នៅថ្ងៃព្រហស្បតិ៍នេះនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ដែលឈ្នះការបោះឆ្នោតជាតិចុងក្រោយដោយគ្មានគណបក្សប្រឆាំង បានចាកចេញពីរាជធានីភ្នំពេញដើម្បីចូលរួមវេទិកាលើកទីពីរស្តីពីគម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មរបស់ចិន (BRI) និងកិច្ចប្រជុំផ្សេងៗទៀត ដែលនឹងធ្វើឡើងរយៈពេល៥ថ្ងៃក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
មុនពេលចេញដំណើរទៅកាន់ទីក្រុងប៉េកាំង លោក ហ៊ុន សែន បានប្រាប់បណ្តាញព័ត៌មានរបស់រដ្ឋចិន Xinhua ថា គម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មរបស់ចិន បានបង្កើតសក្តានុពល និងឱកាសដ៏ធំសម្បើមសម្រាប់ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំបន់ ហើយគម្រោងដដែលនេះ ត្រូវបានចាត់ទុកថា ជាក្បាលម៉ាស៊ីនថ្មីនៃកំណើនសេដ្ឋកិច្ចសាកល។
ក៏ប៉ុន្តែមានការផ្តល់ទស្សនៈមួយចំនួនពីក្រុមមន្ត្រីសង្គមស៊ីវិល និងការសិក្សាស្រាវជ្រាវមួយរបស់មជ្ឈមណ្ឌលស្រាវជ្រាវកិច្ចការសន្តិសុខថ្មីរបស់សហរដ្ឋអាមេរិក (Center for New American Security) ដែលបានពណ៌នានិងពន្យល់ថា គម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មរបស់ចិន បានហុចប្រយោជន៍ដល់ប្រទេសចិនច្រើនជាងប្រទេសផ្សេងទៀតដែលចូលរួមក្នុងគម្រោងនេះ ហើយគម្រោងដដែលនេះ ក៏ជាប្រភពនៃបញ្ហាជាច្រើនដែរ។
ក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានរដ្ឋចិន Xinhua ទាក់ទងនឹងវេទិកាខ្សែក្រវាត់និងផ្លូវលើកទីពីរ លោក ហ៊ុន សែន បានលើកឡើងថា វេទិកានេះនឹងជាឱកាសល្អមួយសម្រាប់មេដឹកនាំរបស់ប្រទេសដែលចូលរួមផ្លាស់ប្តូរទស្សនៈ និងពិភាក្សាកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាពហុភាគីជាច្រើនទៀត។
លោក ហ៊ុន សែន ត្រូវបានស្រង់ប្រសាសន៍តាមន័យដើមថា៖
«វានឹងជាឱកាសសំខាន់មួយសម្រាប់ប្រទេសចូលរួមគម្រោង BRI ទាំងអស់ ដើម្បីធ្វើសហប្រតិបត្តិការក្នុងភាពជាដៃគូដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍដែលមានចីរភាពសម្រាប់គ្រប់ៗគ្នា»។
លោកត្រូវបានស្រង់ប្រសាសន៍បន្ថែមថា វេទិកាដដែលនឹងជំរុញប្រទេសដែលចូលរួមទាំងអស់ឲ្យបន្តធ្វើអ្វីដែលបានធ្វើកន្លងមក ដើម្បីបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ជំរុញការអភិវឌ្ឍដែលមានស្ថិរភាព និងពង្រឹងកិច្ចសហប្រតិបតិ្តការ ហើយជំរុញការផ្លាស់ប្តូរគ្នាទៅវិញទៅមក។
លោក ហ៊ុន សែន បានប្រកាសលើទំព័រហ្វេសប៊ុករបស់លោកថា លោកនឹងចែករំលែកទស្សនៈវិស័យលើមូលបទ«ការជំរុញការតភ្ជាប់ ដើម្បីស្វែងរកធនធានថ្មីសម្រាប់ការរីកចម្រើន»។
