ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​ចាប់​ផ្តើម​ដំណើរ​រេអាក់ទ័រ​នុយក្លេអ៊ែរ​ឡើងវិញ ក្រោម​បទដ្ឋាន​សុវត្ថិភាព​ថ្មី​


រូបភាព​បង្ហាញ​ពី​រេអាក់ទ័រ​នៅ​រោងចក្រ​នុយក្លេអ៊ែរ​​​ Sendai ក្រុមហ៊ុន Kyushu Electric Power នៅ​ប្រទេស​ជប៉ុន។
រូបភាព​បង្ហាញ​ពី​រេអាក់ទ័រ​នៅ​រោងចក្រ​នុយក្លេអ៊ែរ​​​ Sendai ក្រុមហ៊ុន Kyushu Electric Power នៅ​ប្រទេស​ជប៉ុន។

ក្រុមហ៊ុន​ថាមពល​ជប៉ុន​បាន​ចាប់​ផ្តើម​ម៉ាស៊ីន​រេអាក់ទ័រ​នុយក្លេអ៊ែរ​ឡើង​វិញ​នៅ​ថ្ងៃ​អង្គារ​នេះ ដែល​ម៉ាស៊ីន​រេអាក់ទ័រ​មួយ​មុន​ដំបូង​ត្រូវបាន​ប្រើ​ប្រាស់​វិញនៅ​ក្រោម​បទ​បញ្ញតិ្ត​សុវត្ថិភាព​ថ្មី​ ដែល​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់ ​បន្ទាប់​ពី​មហន្តរាយ​រោងចក្រ​ថាមពល Fukushima។

ក្រុមហ៊ុន Kyushu Electric Power Co. បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ខ្លួន​រំពឹង​ថាម៉ាស៊ីន រេអាក់ទ័រមួយ​នៅ​ឯ​រោងចក្រ Sendai នឹងផលិត​ចរន្ត​អគ្គីសនី​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ ​ហើយ​នឹង​ផលិត​អគ្គីសនី​ពេញ​លេញ​នៅ​ខែ​ក្រោយ។

រោងចក្រ​នុយក្លេអ៊ែរ​របស់​ជប៉ុន​បាន​បិទ​កាល​ពី​២​ឆ្នាំ​មុន​ដើម្បី​ពិនិត្យ​សុវត្ថិភាព។ រដ្ឋាភិបាល​ចង់​ប្រើប្រាស់​ថាម​ពល​នុយក្លេអ៊ែរ​វិញ​ ដោយ​ការ​ផលិត​ជាង​២០​ភាគរយ​នៃ​ថាម​ពល​អគ្គីសនី​ទូទាំង​ប្រទេស​នៅ​ឆ្នាំ​២០៣០ ​ក៏ប៉ុន្តែ​ត្រូវ​ពឹង​ផ្អែក​លើការ​នាំ​ចូល​ឥន្ធនៈ​ហ្វូស៊ីល​ ខណៈ​ដែល​រោងចក្រ​នុយក្លេអ៊ែរ​មាន​ដំណើរ​មិន​ទាន់​ពេញ​លេញ។

សាធារណ​ជន​ជប៉ុន​ភាគ​ច្រើន​បាន​ជំទាស់​ប្រឆាំង​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​រេអាក់ទ័រ​នេះ​ឡើង​វិញ​សម្រាប់​ផលិត​ថាម​ពល​អគ្គីសនី​នោះ។

ក្រុម​បាតុករ​ជា​ច្រើន​រយ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​រោងចក្រ Sendai ​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​សម្តែង​នូវ​ការ​មិន​សប្បាយ​ចិត្ត​របស់​ខ្លួន ​ដែល​រួមមាន​អតីត​នាយករដ្ឋ​មន្រ្តី Naoto Kanដែល​បាន​កាន់​អំណាច​ក្នុង​ពេលមាន​បញ្ហា​រោងចក្រ​ថាម​ពល​នុយក្លេអ៊ែរ​Fukushima។

លោក Kan បាន​មាន​ប្រសាសន៍​ថា «យើង​មិន​បាន​ទស្សន៍​ទាយ​ពី​គ្រោះ​ថ្នាក់​បាន​ទេ។​ហើយ​យើងទាំងអស់​គ្នា​មក​ទី​នេះ ​ដើម្បី​ចាត់​វិធានការ​ជាមុន​ដើម្បី​រារាំង​កុំ​ឲ្យ​គ្រោះ​ថ្នាក់​កើត​មាន​ឡើង‍»។

មហន្តរាយ​នៅ​រោង​ចក្រ Fukushimaបាន​ចាប់​ផ្តើម​នៅពេល​មាន​ការ​រំជួយ​ផែនដី​ដ៏​ខ្លាំង​និង​រលកយក្ស​ស៊ូណាមិ​ ដែល​បាន​ធ្វើ​ឲ្យ​ខូច​រោងចក្រ​នុយក្លេអ៊ែរ ​ហើយ​បាន​បណ្តាល​ឲ្យ​បិទ​រោងចក្រ​នោះ។ មហន្តរាយ​នោះ​បាន​បង្ខំ​ឲ្យ​មនុស្សជាង​មួយ​សែន​នាក់​ចាក​ចេញ​ពី​ផ្ទះ​របស់​ខ្លួន៕

XS
SM
MD
LG