ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​នាំ​ចេញ​ស្វាយ​ចន្ទី​កម្ពុជា​ទៅ​វៀត​ណាម​កើន​ឡើង ខណៈ​អ្នក​ជំនាញ​ខ្មែរ​ជំរុញ​ការ​កែ​ច្នៃ​ក្នុង​ស្រុក


រូបឯកសារ៖ គ្រាប់ស្វាយចន្ទីត្រូវបានកែច្នៃក្នុងរោងចក្រមួយនៅទីក្រុង Bouake ក្នុងប្រទេសកូដឌីវ័រ កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៨។
រូបឯកសារ៖ គ្រាប់ស្វាយចន្ទីត្រូវបានកែច្នៃក្នុងរោងចក្រមួយនៅទីក្រុង Bouake ក្នុងប្រទេសកូដឌីវ័រ កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៨។

កម្ពុជា​ជា​ប្រទេស​ផ្គត់​ផ្គង់​គ្រាប់​ស្វាយ​ចន្ទី​មិន​ទាន់​កែ​ច្នៃ​ហើយ​ទៅ​ឲ្យ​ប្រទេសវៀតណាម​ដែល​របាយការណ៍​បង្ហាញ​ថា​ប្រមាណ​៦០​%​នៃ​ការ​នាំ​ចូល​ទាំង​អស់ គឺ​មក​ពី​កម្ពុជា។ នេះ​បើ​តាម​របាយ​ការណ៍​របស់​សារព័ត៌មាន​វៀតណាម​ដែល​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។ អ្នក​ជំនាញ​កម្ពុជា​ជំរុញ​ឲ្យ​បង្កើត​រោង​ចក្រ​កែ​ច្នៃ​គ្រាប់​ស្វាយ​ចន្ទី​ក្នុង​ប្រទេស​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​កសិករ​អាច​លក់​ស្វាយ​ចន្ទី​ក្នុង​តម្លៃ​ខ្ពស់ និង​ទីផ្សារ​មាន​លំនឹង​។

កាល​ពី​ថ្ងៃ​អង្គារ ទីភ្នាក់ងារ​ព័ត៌មាន ​Vietnam Plusបាន​ចុះ​ផ្សាយ​ថា​ប្រទេស​វៀត​ណាម​នាំ​ចូល​គ្រាប់​ស្វាយ​ចន្ទី​មិន​ទាន់​កែ​ច្នៃ​ប្រមាណ​១​លាន​២​សែន​តោន ក្នុង​តម្លៃ​១,៩​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈ​ពេល​៤​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ដែល​នេះជា​កំណើន​ពី​៣០០​%​ទៅ​៣២៥%​បើ​ប្រៀប​នឹង​ឆ្នាំ​មុន។

ទីភ្នាក់ងារ​ព័ត៌មាន​ខាង​លើ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​នា​ពេល​បច្ចុប្បន្ន​នេះ កម្ពុជា​ជា​ប្រទេស​ដែល​ផ្គត់​ផ្គង់​គ្រាប់​ស្វាយ​ចន្ទី​ឆៅ​ធំ​ជាង​គេ​បង្អស់​សម្រាប់​វៀត​ណាម។

លោក ថេង សាវឿន ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា មាន​ប្រសាសន៍​ថា​តាម​ការ​សង្កេត​របស់​លោក ការ​ដាំ​ស្វាយ​ចន្ទី​នា​ពេល​បច្ចុប្បន្ននេះ​បានធ្លាក់​ចុះ ដោយ​សារ​ប្រជា​ជន​លែង​សូវ​ធ្វើ​ការ​ដាំ​ដុះ ហើយ​ងាក​មក​ដាំ​ដំណាំ​សក្តានុពល​ផ្សេង​ទៀត​ដូចជា​ស្វាយ​និង​ទុរេន​ជា​ដើម។

លោក​បន្ថែម​ថា​តម្លៃ​ទីផ្សារ​គ្រាប់​ស្វាយ​ចន្ទី គឺពឹង​លើ​វៀត​ណាម ដែល​ជា​ប្រភព​ចម្បង​នៃ​ការ​នាំ​ចេញ​ពី​កម្ពុជា ខណៈ​កម្ពុជា​ខ្វះ​រោងចក្រ​កែ​ច្នៃ​ក្នុង​ស្រុក។

លោក​ប្រាប់​VOA​ថា​៖ «អ្វី​ដែល​យើង​មើល​ឃើញ​ ប្រហែល​ដោយ​សារ​តែ​លទ្ធភាព​ទាំង​ការ​កែ​ច្នៃ​វត្ថុ​ធាតុ​ដើម សម្រាប់​ប្រើប្រាស់​ផ្គត់ផ្គង់​ក្នុង​ស្រុក​ហ្នឹង​នៅ​មាន​កម្រិត ​ទាំង​ការ​វិនិយោគ ទាំង​ការ​គិត​គូរ​ឲ្យ​បាន​គ្រប់​ចំណុច។ ហើយ​មួយ​ចំណុច​ទៀត​ យើង​ឃើញ​ថា​អ្នក​វិនិយោគ​ទុន ឬ​អ្នក​វិនិយោគ​ក្នុង​វិស័យ​កសិឧស្សាហកម្ម​ហ្នឹង​ មិន​សូវ​ជា​ចាប់​អារ​ម្មណ៍​ខ្លាំង​ទៅ​លើ​គ្រាប់​ស្វាយ​ចន្ទី​ហ្នឹង​ប៉ុន្មាន​ទេ»។

លោក ថេង សាវឿន ​បន្ត​ថា​មូល​ហេតុ​នៃ​ការ​មិន​សូវ​ចាប់​អារម្មណ៍​នេះ​គឺ​ដោយ​សារ​កង្វះ​ព័ត៌មាន​ទៅ​លើ​ទីផ្សារ​នាំ​ចេញ​និង​ការ​ស្វះ​ស្វែង​រក​ដៃ​គូ​វិនិយោគ​ពី​ក្រៅ​ប្រទេស។ លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ ក៏​ដូចជា​វិស័យ​ឯក​ជន​ផ្តោតវិនិយោគ​បន្ថែម​លើដំណាំ​ស្វាយ​ចន្ទី ដើម្បី​ផ្គត់​ផ្គង់​ទៅ​ក្នុង​វិស័យ​ទេស​ចរណ៍​ក្នុង​ប្រទេស។

រូបឯកសារ៖ គ្រាប់ស្វាយចន្ទីស្ងួតត្រូវបានច្រកក្នុងបាវ នៅរោងចក្រ Fludor ក្នុងតំបន់ទីប្រជុំជន Zogbodomey នៃប្រទេសបេណាំង កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៩។
រូបឯកសារ៖ គ្រាប់ស្វាយចន្ទីស្ងួតត្រូវបានច្រកក្នុងបាវ នៅរោងចក្រ Fludor ក្នុងតំបន់ទីប្រជុំជន Zogbodomey នៃប្រទេសបេណាំង កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៩។

អ្នកស្រី ខៀវ សាវឿន​ ​ជា​កសិករ​ដាំ​ដំណាំ​ស្វាយចន្ទី​ក្នុង​ឃុំ​ក្រយា​ ស្រុក​សន្ទុក​ ខេត្ត​កំពង់ធំ ដែល​ដាំ​លើផ្ទៃ​ដី​១០​ហិកតា ឲ្យ​ដឹង​ទៀត​ថា​ដោយ​សារ​អាកាស​ធាតុ​មិន​សូវ​អំណោយ​ផល​ ដំណាំ​ស្វាយ​ចន្ទី​ផ្តល់​ទិន្នផល​ជា​មធ្យម​១​តោន​មួយ​ហិកតា​ប៉ុណ្ណោះ ហើយ​អាច​ប្រមូល​ផល​ម្តង​ក្នុង​មួយ​ឆ្នាំ។ អ្នក​ស្រី​បន្ត​ថា​ក្រោយ​ពី​ប្រមូល​ផល​រួច​ អ្នកស្រី​លក់​ឲ្យ​ឈ្មួញ​កណ្តាល ដែល​នឹង​យក​ទៅ​លក់​បន្ត​ទៅ​ប្រទេស​វៀតណាម។

ក្នុង​ឆ្នាំ​នេះ អ្នកស្រី​លក់​គ្រាប់​ស្វាយ​ចន្ទី​បាន​ក្នុង​តម្លៃ​៤​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម​ប៉ុណ្ណោះ ដែល​តម្លៃ​ជា​ទូទៅ​មាន​រវាង ​៥.៧០០​រៀល​ទៅ​៦​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម ដោយ​សារ​តម្រូវ​ការ​ទាប​និង​បញ្ហា​ជំងឺ​កូវីដ​១៩។

អ្នកស្រី ​សាវឿន ដែល​ដាំ​ស្វាយ​ចន្ទី​ប្រមាណ​៦​ឆ្នាំ​មក​ហើយ ប្រាប់​VOA​ថា​កង្វះ​រោង​ចក្រ​កែច្នៃ​ក៏​ជា​ឧបសគ្គ​សម្រាប់​កសិករ​ក្នុង​ការ​លក់​គ្រាប់​ស្វាយ​ចន្ទី​បាន​តម្លៃ​ខ្ពស់​ផង​ដែរ។

អ្នកស្រី​បញ្ជាក់​ថា៖ «បញ្ហា​ថា​ដោយ​ប្រទេស​យើង​ អត់​ទាន់​មាន​ការ​ច្នៃ​ប្រឌិត​អី​អញ្ចឹង ដល់​អញ្ចឹង​ទៅ​ប្រជា​ជន​យើង​មិន​សូវ​បាន​ប្រាក់​កាស​អី​ច្រើន​អញ្ចឹង​ ដោយ​សារ​យើង​លក់​បាន​ថោក។ ប្រមូល​ផល​ហើយ យើង​លក់​បាន​ថោក​តាម​តម្លៃ​គេ​ឲ្យ​អញ្ចឹង។ ដល់​ពេល​អញ្ចឹង ប្រជាជន​យើង​មាន​ការ​ខ្វះ​ខាត​ នៅ​តែ​ខ្វះ​ខាត​ដដែល»។

អ្នកស្រី​បន្ថែម​ថា៖ «ខ្ញុំ​ចង់​សំណូម​ពរ​ឲ្យ​រាជរ​ដ្ឋា​ភិបាល​យើង​ហ្នឹង​ហ្អា ធ្វើ​ម៉េច​ យើង​បង្កើត​ការ​កែ​ច្នៃ​នៅ​ស្រុក​ខ្មែរ​យើង ដើម្បី​ឲ្យ​ប្រជា​ជន​ខ្មែរ​យើង​លក់​គ្រាប់​ស្វាយ​ចន្ទី​ឲ្យ​បាន​ថ្លៃ​បន្តិច​ទៅ ព្រោះ​អី​យើង​លក់​ទៅ​យើង​ ទូទាត់​ទៅ វា​អត់​ចំណេញ​ទេ ថ្លៃ​ថ្នាំ​ ថ្លៃ​ពលកម្ម​អី»។

លោក ប៉ែន វណ្ណរិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ​ខេត្ត​កំពង់ធំ បាន​ថ្លែង​ប្រាប់​VOAនៅ​ថ្ងៃ​ពុធ​នេះ​ថា​ខេត្ត​កំពង់​ធំ​មិន​មាន​រោង​ចក្រ​កែច្នៃ​ផលិត​ផល​គ្រាប់​ស្វាយ​ចន្ទី​នោះ​ទេ ដោយ​គ្រាន់តែ​មានសិប្បកម្ម​ខ្នាត​តូច​ក្រោម​ការ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​ជប៉ុន​ប៉ុណ្ណោះ​ ដើម្បី​ផលិត​ជា​ផលិត​ផល​ពាក់​កណ្តាល​សម្រេច។

លោក​បន្ថែម​ថា​សិប្បកម្ម​ចំនួន​៣កន្លែង​ទៀត​គ្រោង​នឹង​បង្កើត​ឡើង។

លោក​មាន​ប្រសាសន៍​ថា៖ «ដោយ​សារ​តែ​យើង​អត់​ទាន់​មាន​រោង​ចក្រ​កែ​ច្នៃ​ខ្នាត​ធំ​នៅ​ឡើយ។ អញ្ចឹង​តាម​សិប្ប​កម្ម​ដែល​ជា​លក្ខណៈ​សហគមន៍​ហ្នឹង​ គាត់​ទើប​បង្កើត​មួយ​កន្លែង​ដែល​មាន​ការ​ឧបត្ថម្ភ​ពី​ខាង​ជប៉ុន។ ដោយ​យើង​គ្រោង​បង្កើត៤​កន្លែង​ អញ្ចឹង​៣​កន្លែង​ទៀត​ហ្នឹង​កើត​អញ្ចឹង​គាត់​នឹង​អាច​ស្រូប​យក​ផលិតផល​ហ្នឹង​បាន​មួយ​ចំនួន​ពី​កសិករ​ទៀត»។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំរូប​នោះ​បាន​លើក​ឡើង​ផង​ដែរ​ថា​វិបត្តិ​ជំងឺ​កូវីដ​១៩​ក៏​បាន​ដាក់​បន្ទុក​បន្ថែម​ដល់​កសិករស្វាយ​ចន្ទីសម្រាប់​ការ​បញ្ជា​ទិញ ក៏​ដូចជា​ការ​ឆ្លៀត​ឱកាស​កេង​ចំណេញ​ពី​ឈ្មួញ ខណៈ​ទីផ្សារ​ធំ​របស់​ដំណាំ​នេះ គឺ​នៅ​ប្រទេស​វៀត​ណាម។

លោក​ឲ្យ​ដឹង​ទៀត​ថា​ពាក់ព័ន្ធ​នឹង​តម្លៃ​គ្រាប់​ស្វាយ​ចន្ទី​វិញ ជា​ទូទៅ​នៅ​ពេល​ផលិត​ផល​គ្រាប់​ស្វាយ​ចន្ទី​មាន​ច្រើន ថ្លៃ​នឹង​ធា្លក់​ចុះ​ទៅ​តាម​ទីផ្សារ។ ប៉ុន្តែ​លោក​ថា​ក្នុង​ករណី​កសិករ​មាន​លទ្ធភាព​ស្តុក​ទុក​សម្រាប់​លក់​ពេល​រដូវ​កាល​ការផ្គង់ផ្គង់​មិន​សូវ​មាន​ខ្ពស់ នោះ​គ្រាប់​ស្វាយចន្ទី​នឹង​អាច​ទទួល​បាន​ថ្លៃ​ខ្ពស់​ជាង​នេះ។

VOA​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម លោក វេង សាខុន និង​មន្រ្តី​នាំ​ពាក្យ​ក្រសួង លោក ស្រី វុឌ្ឍី បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។

លោក យ៉ង សាំងកុមារ អ្នក​ជំនាញ​ផ្នែក​កសិកម្ម​ម្នាក់ បាន​សរសេរ​សារ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​នៅ​ថ្ងៃ​ពុធ​នេះ​ថា​កម្ពុជា​កង្វះ​ខាត​រោង​ចក្រ​កែ​ច្នៃ​គ្រាប់​ស្វាយ​ចន្ទី​ក្នុង​ស្រុក ខណៈ​គ្រាប់​ស្វាយ​ចន្ទី​ភាគ​ច្រើន​នាំ​ពី​កម្ពុជា​ទៅ​វៀត​ណាម។

លោក យ៉ង សាំង​កុមារ ដែល​ជាប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បន្ថែម​ថា​វៀត​ណាម​មិន​ដាំ​ស្វាយ​ចន្ទី​ដោយ​សារ​ដំណាំ​នេះ​ទទួល​បាន​ចំណូល​ទាប​ក្នុង​១​ហិកតា​ តែ​ប្រទេស​នោះ​ផ្តោត​លើ​ការ​កែ​ច្នៃ​និង​នាំ​ចេញ​វិញ។ ដូចនេះ​មាន​តែ​ពឹង​ការ​ដាំដុះ​លើ​ដី​ក្រៅ​ប្រទេស​ ជា​ពិសេស​នៅ​កម្ពុជា។

លោក​បញ្ជាក់​ថា៖ «នៅ​ពេល​គេ​គ្រប់​គ្រង​ការ​កែច្នៃ​និង​ទីផ្សារ ​គឺ​គេ​គ្រប់​គ្រង​ផលិត​កម្ម​ស្វាយ​ចន្ទីខ្មែរ​បាន​ហើយ។ សម្រាប់​កៅស៊ូ​ និង​ស្រូវ​ ក៏​មិន​ខុស​គ្នា​ដែរ»៕

XS
SM
MD
LG