ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​កម្ពុជា​ឃុំ​ខ្លួន​សកម្មជន​នយោបាយ​ជំទាស់​៦​នាក់​ពី​បទ​ក្បត់ជាតិ ​ក្រោយ​បញ្ជូន​មក​ពី​ប្រទេស​ថៃ


រូបឯកសារ៖ សន្តិសុខ​ប្រដាប់អាវុធ​ម្នាក់​ឈរ​នៅ​ក្រោម​ទង់ជាតិ​កម្ពុជា​ក្នុង​រាជធានីភ្នំពេញ​ប្រទេសកម្ពុជាកាលពីថ្ងៃទី​១៦ វិច្ឆិកា ឆ្នាំ២០១២។
រូបឯកសារ៖ សន្តិសុខ​ប្រដាប់អាវុធ​ម្នាក់​ឈរ​នៅ​ក្រោម​ទង់ជាតិ​កម្ពុជា​ក្នុង​រាជធានីភ្នំពេញ​ប្រទេសកម្ពុជាកាលពីថ្ងៃទី​១៦ វិច្ឆិកា ឆ្នាំ២០១២។

អាជ្ញាធរ​កម្ពុជា​សម្រេច​ឃុំ​ខ្លួន​សកម្មជន​នយោបាយ​ជំទាស់​ ៦ ​នាក់​ ក្នុង​ពន្ធនាគារ​ផ្សេងៗ​គ្នា​ពីបទ​ក្បត់ជាតិ ​ក្រោយ​បញ្ជូន​មក​ពី​ប្រទេស​ថៃ។ នេះ​បើ​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​។

សកម្ម​ជន​នយោបាយ​ជំទាស់​ទាំង​ ៦ នាក់​នោះ​ រួម​មាន​ លោក ប៉ែន ច័ន្ទសង្គ្រាម​ អ្នក​ស្រី ហុង អាន លោក មាន ចាន់សុថុន អ្នក​ស្រី​ យ៉ិន ចន្ធូ អ្នក​ស្រី សឺង គន្ធា និងលោកស្រីវ៉ន ច័ន្ទរចនា។ ក្មេងប្រុស​ម្នាក់​អាយុ​ ៧ ឆ្នាំ​ ដែល​ជាចៅប្រុស​របស់​អ្នកស្រី ហុង អានក៏ស្ថិត​ក្នុង​ចំណោម​អ្នកដែល​ត្រូវបាន​បញ្ជូនខ្លួន​ពីប្រទេស​ថៃ​នា​ពេល​ថ្មី​ៗ​នេះផង​ដែរ​។

អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហា​ផ្ទៃ​ លោក​ ឃៀង​ សុណាឌីន​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ មន្ត្រី​ពន្ធនាគារ​បានសម្រេចឃុំ​ខ្លួន​ជន​សង្ស័យទាំង​ ៦ ​នាក់​នោះ​ នៅ​ថ្ងៃ​ទី​ ២៥​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២៤​ តាម​ដី​ការ​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​របស់​តុលាការ​ ដែល​បាន​ចោទ​ប្រកាន់សកម្ម​ជន​នយោ​បាយ​ជំទាស់​ទាំងនោះពីបទ​ «​ក្បត់​ជាតិ​»​។

លោក​ប្រាប់​ថា​៖ «ខាង​ពន្ធនាគារ​ខ្ញុំ​គឺ​ទទួល​ឃុំជន​ទាំង​ ៦ ​នាក់​នេះ​ ដែល​ជា​អនីតិជន​ទាំង​ ៦​ ហើយ​ឃុំ​យោង​តាម​ដីការ​បង្គាប់​ឲ្យឃុំខ្លួន​របស់​ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។ ហើយ​បើ​ផ្អែក​ទៅ​លើ​តាម​ខ្លឹម​សារ​ទៅ​តាម​ការ​បង្គាប់​ឲ្យឃុំខ្លួន​គឺ​ជន​ទាំង​ ៦ នាក់​នេះ​ ឃុំ​នៅ​ទី​កន្លែង​ផ្សេងៗ​គ្នា​គឺ​ អ្នក​ខ្លះ​ឃុំ​នៅ​មណ្ឌល​ ម​២​ មណ្ឌល​កែ​ប្រែ​ទី ២​ អ្នក​ខ្លះ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កណ្ដាល​ ហើយ​អ្នកខ្លះ​ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​អប់រំ​កែប្រែ​ទី ៣​ ជា​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ ដើម្បី​រង់​ចាំ​នីតិ​វិធី​របស់​តុលាការ​»។

អ្នកស្រី សៀន​ ស្រីនួន​ អាយុ​ ៣១ ​ឆ្នាំ​ កូន​ស្រី​របស់​អ្នកស្រី ហុង អាន ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា បច្ចុប្បន្ន​នេះ​ម្តាយរបស់​ខ្លួន​កំពុងស្ថិតនៅ​ពន្ធនាគារ​ព្រៃស​ មណ្ឌលកែប្រែទី ២ បន្ទាប់​ពី​តុលាការ​បាន​ចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ កាល​ពី​ថ្ងៃ​ទី ២៥​ ខែ​វិច្ឆិកា។ អ្នកស្រីចាត់ទុកថា ការ​ចោទ​ប្រកាន់​នេះ​គឺ​ជា​រឿង​អយុត្តិធម៌​ និង​ស្នើឲ្យរដ្ឋាភិបាល​ និង​តុលាការ​ដោះលែង​ម្តាយ​របស់​អ្នកស្រី ដោយ​អះអាងថា ​ម្តាយ​របស់​អ្នកស្រី​គ្រាន់​តែ​បញ្ចេញ​មតិ​ជុំវិញ​រឿង ​CLV និង​កោះគុត​តែ​ប៉ុណ្ណោះ។

អ្នក​ស្រី​ថ្លែងថា៖ «យល់ថា ​អយុត្តិធម៌​ វា​អត់​មាន​និន្នាការ​ចោទ​ប្រកាន់​ហ្នឹង​វា​ អយុត្តិធម៌​ ព្រោះ​អី​គាត់​គ្រាន់​តែ​បញ្ចេញ​មតិ​តាម​បណ្តាញ​សង្គម​រឿង​កោះគុត និង​រឿង​ CLV [...]ស្នើតុលាការ​ និង​រដ្ឋាភិបាល​ឲ្យគាត់​ឆាប់​ដោះលែង​ពួកគាត់​ ព្រោះ​អី​ពួកគាត់​អត់​មាន​កំហុស​អីទេ»។

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ប្លង់ សុផល ​អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​លោក ​អ៊ី រិន្ទ ​ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក នី សុខា យល់​ឃើញ​ថា មតិ​មួយ​ចំនួនបាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុងប្លុកអាស៊ាន​បច្ចុប្បន្ន​នេះ​ ​បញ្ហា​សិទ្ធិ​ចំពោះ​ជន​ភៀសខ្លួន​ហាក់​បីដូច​ជា​ត្រូវបាន​គេលែង​គិត​គូរ​ ឬខ្វល់​ខ្វាយ​តទៅ​ទៀតហើយ​។

លោក​ នី សុខា​ ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​ និង​ដីធ្លី​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ នៅ​ក្រៅ​តុលាការ​ក្រុង​ភ្នំពេញ ថ្ងៃ​ទី​២៩ ខែធ្នូ​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)​
លោក​ នី សុខា​ ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​ និង​ដីធ្លី​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ នៅ​ក្រៅ​តុលាការ​ក្រុង​ភ្នំពេញ ថ្ងៃ​ទី​២៩ ខែធ្នូ​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)​

បើតាម​មេដឹកនាំអង្គការ​សង្គមស៊ីវិល​រូបនេះ​ ការ​ព្រងើយ​កន្តើយ​នឹង​សិទ្ធិរបស់​ជន​ភៀស​ខ្លួននេះ គឺ​ជា​ការ​សម្រេច​ចិត្ត​ខាង​នយោបាយ​របស់​មេដឹកនាំ​ប្រទេស​មួយ​ចំនួន​ ដែលមិន​ចង់​ឲ្យ​មាន​ភាព​ល្អក់កករ​រវាង​ប្រទេស​និង​ប្រទេស។ លោក នី សុខា ក៏​យល់ថា ការ​ចាប់​បញ្ជូន​ជន​ភៀសខ្លួន​មក​ប្រទេស​កំណើត​វិញ​នេះ មិន​មែនជា​ករណី​ទី ១ ​នោះ​ឡើយ​។​

លោក​ថ្លែងថា៖ «នេះ​ជា​រឿង​មួយ​ដែល​យើង​គួរឲ្យមាន​ការ​សោកស្តាយ​ចំពោះ​អាជ្ញាធរ​ ទាំង​អាជ្ញាធរ​ថៃ​ ក៏​ដូច​ជា​អាជ្ញាធរ​កម្ពុជា​យើង​ ដែល​សុទ្ធតែ​ជា​ប្រទេស​មួយ​គោរព​នូវ​គោលការណ៍​សិទ្ធិមនុស្ស​សាកល​ដូច​គ្នា​ បែរ​ជា​អនុវត្ត​អ្វី​ដែល​ផ្ទុយ​ពី​គោលការណ៍​សិទ្ធិ​មនុស្ស​។ ជា​ទូទៅ​ក្នុង​គោលការណ៍​សិទ្ធិ​មនុស្ស​ ជន​ភៀសខ្លួន​ម្នាក់ៗ​ដែល​ភៀស​ខ្លួនដោយសារ​កត្តា​នយោបាយ​ក្តី​ ភៀស​ខ្លួន​ដោយសារ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខាង​ផ្នែក​សិទ្ធិ​ក្នុង​ប្រទេស​នីមួយៗ​ក្តី​ គេ​តែងតែ​ទទួល​យក​ដើម្បី​អនុញ្ញាត​ឲ្យគាត់​ទទួល​បាន​សិទ្ធិជ្រក​កោន​ក្នុង​ប្រទេស​មួយ ដើម្បី​ឲ្យមាន​សុវត្ថិភាព សន្តិសុខ»។

នាយកទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា សំណុំ​រឿងរបស់​សកម្មជន​ទាំង ​៦ នាក់​នោះ មាន​ជាប់​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ថ្ងៃ​ទី ​១៨ ខែ​សីហា ឆ្នាំ ​២០២៤ គឺ​ទាក់ទង​នឹងព្រឹត្តិការណ៍​តវ៉ា​ជំទាស់​នឹង​កិច្ច​ព្រម​ព្រៀង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម​ ​CLV-DTA។

លោក​បន្ថែមថា​ ពួកគេ​ទាំង​ ៦ នាក់​ទទួល​បាន​ការ​ទទួល​ស្គាល់​ពី​ឧត្តម​ស្នង​ការ​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន (​UNHCR)​ ហើយ​ថៃ​ក៏​មាន​កិច្ចព្រមព្រៀង​ជា​មួយ​ឧត្តម​ស្នងការការិ​យាល័យ​នោះ​ដែរ ក៏ប៉ុន្តែ​ពួក​គេ​នៅតែត្រូវបាន​បញ្ជូន​ខ្លួន​ដោយ​អាជ្ញាធរ​ថៃ​មកកាន់កម្ពុជា​វិញ​ដដែល​។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូផ្តល់បទសម្ភាសន៍ក្នុងរាជធានីភ្នំពេញនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូផ្តល់បទសម្ភាសន៍ក្នុងរាជធានីភ្នំពេញនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

បើតាម​លោក ​អំ សំអាត​ ការ​ចាប់​បញ្ជូន​ជន​ភៀសខ្លួន​ពី​ថៃ​មក​កម្ពុជានេះ​ ឆ្លុះបញ្ចាំង​ពីការ​រំលោភ​បំពាន​ទៅ​លើ​បញ្ហា​សិទ្ធិ​នៃ​ជន​ភៀសខ្លួន ហើយ​ប្រទេស​ថៃ​ត្រូវបាន​ចាត់​ទុកថា លែងជាកន្លែង​ដែល​មាន​សុវត្ថិភាព​សម្រាប់​ជន​ភៀស​ខ្លួន​ទៀត​ហើយ​ ខណៈ​ជនភៀសខ្លួន​ត្រូវបាន​ចាប់បញ្ជូន​ពីថៃជា​បន្ត​បន្ទាប់​ ទោះ​បី​ជន​ភៀស​ខ្លួន​ទាំង​នោះមានការ​ទទួល​ស្គាល់​ពី​ខាង​ឧត្តម​ស្នងការ​ការិយាល័យ​អង្គការសហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ក៏​ដោយ​។

លោក​ថ្លែងថា៖ «បញ្ហា​នេះ​ ភាគី​ឧត្តម​ស្នងការការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​នេះ​ គួរតែ​ជជែក​ជា​មួយ​និង​អាជ្ញាធរ​ថៃ​ឡើង​វិញ​អំពី​កិច្ចការ​ការពារលើ​សិទ្ធិ​នៃ​ជន​ភៀសខ្លួនហ្នឹង​។ ការចាប់​បញ្ជូន​ត្រឡប់​មក​វិញ​ហើយ​ជាប់​ពន្ធនាគារ​លើ​ជន​ដែល​ទទួល​បាន​ទទួល​ស្គាល់​ពី ​UNHCR នេះ​ នាំ​ឲ្យមាន​ការ​រិះគន់​ច្រើនពី​សហគមន៍​អន្តរជាតិ និង​អង្គការ​អន្តរជាតិ​កន្លង​មក​»។

វីអូអេ​ព្យាយាម​សុំការអត្ថាធិប្បាយ​ពីស្ថានទូត​ថៃ​នៅទីក្រុង​ភ្នំពេញ​ តែគ្មានការ​ឆ្លើយតប​សំណួរ​តាម​សារ​អ៊ីមែល។

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​នៅ​ក្រៅ​ប្រទេស​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​បាន​លើកឡើង​ថា​ ថៃ​កំពុង​ដើរ​តួ​ជា​ភ្នាក់ងារ​បង្ក្រាប​ជនភៀសខ្លួន​ពី​កម្ពុជា ព្រោះប្រទេស​នេះ​បានចូលរួម​ក្នុង​ការយន្តការ​គាប​សង្កត់​ឆ្លង​ដែន​លើ​សកម្មជន​គណបក្ស​ប្រឆាំង​កម្ពុជា​ ទោះបីពួកគេត្រូវ​បាន​រាយ​ការណ៍​ថា​ មាន​ការ​ទួល​ស្គាល់​ថា​ជា​ជនភៀស​ខ្លួន​ពី UNHCR។

សេចក្តី​ថ្លែងការណ៍ដដែល​បញ្ជាក់ទៀតថា​ ប្រទេស​ថៃ​ មិន​បាន​ផ្តល់​សច្ចាប័ន​លើ​អនុ​សញ្ញា​ស្តីពី​ជន​ភៀស​ខ្លួន​ឆ្នាំ ១៩៥១ របស់​អង្គការ​សហ​ប្រជាជាតិ ដូច្នេះ​ជន​ភៀស​ខ្លួន​មិន​ទទួល​បាន​ការការពារ​ពេញលេញ​ ទោះបី​ UNHCR ​ទទួល​ស្គាល់​ឋានៈ​ជា​ជនភៀស​ខ្លួន​របស់​ពួកគេ​ក៏ដោយ​។

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​ថ្កោល​ទោស​សកម្មភាព​ទាំងឡាយ​ដែល​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួននិង​ដ៏​កំសាក​របស់​រដ្ឋាភិបាល​ថៃ។ ចលនា​ដែល​មាន​មូល​ដ្ឋាន​នៅសហរដ្ឋអាមេរិក​នេះ​ បានទាម​ទារ​រដ្ឋា​ភិបាល​ជា​ដៃគូ​ទទូច​ឲ្យរដ្ឋាភិបាល​ថៃ​បំពេញ​កាតព្វកិច្ច​ផ្លូវច្បាប់​ក្នុងស្រុក និង​អន្តរជាតិ ហើយ​បញ្ចប់​ភាព​ស្មុគស្មាញ​ជាមួយ​ការ​គាប​សង្កត់​ការ​ឆ្លងដែននេះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG