នាវាផ្ទុកយន្តហោះចម្បាំងសហរដ្ឋអាមេរិកមួយក្រុមកំពុងត្រៀមរៀបចំបើកបរឆ្លងកាត់សមុទ្រចិនខាងត្បូងនៅចុងខែនេះ ហើយក្រុមអ្នកសង្កេតការណ៍រំពឹងថា ទីក្រុងប៉េកាំងដែលមានការខឹងសម្បានោះ នឹងបង្ហាញពីការប្រឆាំងរបស់ខ្លួន ហើយនិងពន្លឿនការសាងសង់ទីតាំងយោធារបស់ខ្លួននៅលើកោះតូចៗនៅក្នុងតំបន់នោះ។
យោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានឲ្យដឹងថា ក្រុមនាវាដែលដឹកនាំដោយនាវាចម្បាំង USS Carl Vinson និងវានាពិឃាតដែលមានបំពាក់កាំជ្រួញម៉ីស៊ីល USS Michael Murphy នឹងធ្វើដំណើរឆ្ពោះទៅសមុទ្រចិនខាងត្បូង បន្ទាប់ពីបានឈប់សំចតនៅកំពង់ផែក្នុងទីក្រុងម៉ានីលកាលពីពាក់កណ្តាលខែកុម្ភៈ ជាទីកន្លែងដែលក្រុមនាវិកចំនួន៥.៥០០នាក់បានឈប់សំចតដើម្បីផ្តល់ជំនួយមនុស្សធម៌។
សេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកក៏បានឲ្យដឹងដែរថា ការបង្កើតក្រុមនាវានេះឡើងក្នុងគោលបំណងជួយផ្សព្វផ្សាយពីសេរីភាពនៃការធ្វើនាវាចរណ៍តាមផ្លូវសមុទ្រ និងជួយលើកកម្ពស់សន្តិសុខក្នុងតំបន់ ព្រមទាំងដើម្បីធ្វើការជាមួយប្រទេសជាសម្ព័ន្ធនៅក្នុងតំបន់ផងដែរ។
នេះទំនងជាសារដែលធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំងមិនសប្បាយចិត្ត បន្ទាប់ពីខ្លួនបានប្រកាសថាដែនសមុទ្រប្រមាណ៩០ភាគរយនៃផ្លូវទឹកប្រវែង៣លាន៥សែនគីឡូម៉ែត្រការ៉េស្ថិតក្រោមការកាន់កាន់របស់ខ្លួន។
ការអះអាងនេះត្រូវបានជំទាស់ដោយភាគីប្រទេសដែលមានអំណាចយោធាខ្សោយជាង ដូចជាប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះតៃវ៉ាន់ និងប្រទេសវៀតណាម។
សហរដ្ឋអាមេរិកមិនបានទាមទារដែនអធិបតេយ្យភាពនៅក្នុងតំបន់នេះទេ ប៉ុន្តែបានចេញយាមល្បាតជាទៀងទាត់ ដើម្បីធានាថាដែនសមុទ្រនៅបើកចំហសម្រាប់ការធ្វើពាណិជ្ជកម្មផ្លូវទឹកនានា៕