គណៈកម្មការសុខាភិបាលចិន និយាយកាលពីថ្ងៃសុក្រថា មានមនុស្ស១២១នាក់បន្ថែមទៀតបានស្លាប់ពីមេរោគកូរ៉ូណាប្រភេទថ្មី ដែលធ្វើចំនួនអ្នកស្លាប់សរុបកើនដល់ជិត១.៤០០នាក់។
គណៈកម្មការនេះក៏បានរាយការណ៍ថាមានករណីឆ្លងថ្មីចំនួន៥.០៩០ករណីថែមទៀត។
ថ្លែងទៅកាន់អ្នកកាសែតកាលពីថ្ងៃសុក្រ អនុរដ្ឋមន្ត្រី Zeng Tixin នៃគណៈកម្មការសុខាភិបាលចិន ថែ្លងថា មានបុគ្គលិកសុខាភិបាលចំនួន១.៧១៦នាក់ក៏បានឆ្លងវីរុសកូរ៉ូណានេះ ហើយពួកគេ៦នាក់បានស្លាប់។
ក្រោយការធ្វើបច្ចុប្បន្នភាពតួលេខមក ចំនួនសរុបនៃអ្នកបានឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីដែលឈ្មោះជាផ្លូវការថា COVID-19 នេះ មានចំនួនដល់៦៣.៨៥១នាក់ត្រឹមយប់ថ្ងៃព្រហស្បតិ៍។
អ្នកនាំពាក្យអង្គការសុខភាពពិភពលោក Tarik Jasarevic បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ថា ការកើនឡើងច្រើននៃចំនួនករណីអ្នកឆ្លងមេរោគថ្មីនេះ បង្ហាញពីការឲ្យនិយមន័យទូលំទូលាយជាងមុនចំពោះការធ្វើរោគវិនិច្ឆ័យជំងឺនេះ។ លោកថា អង្គការសុខភាពពិភពលោកចង់ឲ្យប្រទេសចិនផ្តល់«ការបំភ្លឺបន្ថែមទៀត»អំពីវិធីសាស្ត្រកំណត់ជំងឺនេះ។
កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលវៀតណាមត្រូវបានសារព័ត៌មានក្នុងស្រុករាយការណ៍ថា បានបញ្ជាឲ្យបិទសកម្មភាពក្នុងភូមិមួយដែលមានប្រជាជន១០.០០០នាក់ ដែលការបិទនេះធ្វើឲ្យវៀតណាមក្លាយជាប្រទេសទី១ក្រៅពីប្រទេសចិនដែលបានដាក់កំហិតបិទតំបន់ប្រជុំជនណាមួយ។ អាជ្ញាធរវៀតណាមបានដាក់កន្លែងត្រួតពិនិត្យចេញចូលនៅភូមិ Son Loi នៅពាយ័ព្យក្រុងហាណូយ ក្រោយពីមានការរាយការណ៍នៃការកើនឡើងករណីឆ្លងមេរោគនៅភូមិ Son Loi នោះ៕