ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្ត្រីអាមេរិក៖ យុវជន​កម្ពុជា​ចាប់អារម្មណ៍​លើ​វិស័យ​បច្ចេកវិជ្ជា ព័ត៌មានវិទ្យា

  • នៅ វណ្ណារិន

លោក​ស្រី​បណ្ឌិត​ជែលឌិន រិជម៉ុន​ (Geraldine Richmond) ជាមួយ​​និស្សិត​នៅ​សាកល​​វិទ្យាល័យ​អរិហ្កិន​ (University of Oregon)។ (Courtesy: University of Oregon)

មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​វាយ​តម្លៃ​ថា ប្រទេស​កម្ពុជា​មាន​សក្តានុភាព​ខ្ពស់​ក្នុង​ការអភិវឌ្ឍ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកទេស និង​ព័ត៌មានវិទ្យា​ដើម្បី​ជួយ​ពន្លឿន​ការរីក​ដុះដាល​សេដ្ឋ​កិច្ច​នៃ​ប្រទេស​នេះ។​

លោក​ស្រី​បណ្ឌិត​ជែលឌិន រិជម៉ុន​ (Geraldine Richmond)​ ជា​ជំនួយ​ការ​ពិសេស​របស់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ​និង​ជា​ប្រេសិត​វិទ្យា​សាស្រ្ត​អាមេរិក​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍។​

លោកស្រីថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​អំឡុង​ដំណើ​រទស្សន​កិច្ច​របស់លោកស្រីរយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ​នៅ​កម្ពុជា។ ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ស្រី​នឹង​ត្រូវ​បញ្ចប់​នៅថ្ងៃអាទិត្យ​សប្តាហ៍​នេះ។​

មាន​ប្រសាសន៍​ក្នុង​កិច្ច​សម្ភាសន៍​ទល់​មុខ​ជាមួយ​វីអូអេ​សំឡេងសហ​រដ្ឋ​អាមេរិក​ជា​ខេមរ​ភាសា ​ លោកស្រី​បណ្ឌិត​ជែលឌិន រិជម៉ុន​សង្កេត​ឃើញ​ថា​ សិស្ស​ និស្សិត​កម្ពុជា​មាន​ភាព​ប៉ិនប្រសប់​ និង​ចំណាប់​អារម្មណ៍​ខ្ពស់​ក្នុង​ការ​ស្រាវជ្រាវ​ អភិវឌ្ឍ​ និង​បង្កើត​ apps​ គឺ​កម្មវិធី​ថ្មីៗ​សម្រាប់ទូរស័ព្ទ​ចល័ត​និង​កុំព្យូទ័រ។​

ប៉ុន្តែ​បើ​ទោះ​ជា​មាន​សក្តានុពល​បែប​នេះ​ក្តី​ លោក​ស្រី​យល់​ថា​ កម្ពុជា​ត្រូវតែ​ពង្រឹង​ធនធាន​មនុស្ស ​ដែល​មាន​ជំនាញ​ផ្នែក​បច្ចេក​វិជ្ជា​ ផ្នែក​វិជ្ជាជីវៈ​ជំនាញ​ និង​ព័ត៌មាន​វិទ្យា​សម្រាប់​ទាក់ទាញ​វិនិយោគ​ទុន។​

«នា​ពេល​នេះ ​ប្រទេស​កម្ពុជា​ត្រូវការ​កម្លាំង​ពលកម្ម​ផ្នែក​បច្ចេក​វិជ្ជា​ ដែល​អាច​ទាក់ទាញ​ក្រុមហ៊ុន​មក​ទីនេះ​ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​រីក​លូតលាស់។​ វា​មិន​ចាំបាច់​ត្រូវ​ការ​ធនធាន​មនុស្ស​កម្រិត​បណ្ឌិត​នោះ​ទេ​ ក៏​ប៉ុន្តែ​មនុស្ស​ដែល​ចេញពី​សាលា​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ​ឬ​ក៏​ចេញ​ពី​សាលា​ផ្នែក​សំណង​ដែល​អាច​ក្លាយ​ជា​កម្លាំង​ពលកម្ម​តែ​ម្តង»។​

លោក​ស្រី​បណ្ឌិត​ជែលឌិន រិជម៉ុន​បាន​លើក​ឧទាហរណ៍​ពី​ប្រទេស​វៀតណាម។​ ពេល​ដែល​ក្រុម​ហ៊ុន​កុំព្យូទ័រ​ Intel ​របស់​អាមេរិក​បណ្តាក់​ទុន​នៅ​ក្នុង​ប្រទេស​វៀតណាម​នា​ឆ្នាំ​២០០៦ ​ ប្រទេស​នេះ​ខ្វះ​ធនធាន​មនុស្ស​ផ្នែក​បច្ចេក​វិជ្ជា​ព័ត៌មាន​វិទ្យា​ជា​ច្រើន​ពាន់នាក់។​

លោក​ស្រី​ជំនួយ​ការ​ពិសេស​របស់​ប្រធានាធិបតី​អាមេរិក​បាន​ធ្វើ​ដំណើរ​ទស្សន​កិច្ច​ពិសេស​រយៈ​ពេល​១១​ថ្ងៃ ​ចាប់​តាំង​ពី​ថ្ងៃ​ទី២​ដល់​ថ្ងៃ​ទី​១២​ខែ​មិនា​ មក​កាន់​បណ្តា​ប្រទេស​នៃ​តំបន់​មេគង្គ​ក្រោម​ រួមមាន​ប្រទេស​កម្ពុជា​ ឡាវ​ និង​ថៃ​ដើម្បី​ស្វែង​យល់ ​និង​ពង្រីក​ទំនាក់​ទំនង​ផ្នែក​វិទ្យា​សាស្រ្ត​ និង​បច្ចេក​វិទ្យា​នៅ​ក្នុង​តំបន់​នេះ។​ ​ហើយ​នេះ​គឺ​ជា​ដំណើរ​ទស្សន​កិច្ច​ផ្លូវការ​លើក​ទី១​របស់​លោក​ស្រីមក​កាន់​កម្ពុជា។​

នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ​ លោកស្រី​រិជម៉ុន​បាន​ជួប​ជាមួយ​សិស្ស​ និស្សិត​ខ្មែរ​ជាច្រើន​ រួម​មាន​និស្សិត​ផ្នែក​ព័ត៌មាន​វិទ្យា ​សំណង់ ​និង​កសិកម្ម​ នៅ​ក្នុង​សាកល​វិទ្យាល័យ​នាទី​ក្រុង​ភ្នំពេញ ​ខេត្ត​កំពង់ចាម ​និង​សៀមរាប។​ ជាមួយ​គ្នា​នេះ​ដែរ​ លោកស្រី​ក៏​បាន​ធ្វើ​ទស្សន​កិច្ច​ទៅ​កាន់​មន្ទីរ​ពិសោធន៍​ ផ្នែក​វិទ្យា​សាស្ត្រ ​និង​ព័ត៌មាន​វិទ្យា​មួយ​ចំនួន​ផង​ដែរ។​

លោក​ស្រី ​ជែលឌិន រិជម៉ុន​បាន​បន្ថែម​ថា ​ រាជ​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ចាប់​ផ្តើម​បញ្ចូល​ការ​សិក្សា​ផ្នែក​វិទ្យា​សាស្ត្រ​ និង​បច្ចេក​វិជ្ជា​ទៅ​ក្នុង​កម្ម​វិធី​សិក្សា​ ចាប់​តាំងពី​ថ្នាក់​វិទ្យាល័យ​ដើម្បី​ឲ្យ​ប្រទេស​នេះ​មាន​ធនធាន​មនុស្ស​គ្រប់គ្រាន់​សម្រាប់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​របស់​ខ្លួន។​

លោក​ផៃ ស៊ីផាន ​រដ្ឋ​លេខា​ធិការ​ ​និង​ជា​អ្នក​នាំពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ ​មាន​ប្រសាសន៍​ស្រប​ទៅ​នឹង​ការ​យល់​ឃើញ​របស់​លោក​ស្រី​ប្រេសិត​វិទ្យា​សាស្រ្ត​អាមេរិក​នេះ​ផង​ដែរ។ លោក​វាយ​តម្លៃ​លើ​សក្តា​នុពល ​និងការ​ផ្តោ​ត​ការ​យក​ចិត្ត​ទុក​ដាក់​របស់​កម្ពុជា​លើ​ធនធាន​មនុស្ស​ និងការ​អភិវឌ្ឍ​វិស័យ​បច្ចេក​វិទ្យា ​និង​វិទ្យាសាស្រ្ត​នេះ។​

«ផល​សង្ឃឹម​ទុក​របស់​យើង​គឺ៖​ អាមេរិកនិង​បង្ហាញ​នូវ​អ្វី​ដែល​មាន​ភាព​ស្មោះ​ស្ម័គ្រ​ ហើយនឹង​ជាក់លាក់ថា គេ​នឹង​ចូល​រួម​អភិវឌ្ឍ​ប្រជាជាតិ​តំបន់​ទន្លេ​មេគង្គ​ និង​ឲ្យ​ក្លាយ​ជា​ប្រជាជាតិ​មួយ​ដែល​សម្បូរ​បែប​ក្នុង​ការ​ប្រើប្រាស់​e-system ​ហ្នឹង​ដែល​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់ ​e-system​ ហ្នឹងមិន​ឲ្យ​ដាច់​ឆ្ងាយ​ពី​ប្រទេស​ជឿន​លឿងដទៃ​ទៀត»។

ដំណាល​គ្នា​នេះ​ដែរ ​លោក​ផៃ​ ស៊ីផា​ន​វាយ​តម្លៃ​ថា​ ដំណើរ​ទស្សន​កិច្ច​របស់​លោក​ស្រី​ជែលឌិន រិជម៉ុន​នឹង​ជួយ​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង​រវាង​សហ​រដ្ឋ​អាមេរិក​ និង​កម្ពុជា​លើ​វិស័យ​បច្ចេក​វិទ្យា​ និង​វិទ្យាសាស្ដ្រ​ ក៏ដូច​ជា​កិច្ច​សហការ​ក្នុង​តំបន់​ផង​ដែរ៕

XS
SM
MD
LG