ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ផ្តល់​តម្លៃ​ដល់​​ទំនាក់​ទំនង​ជា​​មួយ​​អ.ស.ប ថ្វីបើ​មានការ​រិះគន់​ពី​បញ្ហា​សិទ្ធិ​មនុស្ស​​ក៏​ដោយ


រូបឯកសារ៖ ប្រធានាធិបតីចិន​ លោក Xi Jinping ថ្លែង​សុន្ទរកថា​ក្នុង​អំឡុងពេល​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​បុរី​ញូវយ៉ក។

នៅ​ពេល​ពួក​មេដឹកនាំ​សាកលលោក​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​បុរី​ញូយ៉ក​នៅឯ​មហា​សន្និ​បាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហប្រជាជាតិ ប្រទេស​ចិន​ដែល​ជា​មហា​អំណាច​កំពុង​ងើប​ឡើង​ក៏​កំពុង​ផ្តោតលើអង្គការ​សហប្រជាជាតិ​មួយ​ទៀត​ ដែល​កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​ ប្រទេសស្វីស ដែល​ស្ថិត​នៅ​ត្រើយ​ម្ខាង​ទៀត​នៃ​មហា​សមុទ្រ​អាល្លង់ទិក។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

ពួក​អ្នក​ការទូត​ចិន​កំពុង​រិះគន់​និង​បញ្ចុះ​បញ្ចូល​ប្រទេស​ផ្សេង​ទៀត ​នៅឯ​សម័យ​ប្រជុំ​ ​ដែល​កំពុង​ធ្វើ​ឡើងរបស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃអង្គការ​សហប្រជាជាតិ ​ដើម្បី​រាំងខ្ទប់នូវ​ការអំពាវនាវ​ ដែល​សុំ​ឱ្យ​មានការ​ត្រួតពិនិត្យ​ ចំពោះ​អ្វី​ដែល​ខ្លួន​បាន​ហៅ​ថា​ជាយុទ្ធនាការ​ប្រឆាំង​លទ្ធិ​ជ្រុលនិយម​នៅ​ក្នុង​តំបន់ Xinjiang បន្ទាប់​ពីមានរបាយការណ៍​របស់​អង្គការ​សហប្រ​ជាជាតិ​ស្តីពី​ការរំលោភ​ធ្វើបាប​ប្រឆាំង​នឹង​ជនជាតិ​ភាគតិច Uyghurs និង​ក្រុម​ជនជាតិ​ភាគ​តិច​កាន់​សាសនា​អ៊ីស្លាម​ផ្សេង​ៗទៀត​នៅ​ក្នុង​តំបន់​ព្រំដែន​ភាគ​ខាង​លិច​ប្រទេស​ចិន​នោះ។

ជំនួបដែល​កើត​មាន​ឡើង​នោះ​បាន​បង្ហាញ​ពី​វិធី​បំបែក​បំបាក់​របស់​ចិន​ ដល់​អង្គការ​សហប្រជាជាតិ​ ហើយ​នឹងឥទ្ធិពល​ជាសាកល​របស់ខ្លួនដែលកំពុង​កើនឡើង។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ សំឡឹង​ទៅ​រក​អង្គការ​សហប្រជាជាតិថា​ជាទីកន្លែង​ដែល​ខ្លួនអាចពឹង​ផ្អែក​ទទួល​បានការគាំទ្រ​ពី​ប្រទេស​នានា ​ដែល​ខ្លួន​បាន​ធ្វើ​មិត្តភ័ក្ត​ជាមួយ​ហើយ​នៅ​ក្នុង​ករណី​ជា​ច្រើន ​បាន​ជួយ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ជា​តុល្យភាព​មួយ​ដល់​ប្លុក​នានា​ ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ដូចជា​ក្រុម​ប្រទេស ដែល​មាន​ឧស្សាហកម្ម​ជឿនលឿន​ទាំង៧ឬG-7 ដែល​មាន​អារិភាព​កាន់តែ​ខ្លាំង​ឡើង​ចំពោះ​ប្រទេស​ចិន​។

លោក​ស្រី Helena Legarda មកពី​វិទ្យាស្ថាន Mercator សម្រាប់​ការសិក្សា​អំពី​ប្រទេស​ចិន​នៅ​ក្នុង​ទីក្រុង​ប៊ែឡាំង​ប្រទេស​អាល្លឺម៉ង់​បាន​និយាយ​ថា«ចិន​មើលឃើញ​អង្គការ​សហប្រជាជាតិជា​វេទិកា​ដ៏​សំខាន់​មួយ​ ដែល​ខ្លួន​អាច​ប្រើប្រាស់​ដើម្បី​បន្ត​ផល​ប្រ​យោជន៍​ខាង​យុទ្ធសាស្ត្រ​និង​គោលដៅ​របស់​ខ្លួន​ ហើយ​នឹងធ្វើ​ការកែទម្រង់​សណ្តាប់​ធ្នាប់​សាកល​លោក»។

ខណ:​ពេលចាត់ទុក​អង្គការ​សហប្រជាជាតិ​ជា​របប​ពហុភាគី​គំរូ​មួយ ចិន​បាន​ច្រានចោល​ការរិះគន់​ឬ​ការសម្រេច​ថា គណបក្ស​កុម្មុយនិស្ត​ដែល​កំពុង​គ្រប់គ្រង​អំណាច​មើលឃើញ​ថាជា​ការជំទាស់​ប្រឆាំង​ដល់​ផលប្រយោជន៍​របស់​ខ្លួន​នោះ។ អ្នក​ការទូត​របស់​ចិន​បាន​រិះគន់​តបត​វិញ​ដល់​របាយការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ខែ​មុន​ ដោយ​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ​ដែល​បាន​លើកឡើង​ពី​ការព្រួយ​កង្វល់​អំពី​លទ្ធភាព«នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​នៅ​ក្នុង​តំបន់ Xinjiang»ដោយ​បាន​ប្តេជ្ញា​ផ្អាក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ការិយាល័យ​អង្គការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ និង​បាន​រិះគន់​អ្វី​ដែល​ខ្លួន​បាន​ពណ៌នា​ថា​ជា​គម្រោង​របស់​ប្រទេស​លោក​ខាង​លិច​ ដើម្បី​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការងើបឡើង​របស់​ចិន។

ចិន​បាន​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​រារាំងដល់​របាយការណ៍​ស្តីពី​តំបន់ Xinjiang ដោយ​ពន្យា ពេល​ការចេញផ្សាយ​របាយការណ៍​នោះ​អស់​រយ:ពេល​ជាង​មួយ​ឆ្នាំ។ នៅ​ទីបញ្ចប់ ព័ត៌មាន​នោះ​បាន​ចេញផ្សាយ ក៏ប៉ុន្តែ​ប៉ុន្មាន​នាទី​មុន​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ គឺ​លោក​ស្រី Michelle Bachelet បាន​ចប់​តំណែង​នោះ។

ដូច​សហរដ្ឋ​អាមេរិក​ដែរ ចិនគិត​ថា​ខ្លួន​មាន​សេរីភាព​មួយ​ចំនួន ដោយ​មិនអើពើ​ចំពោះ​ស្ថាប័ន​របស់​អង្គការ​សហប្រជាជាតិ​នៅពេល​ណា​ដែល​ខ្លួន​ចង់នោះ។ រដ្ឋបាល​របស់​លោក Trump បាន​ដក​សហរដ្ឋ​អាមេរិក​ចេញពី​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៅ​ឆ្នាំ២០១៨ ដោយ​បាន​ចោទប្រកាន់​ក្រុមប្រឹក្សា​នោះ​បាន​លម្អៀង​ប្រឆាំង​នឹងប្រទេស​អ៊ីស្រាអែល។ ប៉ុន្តែ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden បាន​នាំ​អាមេរិកវិលត្រឡប់​មក​កាន់​ក្រុមប្រឹក្សា​នោះ​វិញ​នៅ​ឆ្នាំ​នេះ​ ហើយ​បាន​ធ្វើ​ជា​អាទិភាព​នៃ​ការការពារ​អ៊ីស្រាអែល​នៅ​ក្នុង​ក្រុមប្រឹក្សា​ដែល​មាន​សមាជិក៤៧ ប្រទេស​នេះ​ផង​ដែរ។

