ក្រសួងការបរទេសស.រ.អា.និងអង្គការស.រ.អា.បង្កើតកម្មវិធីមួយដើម្បីផ្តល់ឱកាសឲ្យបេក្ខជននានាក្នុងពិភពលោកនិងតំបន់អាស៊ី ដែលមានសមត្ថភាពធ្វើឲ្យសង្គមនិងពិភពលោករីកចម្រើន បានប្រកួតប្រជែងគ្នាដណ្តើមពានរង្វាន់គំនិតច្នៃប្រឌិតថ្មីដែលនឹងធ្វើឡើងរហូតដល់ថ្ងៃទី១១ខែមិថុនា។
បេក្ខជនចំនួន៧៦នាក់មកពីប្រទេសចំនួន៣៧ក្នុងពិភពលោក រួមទាំងតំបន់អាស៊ីផង ត្រូវគេជ្រើសរើសឲ្យប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមយកពានរង្វាន់ទាក់ទងនឹងការបង្កើត គំនិតច្នៃប្រឌិតថ្មីដែលធ្វើឲ្យសង្គម ឬពិភពលោកមានការផ្លាស់ប្តូរ។
កម្មវិធីនេះឈ្មោះថា«ការបង្កើតថ្មីជាសកលតាមបែបវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាឆ្នាំ២០១៥» ឬ ហៅថា Global Innovation Through Science And Technology 2015 (GIST)។ ក្រសួងការបរទេសស.រ.អា.និងអង្គការក្រៅរដ្ឋាភិបាលស.រ.អា.មួយឈ្មោះ CRDF Global គឺជាអ្នករៀបចំនិង បង្កើតកម្មវិធីនេះ ដើម្បីជំរុញឲ្យយុវជនជំនាន់ក្រោយដែលមានចំណាប់អារម្មណ៍ក្នុងការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ដោយប្រើប្រាស់ជំនាញនៃការបង្កើតបណ្តាញទំនាក់ទំនង និងស្វែងរក ដើមទុនដើម្បីបង្កើតពាណិជ្ជកម្មមួយថ្មី ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។
បេក្ខជនទាំង៧៦នាក់មកពីប្រទេសចំនួន៣៧នោះគឺត្រូវក្រុមអ្នកជំនាញ ឬគណៈវិនិច្ឆ័យជ្រើសរើសចេញពីអ្នកដាក់ពាក្យសុំសរុបចំនួន៧៩២នាក់ មកពីប្រទេសចំនួន៧៤ មុនពេលប្រកាសឈ្មោះអ្នក ដែលបានជាប់ក្នុងការប្រកួតជាបន្តក្នុងវគ្គផ្តាច់ព្រ័ត្រទាំងនោះ កាលពីដើមខែឧសភានេះ។
សេចក្តីប្រកាសព័ត៌មានរបស់កម្មវិធីនេះបានឲ្យដឹងថា លោកអ្នកអាចចូលរួមបោះឆ្នោតគាំទ្របេក្ខជនណាដែលខ្លួនពេញចិត្ត តាមរយៈគេហទំព័រ www.aaas.org/tech-i/semifinalists។
លោកអ្នកអាចបន្តបោះឆ្នោតឲ្យបេក្ខជនណា ដែលខ្លួនពេញចិត្តបានម្តងក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃទី១១ ខែមិថុនា។
អ្នកប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងត្រូវបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលស្តីពីសហគ្រិនសកលឆ្នាំ២០១៥។ មុននឹងចូលរួមកិច្ចប្រជុំ អ្នកចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងទទួលបានការហ្វឹកហាត់ដ៏ល្អ ហើយក្រោយកិច្ចប្រជុំ អ្នកទាំងនោះនឹងទទួលបានការណែនាំរយៈពេលបីខែ។ លើសពីនេះទៅទៀត អ្នកទាំងនោះនឹងមានឱកាសក្នុងការបង្ហាញគំនិតរបស់ខ្លួន ដល់អន្តរជាតិក្នុងកិច្ចប្រជុំនេះដែរ។ បន្ថែមពីនេះទៀត អ្នកទទួលជ័យជម្នះទាំងនោះ នឹងទទួលបានសមាជិកភាពនៃសមាគមអាមេរិកស្តីពីវិទ្យាសាស្រ្តជាន់ខ្ពស់ (AAAS) រយៈពេលមួយឆ្នាំ ទទួលបានប្រាក់រង្វាន់ចំនួន៧ម៉ឺនដុល្លារសហរដ្ឋអាមេរិកបន្ថែមពីលើការចំណាយផ្សេងៗទៀតដែលកម្មវិធីនេះចេញឲ្យ។
អ្នកដែលទទួលបានសំឡេងឆ្នោតច្រើនជាងគេនឹងទទួលបានជ័យជម្នះ។ ហើយអ្នកទទួលបានជ័យជម្នះក្នុងវគ្គផ្តាច់ព្រ័ត្រនឹងត្រូវបានប្រកាសនៅទីក្រុង Nairobi នៃប្រទេស Kenya នៅខែកក្កដាខាងមុខនេះ។
ឆ្នាំនេះមានបេក្ខជនប្រាំពីរនាក់ មកពីតំបន់អាស៊ីអាគ្នេយ៍ដែលជាប់ក្នុងការជ្រើសរើសពាក់កណ្តាលផ្តាច់ព្រ័ត្រ រួមមានម្នាក់មកពីប្រទេសវៀតណាម បីនាក់មកពីប្រទេសឥណ្ឌូនេស៊ី និងបីនាក់ពីប្រទេសហ្វីលីពីន។
ក្នុងចំណោមអ្នកទាំងនោះ លោក Regnard Raquedan មកពីប្រទេសហ្វីលីពីន បានបង្ហាញពីក្រុមហ៊ុនបង្កើតថ្មីមួយដែលមានឈ្មោះថា Cubbyspot សម្រាប់ទទួលសេវាមើលថែទាំកុមារ។ លោក Regisda Machdy Fuadhy មកពីប្រទេសឥណ្ឌូនេស៊ីបានបង្កើតគេហទំព័រមួយ ដែលមានអាស័យដ្ឋាន www.pijarpsikologi.org។ គេហទំព័រនេះមានអត្ថបទល្អៗដែលសសេរដោយអ្នកជំនាញផ្នែកចិត្តសាស្រ្ត ដែលផ្តល់ដំបូន្មានទាក់ទិននឹងបញ្ហាផ្លូវចិត្ត។ ចំណែកឯលោក Pham Thang មកពីប្រទេសវៀតណាមនៃក្រុម Passion Zone Vietnam បានបង្ហាញពីក្រុមហ៊ុនបង្កើតថ្មីមួយ ដែលមានឈ្មោះថា Walltop Forest។
ក្រុមហ៊ុននេះបញ្ចូលកម្មវិធីពិសេសទៅក្នុងឧបករណ៍បច្ចេកវិទ្យាជាន់ខ្ពស់ ដូចជាកុំព្យូទ័រ និងទូរស័ព្ទដៃទំនើបដែលតភ្ជាប់នឹងប្រព័ន្ធអ៊ីនធឺណិត ដើម្បីគ្រប់គ្រងបរិស្ថានធម្មជាតិ។ កម្មវិធីនេះនឹងពិនិត្យទៅលើពន្លឺ សំណើម កំដៅ និងស្ថានភាពនានា របស់ដើមឈើ ដែលផ្តល់ភាពងាយស្រួល សូម្បីតែអ្នកដែលពុំមានបទពិសោធន៍ ឬអ្នកដែលមានចំណេះដឹងបន្តិចបន្តួចទាក់ទិននឹងបច្ចេកវិទ្យា ក៏អាចប្រើប្រាស់ប្រព័ន្ធទាំងនេះបានដែរ។
ចាប់តាំងពីឆ្នាំ២០១១មក GIST មានអ្នកបង្កើតថ្មីនិងសហគ្រិនទូទាំងសកលលោកចូលរួមច្រើនជាង២លាន៨សែននាក់ និងបានដឹកនាំបង្កើតក្រុមហ៊ុនថ្មីៗជាង៤៥០០ក្រុមហ៊ុនដែលទទួលបានប្រាក់ចំណេញជាង ៨០លានដុល្លារសហរដ្ឋអាមេរិក។ លោកប្រធានាធិបតីស.រ.អា.បារ៉ាក់ អូបាម៉ា បានមានប្រសាសន៍ថា៖«ស.រ.អា.ជឿថា សហគ្រិនអាចបង្កើតការងារ ច្រើនដែលពង្រឹងទំនាក់ទំនងរវាងបណ្តាប្រទេសនានាក្នុងការកសាងទីផ្សារសកល ហើយជួយសម្រេចសុបិនរបស់អ្នកដែលចង់បានសេរីភាពក្នុង ការធ្វើឲ្យជីវភាពពួកគេទៅតាមបំណងរបស់គេនោះ»៕