ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​ចិន​ផ្តល់​សញ្ញា​ពីការ​ផ្លាស់​ប្តូរ​​គម្រោង​ក្រ​វាត់​ផ្លូវ​​​ពាណិជ្ជកម្ម​​នៅពេល​មានការ​រិះគន់


ពលរដ្ឋចិនធ្វើដំណើរកាត់កញ្ចក់ទូរទស្សន៍ផ្សាយផ្ទាល់ពីសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅ​ទីក្រុងប៉េកាំង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩។
ពលរដ្ឋចិនធ្វើដំណើរកាត់កញ្ចក់ទូរទស្សន៍ផ្សាយផ្ទាល់ពីសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅ​ទីក្រុងប៉េកាំង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩។

ប្រធានា​ធិបតី​ចិន​លោក ស៊ី ​ជីនពីង បាន​និយាយ​ថា៖ «អ្វី​ៗ​ទាំង​អស់​​ត្រូវតែ​ធ្វើ​ឡើង​ក្នុង​របៀប​តម្លាភាព ​ហើយ​យើង​មិន​ត្រូវ​អត់ឱន​ឲ្យ​ទាល់​តែ​សោះ​ចំពោះ​អំពើ​ពុក​រលួយ»។

ប្រធានា​ធិបតី​ចិន​លោក​ ស៊ី ជីន​ពីង ដែល​បានថ្លែង​នៅឯ​វេទិកា​គម្រោង​ក្រវាត់ផ្លូវពាណិជ្ជកម្ម​លើក​ទី២ ​ក្នុង​ទីក្រុង​ប៉េកាំង ​កាល​ពី​ថ្ងៃ​សុក្រសប្តាហ៍​មុន ​បាន​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​រដ្ឋា​ភិបាល​របស់​លោក ​បាន​ដឹងពី​ការ​រិះគន់​យ៉ាង​ខ្លាំង​ ដែល​បាន​ធ្វើ​ឡើងដោយ​ប្រ​ទេស​អភិវឌ្ឍន៍ ​និងការ​ត្អូញត្អែរ​របស់​ដៃគូ​អាស៊ី​ ស្តីពី​គម្រោង​ក្រវាត់ផ្លូវពាណិជ្ជកម្ម​ដ៏​ធំ​របស់​ខ្លួន​ ឬហៅកាត់ថា (BRI)។ វេទិកា​នេះ​ដំណើរ​ការ​រហូត​ដល់​ថ្ងៃ​សៅរ៍។

ប្រធានា​ធិបតី​ចិន​លោក ស៊ី ​ជីនពីង បាន​និយាយ​ថា៖ «អ្វី​ៗ​ទាំង​អស់ ត្រូវតែ​ធ្វើ​ឡើង​ក្នុង​របៀប​តម្លាភាព ​ហើយ​យើងមិន​ត្រូវ​អត់ឱន​ឲ្យ​ទាល់​តែ​សោះ​ចំពោះ​អំពើ​ពុក​រលួយ»។ រដ្ឋាភិបាល​របស់​លោក ឥឡូវ​នេះ នឹង​ស្នើ​ផ្តល់​គម្រោង «ការងារ​បំណុល​ប្រកប​ដោយ​ចីរភាព» ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​អនុវត្ត​ទៅតាម​បទដ្ឋាន​អន្តរ​ជាតិ ​ក្នុងការ​ផ្តល់​កិច្ច​សន្យា​ហេដ្ឋារចនា​សម្ព័ន្ធ។

ខុសពី​សុន្ទរកថា​មុនៗ​របស់​លោក ​នៅឯវេទិកា​ក្នុង​ឆ្នាំ​ ២០១៧​ និង​ក្នុង​សន្និ​សីទ​អន្តរជាតិ​ជា​ច្រើន ​លោក​ប្រធានា​ធិបតី​ ស៊ី មិន​បាន​លាត​ត្រដាង​ទស្សនៈ​សាកល​នូវ​អ្វី​ដែល​គម្រោង​ក្រវាត់ផ្លូវ​ពាណិជ្ជកម្ម ​អាច​ធ្វើ​ដើម្បី​ភ្ជាប់​ប្រទេស និង​ទ្វីប​នោះ​ទេ។ តែ​ផ្ទុយ​ទៅ​វិញ ​លោក​បាន​ផ្តោត​លើ​ចម្លើយ​នៃ​ការ​រិះគន់​អំពីអំពើ​ពុករលួយ​ និង​ការ​ត្រួតត្រា​របស់​ក្រុម​ហ៊ុន​ចិន ​នៅ​ក្នុងគម្រោង​ក្រវាត់ផ្លូវ​ពាណិជ្ជកម្មដ៏​ធំ​របស់​ខ្លួន ​ឬ (BRI) ទាំងនោះ។

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង​ លើកកែវ​ស្រា អំឡុងពេលសុន្ទរកថា​មួយ​ក្នុង​ពិធី​ទទួល​ស្វាគមន៍​មេដឹកនាំ​ប្រទេស​ដទៃ​ទៀត​ ដែល​បាន​មក​ចូលរួម​ក្នុង​វេទិកា​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​ នៅ​ក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៩។
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង​ លើកកែវ​ស្រា អំឡុងពេលសុន្ទរកថា​មួយ​ក្នុង​ពិធី​ទទួល​ស្វាគមន៍​មេដឹកនាំ​ប្រទេស​ដទៃ​ទៀត​ ដែល​បាន​មក​ចូលរួម​ក្នុង​វេទិកា​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​ នៅ​ក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៩។

លោក​ប្រធានា​ធិបតី​ស៊ី​បាន​អញ្ជើញ​ដៃគូបរទេស​ និង​ផ្នែក​ឯកជន​ឲ្យ​រួម​វិភាគ​ទាន​ថវិកា​ដល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​គាំទ្រ​ដោយ​ចិន។ សំណើ​នេះខុសគ្នា​ពី​សំ​ណើ​កាល​ពី​ដំបូង​របស់​លោក ដែលផ្តល់​ហិរញ្ញវត្ថុដល់​គម្រោង​ទាំង​នេះ​មក​ពី​ធនាគារ​ និង​ទីភ្នាក់​ងារ​របស់​ចិន។​

លោក Jean-Pierre Cabestan ជា​សាស្រ្តាចារ្យ​នៅឯ​ដេប៉ាតឺម៉ង់​ការសិក្សា​រដ្ឋាភិបាល ​និង​អន្តរជាតិ​ នៅឯ​សាកល​វិទ្យាល័យ Hong Kong Baptist University បាន​និយាយ​ថា៖

«ប្រធានាធិបតី ​ស៊ី ​ជីន​ពីង ​កំពុង​ព្យាយាម​ធ្វើ​សុន្ទករថា​ដែល​កែតម្រូវ​គម្រោង​ក្រវាត់ផ្លូវ​ពាណិជ្ជកម្ម​ ដោយ​ផ្តល់​ឱកាស​កាន់​តែ​ច្រើន​ឡើង​សម្រាប់ក្រុមហ៊ុន​មិនមែន​របស់​ចិន​ដើម្បី​ចូលរួម ធ្វើឲ្យ​គម្រោង​ទាំង​នោះ​ផ្តោតការយកចិត្តទុកដាក់លើបរិស្ថាន និង​មាន​គុណភាព​កាន់​តែ​ប្រសើរ​ឡើង មាន​ការយក​ចិត្ត​ទុកដាក់ខ្លាំង​ឡើងដល់​សេដ្ឋកិច្ចមូលដ្ឋាន​ ដែល​រងផល​ប៉ះពាល់​ដល់​មនុស្ស​ជាតិ ​និង​ដល់​បំ​ណុល​ដែល​មាន​លទ្ធភាព​សង​»។

គម្រោង​ក្រវាត់ផ្លូវ​ពាណិជ្ជកម្ម ឬ (BRI) មិន​បម្រើ​មហច្ឆិតា​ភូមិសាស្រ្ត​នយោបាយ​របស់​ចិន​ទេ ប្រសិន​បើគម្រោង​ក្រវាត់ផ្លូវពាណិជ្ជកម្ម ឬ (BRI)​ នោះ ​មិន​ទទួល​យក​ដោយ​ប្រទេស​លោក​ខាង​លិច​នោះ។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​សុក្រ ស្ថាន​ទូត​សហរដ្ឋ​អាមេរិកក្នុង​ទីក្រុង​ប៉េកាំង ​បាន​និយាយ​ថា៖ «យើង​បន្ត​មាន​ការ​ព្រួយ​កង្វល់​យ៉ាង​ខ្លាំង​ថា សកម្មភាព​ហេដ្ឋារចនាសម្ព័ន្ធ​ការទូត​របស់​ចិន ​ព្រងើយ​កន្តោយ ឬ​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​បទដ្ឋាន​អន្តរជាតិ ​និងការប្រតិបត្តិ​ដ៏​ល្អ​បំផុត​ដែល​ទាក់​ទិន​នឹង​ការ​អភិវឌ្ឍ ​ការការពារ​ការងារ​ និង​បរិស្ថាន»។

បុរស​ម្នាក់​ឈរ​នៅ​ក្បែរ​ផ្ទាំង​រូប​គំនូរ​បង្ហាញ​ពី​ផ្លូវ​សូត្រ​អំឡុងពេល​វេទិកា​ស្តី​ពី​គម្រោង​ក្រវាត់​ផ្លូវ​លើក​ទី​ពីរ​នៅ​ក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៩។
បុរស​ម្នាក់​ឈរ​នៅ​ក្បែរ​ផ្ទាំង​រូប​គំនូរ​បង្ហាញ​ពី​ផ្លូវ​សូត្រ​អំឡុងពេល​វេទិកា​ស្តី​ពី​គម្រោង​ក្រវាត់​ផ្លូវ​លើក​ទី​ពីរ​នៅ​ក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៩។

នៅឯ​វេទិកា​កាលពី​ថ្ងៃ​សុក្រ ​លោក Philip Hammond រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ចក្រ​ភព​អង់គ្លេស ​បាន​និយាយ​ថា គម្រោង​ក្រវាត់ផ្លូវពាណិជ្ជកម្ម ឬ (BRI)​ ត្រូវ​តែ​ធ្វើ​សម្រាប់​ប្រទេស​ទាំង​អស់​ដើម្បីឲ្យ​វាក្លាយ​ទៅ​ជា​ការ​ពិត​ប្រកប​ដោយ​ចីរភាព​នោះ។ លោក​បាន​ស្នើ​ផ្តល់​ជំនាញ​របស់​ចក្រ​ភព​អង់គ្លេស ក្នុង​ការ​ផ្គត់​ផ្គង់​ហិរញ្ញ​វត្ថុ​ដល់​គម្រោ​ង​នោះ។

មន្រ្តី​មក​ពី​ប្រទេស​អាល្លឺម៉ង់ បារាំង ​អូស្រ្តាលី​ និង​ជប៉ុន ​ក៏​បាន​និយាយ​ដែរ​ថា ​ពួក​គេ​ចង់​ឃើញឱ​កាស​កាន់​តែ​ច្រើន​ឡើង​សម្រាប់​ក្រុម​ហ៊ុន​បរទេស​នៅ​ក្នុង​គម្រោង​ផ្លូវ​ក្រ​វាត់ពាណិជ្ជកម្ម​ ឬ (BRI)​ នោះ។

ប្រធានា​ធិបតី​ចិន​ឥឡូវ​នេះ​បាន​ថ្លែង​យ៉ាងច្បាស់​ថា ​លោក​ប្រុង​ប្រៀប​ខ្លួនជា​ស្រេច​ហើយដើម្បីកែតម្រូវ​គម្រោង​ទាំង​នោះ​ឡើង​វិញ ទោះ​បី​ចិនបាត់​បង់​ការ​ត្រួតត្រា​កម្មវិធី​សំខាន់​ជា​ច្រើន​ក៏ដោយ។

មាន​សញ្ញាណ​ថា ​ចិនបាន​ពិភាក្សា​សម្ងាត់​ជាមួយ​ស្ថាប័ន​ជា​ច្រើន​មុន​ពេល​ប្រធា​នា​ធិបតី​ ស៊ី ​ពន្យល់​យ៉ាង​ច្បាស់​ពី​ការ​កែប្រែ​ដែល​លោក​ចង់​ធ្វើ​នៅ​ក្នុង​គម្រោង​ក្រវាត់ផ្លូវពាណិជ្ជកម្ម។​

លោក​ស្រី Christine Lagarde នាយិកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​និយាយ​នៅឯ​វេទិកា​នោះ​ថា គម្រោង​ក្រវាត់ផ្លូវ​ពាណិជ្ជកម្ម ឬ (BRI) អាច​ទទួល​បានអត្ថ​ប្រ​យោជន៍​មកពី​ការ​បង្កើន​តម្លាភាព ការ​បើកឲ្យមាន​ការដេញ​ថ្លៃប្រកួត​ប្រជែង​គ្នា ​និងធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវការ​វាយ​តម្លៃ​ពីហានិភ័យក្នុងការ​ជ្រើស​រើស​គម្រោង​នោះ។

លោក​សាស្រ្តាចារ្យ Cabestan បាន​និយាយ​ទៀត​ថា៖ «ប្រធានាធិបតី​ ស៊ី ​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា ​គម្រោងដែលមាន​ការ​ចុះ​ហត្ថលេខា​របស់​លោក ​នៅ​តែ​បាន​ស្វាគមន៍​ និង​ប្រកប​ដោយ​ចីរភាព»។

ក្រុមអ្នក​គាំទ្រ​គម្រោងផ្លូវ​ក្រ​វាត់ពាណិជ្ជកម្ម ឬ (BRI) ជា​រឿយ​ៗ​ចង្អុល​បង្ហាញដល់​ប្រាក់​បម្រុង​បរទេស​ដ៏ធំ​សម្បើម​របស់​ចិន​ ដែល​មាន​លើស​ពី ​៣ លានលាន​ដុល្លារ​ ថាជា​ភស្តុតាង​ដែល​ខ្លួនអាច​គាំទ្រ​គម្រោង​ហេដ្ឋា​រចនាសម្ព័ន្ធ​ដ៏ធំ​នៅ​ក្នុង​ប្រទេស​ចំនួន ៦០ ​ដែល​រួមមាន​នៅ​ក្នុង​ផែនទី​គម្រោង​ក្រវាត់ផ្លូវពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​ក៏​ប៉ុន្តែ​អ្នក​វិភាគ​ចង្អុល​បង្ហាញ​ថា ​កាល​ពី​ដំបូង​ចិន ​មិនមាន​ផែនការ​រូបិយបណ្ណ​បម្រុង​បរទេស​សម្រាប់​គោល​បំណង​នេះ​ទេ។

លោក John Olin Palmetto សាស្រ្តាចារ្យ​ពាណិជ្ជកម្ម​នៅឯ​សាកល​វិទ្យាល័យ South Carolina Aiken បាន​និយាយ​នៅក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ VOA ផ្សាយ​ជាភាសា​ចិន​ថា៖

«ចិន​មិនមាន​បំណង​ប្រើ​ប្រាក់​បម្រុង​បរទេស​ទេ ​ក៏​ប៉ុន្តែ​ចង់​ធ្វើ​ការ​វិនិយោគទុន​ដោយ​ប្រើ​ប្រាក់​យ័ន្ត ដែល​នឹង​អនុញ្ញាត​ឲ្យផ្ទេរ​ពី​ខាង​ក្រៅ​នូវ​សមត្ថភាព ​ពលកម្ម​ និង​កន្លែង​សាងសង់​របស់​ចិន»។

មុនពេល​វេទិកា​នេះ ​លោក Liu Kun រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ និង​លោក Yi Gang ​ប្រធាន​ធនាគារ​កណ្តាល​ចិន ​បាន​ប្រកាស​ថា ឧបករណ៍ហិរញ្ញ​វត្ថុ​វាស់​វែង​កម្រិតនៃការ​អត់ឱន​របស់​ប្រទេស​ ដែល​ទទួលប្រាក់​កម្ចី​សម្រាប់​គម្រោងផ្លូវ​ក្រ​វាត់ពាណិជ្ជ​កម្ម ឬ (BRI)​។​ នេះ​ជា​ការឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​ថា ការ​ផ្តល់​ហិរញ្ញ​វត្ថុ​របស់ចិន​សម្រាប់​គម្រោង​ស្ថាបនា​ដោយ​ចិន​នៅ​ក្នុង​បណ្តា​ប្រទេស​ក្រីក្រ​បាន​រុញ​ប្រទេស​ទាំងនោះ​ឲ្យ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​បំណុល។

ប្រធានាធិបតី​ចិន​លោក​ ស៊ី ជីនពីង​ ថ្លែង​សុន្ទរកថា​ អំឡុងពេល​បើក​វេទិកា​ស្តី​ពី​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​នៅ​ក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៩។​
ប្រធានាធិបតី​ចិន​លោក​ ស៊ី ជីនពីង​ ថ្លែង​សុន្ទរកថា​ អំឡុងពេល​បើក​វេទិកា​ស្តី​ពី​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​នៅ​ក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៩។​

លោក Yi ប្រធាន​ធនាគារ​កណ្តាល​ចិន​បាន​និយាយ​ថា៖ «បញ្ហា​បំណុល​ក្នុង​ប្រ​ទេស​កំពុង​អភិវឌ្ឍន៍ ​ត្រូវ​តែ​ចាត់​ទុក​ថា​ ជា​ការ​មិន​បំផ្លើស។ ប្រសិន​បើ​ការកើន​ឡើង​បំណុល​មាន​ទៅ​ជាមួយ​ការធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនា​សម្ព័ន្ធ ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការរស់​នៅ​របស់​ពលរដ្ឋ​ និងកាត់​បន្ថយភាព​ភាពក្រីក្រ ការ​កើន​ឡើង​នូវបំណុល​នេះ​នឹង​មាន​ផល​ប្រយោជន៍ស​ម្រាប់​បំណុល​ដែល​អាច​សាង​បាន​សម្រាប់​រយៈ​ពេល​យូរ»។

អ្នក​វិភាគ​ខ្លះ​និយាយ​ថា ​ចិន​មិនបាន​បោះ​បង់​ចោល​ការការពារ​ប្រាក់​កម្ចី​រយៈ​ពេល​យូរ​ដោយធនាគារ​របស់​ខ្លួន​ទេ។ អ្នក​វិភាគ​ទាំង​នោះ ​និយាយ​ទៀត​ថា ប្រាក់​កម្ចី​នោះ​ធ្វើ​ឲ្យ​មាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ និង​កាត់បន្ថយ​ភាពក្រីក្រ។ ឧបករណ៍​នៃ​វិធានការណ៍​នោះ ​នឹង​មិនមាន​ប្រសិទ្ធភាព​ទេ ប្រសិន​បើ​ធនាគារ​ផ្តល់​ប្រាក់​កម្ចី​ចិន​សម្រេច​បន្ត​ប្រាក់​កម្ចី​ដើម្បី​គាំទ្រ​គម្រោង​ដែល​ស្ថាបនា​ដោយ​ចិន​នោះ។

លោក Gordon Chang ជា​អ្នក​និពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា ​«ការដួល​រលំ​របស់​ចិន» បាន​និយាយ​ថា «ឧបករណ៍​ដើម្បី​វាយតម្លៃ​ចីរភាព​ខាង​ហិរញ្ញ​វត្ថុ​ ដូចជា​បំភាន់​សាធារណ​ជន»។ គម្រោង​ក្រវាត់ផ្លូវពាណិជ្ជកម្ម​ ឬ (BRI) ជា​ទូទៅជា​សត្វ​ជញ្ជក់​ឈាម។ លោក​បាន​ចង្អុល​បង្ហាញ​ដល់​ការ​សម្រេច​របស់​ប្រទេស​ស្រីលង្កា​ ដើម្បី​ប្រគល់​កំពង់​ផែ​ដែល​ស្ថាបនា​ដោយ​ចិន​ដោយ​ការ​ជួល​រយៈ​ពេល​យូរ​ដោយ​សារ​ប្រាក់​កម្ចី​មាន​ការ​ប្រាក់​ខ្ពស់៕

ប្រែសម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG