ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​នឹង​ទាក់ទាញ​អាស៊ី​អាគ្នេយ៍ ហើយ​ប្រជែង​នឹង​សម្ព័ន្ធ​មិត្ត​បស្ចិម​ប្រទេស​ពាក់ព័ន្ធ​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ឆ្នាំ​២០១៩


(រូបភាព​ឯកសារ​) សំណង់ចិន​នៅលើ​ប្រជុំកោះ​ដែល​មាន​ជម្លោះ​ក្នុងដែន​សមុទ្រចិន​ខាងត្បូង​ រូបថត​ថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០១៧​។
(រូបភាព​ឯកសារ​) សំណង់ចិន​នៅលើ​ប្រជុំកោះ​ដែល​មាន​ជម្លោះ​ក្នុងដែន​សមុទ្រចិន​ខាងត្បូង​ រូបថត​ថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០១៧​។

កាល​ពី​ឆ្នាំ ២០១៨ ប្រទេស​ចិន​បាន​រៀបចំ​ការ​ពិភាក្សា​មួយ​ដែល​ត្រូវ​បាន​គេ​ដឹង​ជា​ទូទៅ​ថា​ជា​ការ​ពិភាក្សា​បែប​សុទិដ្ឋិនិយម​ជាមួយ​នឹង​ប្រទេស​ព្រុយណេ​ ហ្វីលីពីន និង​វៀតណាម បើ​ទោះបីជា​ប្រទេស​ទាំង៣នេះ ប្រជែង​ជាមួយ​ប្រទេស​ចិន​នៅ​ក្នុង​ការ​ទាមទារ​កាន់កាប់​សមុទ្រ​ចិន​ខាង​ត្បូង ដែល​សំបូរ​ធនធាន​ច្រើន​ក៏​ដោយ។

ស្រប​ពេល​នោះ​ដែរ ថ្នាក់ដឹកនាំ​ប្រទេស​កុម្មុយនិស្ត​ចិន​បាន​ពង្រឹង​អំណាច​របស់​ខ្លួន​លើ​ប្រជុំ​កោះ​តូចៗ​មួយ​ចំនួន ក៏​ដូចជា​បាន​បង្ក​បញ្ហា និង​បាន​គំរាម​បណ្ដា​ប្រទេស​មហា​អំណាច​ខាង​ក្រៅ​នានា​ដូចជា សហរដ្ឋ​អាមេរិក​ជា​ដើម មិន​ឲ្យ​លូកដៃ​ចូល​ក្នុង​ជម្លោះ​នេះ​ផង​ដែរ។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ ក្រុម​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​បាន​ប្រាប់​វីអូអេ​ថា ពួកគេ​រំពឹង​ថា នៅ​ក្នុង​ឆ្នាំ ២០១៩ នេះ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​នឹង​បន្ត​ឥរិយាបថ​បែបនេះ​ដដែល ដែល​នោះ​គឺ​ការ​ពង្រីក​កម្លាំង​យោធា និង​ការ​នាំ​មុខ​លើ​ការ​គ្រប់គ្រង​សមុទ្រ​ចិន​ខាងត្បូង ដែល​ជា​កន្លែង​ដែល​មាន​ជម្លោះ​ដែន​ទឹក​ដ៏​ធំ​ជាង​គេ​បង្អស់​នៅ​ទ្វីប​អាស៊ី ដោយ​មិន​បង្ក​ជម្លោះ​ជាមួយ​ប្រទេស​ណា​មួយ​ឲ្យ​ដល់​ចំណុច​ដែល​សម្ព័ន្ធមិត្ត​បស្ចិម​ប្រទេស​អាច​លូក​ដៃ​ចូល​ក្នុង​រឿង​នេះ។

លោក​ Collin Koh អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​សន្តិសុខ​ដែន​សមុទ្រ​នៃ​សាកល​វិទ្យាល័យ​បច្ចេកវិទ្យា Nanyang នៅ​ក្នុង​ប្រទេស​សិង្ហបុរី បាន​ពន្យល់​ថា៖ «មាន​រឿង​ជា​ច្រើន​ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ ២០១៨ ដែល​យើង​អាច​ប្រើ​ដើម្បី​កំណត់​នូវ​អ្វី​ដែល​អាច​កើត​ឡើង​នៅ​ឆ្នាំ២០១៩នេះ។ យើង​នឹង​ឃើញ​ការ​វិវត្ត​ដូច​គ្នា​នេះ​ជា​បន្តបន្ទាប់​ទៀត»។

ប្រទេស​ចិន​ទាមទារ​កាន់កាប់​ដែន​ទឹក​ចំនួន៩០ ភាគរយ នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ទំហំ ៣លាន៥សែន​គីឡូម៉ែត្រ​ការ៉េ។ សមុទ្រ​ចិន​ខាង​ត្បូង​លាត​សន្ធឹង​ពី​ប្រទេស​សិង្ហបុរី រហូត​ដល់​ចុង​ខាង​ត្បូង​នៃ​កោះ​តៃវ៉ាន់។ ប្រទេស​ព្រុយណេ​ ម៉ាឡេស៊ី​ ហ្វីលីពីន​ វៀតណាម​ និង​កោះ​តៃវ៉ាន់ បាន​ទាមទារ​កាន់កាប់​សមុទ្រ​ចិន​ខាង​ត្បូង ដែល​សំបូរ​ធនធាន​មច្ឆា​នេះ ទាំង​ស្រុង ឬ​មួយ​ផ្នែក។

តាំង​ពី​ឆ្នាំ២០១០មក រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​ផ្សេងៗ​អាក់​អន់​ចិត្ត តាម​រយៈ​ការ​ចាក់​ដី​បំពេញ​បណ្ដុំ​កោះ​ទាំង​នោះ ការ​ដំឡើង​ឧបករណ៍​យោធា​លើ​កោះ​មួយ​ចំនួន និង​ការ​បង្កើន​វត្តមាន​ពលរដ្ឋ​របស់​ខ្លួន​នៅ​ទី​នោះ។

សហរដ្ឋ​អាមេរិក​មិន​បាន​ទាមទារ​កាន់កាប់​ចំណែក​ណា​មួយ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ទេ ប៉ុន្តែ​បាន​ស្វះស្វែង​ដើម្បី​ធានា​ថា ផ្លូវ​ទឹក​មួយ​នេះ​នៅតែ​បើក​ចំហ​សម្រាប់​ការ​ធ្វើ​នាវាចរណ៍​ដោយ​សេរី។

ការ​ចរចា​ទ្វេភាគី

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន មន្ត្រី​រដ្ឋាភិបាល​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​នឹង​ប្រទេស​ហ្វីលីពីន ដើម្បី​រុករក​រួម​គ្នា​នូវ​ធនធាន​ប្រេង ឬ​ឧស្ម័ន​ដ៏​មាន​តម្លៃ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ នៅ​ក្នុង​ខែ​ដដែល​នោះ រដ្ឋាភិបាល​ចិន​ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដូច​គ្នា​នេះ​ដែរ​ជាមួយ​នឹង​ប្រទេស​ព្រុយ​ណេ។ ជាង​នេះ​ទៀត ប្រទេស​ចិន​បាន​ផ្ដល់​ជំនួយ​អភិវឌ្ឍ​ន៍​ដាច់​ដោយ​ឡែក​ដល់​ប្រទេស​ហ្វីលីពីន និង​បាន​ស្នើ​សុំ​កិច្ច​សហប្រតិបត្តិការ​ដែន​សមុទ្រ​ជាមួយ​នឹង​ប្រទេស​វៀតណាម។

ប្រទេស​វៀតណាម និង​ហ្វីលីពីន ធ្លាប់​ជា​អ្នក​រិះគន់​ឥត​សំចៃ​មាត់​លើ​ការ​វាតទី​របស់​ចិន មុន​ពេល​ចិន​បង្កើន​ការ​ចរចា​នៅ​ក្នុង​ឆ្នាំ ២០១៦។ ដោយសារ​តែ​ប្រទេស​ទាំងពីរ​ក្រីក្រ​ជាង​ប្រទេស​ចិន ប្រទេស​ទាំង​ពីរ​បាន​ទទួល​ជំនួយ​ផ្នែក​សេដ្ឋកិច្ច​ពី​ប្រទេស​ចិន។

លោក Alan Chong សាស្ត្រាចារ្យ​នៃ​មហា​វិទ្យាល័យ S. Rajaratnam សម្រាប់​ការ​សិក្សា​កិច្ចការ​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang នៅ​ក្នុង​ប្រទេស​សិង្ហបុរី បាន​និយាយ​ថា៖ «ជា​ទូទៅ ខ្ញុំ​គិត​ថា បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​ដែល​ជាប់​សមុទ្រ មាន​ការ​ប្រយ័ត្នប្រយែង​ចំពោះ​ប្រទេស​ចិន។ ក្នុង​ចំណោម​នោះ យើង​ឃើញ​មាន​ដូចជា​ប្រទេស​ហ្វីលីពីន​របស់​លោក​ប្រធានាធិបតី Duterte ផង​ដែរ ដែល​ទោះបីជា​លោក Duterte បាន​បង្ហាញ​ពី​ចំណង​មិត្តភាព​ដ៏​អស្ចារ្យ​ជាមួយ​នឹង​ប្រធានាធិបតី​ចិន​លោក Xi Jinping ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​កាល​ពី​ដើម​ឆ្នាំ ២០១៨ ក៏​ដោយ ក៏​លោក​នៅតែ​មាន​ការ​ប្រយ័ត្នប្រយែង​ចំពោះ​ប្រទេស​ចិន​ដដែល»។

លោក​ប្រធានាធិបតី Rodrigo Duterte មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​ប្រទេស​ចិន តាំង​ពី​លោក​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន​ក្នុង​ឆ្នាំ ២០១៦ មក​ម្ល៉េះ ដែល​ទំនាក់ទំនង​នេះ​ឈាន​ដល់​កម្រិត​កំពូល​នៅ​ពេល​លោក​ប្រធានាធិបតី Xi Jinping ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ហ្វីលីពីន​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន។

លោក Trung Nguyen ព្រឹទ្ធ​បុរស​មហាវិទ្យាល័យ​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​សង្គម​សាស្ត្រ និង​មនុស្ស​សាស្ត្រ​នៃ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម បាន​បកស្រាយ​ថា ប្រទេស​វៀតណាម​នឹង​ធ្វើការ​ជាមួយ​នឹង​ប្រទេស​ចិន ក៏​ដូចជា​ជាមួយ​នឹង​ប្រទេស​មហាអំណាច​ផ្សេង​ទៀត​ផង​ដែរ។ នាវា​វៀតណាម និង​នាវា​ចិន បាន​ប៉ះ​ទង្គិច​គ្នា​ដោយសារតែ​ការ​ជីក​រុករក​រ៉ែ​របស់​ចិន​កាល​ពី​ឆ្នាំ ២០១៤។ នាវា​នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ប៉ះ​ទង្គិច​គ្នា​ដ៏​ប្រល័យ​ផង​ដែរ​កាល​ពី​ឆ្នាំ១៩៧៤ និង​ឆ្នាំ ១៩៨៨។

លោក Nguyen បាន​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា ប្រទេស​ផ្សេង​ទៀត​ក៏​អាច​នឹង​គិត​ថា ប្រសិនបើ​ប្រទេស​វៀតណាម​អាច​ពង្រីក​សមត្ថភាព​របស់​ខ្លួន​បន្ថែម វា​ជា​ហេតុផល​ល្អ​សម្រាប់​សន្តិសុខ​ក្នុង​តំបន់​ទាំង​មូល ដោយសារតែ​ប្រទេស​វៀតណាម​ស្ថិត​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​តូច​នៅ​ក្នុង​តំបន់ ដែល​មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​ការ​តតាំង​ជាមួយ​នឹង​ប្រទេស​ចិន»។

ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង

កិច្ច​ព្រមព្រៀង​ជាមួយ​នឹង​ប្រទេស​សមាជិក​អាស៊ាន​នីមួយៗ បាន​ជួយ​បន្ធូរបន្ថយ​សម្ពាធ​លើ​ប្រទេស​ចិន​ឲ្យ​ធ្វើការ​ជាមួយ​នឹង​ក្រុម​ប្រទេស​ទាំង ១០ នៃ​សមាគម​អាស៊ាន​អំពី​ក្រម​ប្រតិបត្តិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​គ្រោះ​អាក្រក់​ផ្សេងៗ​មិន​ឲ្យ​កើត​ឡើង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​នានា​ផ្នែក​ដែន​សមុទ្រ។

ភាគី​ទាំងអស់​បាន​ឯកភាព​គ្នា​ចាប់ផ្ដើម​ការ​ពិភាក្សា​អំពី​ក្រម​ប្រតិបត្តិ​នេះ​កាល​ពី​ឆ្នាំ ២០១៧ ប៉ុន្តែ​មិន​បាន​សម្រេច​លទ្ធផល​អ្វី​ឡើយ​គិត​ត្រឹម​ឆ្នាំ ២០១៨ ហើយ​ក៏​គ្មាន​ការ​រំពឹង​ទុក​ភ្លាមៗ​ណា​មួយ​ថា​នឹង​មាន​ដំណោះស្រាយ​នៅ​ក្នុង​ឆ្នាំ ២០១៩ នេះ​ដែរ។

ប្រទេស​ចិន​ចង់​បន្ត​ការ​ពិភាក្សា​ក្នុង​លក្ខណៈ​រវាង​ប្រទេស​និង​ប្រទេស និង​អំពី​គម្រោង​សាងសង់​កោះ​ជា​មុន​សិន ដោយសារតែ​ខ្លាច​ថា ក្រម​ប្រតិបត្តិ​នេះ​នឹង​រឹតត្បិត​សកម្មភាព​នានា​របស់​ខ្លួន​នៅ​ពេល​អនាគត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​សិក្សា​ស្រាវជ្រាវ​នានា​ផ្នែក​ដែន​សមុទ្រ។

ប្រទេស​ចិន​កំពុង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រជុំ​កោះ Paracel។ ប្រទេស​ចិន​បាន​តាំង​ទី​យន្តហោះ​ចម្បាំង និង​ប្រហែល​ទំនង​ជា​បាន​ដាក់​គ្រាប់​មីស៊ីល​នៅ​លើ​ប្រជុំ​កោះ Spratly ដែល​ខ្លួន​កំពុង​កាន់កាប់​នៅ​ក្នុង​ឆ្នាំ​នេះ។ នេះ​បើ​យោង​តាម​ទិន្នន័យ​អង្គការ​ស្រាវជ្រាវ​គោល​នយោបាយ​មួយ​របស់​សហរដ្ឋ​អាមេរិក។

លោក Jonathan Spangler ប្រធាន​អង្គការ​ស្រាវជ្រាវ​គោល​នយោបាយ​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ បាន​និយាយ​ថា៖ «យុទ្ធសាស្ត្រ​របស់​ចិន​ទាក់ទង​នឹង​ក្រម​ប្រតិបត្តិ​នេះ​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​មើល​ឃើញ​ថា​ខ្លួន​មាន​ឆន្ទៈ​ចង់​សម្រេច​ឲ្យ​បាន​នូវ​ក្រម​ប្រតិបត្តិ​នេះ ប៉ុន្តែ​ធាតុ​ពិត​គឺ​ប្រទេស​ចិន​ចង់​ពន្យារ​ពេល​ឲ្យ​កាន់តែ​យូរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​តែ​ប៉ុណ្ណោះ​»។

សម្ព័ន្ធមិត្ត​បស្ចិម​ប្រទេស

សម្ព័ន្ធ​មិត្ត​បស្ចិម​ប្រទេស​គ្រោង​នឹង​ធ្វើ​សមយុទ្ធ​យោធា​បន្ថែម​ទៀត​នៅ​ក្នុង ឬ​នៅ​ក្បែរ​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ឆ្នាំ ២០១៩ នេះ ប៉ុន្តែ​នឹង​ធ្វើ​ឡើង​ដោយ​គ្មាន​វត្តមាន​កងទ័ព​រួម​ជួរមុខ​ដ៏​ឋិតថេរ​មួយ ដើម្បី​កុំ​ឲ្យ​មាន​ជម្លោះ​ជាមួយ​នឹង​ចិន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​សិក្សា​ស្រាវជ្រាវ​នានា។

លោក Alexander Huang សាស្ត្រាចារ្យ​ផ្នែក​សិក្សា​យុទ្ធសាស្ត្រ​នៃ​សាកល​វិទ្យាល័យ Tamkang នៅ​កោះ​តៃវ៉ាន់ បាន​និយាយ​ថា៖ «ប្រហែល​ជា​មាន​កង​កម្លាំង​យោធា ឬ​ក៏​នាវា​នានា​នៅ​ក្បែរ​តំបន់​នោះ ប៉ុន្តែ​ពួកគេ​ប្រហែលជា​មិន​នៅ​កៀក​ពេក​នោះ​ទេ។ ដូច្នេះ​ហើយ ខ្ញុំ​អាច​ទាយ​បាន​ថា​នឹង​មាន​សកម្មភាព​នាវាចរណ៍​បន្ថែម​ទៀត ប៉ុន្តែ​សកម្មភាព​ទាំង​នោះ​នឹង​មិន​បង្ក​ជម្លោះ​នៅ​ឯ​សមុទ្រ​នោះ​ទេ»។

នាវា​នានា​មកពី​ប្រទេស​ជប៉ុន អូស្ត្រាលី និង​អឺរ៉ុប​ខាង​លិច បាន​ប្រថុយ​ធ្វើ​នាវាចរណ៍​ចូល​ផ្នែក​ខ្លះ​នៃ​បរិវេណ​ខាង​ក្រៅ​សមុទ្រ​ចិន​ខាង​ត្បូង​កាល​ពី​ឆ្នាំ ២០១៨។ នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក​បាន​ចូល​ទៅ​កាន់​តំបន់​នោះ​ញឹកញាប់​ជាងគេ។ កាល​ពី​ខែ​កញ្ញា ឆ្នាំ​មុន នាវា​សហរដ្ឋ​អាមេរិក​មួយ​ស្ទើរតែ​បុក​ជាមួយ​នឹង​នាវា​កងទ័ព​ជើង​ទឹក​របស់​ចិន។

នៅ​ក្នុង​ឆ្នាំ ២០១៩ នេះ បញ្ហា​ក្នុង​ប្រទេស​រៀងៗ​ខ្លួន​នឹង​ធ្វើ​ឲ្យ​ថ្នាក់​ដឹកនាំ​នៃ​បណ្ដា​ប្រទេស​ភាគ​ច្រើន​ក្នុង​ចំណោម​ប្រទេស​ទាំងអស់​នោះ​រវល់ ដែល​ធ្វើ​ឲ្យ​ខ្វះ​ពេលវេលា​នៅ​ក្នុង​ការ​សម្របសម្រួល​នៅ​ឯ​សមុទ្រ​ចិន​ខាង​ត្បូង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Alan Chong ។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua របស់​ចិន កាល​ពី​ខែ​កញ្ញា ឆ្នាំ​មុន អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន លោក Ren Guoqiang បាន​និយាយ​ថា សមុទ្រ​ចិន​ខាង​ត្បូង «មិន​មែន​ជា​ឆាក​សម្រាប់​ប្រទេស​មួយ​ចំនួន​សម្ដែង​នោះ​ទេ»។

ប្រទេស​ចិន​លើក​យក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ជា​តឹកតាង​គាំទ្រ​ការ​ទាមទារ​កាន់កាប់​របស់​ខ្លួន​លើ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង៕

ប្រែ​សម្រួល​ដោយ ​កោះ សុគន្ធី

XS
SM
MD
LG