នៅរសៀល ម៉ោង១ ថ្ងៃទី២២ ខែឧសភាអ្នកស្រី ច្វា រីយ៉ា កំពុងលើកត្រីដែលនេសាទបានពីទន្លេមេគង្គ យកទៅដាក់លក់នៅក្បែរផ្លូវជិតមាត់ទន្លេក្នុងសង្កាត់ជ្រោយចង្វារ រាធានីភ្នំពេញ។ ស្រ្តីវ័យ២៣ឆ្នាំរូបនេះនិយាយថា ក្នុងរយៈពេលជាង២០ ឆ្នាំនេះ អ្នកស្រីនិងក្រុមគ្រួសារបរិភោគត្រីជាប្រចាំថ្ងៃ ហើយពឹងផ្អែកលើត្រីដែលនេសាទបានពីទន្លេដើម្បីប្រកបរបរចិញ្ចឹមជីវិត។
អ្នកស្រី ច្វា រីយ៉ា ថ្លែងថា៖ «ខ្ញុំយកមកលក់ខ្លះទៅបង ត្រីណាទុកហូប យើងទុកហូបដែរទៅ។ (ធ្វើម្ហូប) ច្រើនដែរបងអើយ យើងអត់មានអីធ្វើម្ហូប យកត្រីហ្នឹងហើយធ្វើម្ហូបហ៎រ»។
ជាទូទៅអ្នកស្រី រីយ៉ា និងក្រុមគ្រួសារ បរិភោគត្រីតូចៗស្ទើតែរាល់ថ្ងៃដោយសារវាមានតម្លៃធូរថ្លៃ និងដោយសារអ្នកស្រីត្រូវយកត្រីធំៗទៅលក់ឲ្យអតិថិជន ដែលនិយមត្រីមានសាច់។
អ្នកស្រីថ្លែងថា៖ «ត្រីឆ្អឹង ត្រីអី ត្រីឆ្កែង ត្រីរៀល អីអ៊ីចឹង អាហ្នឹងនិយាយរួមវាឆ្ងាញ់។ វាមានជាតិជាងត្រីសាច់យើង អាត្រីឆ្លាំង ត្រីអីអ៊ីចឹង។ តែអ្នកខ្លះអត់ដឹង អ៊ីចឹងរកតែត្រីសាច់ទេ»។
មានមុខរបរដូចគ្នានឹងអ្នកស្រី រីយ៉ា ដែរ អ្នកស្រី យ៉ា រ៉យ៉ាន អាយុ ៣០ឆ្នាំនិងអ្នកស្រី រ៉ ហ្សា អាយុ ២៦ឆ្នាំបានប្រាប់ VOA ថា អ្នកស្រីទាំងពីរនាក់ និងក្រុមគ្រួសារ បរិភោគត្រីដែលនេសាទបានជាពិសេសត្រីតូចៗជាប្រចាំ។
អ្នកស្រី រ៉ ហ្សា បានថ្លែងថា៖ «រាល់ដងញ៉ាំត្រីច្រើនជាងសាច់ ព្រោះត្រីវាមានវីតាមីនច្រើនជាងវាមានជាតិបំប៉ន ដូចជាឆ្អឹងត្រីឆ្អឹងអី»។
ស្ត្រីទាំងបីនាក់នេះទំនងជាមិនបានដឹងស៊ីជម្រៅថា ពួកគេនិងក្រុមគ្រួសារកំពុងបរិភោគអាហារ ដែលសម្បូរទៅដោយប្រូតេអ៊ីនចម្រុះ ដែលអ្នកស្រាវជ្រាវនៅជុំវិញពិភពលោកបានរកឃើញថា ជាប្រភពនៃការទ្រទ្រង់សុខភាពរាងកាយនិងការលូតលាស់ផ្នែកខួរក្បាលរបស់មនុស្ស។ បន្ទាប់ពីអង្ករ ត្រីគឺជាអាហារដែលត្រូវបានទទួលទានច្រើនបំផុតទី២ ដោយប្រជាជននៅកម្ពុជា ដែលមានប្រជាជនប្រមាណ ១៦លាននាក់។
អ្នកស្រី Shakuntala Haraksingh Thilsted គឺជាអ្នកជំនាញផ្នែកត្រី និងអាហារូបត្ថម្ភនៃអង្គការWorld Fish Center ដែលជាអ្នកឈ្នះពានរង្វាន់ស្បៀងអាហារពិភពលោកសម្រាប់ឆ្នាំ ២០២១ ដែលពានរង្វាន់នេះមានតម្លៃស្មើនឹងពានរង្វាន់ណូបែល (Nobel Prize)។ នៅក្នុងបទសម្ភាសន៍ជាមួយ VOA អ្នកស្រីលើកឡើងថា ត្រីសម្បូរទៅដោយវីតាមីនជាតិរ៉ែ និងអាស៊ីតខ្លាញ់សំខាន់ៗ ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍខួរក្បាល និងសម្រាប់ប្រយុទ្ធប្រឆាំងនឹងកង្វះអាហារូបត្ថម្ភ។ អ្នកស្រីបញ្ជាក់ទៀតថា ត្រីតូចៗ មានអត្ថប្រយោជន៍ច្រើនជាងត្រីធំៗ ដោយសារគេអាចបរិភោគទាំងក្បាល និងឆ្អឹង ដែលជាផ្នែកមានសារធាតុចិញ្ចឹមច្រើន។
អ្នកស្រី Shakuntala ថ្លែងថា៖ «នៅពេលដែលអ្នកបរិភោគត្រីតូចៗទាំងនេះអ្នកនឹងទទួលបានសារធាតុចិញ្ចឹមវីតាមីន និងជាតិខនិជ និងអាស៊ីតខ្លាញ់សំខាន់ៗ ដូច្នេះអ្នកនឹងមានប្រយោជន៍ទាំងនេះសម្រាប់សុខភាពរបស់អ្នក សម្រាប់ការចិញ្ចឹមកូនរបស់អ្នក។ វាល្អសម្រាប់ការលូតលាស់ខួរក្បាល និងការយល់ដឹងរបស់កុមារ ដូច្នេះនេះជាមូលហេតុដែលត្រូវបរិភោគត្រីតូចៗ»។
អ្នកជំនាញរូបនេះបន្ថែមថា មិនមានអាហារណាមួយដែលអាចជំនួសអត្ថប្រយោជន៍របស់ត្រីបាននោះទេ ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា។
ការស្រាវជ្រាវជាច្រើនបានបង្ហាញពីគុណតម្លៃអាហារូបត្ថម្ភរបស់ត្រី ដោយសារត្រីជាប្រភេទអាហារដែលមានប្រូតេអ៊ីនខ្ពស់ ជាមួយនឹងកំហាប់ខ្ពស់នៃវីតាមីន A វីតាមីន B12 វីតាមីន C និង វីតាមីន D កាល់ស្យូម ជាតិដែក ស័ង្កសី អាស៊ីតខ្លាញ់ សេលេញ៉ូម និងប្រូតេអ៊ីន។
បើតាមរបាយការណ៍របស់ជលផលកម្ពុជា ប្រជាជនកម្ពុជាគឺជាជនជាតិមួយក្នុងចំណោមជនជាតិជាច្រើន ដែលបានហូបត្រីច្រើនជាងគេលើពិភពលោក។ ប្រជាជនកម្ពុជាម្នាក់ៗហូបត្រីស្រស់ជាមធ្យមក្នុងបរិមាណ ៣៧,៥ គីឡូក្រាមក្នុងរយៈពេលមួយឆ្នាំ។
នៅតំបន់វាលទំនាបជុំវិញបឹងទន្លេសាបនិងទន្លេមេគង្គ ប្រជាជនកម្ពុជាម្នាក់ៗ ហូបត្រីអស់ ៦៧ គីឡូក្រាមក្នុងមួយឆ្នាំ។ នេះគឺជាអត្រាបរិភោគត្រីខ្ពស់ជាងប្រទេសជាច្រើននៅលើពិភពលោកដែលប្រជាជនម្នាក់ៗហូបត្រីជាមធ្យមត្រឹម១៥គីឡូក្រាមប៉ុណ្ណោះក្នុងរយៈពេលមួយឆ្នាំ។
ទ្រទ្រង់ជីវភាពរស់នៅ និងសេដ្ឋកិច្ចជាតិ
វិស័យជលផលជាប្រភពអាហារូបត្ថម្ភយ៉ាងចាំបាច់ក្នុងរបបអាហារប្រចាំថ្ងៃ និងជាប្រភពប្រាក់ចំណូលយ៉ាងសំខាន់។ វិស័យនេះ បាននិងកំពុងផ្តល់មុខរបរដល់ប្រជាពលរដ្ឋជាង៦ លាននាក់ ដែលស្មើនឹង៤៥,៥% នៃប្រជាជនទូទាំងប្រទេស ១០,៥% សម្រាប់ការនេសាទជាលក្ខណៈអាជីព និង ៣៥% សម្រាប់ការនេសាទចិញ្ចឹមជីវិត។ នេះបើតាមរបាយការណ៍របស់ជលផលកម្ពុជា។
ដោយឡែក ជលផលទឹកសាបគឺជាផ្នែកសំខាន់មួយនៃវប្បធម៌សេដ្ឋកិច្ច និងសន្តិសុខស្បៀងអាហាររបស់កម្ពុជា។ វិស័យជលផលទឹកសាបនេះ ផ្តល់ការងារដល់ប្រជាជនចំនួន ២ លាននាក់ ដែលក្នុងនោះប្រជាជន ១ ម៉ឺននាក់ធ្វើការក្នុងវិស័យជលផលសមុទ្រ។ នៅឆ្នាំ ២០១៤ ផលិតកម្មត្រីសរុបរបស់ប្រទេសកម្ពុជា មានចំនួន ៧៤៥.០៦៥ តោន ក្នុងនោះវារីវប្បកម្មរួមចំណែក ១ភាគ៦ គឺស្មើនឹង ១២០.០៥៥ តោន និងមានតម្លៃជាទឹកប្រាក់២៤០ លានដុល្លារ។ នេះបើយោងតាមសេចក្តីរបាយការណ៍របស់អង្គការ World Fish Center។
ប៉ុន្តែ គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅលើផ្ទៃនិងតាមដងទន្លេមេគង្គ និងទន្លេសាបនៅក្នុងប្រទេសកម្ពុជា សកម្មភាពនេសាទហួសកម្រិតនិងខុសច្បាប់ និងការប្រែប្រួលអាកាសធាតុ កំពុងគំរាមកំហែងដល់ទិន្នផលត្រីដែលជាប្រភពរបបអាហារប្រចាំថ្ងៃដ៏សំខាន់របស់ប្រជាជនកម្ពុជា។
កំពុងអង្គុយធ្វើត្រីរៀលនៅខាងមុខផ្ទះក្បែរមាត់ទន្លេក្នុងសង្កាត់ជ្រោយចង្វារ អ្នកស្រី យ៉ា រ៉យ៉ានពលរដ្ឋម្នាក់ដែលប្រកបមុខរបរនេសាទបានប្រាប់ VOA ថា អ្នកស្រីប្រកបរបរនេសាទជាង២០ ឆ្នាំមកហើយ។ អ្នកស្រីថា ឆ្នាំមុនៗអ្នកស្រីអាចរកត្រីបានប្រមាណជា១០ គីឡូមួយព្រឹក ប៉ុន្តែនៅឆ្នាំនេះអ្នកស្រីរកត្រីមិនសូវបាននោះទេ។
អ្នកស្រីថ្លែងថា៖ «ឆ្នាំហ្នឹងដាច់ត្រីមែនទែនតែម្តង សឹងតែរកលុយទិញអង្ករអត់បានតែម្តង»។
អ្នកស្រី រ៉ ហ្សា ជាអ្នកនេសាទកំពុងអង្គុយលក់ត្រីនៅម្តុំមាត់ទន្លេនៃសង្កាត់ជ្រោយចង្វារាជធានីភ្នំពេញ។ អ្នកស្រីប្រាប់ VOA ថា គ្រួសារអ្នកស្រីដែលមានកូនតូចៗពីរនាក់ និងប្តីជាអ្នកនេសាទក្នុងបឹងទន្លេសាប តែងបរិភោគត្រីស្ទើតែរៀងរាល់ថ្ងៃ ដោយចៀន និងស្លរម្ជូរជាមួយបាយហើយទុកត្រីធំៗដើម្បីលក់។ ត្រីតូចៗមួយចំនួនដូចជាត្រីរៀលជាដើម ជាប្រភេទត្រីដែលមានប្រូតេអ៊ីនខ្ពស់ជាងត្រីផ្សេងៗទៀត។
អ្នកស្រី រ៉ ហ្សា ក៏បានបង្ហាញពីក្តីព្រួយបារម្ភអំពីកង្វះធនធានត្រី។ អ្នកស្រីថា នៅឆ្នាំនេះអ្នកស្រីរកត្រីមិនសូវបានដោយសារត្រីកាន់តែខ្សត់ ហើយអ្នកស្រីក៏បានសង្កេតឃើញថា ការបូមខ្សាច់នៅតាមទន្លេមេគង្គនិងទន្លេសាបទីដែលអ្នកស្រីនិងក្រុមគ្រួសារនេសាទនៅតែបន្តកើតមានជាប្រចាំ។ អ្នកស្រីសង្កត់ធ្ងន់ថា សកម្មភាពបូមខ្សាច់នេះរំខានដល់ការប្រមូលផលនេសាទរបស់អ្នកស្រី និងអ្នកនេសាទជាច្រើននាក់ទៀតនៅក្នុងសហគមន៍។
អ្នកស្រី រ៉ ហ្សា ថ្លែងថា៖ «និយាយរួមទៅរបៀបថា គេបូមខ្សាច់ បូមអីអ៊ីចឹងវាផ្អើល។ វាទៅតាមដីខ្សាច់ខ្លះអីអ៊ីចឹងទៅ វាផ្អើល។ ហើយណាមួយអត់សូវមានត្រីដូចឆ្នាំមុនទេបង»។
និរន្តរភាពជលផលត្រី
ប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសនានាលើពិភពលោកដែលសំបូរប្រភេទត្រីទឹកសាប និងទឹកប្រៃដែលមានចំនួនជាង ១២០០ប្រភេទក្នុងនោះប្រភេទត្រីទឹកសាបមានជាង៥០០ប្រភេទ និងត្រីទឹកប្រៃមានជាង ៧០០ប្រភេទ។ បឹងទន្លេសាប ជាបឹងមួយធំជាងគេ និងសំបូរត្រីជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ បឹងនេះមានត្រីជាង២០០ប្រភេទ ដែលបានផ្តល់ផលិតផលត្រីជាង ៦០ភាគរយនៃផលិតផលត្រីទឹកសាបសរុបនៃប្រទេសកម្ពុជា។ នេះបើតាមរបាយការណ៍របស់ជលផលកម្ពុជា។
សម្រាប់កម្ពុជា ដើម្បីធានាបានចំនួនត្រី និងការចិញ្ចឹមត្រីមាននិរន្តរភាព លុះត្រាតែមានការគ្រប់គ្រងជលផលល្អ ដូចជារក្សាជម្រកត្រីគ្រប់គ្រងជលផលតាមឆ្នេរសមុទ្រឱ្យបានល្អ កុំលក់ត្រីតូចៗទៅបរទេសដើម្បីធ្វើជាចំណីសត្វ ឬត្រីធំៗ និងត្រូវអភិវឌ្ឍន៍វារីវប្បកម្មខ្នាតតូច។ នេះបើយោងតាមការបញ្ជាក់របស់អ្នកស្រី Shakuntala Haraksingh Thilsted អ្នកជំនាញផ្នែកត្រី និងអាហារូបត្ថម្ភនៃអង្គការ World Fish Center។
អ្នកស្រី Shakuntala ថ្លែងថា៖ «ការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ការរក្សាការបើកផ្លូវទឹក និងទីជម្រកត្រីសហគមន៍ ធ្វើឱ្យប្រាកដថាមិនមានប្លាស្ទិចបិទផ្លូវទឹកដែលអាចឲ្យវារក្សាភាពស្អាតគ្រប់វិធានការទាំងអស់ នោះគឺមានសារៈសំខាន់ណាស់»។
អ្នកស្រី Shakuntala បានបន្ថែមថា ប្រសិនបើមិនមានការយកចិត្តទុកដាក់ក្នុងការការពារ និងទប់ស្កាត់ការបាត់បង់ផលត្រី នោះការបាត់បង់ធំៗផ្សេងទៀតនឹងកើតមាន។
អ្នកស្រីថ្លែងថា៖ «អ្នកនឹងមិនត្រឹមតែបាត់បង់អាហារនោះទេ ប៉ុន្តែបរិស្ថាននឹងរងគ្រោះ វប្បធម៌របស់អ្នក អត្តសញ្ញាណរបស់អ្នកនឹងមានបញ្ហាជាច្រើនដែលនឹងរងគ្រោះ ព្រោះវិស័យជលផលនៅប្រទេសកម្ពុជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់វប្បធម៌ អត្តសញ្ញាណ ជីវភាពរស់នៅ ប្រាក់ចំណូល និងស្បៀងអាហារ និងសន្តិសុខស្បៀងរបស់ប្រជាជនកម្ពុជា»។
លោក ឱម សាវ៉ាត នាយកប្រតិបត្តិសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលប្រាប់ VOA ថា បច្ចុប្បន្នត្រីធម្មជាតិមានការថយចុះ ប៉ុន្តែត្រីចិញ្ចឹមមានការកើនឡើងដោយសារប្រជាពលរដ្ឋចិញ្ចឹមច្រើន។ លោកបន្ថែមថា ការថយចុះនៃទិន្នផលត្រីដោយសារការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ការបាត់បង់ព្រៃលិចទឹក ការបម្លាស់ទីរបស់ត្រីការប្រែប្រួលកម្រិតទឹកដោយសារការសាងសង់ទំនប់វារីអគ្គិសនីជាដើម។លោក ឱម សាវ៉ាត បន្ថែមថា រដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធត្រូវរួមគ្នាទប់ស្កាត់ការបាត់បង់ត្រីនិងត្រូវជំរុញឲ្យមានការបំពេញនូវកង្វះខាតត្រី។
លោក សាវ៉ាត ថ្លែងថា៖ «ស្ថាប័នមានសមត្ថកិច្ចដែលពាក់ព័ន្ធពិសេសខាងក្រសួងកសិកម្មរបស់យើងដែលលោកមានតួនាទីសំខាន់ក្នុងការរួមចំណែកធ្វើឲ្យបរិមាណទាំងត្រី ទាំងសារធាតុចិញ្ចឹមផ្សេងៗទៀតមាននិរន្តរភាព។អ៊ីចឹងហើយបានជាយើងត្រូវតែជំរុញបើសិនជាបរិមាណត្រីធម្មជាតិថយចុះយើងត្រូវតែបង្កើនវារីវប្បកម្មបានន័យថាការចិញ្ចឹមត្រីហ្នឹងផ្សព្វផ្សាយពីបច្ចេកទេសនៃការចិញ្ចឹមហ្នឹងឲ្យបានច្រើនថែមទៀត»។
ការថយចុះទិន្នផលត្រីនៅកម្ពុជាជាបន្តបន្ទាប់នេះ ធ្វើឲ្យអ្នកស្រី ច្វា រីយ៉ាដែលកំពុងអង្គុយលក់ត្រីនៅមាត់ទន្លេសង្កាត់ជ្រោយចង្វារបារម្ភពីអនាគតនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកស្រីនិងក្រុមគ្រួសារ។
អ្នកស្រី ច្វា រីយ៉ា ថ្លែងថា៖ «យើងធ្លាប់រកស៊ីត្រីអ៊ីចឹង គ្រាន់តែបើអត់មានត្រីអ៊ីចឹងទៅយើងក៏ពិបាករកស៊ីដែរ។ មិនដឹងថាទៅរកស៊ីអីបើយើងធ្លាប់តែរកស៊ីក្នុងទឹកតាំងពីតូចមកហើយ»៕