ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ថាចិន​ព្យាយាម​សម្លុត​និង​គំរាម​ប្រទេស​ក្បែរ​សមុទ្រ​ចិន​ខាង​ត្បូង


រដ្ឋ​មន្រ្តី​ក្រសួង​ការពារបរទេស​​ Jim Mattis ថ្លែង​សុន្ទរកថា​អំឡុង​កិច្ច​ប្រជុំ​លើក​ទី​១៧នៃ​វិទ្យាស្ថាន​សិក្សាយុទ្ធសាស្រ្ត​អន្តរជាតិ​ ក្នុង​ទីក្រុង​សិង្ហបុរី​កាលពី​ថ្ងៃសោរ៍​ទី​០២ មិថុនា ឆ្នាំ ២០១៨។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Jim Mattis បាន​ទិតៀន​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ដាក់​យោធា​របស់​ចិន​នៅ​លើ​កោះ​ដែល​មាន​ជម្លោះ​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង ដោយ​ទទូច​ថា​ប្រព័ន្ធ​សព្វាវុធ​ដែល​ត្រូវ​បាន​ដំឡើង​កាល​ពី​ថ្មីៗ​នេះ​នៅ​ក្នុង​តំបន់​នោះ មាន​ចេតនា​សម្លុត និង​គំរាមកំហែង​ប្រទេស​ជិត​ខាង​របស់​ចិន។

អត្ថាធិប្បាយ​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​នេះ ធ្វើ​ឡើង​នៅ​ឯ​វេទិកា​ពិភាក្សា​គ្នា​មួយ​ឈ្មោះ​ថា Shangri-La Dialogue ​ដែល​ជា​វេទិកា​ស្ដីពី​វិស័យ​ការពារ​ជាតិ​ក្នុង​តំបន់​អាស៊ី​ ដែល​ធ្វើ​ឡើង​ប្រចាំ​ឆ្នាំ​ក្នុង​ប្រទេស​សិង្ហបុរី។

នៅ​ក្នុង​សុន្ទរកថា​នោះ លោក Mattis បាន​គូស​បញ្ជាក់​ពី​យុទ្ធសាស្ត្រ​កាន់​តែ​ទូលំទូលាយ​របស់​អាមេរិក សម្រាប់​អ្វី​មួយ​ដែល​លោក​ហៅ​ថា​ជា​«‍តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក»សេរី​និង​បើក​ចំហ។

លោក Mattis បាន​មាន​ប្រសាសន៍​ថា​ «‍គោលនយោបាយ​របស់​ចិននៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង បង្ហាញភាព​ផ្ទុយគ្នា​ច្បាស់ក្រឡែត​ពី​យុទ្ធសាស្ត្រ​របស់​យើង​ដែល​លើកកម្ពស់​ការ​បើកចំហ។ ដូច្នេះ វា​ចោទ​ជា​សំណួរ​អំពី​គោលបំណង​ទូលំទូលាយ​ជាង​នេះ​របស់​ចិន»។

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក បាន​លើកឡើង​ចំៗ​អំពី​ការ​ដែល​ចិន​បាន​ដំឡើង​ប្រព័ន្ធ​កាំជ្រួច​បាញ់​នាវា​និង​បាញ់​យន្តហោះ និង​ការ​ដាក់​យន្តហោះ​ទម្លាក់គ្រាប់បែក​នៅ​លើ​ប្រជុំកោះ ​Paracel ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ឆ្នេរ​សមុទ្រ​របស់​វៀតណាម។

លោក Mattis ថ្លែង​ថា «‍ទោះបីជា​ចិន បាន​អះអាង​ផ្ទុយ​ពី​នេះ​ក៏​ដោយ ក៏​ការ​ដាក់​ប្រព័ន្ធ​សព្វាវុធ​ទាំង​នេះ មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ទៅ​នឹង​ការ​ប្រើប្រាស់​យោធា​ ក្នុង​គោលបំណង​សម្លុត​និង​គំរាមកំហែង»។

ទោះបីជា​ប្រទេស​ជាច្រើន​នាំ​គ្នា​ចាប់​អារម្មណ៍​ទៅលើកិច្ច​ប្រជុំ​កំពូល​នា​ពេល​ខាង​មុខ​រវាង​កូរ៉េ​ខាងជើង​និង​សហរដ្ឋ​អាមេរិក​ក៏​ដោយ ក៏​វេទិកា​ពិភាក្សា​ Shangri-La Dialogue នៅ​ឆ្នាំ​នេះបាន​ផ្តោត​សំខាន់​ទៅលើ​អនាគត​ដ៍យូរអង្វែង​នៃ​តំបន់​អាស៊ី​និង​ទៅលើ​របៀប​ដោះស្រាយ​បញ្ហា​ជា​មួយ​ប្រទេស​ចិន​មួយ​ដែល​កាន់តែ​អាងយ៉ាង​ឡើង៕

XS
SM
MD
LG