ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួនាទី​របស់​ចិន​ក្នុង​ទប់ស្កាត់​ការឆ្លង​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​ក្លាយជា​បញ្ហា​សំខាន់​ក្នុង​ការ​បោះ​ឆ្នោត​នៅ​អាមេរិក


អ្នក​បោះ​ឆ្នោត​កំពុង​គូស​សន្លឹក​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​បឋម នៅ​ក្រុងឋ Ottawa រដ្ឋ Illinois​ កាល​ពី​ខែ​មីនា ២០២០។
អ្នក​បោះ​ឆ្នោត​កំពុង​គូស​សន្លឹក​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​បឋម នៅ​ក្រុងឋ Ottawa រដ្ឋ Illinois​ កាល​ពី​ខែ​មីនា ២០២០។

ការចោទ​ប្រកាន់​ទៅ​លើ​ប្រទេស​ចិន ក្នុង​រឿង​ខកខាន​មិន​បាន​រាយការណ៍ និង មិន​បាន​ផ្តល់​ព័ត៌មាន​​ពិត អំពី​ការផ្ទុះ​ឡើង​នៃ​វីរុស​ដែល​មាន​ប្រភព​ពី​ទីក្រុង​វូហាន​នៃ​ប្រទេស​ចិន​នោះ កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​នៅ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​សហរដ្ឋ​អាមេរិក។

ទាំង​លោក​ប្រធានាធិបតី​ Donald Trump ទាំង​គូ​ប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក គឺ​លោក Joe Biden បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដោយ​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា មាន​ជំហរ​ទន់​ជ្រាយ​ចំពោះ​របៀប​ដោះស្រាយ​របស់​ចិន​ចំពោះ​ជំងឺ​រាតត្បាត​កូវីដ ១៩។

កាលពី​ពេល​ថ្មីៗ​នេះ ក្រុម​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សម្រាប់​អណត្តិ​ថ្មី​របស់​លោក​ប្រធានាធិបតី ​Trump ​បាន​ចេញ​ផ្សាយ​សារ​នយោបាយ​ដែល​ពួកគេ​បាន​ប្រើ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​លោក ​Trump ​កាលពី​ឆ្នាំ ២០១៦ ដែល​បាន​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​ចិន និង​ចោទ​គូប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​ ដែល​ពេល​នេះ គឺ​អតីត​អនុ​ប្រធានាធិបតី​លោក Joe Biden ថា បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ។ លោក Matt Grossmann ជា​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកល​វិទ្យាល័យ​រដ្ឋ Michigan។

លោក បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «ប្រសិនបើ​ការឃោសនា​បែប​នេះនៅ​លើក​មុន​បាន​ទទួល​ជោគជ័យ​នោះ ពួកគេ​អាច​នឹងរំពឹង​ថាការ​ឃោសនា​បែប​នេះម្តង​ទៀត​នៅ​ពេល​នេះ នឹង​បាន​ទទួល​ជោគជ័យ​ទៀត»។

លោក​Joe Biden (ឆ្វេង) និង លោក​ប្រធានាធិបតី ដូណាល់ ត្រាំ។
លោក​Joe Biden (ឆ្វេង) និង លោក​ប្រធានាធិបតី ដូណាល់ ត្រាំ។

លោក​ Trump បាន​ឈ្នះ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ឆ្នាំ ២០១៦ មួយ​ផ្នែក​ដោយសារ​លោក​លើក​ឡើង​ថា ការបាត់​បង់​ការងារ​នៅ​សហរដ្ឋ​អាមេរិក គឺ​ដោយសារ​រោងចក្រ​នានា​បាន​ទៅ​បើក​ប្រតិបត្តិការ​នៅ​ចិន និង​ដោយ​លោក​បាន​ចោទ​អ្នកស្រី ហ៊ីលឡារី គ្លីនតុន​ដែល​ជា​បេក្ខនារី​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ថា បាន​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ក្រុមហ៊ុន​ក្នុង​លក្ខណៈ​មិន​ត្រឹមត្រូវ។

ការ​ផ្សព្វ​ផ្សាយសារ​នយោបាយ​របស់​លោក Trump ដែល​ផ្តោត​ទៅ​លើ​លោក Biden ប្រៀប​ធៀប​ការ​សម្រេច​ចិត្ត​របស់​លោក​ក្នុងការ​កាត់ផ្តាច់​ការធ្វើ​ដំណើរ​ពី​ប្រទេស​ចិន​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​ ដែល​ផ្ទុយ​ពី​គូ​ប្រជែង​របស់​លោក ដែល​ប្រឆាំងចំពោះ​ការហាមឃាត់​ការធ្វើ​ដំណើរនេះ​។ ក៏ប៉ុន្តែ ការផ្សាយ​ពាណិជ្ជកម្ម​នោះ ក៏​បាន​ប្រើប្រាស់​សេចក្តី​ថ្លែងការណ៍​ក្រៅ​បរិបទ​របស់​លោក Biden ផងដែរ ដើម្បី​បង្ហាញ​ថា លោក Biden ​មាន​ភាព​ទន់ជ្រាយ​ចំពោះ​ប្រទេស​ចិន និង​បាន​ចោទ​ប្រកាន់​លោក Biden ដោយ​គ្មាន​ភ័ស្តុតាង​បញ្ជាក់​ថា បាន​ពាក់ព័ន្ធ​នឹង​ផ្នែក​ហិរញ្ញវត្ថុ ដែល​កូនប្រុស​របស់​លោក គឺ​លោក Hunter Biden «បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​មាន​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ» ជាមួយ​នឹង​ជំនួញ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន»។

មុន​ពេល​មាន​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​នេះ លោក Trump បាន​ប្រើប្រាស់​កំណើន​សេដ្ឋកិច្ច​ដ៏​ខ្លាំង​ក្នុង​អំឡុង​ពេល​លោក​កាន់តំណែង​ជា​ប្រធានាធិបតី ជា​ប្រធានបទ​ដ៏​សំខាន់​ក្នុង​យុទ្ធនាការ​ឃោសនា​របស់​លោក។

ឥឡូវនេះ ការបិទ​អាជីវកម្ម​ស្ទើតែ​គ្រប់​ទីកន្លែង​ដើម្បី​ជា​ការទប់ស្កាត់​ការរាតត្បាត​នៃ​វីរុស​កូរ៉ូណា​នេះ បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​អាមេរិក​រាប់​លាន​នាក់ គ្មាន​ការងារ​ធ្វើ។

ការស្ទង់មតិ​បង្ហាញ​ពី​អត្រា​អ្នកគាំទ្រ​លោក​ប្រធានាធិបតី បាន​ធ្លាក់​ចុះ ដោយសារ​ពលរដ្ឋ​អាមេរិកាំង​ភាគច្រើន​មើលឃើញ​ថា របៀប​ចាត់ចែង​របស់​លោក Trumpមិន​មាន​លក្ខណៈ​ស្ថិតស្ថេរ ចំពោះ​វិបត្តិ​សុខភាព​សាធារណៈ និង​សេដ្ឋកិច្ច។

លោក Trump និង​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ទទូច​ថា ប្រទេស​ចិន​គួរតែ​ប្រឈមនឹងការ​ទទួល​ខុស​ត្រូវចំពោះ​ការណ៍​ដែល​ខ្លួន​បាន​លាក់បាំង​ភាពធ្ងន់ធ្ងរ​នៃ​វិបត្តិ​សុខភាព​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា និង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដែល​ថា វីរុស​នេះ​មាន​ប្រភព​ពី​សហរដ្ឋ​អាមេរិក។

ក៏ប៉ុន្តែ ក្រុម​អ្នករិះគន់​លោក Trump យល់​ឃើញ​ថា សារ​ខាងលើ​នេះ គឺជា​ការប៉ុនប៉ង​បង្វែរ​ការស្តីបន្ទោស​រឿង​ដែល​សហរដ្ឋ​អាមេរិក​ឆ្លើយតប​យឺត​ទៅ​នឹង​បញ្ហា​រោគ​រាតត្បាត ដែល​បាន​ឆក់​យក​អាយុ​ជីវិត​ពលរដ្ឋ​អាមេរិក​ប្រមាណ​ជាង ៤២,០០០ នាក់ គិត​ដល់ត្រឹម​ថ្ងៃ​ទី ២១ ខែមេសា។

លោក Robert Daly ជា​អ្នកវិភាគ​អំពី​ប្រទេស​ចិន​នៅ​មជ្ឈមណ្ឌល Wilson។ លោក​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «ការរិះគន់​របស់​រដ្ឋបាល​លោក Trump ទៅ​លើ​ចិន ចង់​និយាយ​ថា​ប្រសិនបើ​ចិន​មាន​តម្លាភាព​ល្អ​ឥត​ខ្ចោះ​នោះ សហរដ្ឋ​អាមេរិក​ក៏​នឹង​មាន​យុទ្ធសាស្ត្រ​ល្អ​ឥតខ្ចោះ​ក្នុង​ការឆ្លើយតប​ដែរ។ ហើយ​យើង​ដឹង​ថា នោះ​វា​មិនមែន​ជា​ការពិត​ទេ»។

ក្នុង​ពេល​ចោទ​ប្រកាន់​ទៅ​លើ​លោក​Biden អំពី​ការទទួល​បាន​ផលប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​ពុករលួយ​នោះ ក្រុម​អ្នករិះគន់​និយាយ​ថា លោក Trump និង​ក្រុម​គ្រួសារ​របស់​លោក​ផ្ទាល់ គឺ​មិនមាន​តម្លាភាព​ទេ អំពី​ការធ្វើ​ជំនួញ​ផ្ទាល់ខ្លួន​របស់​ពួកគេ​នៅ​ជុំវិញ​ពិភព​លោក ដោយ​ពួកគេ​កត់សម្គាល់​ថា លោក​ប្រធានាធិបតី​មិន​ទាន់​បាន​ចេញ​លិខិត​ប្រកាស​ពន្ធ​ណា​មួយ​នៅ​ឡើយ​ទេ។

ក៏ប៉ុន្តែ​ការ​អះ​អាងរបស់​លោក Trump ដែលថាទ្រព្សសម្បត្តិ​ផ្ទាល់​ខ្លួន​របស់​លោក ពិត​ជា​បាន​ធ្វើ​ឲ្យ​លោក​រួចផុត​ពី​ឥទ្ធិពល​ខាងក្រៅ​នោះ នៅតែ​បន្ត​ទាក់ទាញ​អ្នកគាំទ្រ​របស់​លោក​ជាច្រើន។

លោក Matt Grossmann ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកល​វិទ្យាល័យ​រដ្ឋ Michigan បាន​ថ្លែង​ទៀត​ថា៖ «នោះ​ជា​យុទ្ធសាស្រ្ត​ដ៏​សាមញ្ញ​ដែល​មាន​ប្រជាប្រិយភាព​មួយ ដែល​វា​មាន​ន័យ​ថា អ្នក​ដឹង​ហើយ «ពួកគេ​ទាំងអស់​សុទ្ធតែ​ពុករលួយ។ ខ្ញុំ​ក៏​ពុករលួយដែរ តែ​ខ្ញុំ​ពុករលួយដើម្បី​ផល​ប្រយោជន៏​របស់​លោកអ្នក»។

យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​លោក Biden បាន​ឆ្លើយតប​ទៅ​វិញ​តាម​រយៈ​ការផ្សាយសារ​នយោបាយរបស់​ខ្លួន។ នៅក្នុង​សារ​នោះ មាន​ការ​ចោទប្រកាន់​លោក Trump ថា មិន​អើពើ​នឹង​របាយការណ៍​ស៊ើបការណ៍​សម្ងាត់​ដំបូង​ដែល​ព្រមាន​ពី​ការគំរាម​កំហែង​នៃ​វីរុស​កូរ៉ូណា ហើយ​នឹង​ការណ៍​ដែល​លោក Trump សរសើរ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជិនពីង​នៅ​ចំ​ពេល​មាន​វិបត្តិ​ដើម្បី​ការពារ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​ទើប​តែ​ចុះ​ហត្ថលេខា​កាលពី​ពេល​ថ្មីៗ​នេះ រវាង​សហរដ្ឋ​អាមេរិក​និង​ចិន។

យុទ្ធនាការ​ឃោសនា​របស់គណបក្សទាំងពីរ​នេះ ​រិះគន់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំងកាន់​តែខ្លាំង​ឡើង​ៗ ដែល​ឆ្លុះ​បញ្ចាំង​ពី​កំហឹង​របស់​សាធារណៈជន​ដែល​កំពុង​កើនឡើង​នៅ​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​ចិន​ដែល​ជា​ប្រភពដើម​នៃ​វីរុស​ដ៏​មរណៈ ដែល​មនុស្ស​រាប់​លាន​នាក់​បាន​ឆ្លង និង​ដែល​បាន​បណ្តាល​ឲ្យ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក​ គាំង​ដំណើរ៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG