នាវាកំសាន្ដក្រុមហ៊ុន Holland America Line របស់អង់គ្លេសនិងសហរដ្ឋអាមេរិក ដែលត្រូវបានរដ្ឋាភិបាលចំនួនបួនបដិសេធមិនឲ្យចូលចតដោយសារភ័យខ្លាចការឆ្លងមេរោគកូរ៉ូណាវីរុសប្រភេទថ្មី បានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងចុះចតនៅកំពង់ផែក្នុងប្រទេសកម្ពុជា។
ប្រទេសថៃបានបដិសេធកាលពីថ្ងៃអង្គារមិនឲ្យនាវាកំសាន្តMS Westerdam ចុះចតនៅកំពង់ផែរបស់ខ្លួនទេ បន្ទាប់ពីនាវានេះត្រូវបានរដ្ឋាភិបាលហ្វីលីពីន តៃវ៉ាន់ និងជប៉ុនបដិសេធមិនឲ្យចុះចតនៅកំពង់ផែរបស់ពួកគេ។
នាវានេះមិនត្រូវបានរដ្ឋាភិបាលទាំងនោះស្វាគមន៍ឲ្យចុះចតទេ បើទោះជាមានការធានាពីក្រុមហ៊ុន Holland America Line ថា គ្មានអ្នកដំណើរណាម្នាក់ក្នុងចំណោមអ្នកដំណើរទាំង២២០០នាក់លើនាវានេះឆ្លងមេរោគកូរ៉ូណាវីរុសប្រភេទ COVID-19ថ្មីនេះឡើយ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy បានបញ្ជាក់លើសារ Twitter កាលពីយប់ថ្ងៃពុធថា កម្ពុជាពិតជាបានអនុញ្ញាតឲ្យនាវានេះចុះចតនៅកំពង់ផែរបស់ខ្លួនក្នុងក្រុងព្រះសីហនុប្រាកដមែន។
លោកបានថ្លែងទៀតថា លោកបានបញ្ជូនក្រុមការងាររបស់ស្ថានទូតអាមេរិកមួយក្រុមឲ្យទៅធ្វើការជាមួយនឹងអ្នកតំណាងរបស់នាវានិងក្រុមមន្ត្រីកម្ពុជា ដើម្បីជួយពលរដ្ឋអាមេរិកាំងចេញពីនាវានោះ និងបញ្ជូនពួកគេទៅកាន់ទិសដៅរៀងៗខ្លួន។
លោក Murphy បានសរសេរថា៖ «យើងក៏បានសហការជាមួយនឹងស្ថានទូតនៃប្រទេសផ្សេងទៀតផងដែរ»។
ការភ័យខ្លាចអំពីការឆ្លងរាតត្បាតមេរោគកូរ៉ូណាវីរុសថ្មីនេះកាន់តែកើនឡើង ចាប់តាំងពីក្រសួងសុខាភិបាលជប៉ុនបានបញ្ជាក់ថា មានអ្នកឆ្លងមេរោគកូរ៉ូណាវីរុសនេះយ៉ាងហោចណាស់ចំនួន១៧៤នាក់នៅលើនាវាកំសាន្តមួយផ្សេងទៀត ដែលត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកក្នុងទីក្រុង Yokohama ប្រទេសជប៉ុន។
សេចក្ដីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ក្រុមហ៊ុន Holland America Line បានឲ្យដឹងថា នាវា Westerdam នេះនឹងមកដល់ក្រុងព្រះសីហនុនៅព្រឹកថ្ងៃព្រហស្បតិ៍។ ដំណើរកំសាន្តនេះនឹងបញ្ចប់នៅទីនេះ ហើយអ្នកដំណើរនឹងចេញពីនាវានេះនៅប៉ុន្មានថ្ងៃខាងមុខ មុននឹងបន្តធ្វើដំណើរតាមជើងហោះហើរទៅកាន់ទីក្រុងភ្នំពេញ ដើម្បីបន្តដំណើរតាមជើងហោះហើរទៅកាន់ប្រទេសរបស់ពួកគេវិញ។
សេចក្ដីថ្លែងការណ៍នោះមានខ្លឹមសារថា៖ «យើងបានទទួលការអនុញ្ញាត ហើយយើងដឹងគុណយ៉ាងខ្លាំងចំពោះអាជ្ញាធរកម្ពុជាដែលបានគាំទ្រ»។
នាវាកំសាន្ត Westerdam នេះបានចេញដំណើរកាលពីខែមុន ពីប្រទេសសិង្ហបុរី។ ប៉ុន្តែនាវានេះត្រូវហាមឃាត់មិនចុះចតនៅទីក្រុងហុងកុង ដែលមានការឆ្លងកូរ៉ូណាវីរុសថ្មីនេះចំនួន៥០ករណីរួចមកហើយ។
អ្នកនាង Christina Kerby ដែលជាអ្នកដំណើរម្នាក់នៅលើនាវានោះបានបង្ហោះសារនិងរូបថតលើបណ្ដាញសង្គម Twitter និងបានសម្ដែងការធូរចិត្តនៅពេលបានដឹងថា កម្ពុជាបានអនុញ្ញាតឲ្យនាវាកំសាន្តដែលអ្នកនាងកំពុងជិះ អាចចុះចតនៅកំពង់ផែកម្ពុជាបាន។
អ្នកនាង Kerby បានបង្ហោះសារ Twitter ថា «ត្រឡប់ទៅផ្ទះវិញហើយ! នាវា Westerdam កំពុងធ្វើដំណើរទៅកាន់កម្ពុជា។ អ្នកគ្រប់គ្រងនាវាបានប្រាប់យើងថា គេប្រហែលត្រូវការពេលវេលាប៉ុន្មានថ្ងៃដើម្បីអាចរៀបចំជើងហោះហើរឲ្យពួកយើងទៅកាន់ទីក្រុងភ្នំពេញ រួចបន្តដំណើរទៅកាន់ផ្ទះរបស់យើងវិញ។ ខ្ញុំសប្បាយចិត្តនឹងដំណឹងចុះចតនៅថ្ងៃស្អែកនេះ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអ្នកគាំទ្រចិនដ៏ខ្លាំងក្លា បាននិយាយបន្ធូរបន្ថយការគំរាមកំហែងពីវីរុសប្រភេទថ្មីនេះ ហើយលោកក៏បានគំរាមបណ្ដេញអ្នកសារព័ត៌មានឬមន្ត្រីណា ដែលលោកឃើញថាពាក់ម៉ាសផងដែរ។
ខុសពីប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ី លោកមិនព្រមបិទជើងហោះហើររវាងកម្ពុជានិងចិននោះទេ ដោយនិយាយថា ការធ្វើដូច្នេះអាចនាំឲ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីនិងប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា។ កម្ពុជាបានប្រកាសថា មានអ្នកឆ្លងមេរោគកូរ៉ូណាវីរុសមួយករណី ដែលជាអ្នកដំណើរមកពីប្រទេសចិន។ កម្ពុជាប្រកាសដូច្នេះ ខណៈដែលមានអ្នកទេសចរចិនជាច្រើនមកកំសាន្ត។
ការសិក្សាស្រាវជ្រាវមួយក្នុងពេលថ្មីៗនេះ ដោយក្រុមអ្នកស្រាវជ្រាវនៃសាលាសុខភាពសាធារណៈរបស់សាកលវិទ្យាល័យ Harvard បានលើកឡើងថា កម្ពុជា ឥណ្ឌូណេស៊ី និងថៃ មានករណីអ្នកឆ្លងមេរោគកូរ៉ូណាវីរុសក្នុងចំនួនមួយទាបជាងការរំពឹងទុកយ៉ាងខ្លាំង ខណៈដែលប្រទេសទាំងនេះមានអ្នកទេសចរមកពីចិនយ៉ាងច្រើន ជាពិសេសមកពីតំបន់ដែលមានការឆ្លងរាតត្បាតមេរោគប្រភេទថ្មីនេះយ៉ាងខ្លាំង។
គេនៅមិនទាន់ច្បាស់អំពីគោលដៅបន្ទាប់របស់នាវា Westerdam នេះនៅឡើយទេ។ ក្រុមហ៊ុន Holland America Line បានប្រកាសកាលពីថ្ងៃច័ន្ទថា នាវានេះចុះចតនៅភាគខាងកើតប្រទេសថៃ ប៉ុន្តែកាលពីថ្ងៃអង្គារ រដ្ឋាភិបាលថៃបានហាមឃាត់មិនឲ្យចុះចត ប៉ុន្តែសុខចិត្តរកវិធីផ្សេងដើម្បីផ្ដល់ជំនួយ ដូចជាតាមរយៈការផ្ដល់ប្រេងឥន្ធនៈនិងស្បៀងអាហារជំនួសវិញ។
លោក Stephen Hansen ដែលជាអ្នកដំណើរម្នាក់ទៀត បានផ្ញើសារតាមអ៊ីមែលជាសំឡេងមកថា នាវានោះត្រូវបានអមដំណើរដោយនាវាទាហានជើងទឹករបស់ថៃ មុននឹងធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា។
លោកបាននិយាយថា៖ «ខ្ញុំឮថា កម្ពុជាបានអនុញ្ញាតឲ្យយើងចុះចតហើយ ដោយតម្រូវឲ្យមានការពិនិត្យសុខភាពជាមុនសិន មុននឹងអនុញ្ញាតឲ្យយើងចុះចត។ អ្វីៗទាំងអស់អាស្រ័យលើអ្វីដែលនឹងកើតឡើងនៅព្រឹកស្អែកនៅកម្ពុជា។ ប៉ុន្តែខ្ញុំសង្ឃឹមថា យើងនឹងអាចចុះចតដោយជោគជ័យនៅទីនោះ»៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា