វេជ្ជបណ្ឌិត២រូបមកប្រទេសលោកខាងលិចដែលបានទៅសួរសុខទុកលោក Liu Xiaobo ជ័យលាភីណូបែលសន្តិភាពដែលកំពុងមានជំងឺនៅក្នុងមន្ទីរពេទ្យចិនកាលពីថ្ងៃសៅរ៍ បានយល់ព្រមព្យាបាលជំងឺរបស់លោក។ នេះយោងតាមការប្រាប់ឲ្យដឹងពីមន្ទីរពេទ្យ។
លោក Liu អាយុ៦១ឆ្នាំត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ១១ឆ្នាំ កាលពីឆ្នាំ២០០៩ ចំពោះការតស៊ូដោយអហិង្សាដើម្បីសិទ្ធិមនុស្សដ៏សំខាន់មួយនៅក្នុងប្រទេសចិន មុនពេលត្រូវគេផ្ទេរទៅកាន់មន្ទីរពេទ្យមួយកន្លែងនៅក្នុងទីក្រុង Shenyang ភាគឦសានដើម្បីព្យាបាលជំងឺមហារីកថ្លើម។
មន្ទីរពេទ្យ Number One Teaching Hospital នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តវេជ្ជសាស្រ្តចិន បានប្រាប់ឲ្យដឹងថា ខ្លួនបានអញ្ជើញវេជ្ជបណ្ឌិតម្នាក់មកពីសហរដ្ឋអាមេរិកនិងម្នាក់ទៀតមកពីប្រទេសអាល្លឺម៉ង់ដើម្បីជួយព្យាបាលលោក Liu។
មន្ទីរពេទ្យបានប្រាប់ឲ្យដឹងថា ឈ្មោះវេជ្ជបណ្ឌិតទាំងនោះគឺវេជ្ជបណ្ឌិត Joseph Merman នៃមជ្ឈមណ្ឌលជំងឺមហារីក Anderson ក្នុងសហរដ្ឋអាមេរិកនិងវេជ្ជបណ្ឌិត Markus Buchler នៃសាកលវិទ្យាល័យ Heidelberg នៃប្រទេសអាល្លឺម៉ង់។ បន្ទាប់ពីពិនិត្យប្រវត្តិជំងឺនិងរបាយការណ៍ស្តីពីការព្យាបាលរបស់លោកLiu រួចមក វេជ្ជបណ្ឌិតទាំងពីរដែលមានការអមដំណើរដោយពួកអ្នកជំនាញចិនដែលកំពុងព្យាបាលលោក Liu នោះ បានពិភាក្សាពីស្ថានភាពជំងឺរបស់លោកជាមួយលោក Liu និងសមាជិកក្រុមគ្រួសាររបស់លោក។
មន្ទីរពេទ្យបានប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ពួកអ្នកជំនាញសហរដ្ឋអាមេរិកនិងអាល្លឺម៉ង់ បានយល់ព្រមយ៉ាងពេញទំហឹងពីការព្យាបាលរបស់ក្រុមជំនាញជាតិហើយនិងអ្វីដែលពួកគេបានធ្វើ»។
លោក Liu បានជាប់ពន្ធនាគារបន្ទាប់ពីការកាត់ឲ្យជាប់ទោសពីការញុះញង់ផ្តួលរំលំរដ្ឋាភិបាល បន្ទាប់ពីលោកបានជួយសរសេរញ្ញត្តិមួយដែលគេស្គាល់ថា ធម្មនុញ្ញ ០៨ ដែលបានអំពាវនាវឲ្យមានការធ្វើកំណែទម្រង់តាមបែបប្រជាធិបតេយ្យនៅក្នុងប្រទេសចិន៕