ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាវា​កម្សាន្ត​​​ដឹក​មនុស្ស​ជាង២​ពាន់នាក់​ដែល​រដ្ឋាភិបាលបួន​ប្រទេស​បដិសេធ ​ បាន​បោះ​​យុថ្កា​ក្នុងដែន​សមុទ្រ​​កម្ពុជា


នាវាកម្សាន្ត Westerdam ដែលដឹកមនុស្សជាង ២០០០នាក់ ហើយដែលរដ្ឋាភិបាលចំនួនបួនបដិសេធមិនឲ្យចូលចតដោយសារបារម្ភថា អាចមានមេរោគកូរ៉ូណា បានបោះយុថ្កាលើផ្ទៃសមុទ្រនៅក្នុងប្រទេសកម្ពុជាចម្ងាយជាងពីរគីឡូម៉ែត្រពីច្រាំងនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)

នាវា​កម្សាន្ត​ Westerdam ​ ដែល​ដឹក​មនុស្ស​ជាង ២០០០នាក់ ហើយ​ដែល​រដ្ឋាភិបាល​ចំនួនបួន​បដិសេធ​មិន​ឲ្យ​ចូលចត​ដោយសារ​បារម្ភថា ​អាច​មាន​មេរោគ​កូរ៉ូណា​ បានបោះយុថ្កា​លើ​ផ្ទៃ​សមុទ្រ​នៅក្នុង​ប្រទេស​កម្ពុជានា​ព្រឹកថ្ងៃ​ព្រហស្បតិ៍​នេះ ​ក្រោយ​ទទួល​បាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​កម្ពុជា​។

នាវា​កម្សាន្ត​របស់​ក្រុម​ហ៊ុន​អង់គ្លេស និង​សហរដ្ឋអាមេរិកដែល​មាន​ប្រវែង​ ២៨០​ម៉ែត្រ​ ​ត្រូវ​បាន​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​ អនុញ្ញាត​ឲ្យ​ចូលចត​នៅ​ចម្ងាយ​ប្រមាណ​ពីរ​គីឡូ​ម៉ែត្រកន្លះពី​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ​មុន​ម៉ោង ៧​ព្រឹក​បន្តិចនៅ​ថ្ងៃ​នេះ​។

នាវា​របស់​ក្រុមហ៊ុន​ ​Holland ​America Line​ ត្រូវបាន​រដ្ឋាភិបាល​ជប៉ុន​ កោះ​តៃវ៉ាន់ ​ហ្វីលីពីន​ និងថៃ ​បដិសេធ​មិន​ឲ្យ​ចូលចត​ ដោយសារ​ខ្លាច​មាន​អ្នកផ្ទុកមេរោគ​កូរ៉ូណា​ COVID-19 នៅ​លើនាវា​។ នាវាដែល​មាន​គម្រោង​សំចត​ឲ្យ​ភ្ញៀវ​ទេសចរណ៍ដើរ​កម្សាន្តនៅ​កោះ​តៃវ៉ាន់ ​និង​ជប៉ុនត្រូវ​រសាត់អណ្ដែត​ បន្ទាប់​ពី​នាវា​នេះ​ចេញ​ដំណើរ​ពី​ហុងកុង​នៅ​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ។

​លោក​ លូ គឹម​ឈុន​ អគ្គនាយក​កំពង់​ផែស្វយ័ត​ក្រុង​ព្រះ​សីហនុបាន​ប្រាប់​ VOA ថា​អ្នក​ដែល​នៅ​លើ​នាវា​ទាំង​នោះត្រូ​វ​រង់​ចាំ​ការ​ពិនិត្យ​សុខភាព​ដោយក្រុម​អ្នកជំនាញ​សុខាភិបាល​ មុននឹង​បន្ត​ចុះចត​ផ្ទាល់នៅកំពង់​ផែ។

«ធម្មតាកប៉ាល់​រៀប​ចូល​ផែ​គាត់​ត្រូវ​បោះ​យុថ្កា​ចូល​កន្លែង​សិន​ ហើយ​បាន​យើង​មាន​គណៈកម្មការ​រៀបចំ​បែបបទ​ និង​ពី​លុត​ទៅយក​គាត់​ចូលមក​ ដូច​ជា​ប៉ូលិស​អន្តោប្រវេសន៍​ និង​ចត្តា​លីស័ក​។ តាម​ផែនការ​ យើង​រៀបចំ​យន្តហោះ​ Connect [ភ្ជាប់] គាត់​»។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​និយាយ​ថា ​ពួកគេ​ធ្វើ​ការ​ជាមួយ​មន្ត្រី​សុខាភិបាល ​ដើម្បី​ពិនិត្យ​សុខភាព​អ្នក​ទាំង​នោះ។

អ្នក​ស្រីវេជ្ជបណ្ឌិត ឱ ​វណ្ណឌីន ​បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ​មាន​មនុស្ស​ចំនួនប្រមាណ​ ២០​នាក់​នៅលើកប៉ាល់ Westerdam ដែល​ត្រូវបានរាយ​ការណ៍​ថា​ មាន​បញ្ហា​សុខភាព​ដូចជា​ ផ្តាសាយ ​រាគរូស ​និង​មាន​បញ្ហា​ក្រពះ​ និង​ពោះវៀន​ជាដើម​ ដែល​ក្រុម​ការងារ​សុខាភិបាល​កំពុង​រៀបចំ​យក​វត្ថុ​សំណាក​ទៅ​ពិនិត្យ​នៅ​ឯ​វិទ្យាស្ថាន​ប៉ាស្ទ័រ។

«យើង​ទទួល​បាន​ព័ត៌មាន​ពី​កប៉ាល់​មក​ថា​ មាន​អ្នក​ដែល​គាត់​មាន​អាការៈ​មិន​ស្រូវ​ស្រួល។ តែ​មិនទាន់​ថា​ មាន​ជា​បញ្ហា​ COVID-19 ហ្នឹង​ទេ។ អញ្ចឹង​យើង​ត្រូវ​ធ្វើ assessment (ការ​វាយ​តម្លៃ)»។

លោក​ គួច​ ចំរើន​ អភិបាល​ខេត្ត​ព្រះសីហនុបាន​ឲ្យ​ដឹង​ថា ​ក្រុម​ការងារ​ ៨០​នាក់​កំពុង​ធ្វើការ​ពិនិត្យ​សុខភាព​អ្នក​នៅ​លើ​នាវា​ និង​អ្នក​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​នៅ​លើ​នាវា​នោះ។ លោក​បានបន្ថែម​ថា​ អ្នក​ទាំងនោះ​នឹង​មិនត្រូវ​ឲ្យ​ចាកចេញ​ពី​នាវា​ដើរហើរ​ដោយ​គ្មាន​ការ​អនុញ្ញាត​នោះ​ទេ។ ហើយ​រដ្ឋាភិបាល​របស់​អ្នក​ទាំងនោះនឹង​រៀប​ចំ​លិខិត​ស្នាម​ ដើម្បី​ឲ្យ​ពួក​គេ​ចាកចេញ​ពី​ប្រទេស​កម្ពុជា។ ចំពោះ​អ្នក​ដែល​មិន​មាន​លិខិត​ស្នាម​ដើម្បី​ធ្វើ​ដំណើរ​ នឹង​ត្រូវ​នៅ​លើ​នាវា​នោះ។

«ជាក់​ស្តែង​ ដូច​រថយន្ត​ដែល​ត្រូវ​ដឹក​ជញ្ជូន​ពួក​គាត់​ពី​ទី​នេះ​ទៅ​កាន់​ព្រលានយន្តហោះ។ ក្រោយ​ពេល​ការ​ដឹក​អ្នក​ដំណើរ​ យើង​តម្រូវ​ឲ្យ​រថយន្ត​វិល​ត្រឡប់​មក​ទី​នេះ​វិញ​ ដែល​ ទី​១​ យើង​ធ្វើ​ការ​បាញ់ថ្នាំ​ដើម្បី​សម្អាត​មេរោគ​នានា»។

អ្នកនាង Christina​ Kerby ដែល​ជា​អ្នក​ដំណើរ​ម្នាក់​នៅ​លើ​នាវា​នោះ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម Twitter អំពី​ស្ថានភាព​ និង​អារម្មណ៍​អ្នក​ដំណើរ​លើ​នាវា​ក្រោយ​បាន​ចត​នៅ​លើ​ផ្ទៃ​សមុទ្រ​កម្ពុជា។ អ្នក​នាង​សរសេរ​ថា៖

«លោក​កាពីទែន​និយាយ​ថា ​ដំណើរ​ការ​ត្រួត​ពិនិត្យ​អ្នក​ដំណើរ​មុន​នឹង​ចាកចេញ​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ ​គ្រាន់​តែ​វា​ប្រើ​រយៈពេល​វែង​ជាង​ការ​រំពឹង​ទុក​បន្តិច។ មនុស្ស​នៅ​ទី​នេះ​ដូច​ជា​ធូរ​ស្រាល​បន្តិច​ដែល​ពួក​គេ​មាន​ពេល​ហែល​ទឹក​ និង​ញ៉ាំ​ការ៉េម។ [...] អាកាសធាតុ​នៅ​កម្ពុជា​ល្អ​ណាស់»។

អង្គការសុខភាពពិភពលោក​ និង​រដ្ឋាភិបាលអាមេរិក​បាន​កោតសរសើរ​ចំពោះ​ឥរិយាបទ​របស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែលធ្វើទស្សនកិច្ចនៅ​ប្រទេស​ចិន​ក្នុង​ពេលមាន​ការរាលដាល​នៃ​មេរោគកូរ៉ូណា​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ។

អគ្គនាយកនៃអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានបង្ហោះសារនៅលើប្រព័ន្ធសង្គម Twitter របស់លោកកាល​ពីថ្ងៃពុធ ដោយអរគុណ​រដ្ឋាភិបាល​កម្ពុជា​ដែល​អនុញ្ញាត​ឲ្យកប៉ាល់​ទេសចរណ៍​មួយនេះ​ចូលចតក្នុងដែន​ទឹកកម្ពុជា ហើយឲ្យអ្នកធ្វើដំណើរឡើងគោក។ លោក​បាន​ថ្លែងក្នុងន័យដើមយ៉ាងដូច្នេះ​ថា៖

«នេះជាការស្វាគមន៍មួយ​ដែលជាទង្វើសាមគ្គីភាពនៅពេលដែលពិភព​លោក​នៅ​មាន​ឱកាស​ក្នុងការបញ្ចប់ការរាតត្បាតនៃវីរុសកូរ៉ូណា និង​បញ្ចៀស​ភាពភ័យ​ខ្លាច​»​។

​អ្នក​ធ្វើ​ដំណើរ​ជា​លក្ខណៈ​ទេសចរណ៍​នៅ​លើ​កប៉ាល់​នោះ​មាន​ចំនួន​ ១៤៥៥នាក់ និង​ក្រុមការងារ​កប៉ាល់​ចំនួន​ ៨០២​នាក់។​

អាជ្ញាធរ​កំពុង​រៀបចំ​បែប​បទ​ផ្សេងៗ សម្រាប់​អ្នកដំណើរទាំង​នោះ ដែលភាគច្រើនមាន​សញ្ជាតិ​អាមេរិកាំង​។

អ្នកស្រី​ Emily Zeeberg ជា​អ្នកនាំ​ពាក្យ​ស្ថាន​ទូត​សហរដ្ឋអាមេរិក​ប្រចាំកម្ពុជា​ បាន​ប្រាប់​វីអូអេថា​ មាន​ជនជាតិ​អាមេរិក​ជាង​ ៦០០ នាក់​ នៅ​ក្នុង​ចំណោម​អ្នក​នៅ​លើ​នាវា​ Westerdam។​ អ្នកស្រី​ថា ស្ថាន​ទូត​បាន​បញ្ជូន​ក្រុមអ្នកជំនាញ​សុខាភិបាល​របស់​ខ្លួន មានដូចជាក្រុមការងារ​ Centers for Disease Control and Prevention របស់​អាមេរិក​។ ក្រៅ​ពី​នោះ​ លើ​កប៉ាល់នេះ​ មានជនជាតិ​ហូឡង់​ កាណាដា​ អង់គ្លេស​ អូស្ត្រាលី​ ជប៉ុន​ ហ្វីលីពីន​ តៃវ៉ាន់​ ចិន និង​ច្រើនជាង​ ១០សញ្ជាតិទៀត។​

អ្នកស្រី​បានសរសេរ​ក្នុង​សារ​អេឡិចត្រូនិច​ក្នុងន័យ​ដើមយ៉ាង​ដូច្នេះថា​៖

«យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ការខិតខំ​និងការ​ជួយ​សម្រប​សម្រួល​របស់​កម្ពុជា​ ព្រមទាំង​បដិសណ្ឋារកិច្ច​របស់ប្រទេសនេះ​នៅ​ក្នុងគ្រាលំបាកនេះ»​។

កាល​ពី​យប់មិញ ​លោក​ ហ៊ុន សែន បាន​ប្រាប់​ព័ត៌មានក្នុងស្រុក​ Freshnews ថា៖

«បើ​គេ​មិន​ទទួល​កម្ពុជា​ទទួល ​កម្ពុជា​ក៏​ចង់​បង្ហាញ​ថាកម្ពុជា​មិនមែន​គ្រាន់ តែ​សហការ​ជាមួយ​ចិន​នោះ​ទេ ​គឺ​ធ្វើ​ជាមួយ​គ្រប់​ជាតិសាសន៍​ទាំង​អស់​ព្រោះ ​បញ្ហា​នេះ​វា​ក្លាយ​ជា​បញ្ហា​ប្រឈម​ ជាសកល​រួច​ទៅ​ហើយ​ និង​ម្យ៉ាងទៀត​បញ្ហា​មនុស្សធម៌​ ក៏​គ្មាន​ព្រំដែន​ដែរ។ យើង​ត្រូវ​តែ​ជួយ​ពួក​គេ​នៅ​ពេល​ដែល​ពួក​គេ​សុំ​ឱ្យ​យើង​ជួយ​ យើង​ត្រូវ​តែ​ជួយ​គេ​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ»។

កាល​ពី​ចុង​ខែ​មករា កម្ពុជា​រក​ឃើញ​ថា​ បុរស​ជន​ជាតិ​ចិន​ម្នាក់​ដែល​ធ្វើ​ដំណើរ​ពី​ក្រុង​វូហាន កន្លែង​ផ្ទុះ​វីរុស​នេះ បាន​ផ្ទុក​វីរុស​កូរ៉ូណា​។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ចន្ទ​ បុរស​ជនជាតិ​ចិននោះ​ ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យនៅ​ក្នុង​ខេត្ត​ព្រះសីហនុ បន្ទាប់​ពី​ទទួល​បាន​ការ​ព្យាបាលជិត​ពីរ​សប្តាហ៍។

គិត​ត្រឹម​រសៀលថ្ងៃព្រហស្បតិ៍នេះ​ ​មាន​មនុស្ស​ជាង​១៣០០នាក់ នៅ​ក្នុង​ប្រទេស​ចិន បាន​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​វីរុស​ថ្មី​នេះ។ មនុស្ស​ជាង​៦ម៉ឺន​នាក់​ទៀត​បានឆ្លង​វីរុស​ដែល​ផ្ទុះ​នៅ​ទីក្រុង​វូហាន​នៃ​ខេត្ត​ហ៊ុយបេ ​ប្រទេស​ចិន និង​បាន​រីករាល​ដាល​ដល់​ទៅ​ជិត​៣០​ប្រទេស៕​

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG