កាលពីពេលថ្មីៗ នេះ លោក ត្រាំ បានសុំសន្លឹកឆ្នោតមួយសម្រាប់ធ្វើការបោះឆ្នោត ដោយអវត្តមានតាមរយៈការផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍នៅក្នុងការបោះឆ្នោតប្រធានាធិបតីបឋមក្នុងរដ្ឋ Florida ដែលជារដ្ឋនៅជាប់ឆ្នេរមហាសមុទ្រ អាត្លង់ទិកដែលនៅពេលនេះ លោកអះអាងថា ជាកន្លែងរស់នៅផ្លូវការរបស់លោក នៅក្រោយលោកបានចំណាយពេលមួយជីវិតលោកជាអ្នកស្រុករដ្ឋញូវយ៉ក។
ក៏ប៉ុន្តែលោកបាននិយាយតាម Twitter កាលពីថ្ងៃពុធទី៨ខែមេសាថា៖ «ពួកសាធារណរដ្ឋគួរប្រយុទ្ធខ្លាំងក្លាប្រឆាំងការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍នៅទូទាំងរដ្ឋ»។
ប្រធានាធិបតីអាមេរិកាំងរូបនេះបាននិយាយថា៖ «ពួកប្រជាធិបតេយ្យកំពុងស្រែកតវ៉ាចង់ឱ្យមានការបោះឆ្នោតបែបនេះ។ការធ្វើបែបនេះនាំឱ្យមានលទ្ធភាពនៃការបន្លំសន្លឹកឆ្នោត ហើយអាចបណ្តាលឱ្យពួកសាធារណរដ្ឋចាញ់ឆ្នោតថែមទៀតផងដែរ»។
នៅពេលមានភាពមិនប្រាកដប្រជាអំពីការរាតត្បាតនៃមេរោគវីរុសកូរ៉ូណានៅក្នុងស.រ.អា. ហើយការបោះឆ្នោតបឋមមួយចំនួនបានត្រូវពន្យារពេលហើយនោះ សមាជិកខ្លះនៃសភាស.រ.អា. ដោយភាគច្រើនជាអ្នកគណបក្សប្រជាធិបតេយ្យនោះបានជំរុញឱ្យមានការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ឱ្យបានច្រើនជាងមុនជាការបន្ថែមលើការបោះឆ្នោតដោយផ្ទាល់។
កាលពីថ្ងៃអង្គារទី៧ខែមេសានៅក្នុងរដ្ឋ Wisconsin នាប៉ែកកណ្តាលខាងលិចស.រ.អា. មនុស្សរាប់ម៉ឺននាក់បានទៅបោះឆ្នោតដោយផ្ទាល់នៅក្នុងការបោះឆ្នោតបឋមនៃគណបក្សប្រជាធិបតេយ្យ ទោះណាជាប្រជារាស្ត្រទាំងនេះបានឈរបន្តគ្នារហូតដល់ពីរម៉ោងកន្លះដើម្បីបោះឆ្នោតក៏ដោយ។ ជាញឹកញយក្រុមអ្នកបោះឆ្នោតបានពាក់ម៉ាស់ហើយឈរឃ្លាតពីគ្នាពីរម៉ែត្រដើម្បីឱ្យមានសុវត្ថិភាពនៅពេលពួកគេបង្ហាញខ្លួននៅឯស្ថានីយ៍បោះឆ្នោត។
ពួកសាធារណរដ្ឋនៅក្នុងរដ្ឋ Wisconsin និងគណបក្សសាធារណរដ្ឋបានជំទាស់នឹងការពន្យារថ្ងៃកំណត់ចុងក្រោយបង្អស់នៃការបោះឆ្នោតដោយអវត្តមាននៅពេលការបោះឆ្នោតថ្ងៃអង្គារទី៧ខែមេសាជិតមកដល់។
លោកអតីតអនុប្រធានាធិបតី Joe Biden ដែលទំនងជាគូប្រជែងរបស់លោកTrump មកពីខាងគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៣ខែវិច្ឆិកានោះឋិតនៅក្នុងចំណោមពួកជនអំពាវនាវឱ្យមានការពន្យារពេលបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍។
ជាយូរយាមកហើយ ពួកប្រជាធិបតេយ្យបានសម្តែងការគាំទ្រដល់ការពង្រីកលទ្ធភាពបោះឆ្នោតតាមរយៈការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ដោយផ្អែកលើទ្រឹស្តីថា វាផ្តល់ជម្រើសងាយជាងមុនក្នុងការបោះឆ្នោតជាជាងបង្ហាញខ្លួននៅឯស្ថានីយ៍បោះឆ្នោតនៅថ្ងៃបោះឆ្នោតដោយមានមនុស្សច្រើនជាងមុនអាចបោះឆ្នោតបាន។
ការបោះឆ្នោតបែបនេះក៏ទំនងជានឹងជួយពួកប្រជាធិបតេយ្យឱ្យឈ្នះឆ្នោតច្រើនជាងមុនដែរ។ការបោះឆ្នោតកាលពីពេលមុនៗបានបង្ហាញថា ពួកអ្នកបោះឆ្នោតខាងគណបក្សសាធារណរដ្ឋមានការប្តេជ្ញាជាងពួកប្រជាធិបតេយ្យក្នុងការបង្ហាញខ្លួននៅកន្លែងបោះឆ្នោត ហើយក្នុងឋានៈជាក្រុមមួយ ពួកនេះមិនត្រូវការឱ្យមានការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ទេ។
លោក ត្រាំ បាននិយាយអះអាងថា ប្រសិនបើការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ក្លាយទៅជាវិធីសំខាន់មួយនៃការបោះឆ្នោត «លោកអ្នកនឹងឃើញថាគ្មានអ្នកសាធារណរដ្ឋណាម្នាក់ជាប់ឆ្នោតនៅក្នុងប្រទេសនេះទៀតទេ»។
ជាការណ៍ពិតជាក់ស្តែងការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍មានមុខនាទីសំខាន់មួយរួចស្រេចហើយនៅក្នុងការបោះឆ្នោតខ្លះនៅក្នុងស.រ.អា. ក៏ប៉ុន្តែមិនមែននៅទូទាំងប្រទេសអាមេរិកទេ ហើយក៏មិនមែនតែនៅក្នុងរដ្ឋលម្អៀងទៅខាងគណបក្សប្រជាធិបតេយ្យដែរ។
វិទ្យាស្ថាន National Vote at Home និយាយថា នៅក្នុងផ្នែកខាងលិចប្រទេស៦៩ភាគរយនៃសន្លឹកឆ្នោតបានត្រូវបោះតាមប្រៃសណីយ៍ក៏ប៉ុន្តែមានតែ២៧ភាគរយទេនៅទូទាំងប្រទេសអាមេរិក។
ប៉ែកខាងលិចនៃប្រទេសអាមេរិកដោយមានរួមបញ្ចូលទាំងរដ្ឋ Utah ដែលជារដ្ឋអភិរក្សនិយមខ្លាំងផងដែរហើយដែលបោះឆ្នោតគាំទ្រច្រើនដល់ពួកសាធារណរដ្ឋនោះ បានចាត់វិធានកាន់ការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍សឹងតែទាំងស្រុងកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ។រដ្ឋលេខាធិការខាងកិច្ចការរដ្ឋនៃរដ្ឋ វ៉ាស៊ីនតោន នៅផ្នែកពាយ័ព្យប្រទេសអាមេរិកខាងគណបក្សសាធារណរដ្ឋក៏គាំទ្រឱ្យមានការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ដែរ។
ពួកប្រជាធិបតេយ្យគ្មានជោគជ័យនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេឱ្យបញ្ចូលជំនួយហិរញ្ញវត្ថុដល់រដ្ឋដែលអនុម័តយកការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ទេពីព្រោះកាលពីពេលថ្មីៗនេះ ពួកគេ បានអនុម័តកញ្ចប់ជួយសង្គ្រោះមានទឹកប្រាក់២លានលានដុល្លារនៅពេលស.រ.អា.មានការរាតត្បាតដោយមេរោគវីរុសកូរ៉ូណា។
ពួកសាធារណរដ្ឋនៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន បានប្រឆាំងជាខ្លាំងនឹងការបោះឆ្នោតបែបនេះ ដោយនិយាយយោងអំពីកង្វល់ខាងសន្តិសុខនិងជំទាស់នឹងការកែប្រែច្បាប់បោះឆ្នោតជាផ្នែកមួយនៃវិធានការផ្តល់ជំនួយនៅពេលស.រ.អា.មានការរាតត្បាតដោយមេរោគវីរុសកូរ៉ូណា។
នៅពេលនេះ សកម្មជនប្រជាធិបតេយ្យម្នាក់គឺអ្នកស្រី Neena Tanden ប្រធាននៃមជ្ឈមណ្ឌល Center for American Progress បាននិយាយថា៖ «ជាមួយភាពឆ្កួតវង្វេងនៃរដ្ឋ Wisconsinពួកប្រជាធិបតេយ្យមានភ័ស្តុតាងថា ពួកគេត្រូវការធ្វើការបោះឆ្នោតបែបនេះឱ្យទៅជាការចាំបាច់មួយសម្រាប់ការបោះឆ្នោតក្នុងខែវិច្ឆិកា»។
អ្នកស្រី Tanden បានសុំដល់ពួកប្រជាធិបតេយ្យឱ្យធ្វើឱ្យប្រាកដប្រជាថា ការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ក្លាយទៅជាលទ្ធភាពមួយនៅទូទាំងប្រទេសជា«ផែនការជំនួស»មួយក្នុងករណីដែលការរាតត្បាតនៃមេរោគវីរុសកូរ៉ូណាបន្ថយចំនួនមនុស្សទៅបោះឆ្នោតដោយផ្ទាល់។
នៅក្នុងសន្និសីទកាសែតរបស់លោកអំពីមេរោគវីរុសកូរ៉ូណាកាលពីថ្ងៃអង្គារទី៧ខែមេសាលោក Trump បានសម្តែងការជំទាស់របស់លោកដល់ការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ជាពិសេសខ្លាចមានសកម្មជនខ្លះប្រមូលសន្លឹកឆ្នោតនៃមនុស្សច្រើននាក់ជាជាងមនុស្សផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ដោយខ្លួនឯង។
លោក Trump បានថ្លែងថា៖ «ការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍នាំឱ្យមានហានីភ័យខ្លាំងណាស់សម្រាប់ប្រទេសនេះ ពីព្រោះមានការគៃបន្លំ។ ពួកគេទៅប្រមូលសន្លឹកឆ្នោតនាំឱ្យមានការគៃបន្លំនៅក្នុងករណីជាច្រើន។ លោកអ្នកត្រូវទៅបោះឆ្នោត។ ពួកអ្នកបោះឆ្នោតត្រូវមានអត្តសញ្ញាណអ្នកបោះឆ្នោត។លោកអ្នកចង់ធ្វើការបោះឆ្នោតឱ្យបានត្រឹមត្រូវ។ លោកអ្នកត្រូវមានអត្តសញ្ញាណអ្នកបោះឆ្នោត»៕
ប្រែសម្រួលដោយឈឹម សុមេធ