ក្រុមហ៊ុនចិន Xiaomi បានចូលរួមជាមួយនឹងមហាក្រុមហ៊ុនបច្ចេកវិទ្យា គឺក្រុមហ៊ុន Foxconn ក្នុងការបង្កើតរោងចក្រដំបូងរបស់ខ្លួនដើម្បីផលិតទូរស័ព្ទទំនើបនៅក្នុងប្រទេសឥណ្ឌា ដែលជាទីផ្សារលូតលាស់លឿនបំផុតរបស់ពិភពលោកនៅក្នុងវិស័យទូរស័ព្ទទំនើប។ ក្រុមហ៊ុន Foxconn ក៏បានប្រកាសពីការវិនិយោគផ្សេងទៀតផងដែរ នៅក្នុងប្រទេសឥណ្ឌា ដែលនេះគាំទ្របន្ថែមដល់កិច្ចខិតខំប្រឹងប្រែងរបស់ លោកនាយករដ្ឋមន្រ្តី Narendra Modi ក្នុងការប្រែក្លាយប្រទេសឥណ្ឌាទៅជាមជ្ឈមណ្ឌលផលិតកម្ម។
ទូរស័ព្ទទំនើបប្រភេទ Redmi2 Prime របស់ក្រុមហ៊ុន Xiaomi លក់ក្នុងតម្លៃប្រហែល 110 ដុល្លារបានត្រូវចាប់ផ្តើមផលិតចេញពីរោងចក្រនៅក្នុងទីក្រុងSri នៅរដ្ឋ Andhra Pradesh ភាគខាងត្បូងប្រទេសឥណ្ឌានៅសប្តាហ៍នេះ។
ក្រុមហ៊ុនចិននេះទើបបានចូលទៅក្នុងទីផ្សារប្រទេសឥណ្ឌា គ្រាន់តែមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែចាប់តាំងពីពេលនេះមកតម្លៃសមរម្យរបស់ទូរស័ព្ទនេះនាំឲ្យអតិថិជនដែលខ្វល់ខ្វាយអំពីតម្លៃប្រើប្រាស់វា ទិញវា ជាង ៣ លានគ្រឿង ដែលធ្វើឲ្យប្រទេសឥណ្ឌាដែលមានប្រជាជន ១,២ ពាន់លាននាក់ ក្លាយជាទីផ្សារដ៏ធំបំផុតទីពីររបស់ក្រុមហ៊ុន Xiaomi។
ក្រុមហ៊ុននេះបាននិយាយថា ក្រុមហ៊ុននឹងទទួលបានអត្ថប្រយោជន៍ពីការសម្រាលពន្ធនិងអាចផលិតទូរស័ព្ទបានច្រើនយ៉ាងឆាប់រហ័ស។
ខណៈពេលដែលក្រុមហ៊ុន Xiaomi ផលិតកាសស្ដាប់នឹងត្រចៀកដំបូងរបស់ខ្លួនអភិបាលរដ្ឋ Andhra Pradesh លោក Chandrababu Naidu បានធានាថានឹងធ្វើឲ្យបរិយាកាសអាជីវកម្មនៃការវិនិយោគកាន់តែងាយស្រួលឡើង។
«យើងបានបានបង្កើតឡើងនូវគោលនយោបាយសុំច្បាប់តែមួយកន្លែង។ ក្នុងរយៈពេលពីរសប្តាហ៍ទៀត អាជ្ញាប័ណ្ណទាំងអស់នឹងត្រូវបានផ្តល់ឱ្យអ្នក ហើយអ្នកមិនបាច់ចូលទៅកាន់ការិយាល័យផ្សេងទេ។ នៅពេលដែលអ្នកដាក់ពាក្យសុំភ្លាម អគ្គស្នងការរបស់យើងដែលទទួលខុសត្រូវខាងឧស្សាហកម្មដែលទាក់ទង នឹងអនុម័តវា»។
ទោះបីជាអ្នកប្រើប្រាស់នៅក្នុងទីផ្សារទូរស័ព្ទចល័តធំជាងគេទីបីរបស់ពិភពលោកបានទិញទូរស័ព្ទទំនើបច្រើនជាង ៥០ លានគ្រឿងកាលពីឆ្នាំមុនក្ដីក៏ទូរស័ព្ទនោះភាគច្រើនត្រូវបាននាំចូលមកពីប្រទេសចិននិងតៃវ៉ាន់។
នេះជាកត្តាមួយដែលជំរុញឱ្យរដ្ឋាភិបាលឥណ្ឌាទាក់ទាញក្រុមហ៊ុនផលិតគ្រឿងអេឡិកត្រូនិកលើពិភពលោកឲ្យបង្កើនផលិតកម្មនៅក្នុងប្រទេសឥណ្ឌា។
កិច្ចខិតខំប្រឹងប្រែងនេះបានទទួលលទ្ធផលល្អ។ ក្រៅពីការដំឡើងទូរស័ព្ទសម្រាប់ក្រុមហ៊ុន Xiaomi ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកធំជាងគេបំផុតលើពិភពលោកក៏បានប្រកាសអំពីការវិនិយោគ៥.០០០លានដុល្លារនៅរដ្ឋ Maharashtra ភាគខាងលិចប្រទេសឥណ្ឌា ដើម្បីបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនិងរោងចក្រផលិតបច្ចេកវិទ្យាជាន់ខ្ពស់។ Foxconn និយាយថា ខ្លួននឹងបង្កើតរោងចក្រ ១០កន្លែង និងបង្កើតការងារដល់មនុស្សមួយលាននាក់នៅត្រឹមឆ្នាំ២០២០។
ភាគច្រើននៃរោងចក្រសហគ្រាសរបស់ Foxconn កំពុងស្ថិតនៅក្នុងប្រទេសចិន។ ប៉ុន្តែក្រុមអ្នកវិភាគបាននិយាយថា ការធ្លាក់ចុះនៃទីផ្សារក្នុងស្រុក ប្រទេសចិនហើយនិងការកើនឡើងប្រាក់ឈ្នួលនៅប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតរបស់ទ្វីបអាស៊ីមួយនេះត្រូវបានជំរុញឱ្យក្រុមហ៊ុនស៊ើបរកមូលដ្ឋានផលិតផ្សេងទៀតជំនួស។
ដើម្បីទាក់ទាញអ្នកវិនិយោគ នាយករដ្ឋមន្រ្តី ឥណ្ឌា លោក Narendra Modi បានលើកកម្ពស់ការយុទ្ធនាការ «មកផលិតនៅឥណ្ឌា» ឬ «Make in India» ។ លោកបានជំរុញឲ្យក្រុមហ៊ុនលើសាកលលោកបើកដំណើរការឡើងវិញនៅក្នុងប្រទេសឥណ្ឌា ដោយថ្លែងធានាថា លោកនឹងធ្វើឱ្យប្រទេសឥណ្ឌាជាកន្លែងងាយស្រួលជាងមុនក្នុងការធ្វើអាជីវកម្ម ខណៈពេលដែលប្រទេសនេះធ្លាប់ជាប្រទេសដែលមានភាពស្មុគស្មាញនិងមានឧបសគ្គការិយាធិបតេយ្យយ៉ាងយូរមកហើយ។
លោក Rajiv Kumar សេដ្ឋកិច្ចវិទូនៅមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយក្នុងក្រុង ញូវដែលីបាននិយាយថា ការវិនិយោគដែលបានគ្រោងទុកដោយក្រុមហ៊ុន Foxconnនេះ អាចជំរុញថែមទៀតផែនការរបស់លោក Modi ដើម្បីប្រែក្លាយឥណ្ឌាទៅជាមជ្ឈមណ្ឌលផលិតកម្មមួយ។
«សេចក្តីប្រកាសបែបនេះបានបង្កើនទំនុកចិត្តរបស់វិនិយោគិនក្នុងស្រុកនិងអ្នកវិនិយោគបរទេស។ វានឹងបង្កើតការងារចាំបាច់ដើម្បីស្រូបយកកម្លាំងពលកម្មបន្ថែម ដែលបានមកចូលទៅក្នុងទីផ្សារការងារជារៀងរាល់ខែ ជារៀងរាល់ឆ្នាំ ហើយបង្កើនសមត្ថភាពនៅក្នុងប្រទេសនេះ ហេតុដូច្នេះហើយ វាបានធ្វើឲ្យវដ្តនៃការវិនិយោគដំណើរការវិញ ដែលពិតជាខ្សោយខ្លាំងណាស់រហូតមកដល់ពេលនេះ»។
ប្រទេសឥណ្ឌាបានដើរយឺតជាងគេបើប្រៀបធៀបនឹងបណ្ដាប្រទេសអាស៊ីដទៃទៀត លើកវិស័យផលិតកម្មឧស្សាហកម្ម ប៉ុន្តែឥឡូវនេះ ប្រទេសនេះបានកំណត់គោលដៅនៃការបង្កើនចំណែកនៃផលិតកម្មនៅក្នុងផលិតផលក្នុងស្រុកសរុបរបស់ខ្លួនពី១៦ ភាគរយទៅ២៥ភាគរយ៕
ប្រែសម្រួលដោយ មាន ឥស្សរាយស