ក៏​ដូច​ជា​សហរដ្ឋ​អាមេរិក​ដែរ ចិនក៏បានប្រើ​ឥទ្ធិពល​របស់​ខ្លួន​ដើម្បី​ធ្វើ​ឱ្យ​បាន​សម្រេច​ដោយ​រារាំង​ការស៊ើបអង្កេតរបស់អង្គការ​សុខភាព​ពិភពលោក​ ដែលជា​ស្ថាប័ន​របស់​អង្គការ​សហប្រជាជាតិ​ ទៅ​លើ​ថា​តើ​ចិន​ជា​ទីកន្លែង​នៃ​ការរាតត្បាត​មេរោគ Coronavirus ដែរ​ឬទេនោះ។

លោក Ken Roth អតីត​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​និយាយ​ថា ប្រធានាធិបតី​ចិន​លោក Xi Jinping កំពុង​ព្យាយាម​កំណត់​ឡើង​វិញនូវ​អ្វី​ដែល​ហៅ​ថា​សិទ្ធិ​មនុស្ស មួយ​ផ្នែក​ដោយ​ការផ្តោត​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជា​លក្ខណៈ​សំខាន់។ លោក Rothបាន​និយាយ​ទៀត​ថា ជាង​រដ្ឋាភិបាល​ណាៗ​ទាំង​អស់​កាលពី​ អតីតកាល ចិន​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ប្រព័ន្ធ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជា​ជាតិ​ដោយ​ការដាក់​គំនាប​លើ​ពួក​មន្ត្រី​អង្គការ​សហប្រជាជាតិ សងសឹក​ប្រឆាំង​នឹង​សាក្សីហើយ​នឹង​ព្យាយាម​សូកប៉ាន់​រដ្ឋាភិបាល​មួយ​ចំនួន​ផង​ដែរ។

លោក Roth និយាយ​ទៀត​ថា«អាទិភាព​កំពូល​មួយ​នៃ​អាទិភាព​កំពូល​នានា​របស់​ពួក គេ​នៅពេល​ឥឡូវ​នេះ ប្រហែល​បន្ទាប់ពី​បញ្ហា​កោះ​តៃវ៉ាន់​នោះ​ គឺ​ការ​បញ្ចៀស​ការថ្កោលទោស​ពី​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ។ ចិន​បាន​ចាត់ទុក កោះតៃវ៉ាន់​ ដែល​ជា​កោះ​មួយ​គ្រប់គ្រង​ដោយ​ខ្លួន​ឯង​នោះ​ ថា​ជា​ទឹកដី​របស់​ខ្លួន​ ហើយ​ជា​បញ្ហា​មួយ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ធ្វើ​ឱ្យ​ឮ​កងរំពង​នៅលើ​ឆាក​អន្តរជាតិ»។

លោក Shi Yinhong ជា​អ្នក​ជំនាញ​ខាង​ទំនាក់​ទំនង​អន្តរជាតិ​នៅឯ​សាកលវិទ្យាល័យ Renmin ក្នុង​ទីក្រុង​ប៉េកាំង​បាន​និយាយ​ថា ការគាំទ្រ​តួនាទី​របស់​អង្គការ​សហប្រជា ជាតិ​ក្នុង​ការថែរក្សា​សណ្តាប់​ធ្នាប់​អន្តរជាតិ​មិន​មែន​មាន​ន័យ​ថា ចិន​យល់ស្រប​ជាមួយ​គ្រប់​ស្ថាប័ន​របស់អង្គការ​សហប្រជាជាតិ​នោះ​ទេ ដោយ​លោក​យោង​ដល់​ការសិក្សា​នៃ​ប្រភព​ជំងឺ​កូវីដ១៩​និង​របាយការណ៍​ថ្មីៗនេះ​ស្តីពី​តំបន់ Xinjiang៕

XS
SM
MD
LG