ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ចិន​ថា​ខ្លួន​មិន​ខ្លាច​នៅ​ក្រោយ​មាន​របាយការណ៍​អំពីការ​ធ្វើ​ដំណើរ​របស់​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ស.រ.អា.​លើ​សមុទ្រ​ចិន​ខាង​ត្បូង


រូបឯកសារ៖ B-52 របស់​សហរដ្ឋ​អាមេរិក​ហោះ​ពី​លើ​មូលដ្ឋាន​ទ័ព​អាកាស​ Osan នៅ​ទីក្រុង Pyeongtaek ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ឆ្នាំ​២០១៦។
រូបឯកសារ៖ B-52 របស់​សហរដ្ឋ​អាមេរិក​ហោះ​ពី​លើ​មូលដ្ឋាន​ទ័ព​អាកាស​ Osan នៅ​ទីក្រុង Pyeongtaek ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ឆ្នាំ​២០១៦។

ក្រសួងការបរទេស​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​គ្មាន​នាវា​ចម្បាំង​ឬ​យន្ត​ហោះ​ចម្បាំង​ណា​មួយ​អាច​បំភិត​បំភ័យប្រទេស​ចិនពី​ការ​ប្តេជ្ញា​របស់​ខ្លួន​ដើម្បី​ការពារ​ទឹក​ដី​របស់​ខ្លួន​បាន​ទេ​ ក្រោយ​ពី​គេ​រាយការណ៍​ថា​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែកធុន ​B-52 ពីរ​គ្រឿង​នៃ​កង​ទ័ព​អាកាស​ស.រ.អា.​បាន​ហោះ​នៅ​ជិត​កោះ​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​

ទូរទស្សន៍​អាមេរិកាំង​ CNN ​បាន​រាយការណ៍​ថា​ យន្ត​ហោះ​ទាំង​ពីរ​គ្រឿង​នេះ​បាន​ហោះ​នៅ​ជិត​ប្រជុំ​កោះ ​Spratly ​ដែល​នៅ​ទី​នោះ​ប្រទេស​ចិន​បាន​ចាក់​ដី​និង​កសាង​ផ្លូវ​ឱ្យ​យន្ត​ហោះ​ឡើង​ចុះ​និង​បាន​ស្ថាបនា​សំណង់​នានា​នៅ​លើ​តំបន់​មាន​ថ្ម​ប៉​ប្រះ​ទឹក​និង​កោះ​តូចៗ​ដែល​មាន​ជម្លោះ។​

លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស.រ.អា​. Jim Mattis ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សៅរ៍​ថា ស.រ.អា.​ចង់​ធ្វើ​ការ​ជាមួយ​ប្រទេស​ចិន​អំពី​ទំនាក់​ទំនង​«នាំ​ឱ្យ​មាន​លទ្ធផល» ក៏​ប៉ុន្តែ​សកម្មភាព​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ជា​ការ​បង្ខិត​បង្ខំ​ហើយ​ក្រសួង​ការពារ​ប្រទេស​អាមេរិក​នឹង​«ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង»​ប្រសិន​បើ​ជា​ការ​ចាំ​បាច់។

ជាញឹក​ញយ​ស.រ.អា.​និង​ប្រទេស​ចិន​បាន​រិះ​គន់​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​នរណា​ដែល​ធ្វើ​ឱ្យ​មាន​កង​យោធា​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​នៅទី​នោះ​ប្រទេស​ចិន, កោះ​តៃវ៉ាន់, ប្រទេស​វៀតណាម, ម៉ាឡេស៊ី, ប្រ៊ុយណេ​, និង​ប្រទេស​ហ្វីលីពីន​ បាន​ទាមទារ​ថា​ជា​របស់​ផង​ខ្លួន។​

ថ្លែង​នៅ​ក្នុង​សន្និសីត​កាសែត​ប្រចាំ​ថ្ងៃ​ អ្នកស្រី​ Hua Chunying​ អ្នក​នាំពាក្យ​នៃ​ក្រសួង​ការបរទេស​ចិន​បាន​និយាយ​ថា​ អ្នកស្រី​សង្ឃឹម​ថា​ស.រ.អ.​អាច​បំភ្លឺថា​តើ​ខ្លួន​យល់​ថា​ការ​បញ្ជូន​«អាវុធ​សម្រាប់​វាយ​លុកបែប​នេះ»​ទៅ​កាន់​សមុទ្រ​ចិន​ខាង​ត្បូង​អាច​ត្រូវ​ចាត់​ទុក​ថា​ជា​ការ​ធ្វើ​ឱ្យ​មាន​យោធា​ក្នុង​តំបន់​នោះ​ឬទេ។ អ្នកស្រី​បាន​ថ្លែង​ថា​ស.រ.អា.​គួរ​ឈប់​និយាយ​ច្រើន​ពេក​អំពី​បញ្ហា​ធ្វើ​ឱ្យ​មាន​យោធា​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ និងឈប់​បង្ក​បញ្ហា៕

XS
SM
MD
LG