ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ថា ស្ថានការណ៍​អាក្រក់​បំផុត​នៃ​វិបត្តិ​ជំងឺ​កូវីដ ១៩ មិន​ទាន់​កើត​ឡើង​នៅ​ឡើយ​ទេ


បុរស​ម្នាក់​ដែល​ពាក់​ម៉ាស់​ដើរ​ពី​មុខ​ផ្ទាំង​បដា​មួយ​ដែល​ណែនាំ​ឱ្យ​មនុស្ស​ស្នាក់​នៅ​ផ្ទះ នៅ​ហាង​ទំនិញ​មួយ​នៅ​ក្នុង​ក្រុង​បែរឡាំង ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក​លោក Tedros Adhanom Ghebreyesus បាន​និយាយ​ថា ស្ថានការណ៍​អាក្រក់​បំផុត​នៃ​វិបត្តិ​ជំងឺ​កូវីដ ១៩ មិន​ទាន់​កើត​ឡើង​នៅ​ឡើយ​ទេ ទោះបីជា​ប្រទេស​មួយ​ចំនួន​ចាត់​វិធានការ​ដំបូងៗ​នៅ​ក្នុង​ការ​បើក​ប្រទេស​បណ្ដើរៗ​ក៏​ដោយ។

លោក Tedros បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា៖ «សូម​ជឿ​ពួក​យើង​ចុះ ស្ថានការណ៍​អាក្រក់​បំផុត [នៃ​វិបត្តិ​ជំងឺ​កូវីដ ១៩] មិន​ទាន់​កើត​ឡើង​នៅ​ឡើយ​ទេ។ ចូរ​ការពារ​កុំ​ឲ្យ​សោកនាដកម្ម​នេះ​កើត​ឡើង។ វា​ជា​មេរោគ​ដែល​មនុស្ស​ជា​ច្រើន​នៅ​មិន​ទាន់​យល់​ពី​វា​នៅ​ឡើយ»។

លោក​បាន​ប្រៀបធៀប​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ ១៩ ដែល​បាន​ឆ្លង​ដល់​មនុស្ស​ជិត ២ លាន ៥ សែន​នាក់ និង​សម្លាប់​មនុស្ស​ជាង ១ សែន ៧ ម៉ឺន​នាក់​នៅ​លើ​ពិភពលោក​នេះ ទៅ​នឹង​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ​ឆ្នាំ ១៩១៨ ដែល​មាន​ឈ្មោះ​ថា Spanish flu ដែល​បាន​សម្លាប់​មនុស្ស​រហូត​ដល់​ប្រហែល ១០០ លាន​នាក់​នៅ​ទូទាំង​ពិភពលោក។ ប៉ុន្តែ លោក​បាន​បញ្ជាក់​ថា ស្ថានការណ៍​ធ្ងន់ធ្ងរ​ដូច​នេះ​គឺ​អាច​ទប់ទល់​បាន។

លោក Tedros ថ្លែង​ដូច្នេះ​ថា៖ «ឥឡូវ​នេះ យើង​មាន​បច្ចេកវិទ្យា។ យើង​អាច​រារាំង​មិន​ឲ្យ​ស្ថានការណ៍​ឬ​ក៏​វិបត្តិ​នេះ​កើត​ឡើង​បាន»។

លោក​ថែម​ទាំង​បាន​ការពារ​អង្គការ​សុខភាព​ពិភពលោក​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ដែល​ថា អង្គការ​នេះ​បរាជ័យ​នៅ​ក្នុង​ការ​ចែកចាយ​ព័ត៌មាន​ឲ្យ​បាន​គ្រប់គ្រាន់ និង​មាន​តម្លាភាព​អំពី​ជំងឺ​កូវីដ ១៩ នៅ​ពេល​ដំបូងៗ​នៃ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​នេះ​នៅ​ក្នុង​ប្រទេស​ចិន​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន៕

XS
SM
MD
LG