ក្នុងដំណើរទស្សនៈកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ខែមេសានេះ លោក ហ៊ុន សែន ក៏គ្រោងនឹងជួបមេដឹកនាំសំខាន់ៗរបស់រដ្ឋាភិបាលកុម្មុយនីស្តចិនប៉េកាំងផងដែរ ដែលរួមមានលោកប្រធានាធិបតីស៊ី ជីនពីង (Xi Jinping) លោកនាយករដ្ឋមន្ត្រី លី ខឺឈាង (Li Keqiang) និងលោក វ៉ាង ហ៊ុននីង (Wang Huning) សមាជិកការិយាល័យនយោបាយ និងជាលេខានៃលេខាធិការដ្ឋានបក្សកុម្មុយនីស្តចិន។
គ្រាលោក ហ៊ុន សែន បានបង្ហាញការឱបក្រសោបគម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មរបស់ចិននោះ មន្ត្រីសង្គមស៊ីវិលមួយចំនួនក្នុងប្រទេសកម្ពុជាបានមើលឃើញបញ្ហាប្រឈមជាច្រើនដែលគម្រោងនេះ បានបង្កឡើងមកលើប្រទេសកម្ពុជា ដែលមានការទាក់ទងនឹងបញ្ហាតម្លាភាព ការទទួលខុសត្រូវខាងបរិស្ថាន និងសង្គម ក៏ដូចជាវិសមភាពនៃការផ្តល់ឱកាសវិនិយោគដល់វិនិយោគិន ដែលមិនចេញមកពីប្រទេសចិន។
លោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា អង្គការសង់ត្រាល់ (Central) ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលកម្ពុជាមិនអាចផ្តេកផ្តួលទាំងស្រុងទៅលើការវិនិយោគហេដ្ឋារចនាសម្ត័ន្ធរបស់ចិនក្រោមគម្រោងBRI នេះ ដោយបដិសេធចោលឱកាសដល់អ្នកវិនិយោគមកពីប្រទេសផ្សេងទៀតនោះឡើយ។
លោកយល់ថា រដ្ឋាភិបាលគួរផ្តល់ឱកាសឲ្យមានការដេញថ្លៃឈរលើគោលការណ៍ស្មើភាព ដើម្បីទទួលបានគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ហើយថា ការឲ្យឱកាសទៅតែភាគីចិន អាចនាំឲ្យកម្ពុជាប្រឈមនឹងផលវិបាកជាច្រើន ពាក់ព័ន្ធនឹងការខ្វះតម្លាភាព និងការទទួលខុសត្រូវខាងសង្គម។
លោកបានបង្ហាញការបារម្ភចំពោះការចាត់ចែងប្រាក់កម្ចីរបស់ចិន ដែលគេដឹងយ៉ាងទូលំទូលាយថា មិនមានភ្ជាប់លក្ខខណ្ឌសាំញ៉ាំច្រើន ដែលមានទំនាក់ទំនងនិងការគោរពសិទ្ធិមនុស្សនិងសិទ្ធិជាមូលដ្ឋានផ្សេងទៀត។
លោក ឃុន ថារ៉ូ មានប្រសាសន៍ថា៖
«លុយដែលយើងជាអ្នកខ្ចីមកពីគេ មិនថា ជាសម្បទាន សំណង ឬក៏ការប្រាក់ទេ វាអាស្រ័យទៅលើថា តើរាជរដ្ឋាភិបាលហ្នឹងគាត់ផ្តល់ឱកាស ឬក៏គាត់អាចធានាថា កិច្ចព្រមព្រៀងនៅក្នុងការកម្ចីលុយ មកធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធហ្នឹង តើវាមានតម្លាភាព? វាមានគណនេយ្យភាព ហើយតើវានឹងអាចធានាទេថា នឹងមិនមាននូវអំពើពុករលួយ នៅក្នុងការអនុវត្តនូវគម្រោងរបស់ហេដ្ឋារចនាសម្ព័ន្ធ និងការកសាងផ្លូវហ្នឹង?»។
លោកបានបន្ថែមថា តាមបទពិសោធន៍កន្លងមកចិនមិនសូវខ្វល់ពីគុណភាពនៃការអភិវឌ្ឍគម្រោងរបស់ខ្លួន ហើយគម្រោងខ្លះក៏បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅសហគមន៍ដែលស្ថិតក្នុងទីតាំងអភិវឌ្ឍន៍គម្រោងរបស់ចិន។
លោកលើកឡើងបន្តថា៖
«ជាបទពិសោធន៍កន្លងមក យើងឃើញថា រាជរដ្ឋាភិបាលមានបញ្ហាមួយចំនួនដែលក្រុមហ៊ុនចិន មិនបានអនុវត្តទៅតាម ការកសាងទៅតាមស្តង់ដា គុណភាព ក៏ដូចជា ការគោរពនូវក្របខ័ណ្ឌ ក្របខណ្ឌ environment នែ៎បរិស្ថាន ហើយមិនមានការធានាការអនុវត្តនូវស្តង់ដា និងលក្ខខណ្ឌការងារ ជាពិសេសហ្នឹង គឺនៅក្នុងការទំនួលខុសត្រូវសង្គម ផលប៉ះពាល់នូវកត្តាសង្គម បរិស្ថាន ដែលក្រុមហ៊ុនចិនភាគច្រើនហ្នឹង នៅពេលដែលមានការអភិវឌ្ឍហ្នឹងច្រើនតែមាននូវបញ្ហាផលប៉ះពាល់ទៅដល់សហគមន៍ ឬក៏ប្រជាពលរដ្ឋ ដែលស្ថិតនៅក្រោមការអនុវត្តគម្រោងរបស់ចិនហ្នឹង»។
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវកិច្ចការសន្តិសុខថ្មីរបស់សហរដ្ឋអាមេរិក ដែលមានចំណងជើងថា Grading China's Belt and Road ឬ «ការឲ្យពិន្ទុលើខ្សែក្រវាត់និងផ្លូវរបស់ចិន» ដែលចេញផ្សាយកាលពីដើមខែមេសានេះ បានបញ្ជាក់ឲ្យដឹងថា គម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មរបស់ចិន បានបង្កបញ្ហាប្រឈមចំនួនប្រាំពីរយ៉ាង។
របាយការណ៍បានសង្កត់ធ្ងន់ទៀតថា គម្រោងនេះ គឺជាគំនិតផ្តួចផ្តើមរបស់ចិន ដើម្បីបំពេញមហិច្ឆតាភូមិសាស្ត្រនយោបាយរបស់ខ្លួន ច្រើនជាងការបង្កើនតំណភ្ជាប់នៃសកម្មភាពពាណិជ្ជកម្ម។
នៅត្រង់សេចក្តីសង្ខេបនៃរបាយការណ៍ខ្លួន មជ្ឈមណ្ឌលស្រាវជ្រាវកិច្ចការសន្តិសុខថ្មីរបស់សហរដ្ឋអាមេរិក បានសរសេរថា ចាប់តាំងពីការប្រកាសចាប់ផ្តើមដំណើរការនៃគម្រោងដែលចិនហៅថា «ខ្សែក្រវាត់មួយ ផ្លូវមួយ» របស់ខ្លួននោះមក គម្រោងនេះបានលេចឡើងជា សសរស្តម្ភនៃការចាត់ចែងខាងសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំង។
ក្រុមអ្នកនិពន្ធនៃរបាយការណ៍នេះ បានសរសេរក្នុងន័យដើមថា៖
«ស្ថិតក្រោមឆ័ត្រនៃខ្សែក្រវាត់ និងផ្លូវនេះ ទីក្រុងប៉េកាំង កំពុងស្វះស្វែងជំរុញឲ្យមានពិភពលោកមួយដែលមានការតភ្ជាប់កាន់តែច្រើនឡើង ហើយបាននាំមកនូវបណ្តុំនៃហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងរូបវ័ន្ត ដែលផ្តល់ហិរញ្ញប្បទានដោយចិន។ សេចក្តីត្រូវការហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ី និងហួសពីទីកន្លែងនេះ គឺមានសារៈសំខាន់ តែគម្រោងខ្សែក្រវាត់ និងផ្លូវ គឺជាអ្វីដែលលើសពីគំនិតផ្តួចផ្តើមសេដ្ឋកិច្ចមួយ ពោលគឺវាជាឧបករណ៍ស្នូលដើម្បីពន្លឿនមហិច្ឆតាភូមិសាស្ត្រនយោបាយរបស់ចិន»។
ក្រុមអ្នកនិពន្ធនៃរបាយការណ៍នេះ បានរកឃើញបញ្ហាប្រឈមចំនួនប្រាំពីរសំខាន់ៗ ដែលនឹងបណ្តាលមកពីការចូលរួមគម្រោង BRI របស់ចិននេះ។ បញ្ហាទាំងប្រាំពីរនោះរួមមាន ការបាត់បង់ដោយផ្នែកនៃអធិបតេយ្យភាពជាតិ កង្វះតម្លាភាព បន្ទុកហិរញ្ញវត្ថុដែលគ្មានចីរភាព ការផ្តាច់ចេញពីតម្រូវការសេដ្ឋកិច្ចក្នុងស្រុក ហានិភ័យភូមិសាស្ត្រនយោបាយ ផលប៉ះពាល់ជាអវិជ្ជមាននានាលើបរិស្ថាន និងសក្តានុពលខ្លាំងក្លានៃការប្រព្រឹត្តអំពើពុករលួយ។
យ៉ាងណាក៏ដោយ នៅក្នុងឯកសារយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ចុះខែកញ្ញា ឆ្នាំ២០១៨ រដ្ឋាភិបាលកម្ពុជាក៏បានប្តេជ្ញាក្នុងការអនុវត្ត BRI ដែលត្រូវបានប្រកាសដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង តាំងពីឆ្នាំ២០១៣។
ក្រោមគម្រោង BRI នៅក្នុងវិស័យទេសចរណ៍ កម្ពុជាក៏បានបង្កើតមជ្ឈមណ្ឌលទ្រទ្រង់ ហៅថា China Ready Center កាលពីឆ្នាំ២០១៦ សម្រាប់វិស័យទេសចរណ៍កម្ពុជា ដើម្បីជាគោលដៅក្នុងការទទួលភ្ញៀវទេសចរចិន។
រដ្ឋាភិបាលក្រុងប៉េកាំងបានផ្ដោតលើហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តាមរយៈគម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មរបស់ចិន និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ឬ Asian Infrastructure Investment Bank (AIIB) ដែលទាញយកគម្រោងពីបណ្ដាស្ថាប័នហិរញ្ញប្បទានពហុភាគីគាំទ្រចម្បងដោយអាមេរិកដូចជា ធនាគារពិភពលោក (World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ប្រទេសចិនចាត់ទុកតំបន់អាស៊ីអាគ្នេយ៍ថា ជាទិសដៅសំខាន់ជៀសមិនបានសម្រាប់ការវិនិយោគ ពីព្រោះឱកាសវិនិយោគក្នុងស្រុករបស់ខ្លួនចាប់ផ្ដើមកល់មិនសូវរីកលូតលាស់ទៅមុខទៀត។ ការណ៍នេះត្រូវបានបង្ហាញដោយលំហូរចូលនៃការវិនិយោគរបស់ចិនទៅកាន់អាស៊ីអាគ្នេយ៍ដែលនៅឆ្នាំ ២០១៥ ដែលមានប្រហែល៥,៣៦ភាគរយនៃចំនួនវិនិយោគបរទេសសរុបក្នុងតំបន់ ប៉ុន្តែបានកើនឡើងទៅដល់ជិត ១០ ភាគរយនៅឆ្នាំ ២០១៦។ នេះបើយោងតាមស្ថិតិរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ អាស៊ាន។
ទោះជាយ៉ាងនេះក្តី ប្រទេសក្រីក្រជាច្រើនដែលបានរឹតចំណងទាក់ទងការទូតយ៉ាងស្អិតល្មួតជាមួយប្រទេសចិនបានទទួលប្រាក់កម្ចីចិនយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយនៅក្នុងប្រទេសមួយចំនួនដូចជាប្រទេសស្រីលង្កា ដែលបំណុលមានកាន់តែច្រើនឡើងនោះ ក៏ត្រូវបានបង្ខំឲ្យប្រគល់សិទ្ធិកាន់កាប់ទ្រព្យហេដ្ឋារចនាសម្ព័ន្ធ ដូចជាកំពង់ផែទៅឲ្យចិន ឬក៏សងបំណុលទាំងនោះដោយបើកឲ្យចិនចូលទាញយកធនធានធម្មជាតិផ្សេងៗ៕