ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ដំណើរ​នៅលើ​នាវា​ Westerdam​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឡើង​គោក​ជា​បន្តបន្ទាប់​ ដើម្បី​ទៅ​ប្រទេស​គេ​វិញ


អ្នកដំណើរតាមនាវា Westerdam ឈរមើលការចាកចេញរបស់អ្នកដំណើរមួយចំនួន កាលពីព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)
អ្នកដំណើរតាមនាវា Westerdam ឈរមើលការចាកចេញរបស់អ្នកដំណើរមួយចំនួន កាលពីព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)

អ្នក​ធ្វើ​ដំណើរ​ជាង​ ១០០​នាក់​ក្នុង​ចំណោម​អ្នក​ធ្វើ​ដំណើរ​ចម្រុះ​ជាតិ​សាសន៍​ជាង​ ១០០០​នាក់​នៅលើ​នាវា ​Westerdam ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឡើង​គោកនៅ​វេលាម៉ោង​ជាង​៧​ព្រឹកថ្ងៃនេះ​ បន្ទាប់​ពី​រង់ចាំ​ពេញ​មួយ​ថ្ងៃម្សិលមិញ។


ថ្ងៃនេះ​រដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​ឲ្យ​អ្នក​ដំណើរ ៤០០​នាក់​ចាកចេញ​ពី​នាវា។ អ្នក​ដំណើរ​ខ្លះ​នឹង​ទៅ​ភ្នំពេញ ហើយ​អ្នក​ខ្លះ​បន្ត​ដំណើរ​ទៅ​ប្រទេស​ខ្លួន និង​អ្នក​ខ្លះ​ទៀត នឹង​ស្នាក់​នៅ​រាជធានី​ភ្នំពេញ មុន​ពេល​ធ្វើ​ដំណើរ​បន្ត​ទៀត។

នាវា​របស់​ក្រុមហ៊ុន​ ​Holland ​America Line​ នេះ ត្រូវបាន​រដ្ឋាភិបាល​ជប៉ុន​ កោះ​តៃវ៉ាន់ ​ហ្វីលីពីន​ និងថៃ ​បដិសេធ​មិន​ឲ្យ​ចូលចត​ ដោយសារ​ខ្លាច​មាន​អ្នកផ្ទុកមេរោគ​កូរ៉ូណា​ COVID-19 នៅ​លើនាវា​។

អ្នក​ដំណើរ​ម្នាក់​ជនជាតិ​អូស្រ្តាលី អ្នកស្រី Ann-Maree Melling អាយុ​៦៦​ឆ្នាំ​ ដែល​ធ្វើ​ដំណើរ​ជាមួយស្វាមី​របស់​អ្នកស្រីបានប្រាប់ VOA ថា​ នេះ​ជា​លើក​ដំបូង​ដែល​អ្នកស្រី​បាន​មកប្រទេស​កម្ពុជា។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គិត​ថា​ មនុស្ស​នៅ​ខាង​ក្រៅ​បារម្ភ​ខ្លាំង​ជាង​ពួក​យើង​ ពីព្រោះ​យើង​ត្រូវ​បាន​មើល​ថែ​យ៉ាង​ល្អ​ និង​មាន​មាន​ការ​ត្រួតពិនិត្យ​សុខភាព»។

អ្នកស្រី​ថា ​អ្នក​ស្រី​យល់​ពី​មូលហេតុនៃ​ការ​បដិសេធ​មិន​ឲ្យ​នាវា​ចូលចត​ប្រទេស​ផ្សេងៗ។​អ្នកស្រីបាននិយាយ​ថា៖ «យើង​មានការ​មិន​សប្បាយ​ចិត្ត​បន្តិច​បន្តួច ប៉ុន្តែ​យើង​យល់​ច្បាស់​ណាស់។ វា​សំខាន់​បំផុត​គឺ​មាន​ការ​ប្រុង​ប្រយ័ត្ន»។

អ្នកដំណើរម្នាក់ ជនជាតិអូស្រ្តាលី អ្នកស្រី Ann-Maree Melling អាយុ៦៦ឆ្នាំ រៀបចំឡើងរថយន្តដើម្បីធ្វើដំណើរតាមជើងយន្តហោះទៅទីក្រុងភ្នំពេញ និងគោលដៅចុងក្រោយទៅប្រទេសអូស្រ្តាលី។ (ស៊ុន ណារិន/VOA)
អ្នកដំណើរម្នាក់ ជនជាតិអូស្រ្តាលី អ្នកស្រី Ann-Maree Melling អាយុ៦៦ឆ្នាំ រៀបចំឡើងរថយន្តដើម្បីធ្វើដំណើរតាមជើងយន្តហោះទៅទីក្រុងភ្នំពេញ និងគោលដៅចុងក្រោយទៅប្រទេសអូស្រ្តាលី។ (ស៊ុន ណារិន/VOA)

ប៉ុន្តែ​អ្នកស្រី​បញ្ជាក់​ថា​ អ្នកស្រី​ត្រូវបាន​ពិនិត្យ​សុខភាពរួច​ហើយ និង​មាន​ក្រដាស​បញ្ជាក់​ថា​ មិន​មាន​បញ្ហា​នោះទេ ដូច្នេះ​អ្នកស្រី​អាច​ធ្វើ​ដំណើរ​ទៅ​ទីណា​ក៏បាន។ ​អ្នកស្រី​នឹង​ធ្វើ​ដំណើរ​ចេញ​ពី​ខេត្ត​ព្រះសីហនុ​តាម​យន្តហោះ​ទៅ​ភ្នំពេញ ​ហើយ​ស្នាក់​នៅ​មួយ​យប់​ថ្ងៃ​សុក្រ​នេះ មុន​នឹង​ចេញ​ទៅ​ប្រទេសអូស្រ្តាលីនៅ​ថ្ងៃ​សៅរ៍តាម​ការ​ហោះហើរ​ទៅប្រទេស​សិង្ហបុរី។

អ្នកស្រី ​Ann-Maree Melling បាន​និយាយថា៖ «នាវានេះ​គឺ​អស្ចារ្យ យើង​មាន​សំណាង​ណាស់​នៅ​លើ​នាវា​ Westerdam»។

អ្នកស្រី​បន្ថែម​ថា បើ​តាម​គម្រោង ​នាវា​មួយ​នេះ​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​វៀតណាម ជប៉ុន កូរ៉េ ហ្វីលីពីន និង​ហុង​កុង។

អ្នកស្រី​ Ann-Maree Melling និង​ស្វាមី​ត្រូវបាន​ផ្តល់​ផ្កាកូលាប​ម្នាក់​មួយ​ទង ដោយ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​បាន​ជិះ​ឧទ្ធម្ភាគចក្រ​ចុះ​លើ​ផែក្បែរ​នាវា ហើយមាន​ការ​មើល​ពី​អ្នក​ធ្វើ​ដំណើរ​តាមនាវា​ពី​ជាន់​ទីមួយ។

ភាគ​ច្រើន​នៃ​អ្នក​នៅ​លើ​នាវា​ដែល​ឈរ​នៅ​ជាន់​ទីមួយ​ដើម្បី​មើល​ការ​ចាកចេញ​របស់​អ្នក​ដំណើរ​មួយ​ចំនួន ​គឺ​ជា​មនុស្ស​ក្នុង​វ័យ​ចំណាស់។ អ្នក​ខ្លះមាន​កាន់ក្រមាខ្មែរ និង​អ្នក​ខ្លះ​បង់​កក្រមា។ អ្នកដែលឈរទាំង​នោះ ​ភាគ​ច្រើន​ជា​អ្នក​ដំណើរ​មក​ពី​បស្ចិម​ប្រទេសបានបន្ទរ​សំឡេង​អបអរសាទរ នៅពេល​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន មក​ដល់ និង​ថ្លែង​ទៅ​កាន់​ពួកគេ។

