ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក​ដែល​ថា​ខ្លួន​បង្កើន​ឥទ្ធិពល​យោធា​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង


រូបភាពឯកសារ៖ អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​អ្នកស្រី Hua Chunying ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័តមាន​​នៅ​ក្នុង​ក្រសួង​ការបរទេស​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​កាល​ពី​ថ្ងៃទី​២៩ ធ្នូ ឆ្នាំ ២០១៨។

ការ​អះអាង​របស់​សហរដ្ឋ​អាមេរិក​ដែល​ថា ប្រទេស​ចិន​កំពុង​បង្កើន​ឥទ្ធិពល​យោធា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង គឺ​ជា​ការ​អះអាង «មិន​សម​ហេតុ​ផល»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

រដ្ឋាភិបាល​បាន​បញ្ជាក់​ដូច្នេះ បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក Jim Mattis បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​អាច​នឹង​តតាំង​ជាមួយ​នឹង​សកម្មភាព​របស់​ចិន​នៅ​ក្នុង​ដែន​ទឹក​ដែល​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Mattis បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា សហរដ្ឋ​អាមេរិក​អាច​ប្រឆាំង​នឹង​អ្វី​ដែល​ខ្លួន​យល់​ឃើញ​ថា​ជា​ការ​បង្កើន​ឥទ្ធិពល​យោធា​របស់​ចិន​នៅ​លើ​កោះ​នានា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ទោះបីជា​ចិន​បាន​ថ្កោលទោស​ចំពោះ​ការ​ធ្វើ​នាវាចរណ៍​របស់​នាវា​ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ពីរ​គ្រឿង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​ក៏​ដោយ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោកស្រី Hua Chunying បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា៖ «វត្តមាន​យោធា​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​គឺ​ច្រើន​ជាង​វត្តមាន​យោធា​របស់​ចិន និង​យោធា​របស់​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នៅ​ជុំវិញ​សមុទ្រ​ចិន​ខាង​ត្បូង​បញ្ចូល​គ្នា​ទៅ​ទៀត»។

លោកស្រី​ក៏​បាន​ចោទ​ជា​សំណួរ​ផង​ដែរ​ថា​តើ​ប្រតិបត្តិការ «សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍» របស់​ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក គឺ​ពិតជា​ធ្វើ​ឡើង​ដើម្បី​រក្សា​សិទ្ធិ​ធ្វើ​ដំណើរ​របស់​នាវា​នានា​កាត់​តាម​សមុទ្រ​ចិន​ខាង​ត្បូង ឬ​ក៏​គ្រាន់តែ​ធ្វើ​ឡើង​ដើម្បី​ជា​ការ​ប៉ុនប៉ង​នៅ​ក្នុង​ការ​រក្សា​ឥទ្ធិពល​គ្រប​ដណ្ដប់​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ឬ​ក៏​យ៉ាង​ណា​នោះ៕

XS
SM
MD
LG