លោក Yuan Longping អ្នកវិទ្យាសាស្ត្រជនជាតិចិនម្នាក់ដែលបានបង្កើតពូជស្រូវផ្តល់ទិន្នផលខ្ពស់ដែលបានជួយចិញ្ចឹមមនុស្សនៅជុំវិញពិភពលោកបានទទួលមរណភាពកាលពីថ្ងៃទី២២ខែឧសភា នៅមន្ទីរពេទ្យមួយក្នុងទីក្រុង Changsha ភាគខាងត្បូង។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មានចិន Xinhua។ លោកបានទទួលមរណភាពក្នុងអាយុ៩១ឆ្នាំ។
លោក Yuan ដែលគេស្គាល់គ្រប់គ្នាថាជា «បិតានៃពូជស្រូវកូនកាត់ឬស្រូវហាយប្រ៊ីដ»បានចំណាយពេលពេញមួយជីវិតរបស់លោកស្រាវជ្រាវអំពីស្រូវ។ បន្ទាប់ពីការស្រាវជ្រាវរបស់លោក Yuan ២០ភាគរយនៃអង្ករនៅក្នុងពិភពលោកបានមកពីពូជស្រូវកូនកាត់នេះ។នេះបើយោងតាមគេហទំព័ររបស់កម្មវិធីពានរង្វាន់ស្បៀងអាហារពិភពលោក (World Food Prize) ដែលលោកបានទទួលកាលពីឆ្នាំ២០០៤។
កាលពីរសៀលថ្ងៃសៅរ៍ទី២២ ខែឧសភាកន្លងមកមនុស្សច្រើនកុះករបានមកផ្តល់កិត្តិយសដល់អ្នកវិទ្យាសាស្ត្ររូបនេះដោយបានដង្ហែក្បួនឆ្លងកាត់មន្ទីរពេទ្យក្នុងខេត្ត Hunan ទីដែលលោកទទួលមរណភាពដោយបានស្រែកបន្ទរខ្លាំងៗថា «លោកតា Ye សូមធ្វើដំណើរឲ្យបានសុខ»។ នេះបើតាមការរាយការណ៍របស់សារព័ត៌មានក្នុងស្រុក។
ក្នុងទសវត្សរ៍១៩៧០ លោក Yuan បានទទួលជោគជ័យក្នុងការស្រាវជ្រាវថ្មីៗដែលបានធ្វើឲ្យលោកល្បីឈ្មោះ។ លោកបានបង្កើតប្រភេទគ្រាប់ពូជស្រូវកូនកាត់ដែលផ្តល់ទិន្នផលប្រចាំឆ្នាំខ្ពស់ជាងពូជស្រូវដែលមានស្រាប់២០ភាគរយដែលនេះមានន័យថាទិន្នផលនេះអាចចិញ្ចឹមមនុស្សចំនួន៧០លាននាក់បន្ថែមទៀតក្នុងមួយឆ្នាំ។ នេះយោងតាមសារព័ត៌មានចិន Xinhua។
ការស្រាវជ្រាវរបស់លោកបានជួយផ្លាស់ប្តូរស្ថានភាពប្រទេសចិនពី «កង្វះស្បៀងអាហារមកសន្តិសុខស្បៀង» ក្នុងរយៈពេលបីទសវត្សរ៍។ យោងតាមកម្មវិធីពានរង្វាន់ស្បៀងអាហារពិភពលោក (World Food Prize) ដែលត្រូវបានបង្កើតឡើងដោយលោក Norman Borlaug ជាអ្នកទទួលពានរង្វាន់ណូប៊ែលសន្តិភាពក្នុងឆ្នាំ១៩៨៦ដែលជាពានរង្វាន់ទទួលស្គាល់អ្នកវិទ្យាសាស្ត្រនិងបុគ្គលផ្សេងៗដែលបានធ្វើឲ្យគុណភាពនិងបរិមាណស្បៀងអាហារប្រសើរឡើង។
លោក Yuan និងក្រុមការងាររបស់លោកបានធ្វើការជាមួយនឹងប្រទេសជាង១០នៅជុំវិញពិភពលោកដើម្បីដោះស្រាយបញ្ហាសន្តិសុខស្បៀងអាហារនិងកង្វះអាហារូបត្ថម្ភ៕
ប្រែសម្រួលដោយ ទុំ ម្លិះ