អ្នកដំណើរតាមនាវា Westerdam រង់ចាំមើលការមកដល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងការឡើងគោករបស់អ្នកធ្វើដំណើរមួយចំនួន កាលពីព្រឹកថ្ងៃសុក្រ នៅខេត្តព្រះសីហនុ។ (ស៊ុន ណារិន/VOA)
អ្នកដំណើរតាមនាវា Westerdam រង់ចាំមើលការមកដល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងការឡើងគោករបស់អ្នកធ្វើដំណើរមួយចំនួន កាលពីព្រឹកថ្ងៃសុក្រ នៅខេត្តព្រះសីហនុ។ (ស៊ុន ណារិន/VOA)

អ្នក​ធ្វើ​ដំណើរ​ម្នាក់​ទៀត អ្នកស្រី វ៉ាន់ ប៉ីថិន អាយុ​៦៤​ឆ្នាំ ដែល​ជា​ខ្មែរ​កាណាដា ដែល​មក​ដើរ​កម្សាន្ត​តាមនាវាជាមួយ​ស្វាមី ប្អូនថ្លៃ បងប្អូនស្រីបង្កើត២នាក់ មាន​ប្រសាសន៍​ថា​ ស្ថានភាព​ក្នុង​នាវា​ធម្មតានោះទេ​ តែ​អ្នកស្រី​ថា ​មាន​ការ​បំប៉ោង​ព័ត៌មាន​ឲ្យ​ស្ថានភាព​មើល​ពី​ខាង​ក្រៅ​ថា​ធ្ងន់ធ្ងរ។

អ្នកស្រី​បាន​ថ្លែង​ប្រាប់​ VOA ថា៖ «ធម្មតា អត់មាន​អ្នកណាគេ ពាក់ម៉ាស។ មិន​ដឹង​ថា​ ព័ត៌មាន​ខាង​ក្រៅ​បំប៉ោង​យ៉ាងម៉េច ខ្ញុំ​អត់​ដឹង​ដែរ។ ក្នុង​អាហ្នឹង​អាស៊ីយើង​រាប់​ទាំង​អស់​ អត់បាន​១០០នាក់​ផង។ ហើយ​វា​ថា​ មាន​ជនជាតិ​អាស៊ី​មក​ពី​ចិន​ជិះ​ក្នុង​ទឹក​ហ្នឹង​១ពាន់​នាក់»។

អ្នកស្រី​បន្តថា ​ក្នុង​នាវានោះ មាន​ចិន​ហុង​កុង៣នាក់ និង​ជនជាតិ​ចិន មក​ពី​ប្រទេស​ផ្សេងៗ។ អ្នកស្រី​បញ្ជាក់​ថា៖ «អត់​មាន​ចិន​មក​ពី​ចិន​ទេ»។

អាជ្ញាធរ​បាន​ឲ្យដឹង​ថា​ តាម​គម្រោង​ នៅ​ថ្ងៃ​សុក្រ​នេះ អ្នក​ដំណើរ​ជាង ​៤០០នាក់នឹង​ត្រូវអនុញ្ញាត​ឲ្យ​ចេញ​ពី​នាវា ហើយ​ពួកគេ​ត្រូវ​បញ្ជូន​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ តាម​រថយន្ត​ក្រុងដែល​មាន​ដាក់​សញ្ញា ​«Welcome to Cambodia» ហើយ​ធ្វើ​ដំណើរ​ទៅ​ភ្នំពេញ​តាម​ជើង​យន្ត​ហោះ​ និង​ត្រៀម​ចេញ​ទៅ​ប្រទេស​រៀងៗ​ខ្លួន។

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​ថ្លែង​ថា ​អ្នក​ទាំង​នោះ​អាច​ស្នាក់​នៅ​និង​ដើរ​លេង​នៅ​កម្ពុជា​បាន ហើយ​លោក​អំពាវនាវ​កុំ​ឲ្យ​មាន​ការ​រើស​អើង​ពួកគេ។ លោក​បន្តថា​ ការ​ចុះ​គោក​ពី​នាវាអាច​មាន​រយៈពេល​ពី​៥​ទៅ​៧​ថ្ងៃ។ លោក​បន្តថា​ ការ​ទទួល​នាវា​នេះគឺ​ជា​ កាយវិការ​មនុស្ស​ធម៌មួយ​របស់​កម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃសុក្រនេះ នៅក្បែរនាវា Westerdam។ (ស៊ុន ណារិន/VOA)
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃសុក្រនេះ នៅក្បែរនាវា Westerdam។ (ស៊ុន ណារិន/VOA)

បើ​តាម​សារ​បង្ហោះនៅ​លើ​ទំព័រ​ហ្វេសប៊ុករបស់​ក្រុមហ៊ុន Holland ​America Line ដែល​គ្រប់គ្រង​នាវា​កម្សាន្ត​នេះ ការ​ដាក់​អ្នក​ដំណើរ​ចុះ​អាច​ចំណាយ​ពេល​ពីរ​បី​ថ្ងៃ អាស្រ័យ​តាម​ជើង​យន្ត​ហោះ​ដែល​អ្នកដំណើរទាំងអាចជិះត្រឡប់ទៅប្រទេសរបស់ពួកគេវិញ។

នាវា​កម្សាន្ត​ Westerdam ​ ដែល​ដឹក​មនុស្ស​ជាង ២០០០នាក់ ហើយ​ដែល​រដ្ឋាភិបាល​ចំនួនបួន​បដិសេធ​មិន​ឲ្យ​ចូលចត​ដោយសារ​បារម្ភថា ​អាច​មាន​មេរោគ​កូរ៉ូណា​ បានបោះយុថ្កា​លើ​ផ្ទៃ​សមុទ្រ​នៅក្នុង​ប្រទេស​កម្ពុជាកាលពីព្រឹកថ្ងៃ​ព្រហស្បតិ៍​ ​ក្រោយ​ទទួល​បាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​កម្ពុជា​។

នាវានេះមាន​គម្រោង​សំចត​ឲ្យ​ភ្ញៀវ​ទេសចរណ៍ដើរ​កម្សាន្តនៅ​កោះ​តៃវ៉ាន់ ​និង​ជប៉ុនត្រូវ​រសាត់អណ្ដែត​ បន្ទាប់​ពី​នាវា​នេះ​ចេញ​ដំណើរ​ពី​ហុងកុង​នៅ​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ។

​អ្នក​ធ្វើ​ដំណើរ​ជា​លក្ខណៈ​ទេសចរណ៍​នៅ​លើ​កប៉ាល់​នោះ​មាន​ចំនួន​១៤៥៥នាក់ និង​ក្រុមការងារ​កប៉ាល់​ចំនួន​ ៨០២​នាក់។​ អ្នក​ធ្វើ​ដំណើរ​មាន​ចម្រុះ​៤១​ជាតិ​សាសន៍។

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​លើក​ឡើង​ថា ​មាន​មនុស្ស​២០​នាក់​នៅលើកប៉ាល់ Westerdam ដែល​ត្រូវបានរាយ​ការណ៍​ថា​ មាន​បញ្ហា​សុខភាព​ដូចជា​ ផ្តាសាយ ​រាគរូស ​និង​មាន​បញ្ហា​ក្រពះ​ និង​ពោះវៀន​ជាដើម​ ត្រូវបាន​មន្ត្រីសុខាភិបាល​យក​វត្ថុ​សំណាក​ទៅ​ពិនិត្យ​នៅ​ឯ​វិទ្យាស្ថាន​ប៉ាស្ទ័រ។ ក្រសួង​បាន​បញ្ជាក់​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ថា ពួកគេ​មិន​មាន​ផ្ទុក​វីរុស​កូរ៉ូណា​នោះ​ទេ៕

XS
SM
MD
LG