីរ​មិន​អាច​ទាក់ទង​នរណា​បាន​នោះ​ទេ។ អាជ្ញាធរ​ចិន​ក៏​បាន​ដាក់​សម្ពាធ​ដល់​ពួកគេ​ទាំង​ពីរ​ឲ្យ​ចុះ​ហត្ថលេខា​លើ​លិខិត​មួយ​គាំទ្រ​គំនិត​របស់​វេជ្ជបណ្ឌិត​ចិន ដែល​ថា ការ​បញ្ជូន​លោក Liu Xiaobo ទៅ​ព្យាបាល​នៅ​បរទេស​គឺ​មិន​មាន​សុវត្ថិភាព​នោះ​ទេ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មជ្ឈមណ្ឌល​ព័ត៌មាន​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នេះ។

រដ្ឋាភិបាល​ចិន​ក៏​ទំនង​ជា​ព្យាយាម​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ដើម្បី​ផ្សព្វផ្សាយ​អំពី​គោល​គំនិត​របស់​ខ្លួន​ផង​ដែរ។ នា​ពេល​ថ្មីៗ​នេះ គេ​ឃើញ​មាន​ការ​បង្ហោះ​វីដេអូ​ជា​ច្រើន​នៅ​លើ​ប្រព័ន្ធ Youtube ដែល​ក្នុង​នោះ​មាន​ទាំង​វីដេអូ​ដែល​មានតែ​អាជ្ញាធរ​ចិន​តែ​ប៉ុណ្ណោះ​ដែល​អាច​មាន​វីដេអូ​ទាំង​នោះ​បាន។

វីដេអូ​មួយ​វគ្គ​បង្ហាញ​អំពី​កិច្ច​សម្ភាសន៍​មួយ​ចំនួន​ជាមួយ​នឹង​លោក Liu Xiaobo ដែល​និយាយ​អំពី​ការ​ព្យាបាល​ជំងឺ​របស់​លោក និង​ការ​ជួប​ជាមួយ​នឹង​ភរិយា​របស់​លោក អ្នកស្រី Liu Xia។ គេ​ក៏​ឃើញ​មាន​វីដេអូ​វគ្គ​ខ្លះ​ទៀត បង្ហាញ​អំពី​លោក Liu Xiaobo ហាត់​ប្រាណ​នៅ​ក្នុង​ពន្ធនាគារ ដែល​វីដេអូ​នេះ​ត្រូវ​បាន​យក​ចេញ​ពី​កាមេរ៉ា​វីដេអូ​សន្តិសុខ។

កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៩ កក្កដា កន្លង​ទៅ​នេះ អ្នក​ប្រើប្រាស់​ប្រព័ន្ធ Youtube ម្នាក់ ដែល​ដាក់​ឈ្មោះ​ថា China Anti-Evil Cult បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​រយៈពេល ៣១ វិនាទី អំពី​ការ​ប្រជុំ​រវាង​វេជ្ជបណ្ឌិត​បរទេស និង​វេជ្ជបណ្ឌិត​ចិន។ នៅ​ក្នុង​វីដេអូ​នោះ វេជ្ជបណ្ឌិត​ចិន​មួយ​រូប​បាន​សួរ​ថា «តើ​មាន​ការ​ព្យាបាល​ណា​ដែល​អ្នក​អាច​ធ្វើ​បាន ហើយ​ពួក​យើង​មិន​អាច​ធ្វើ​បាន​ទេ?‍»។

ប៉ុន្តែ បន្ទាប់ពី​បាន​សួរ​សំណួរ​នេះ​រួច​មក គេ​ឃើញ​មាន​ការ​កាត់ត​មួយ​យ៉ាង​ច្បាស់​នៅ​ក្នុង​វីដេអូ​នោះ ហើយ​បន្ទាប់​មក វេជ្ជបណ្ឌិត​អាល្លឺម៉ង់​បាន​ឆ្លើយ​នឹង​សំណួរ​នោះ​ថា៖ «ខ្ញុំ​គិត​ថា យើង​មិន​អាច​ព្យាបាល​លោក Liu Xiaobo បាន​ប្រសើរ​ជាង​អ្នក នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​នោះ​ទេ។ ប៉ុន្តែ ខ្ញុំ​អាច​និយាយ​តំណាង​ឲ្យ​ប្រទេស​អាល្លឺម៉ង់។ អ្នក​អាច​ព្យាបាល​លោក Liu Xiaobo បាន​ប្រសើរ​ខ្លាំង​ណាស់‍»។

