នៅថ្ងៃពុធ លោក Bernie Sanders សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Vermont នៃគណបក្សប្រជាធិបតេយ្យ បានសម្រេចដកខ្លួនចេញពីការប្រកួតដំណើមយកបេក្ខភាពជាបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២០។
ថ្លែងពីគេហដ្ឋានរបស់លោកនៅរដ្ឋ Vermont លោក Sanders បានចាត់ទុកដៃគូប្រជែងរបស់លោក ដែលមកពីគណបក្សប្រជាធិបតេយ្យដូចគ្នា គឺលោក Joe Biden ថា «ជាបុគ្គលដ៏សមរម្យម្នាក់» ហើយលោកថា លោកនឹងធ្វើការជាមួយលោក Biden ពាក់ព័ន្ធនឹង «គោលការណ៍កែទម្រង់គោលនយោបាយ»។
លោក Sanders បានបន្ថែមថា បើទោះបីជាលោកដកខ្លួន មិនធ្វើយុទ្ធនាការស្វែងរកសំឡេងឆ្នោតដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីក្តី ក៏លោកនៅតែបន្តរក្សាឈ្មោះជាបេក្ខភាពរបស់លោក នៅលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតបឋម នៅតាមរដ្ឋមួយចំនួនដែលគ្រោងនឹងធ្វើឡើងតទៅទៀត។
លោកសង្ឃឹមថា ការសម្រេចធ្វើបែបនេះ អាចនឹងជួយឲ្យរូបលោកឈ្នះចំនួនប្រតិភូបន្ថែមទៀត មុននឹងសន្និបាតជាតិគណបក្សប្រជាធិបតេយ្យ នឹងមកដល់នៅខែសីហាខាងមុខនេះ។ ការណ៍ឈ្នះចំនួនប្រតិភូបន្ថែម មានន័យថា លោកអាចមានសំឡេងក្នុងការតាក់តែងគោលការណ៍ទូទៅនៃគោលនយោបាយរបស់គណបក្សប្រជាធិបតេយ្យបាន។
លោក Joe Biden ដែលជាអតីតអនុប្រធានាធិបតីក្រោមរដ្ឋបាលលោកប្រធានាធិបតី អូបាម៉ា បានក្លាយជាបេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សប្រជាធិបតេយ្យ ដែលត្រូវប្រឈមនឹងការប្រកួតប្រជែងដើម្បីក្លាយជាប្រធានាធិបតីតទល់ជាមួយនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២០ ដែលគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកាខាងមុខនេះ៕