មន្ត្រីសុខាភិបាលចិនបានរាយការណ៍នៅថ្ងៃពុធនេះថា ចំនួននៃអ្នកស្លាប់ដោយសារមេរោគកូរ៉ូណាវីរុសប្រភេទថ្មីបានកើនជាង ១ពាន់ ១ រយនាក់ហើយ។
តួលេខរបស់គណៈកម្មការសុខាភិបាលជាតិចិនបានបង្ហាញថា មានករណីស្លាប់ថ្មីដោយសារមេរោគនេះចំនួន ៩៧ ករណីទៀត និងអ្នកឆ្លងមានចំនួនសរុប ៤ ម៉ឺន ៤ ពាន់ ៦៥៣ នាក់ តាំងពីមេរោគនេះបានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំមុនមក។
ទោះបីជាករណីឆ្លងមេរោគកូរ៉ូណាវីរុសប្រភេទថ្មីនេះកើតឡើងជាចម្បងតែនៅក្នុងប្រទេសចិនក៏ដោយ ក៏គេឃើញមានករណីឆ្លងមេរោគនេះរាប់រយករណីទៀតនៅក្នុងប្រទេសមួយចំនួនផ្សេងទៀត ដោយជាទូទៅអ្នកដែលឆ្លងមេរោគនេះភាគច្រើនជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសចិន។
កាលពីថ្ងៃអង្គារម្សិលមិញ ប្រព័ន្ធផ្សព្វផ្សាយនានាបានរាយការណ៍ថា រដ្ឋបាលខេត្ត Hubei ដែលជាចំណុចស្នូលនៃការផ្ទុះឡើងមេរោគនេះ បានដកមន្ត្រីសុខាភិបាលកំពូលពីររូបរបស់ខ្លួនចេញពីតំណែង។
អង្គការសុខភាពពិភពលោកបានដាក់ឈ្មោះមេរោគថ្មីនេះជាផ្លូវការថា COVID-19 នៅឯកិច្ចប្រជុំកាលពីថ្ងៃអង្គារម្សិលមិញ គឺក្នុងរយៈពេលមួយថ្ងៃក្រោយមក បន្ទាប់ពីប្រធានអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បាននិយាយថា ការឆ្លងមេរោគនេះរវាងមនុស្សនិងមនុស្សដែលមិនដែលធ្លាប់ធ្វើដំណើរទៅប្រទេសចិន អាចក្លាយជាបញ្ហាធ្ងន់ធ្ងរ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃអង្គារម្សិលមិញថា ខ្លួននឹងអនុញ្ញាតឲ្យបុគ្គលិកដែលមិនសំខាន់ចាំបាច់ និងក្រុមគ្រួសាររបស់ពួកគេអាចស្ម័គ្រចិត្តចាកចេញពីស្ថានកុងស៊ុលសហរដ្ឋអាមេរិកនៅក្នុងទីក្រុងហុងកុងបាន ដោយសារតែត្រូវមានការប្រយ័ត្នប្រយែងទាក់ទងនឹងភាពស្រពិចស្រពិលនៃមេរោគកូរ៉ូណាវីរុសប្រភេទថ្មីនេះ៕