ប៉ុន្តែ នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៩ កក្កដា កន្លង​ទៅ​នេះ ជំហរ​របស់​វេជ្ជបណ្ឌិត​បរទេស​ទាំង​ពីរ​រូប មាន​លក្ខណៈ​ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​បាន​បង្ហាញ​នៅ​ក្នុង​វីដេអូ​នោះ។ លោក​វេជ្ជបណ្ឌិត Joseph M. Herman មកពី​មជ្ឈមណ្ឌល​ជំងឺ​មហារីក M.D. Anderson នៃ​សាកល​វិទ្យាល័យ Texas នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​លោក​វេជ្ជបណ្ឌិត Markus Buechler មកពី​សាកលវិទ្យាល័យ Heidelberg បាន​និយាយ​ថា៖ «ទោះបីជា​កម្រិត​នៃ​គ្រោះថ្នាក់​តែងតែ​កើត​មាន​នៅ​ពេល​បញ្ជូន​អ្នក​ជំងឺ​ទៅ​ព្យាបាល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ក៏​ដោយ ក៏​ពួក​យើង​ដែល​ជា​វេជ្ជបណ្ឌិត​ទាំង​ពីរ​រូប​នេះ ជឿ​ថា លោក Liu Xiaobo អាច​ត្រូវ​គេ​បញ្ជូន​ដោយ​មាន​សុវត្ថិភាព ដោយសារ​តែ​មាន​ការ​ថែ​រក្សា និង​គាំទ្រ​ផ្នែក​វេជ្ជសាស្ត្រ​សម​ស្រប‍»។

ការ​តវ៉ា​របស់​អាល្លឺម៉ង់

វីដេអូ​មួយ​ទៀត​ដែល​បង្ហាញ​អំពី​ក្រុម​វេជ្ជបណ្ឌិត​នៅ​ឈរ​ព័ទ្ធ​ជុំវិញ​គ្រែ​ពេទ្យ​របស់​លោក Liu Xiaobo ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត បាន​បង្ក​ឲ្យ​មាន​ការ​តវ៉ា​ពី​ស្ថានទូត​អាល្លឺម៉ង់​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

ស្ថានទូត​អាល្លឺម៉ង់​បាន​ហៅ​វីដេអូ​នោះ​ថា ជា​ការ​រំលោភ​លើ​ព័ត៌មាន​សម្ងាត់​រវាង​វេជ្ជបណ្ឌិត និង​អ្នក​ជំងឺ។ ស្ថានទូត​អាល្លឺម៉ង់​នោះ​បាន​ឲ្យ​ដឹង​ថា លោក​វេជ្ជបណ្ឌិត Buechler បាន​តវ៉ា​អំពី​ការ​ដែល​មាន​ការ​ថត​វីដេអូ និង​សំឡេង​នៃ​សកម្មភាព​របស់​លោក​ជួប​ជាមួយ​នឹង​លោក Liu Xiaobo។ ស្ថានទូត​អាល្លឺម៉ង់​បាន​បញ្ជាក់​ថា៖ «រឿង​នេះ​ទំនងជា​កើត​ឡើង​ដោយ​សារ​ស្ថាប័ន​សន្តិសុខ​ជា​អ្នក​ធ្វើ​ឡើង មិន​មែន​ក្រុម​វេជ្ជបណ្ឌិត​នោះ​ទេ‍។ សកម្មភាព​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ជឿ​ទុក​ចិត្ត​លើ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​នឹង​ករណី​លោក Liu Xiobo ដែល​មាន​សារៈសំខាន់​ក្នុង​ការ​ធានា​ឲ្យ​ការ​ព្យាបាល​រូប​លោក​ទទួល​បាន​ជោគជ័យ​ប្រសើរ​បំផុត​នោះ‍»។

អាជ្ញាធរ​បាន​ពង្រឹង​សន្តិសុខ​នៅ​ជុំវិញ​មន្ទីរពេទ្យ រួម​ទាំង​សណ្ឋាគារ​មួយ​នៅ​ក្បែរ​នោះ​ផង​ដែរ។

កាល​ពី​ថ្ងៃ​ចន្ទ ​ទី១០ កក្កដា កន្លង​ទៅ​នេះ VOA បាន​រក​ឃើញ​កំណត់ហេតុ​សរសេរ​ដៃ​មួយ​នៅ​លើ​តុ​ទទួល​ភ្ញៀវ​នៃ​សណ្ឋាគារ​នោះ ដែល​បាន​សរសេរ​ផ្ញើ​ជូន​បុគ្គលិក​សណ្ឋាគារ​នោះ​ថា៖ «សណ្ឋាគារ​នេះ​មិន​ត្រូវ​ជួល​បន្ទប់​ស្នាក់នៅ​បែរ​មុខ​ចំ​មន្ទីរពេទ្យ ឬ​ក៏​បន្ទប់​ស្នាក់នៅ​ជាន់​ខាង​លើ​ឲ្យ​នរណា​ម្នាក់​ឡើយ ដែល​ក្នុង​នោះ​រួម​ទាំង​អ្នក​សារព័ត៌មាន​ផង​ដែរ។ មាន​តែ​បន្ទប់​នៅ​ជាន់​ខាង​ក្រោម ឬ​បែរ​ទៅ​ទិស​ផ្សេង​ពី​មន្ទីរពេទ្យ​នេះ​តែ​ប៉ុណ្ណោះ ដែល​អាច​ជួល​បាន‍។ វិធានការ​នេះ​ចូល​ជា​ធរមាន​ជា​បន្ទាន់»។

កំណត់ហេតុ​នេះ​សរសេរ​ថា មិន​មាន​បន្ទប់​ទំនេរ​សម្រាប់​អ្នក​សារព័ត៌មាន​នោះ​ទេ ប្រសិន​បើ​ពួកគេ​រក​បន្ទប់​នៅ​ជាន់​លើ​បែរ​មុខ​ទៅ​មន្ទីរពេទ្យ​ដែល​លោក Liu Xiaobo កំពុង​ទទួល​ការ​ព្យាបាទ។
កំណត់ហេតុ​នេះ​សរសេរ​ថា មិន​មាន​បន្ទប់​ទំនេរ​សម្រាប់​អ្នក​សារព័ត៌មាន​នោះ​ទេ ប្រសិន​បើ​ពួកគេ​រក​បន្ទប់​នៅ​ជាន់​លើ​បែរ​មុខ​ទៅ​មន្ទីរពេទ្យ​ដែល​លោក Liu Xiaobo កំពុង​ទទួល​ការ​ព្យាបាទ។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ អ្នក​យក​ព័ត៌មាន VOA ផ្នែក​ភាសា​ចិន​កុកងឺ មួយ​រូប និង​ជំនួយការ​យក​ព័ត៌មាន​ម្នាក់​របស់​លោក ដែល​បាន​ព្យាយាម​ទាក់ទង​ក្រុម​គ្រួសារ​របស់​លោក Liu Xiaobo នៅ​ក្នុង​ទីក្រុង Shenyang ប្រទេស​ចិន ត្រូវ​បាន​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ប៉ុន្មាន​នាក់​ធ្វើ​ទុក្ខ​បុកម្នេញ ចោទ​សួរ និង​ដើរ​តាម។

កាល​ពី​ថ្ងៃ​សៅរ៍ ​ទី៨ កក្កដា បុរស​មួយ​ក្រុម​ដែល​អះអាង​ថា​ជា​សន្តិសុខ​យាម​មន្ទីរពេទ្យ បាន​ព័ទ្ធ​អ្នក​ទាំង​ពីរ ពេល​ដែល​ពួក​គេ​ព្យាយាម​ថត​វីដេអូ​ពី​ទិដ្ឋភាព​ខាង​ក្រៅ​នៃ​មន្ទីរពេទ្យ​នោះ។ បុរស​ទាំង​នោះ​បាន​និយាយ​ថា ពួក​គេ​ទាំង​ពីរ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ថត​វីដេអូ​នោះ​ទេ ហើយ​បុរស​ទាំង​នោះ​និយាយ​ថា ពួកគេ​កំពុង​តែ​អនុវត្ត​ច្បាប់ ប៉ុន្តែ​បុរស​ទាំង​នោះ​មិន​បាន​ផ្ដល់​ព័ត៌មាន​អំពី​អត្ត​សញ្ញាណ​របស់​ពួកគេ​នោះ​ទេ។

បុរស​ទាំង​នោះ​បាន​ចាប់​ទាញ​ដៃ​អ្នក​សារព័ត៌មាន VOA ទាំង​ពីរ​នាក់ និង​ព្យាយាម​រុញ​ច្រាន​ពួកគេ​ចេញ។ អ្នក​យក​ព័ត៌មាន VOA ត្រូវ​គេ​វាយ​ចំ​ដៃ​ម្ដង​ហើយ​ម្ដង​ទៀត ដែល​ធ្វើ​ឲ្យ​ក​ដៃ​លោក​ឡើង​ជាំ។ ចំណែក​ឯ​ដៃ​របស់​ជំនួយការ​អ្នក​យក​ព័ត៌មាន VOA ក៏​ជាំ​ផង​ដែរ ដោយសារតែ​ការ​រុញ​ច្រាន​ទាញ​ចុះ​ទាញ​ឡើង​នេះ។ បុរស​ទាំង​នោះ​ក៏​បាន​ព្យាយាម​យក​ទូរស័ព្ទ​ដៃ និង​កាមេរ៉ា​របស់​ពួកគេ​ផង​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កាមេរ៉ា និង​កាស​ត្រចៀក​មួយ​របស់​ពួកគេ រង​ការ​ខូចខាត៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG