ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប្រធានា​ធិបតី​ចិន ស៊ី ​ជីនពីង ​ផ្តល់​សញ្ញា​ពី​ការ​ផ្លាស់​ប្តូរ​គម្រោង​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ​នៅ​ពេល​មាន​ការ​រិះគន់


ប្រធានាធិបតី​ចិន ស៊ី ជីនពីង លើក​កែវ​ជល់​ពី​ចម្ងាយ​ស្វាគមន៍​មេដឹកនាំ​ដែល​បាន​ចូលរួម​សន្និសីទ​ «ខ្សែក្រវ៉ាត់ និង​ផ្លូវ» លើក​ទី​២ នៅ​ទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី​២៦ មេសា ២០១៩។

ចិន​បាន​ផ្តល់​សញ្ញា​ថា ខ្លួន​នឹង​កែ​ប្រែគម្រោងខ្សែ​ក្រវ៉ាត់​ និង​ផ្លូវ​ដ៏​ធំ​របស់​ខ្លួន​ឬ (BRI)​ដើម្បី​ដោះ​ស្រាយ​ការ​រិះគន់​អំពី​ការ​ខ្វះ​តម្លាភាព ​ភាព​គ្រោះ​ថ្នាក់​ខាង​បរិស្ថាន ​និង​បំណុល​នៅ​ក្នុង​ការ​ផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​នេះ។

ប្រធានា​ធិបតី​ចិន​លោក​ ស៊ី​ ​ជីន​ពីង ​ដែល​បាន​ថ្លែង​នៅ​ឯវេទិការ​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ​លើក​ទី២​ក្នុង​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​សុក្រ ​បាន​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​រដ្ឋា​ភិបាល​របស់​លោក​បាន​ដឹង​ពី​ការ​រិះគន់​យ៉ាង​ខ្លាំង​ដែល​បាន​ធ្វើ​ឡើង​ដោយ​ប្រ​ទេស​អភិវឌ្ឍន៍ ​និង​ការ​ត្អូញត្អែរ​មក​ពី​ដៃគូ​អាស៊ី​ស្តី​ពីគម្រោងខ្សែ​ក្រវ៉ាត់​និង​ផ្លូវ​ដ៏​ធំ​របស់​ខ្លួន​ឬ​(BRI)ដែល​ត្រួត​ត្រា​ដោយ​ចិន។ វេទិការ​នេះ​ដំណើរ​ការ​រហូត​ដល់​ថ្ងៃ​សៅរ៍។

ប្រធានា​ធិបតី​ចិន​លោក ​ស៊ី ជីនពីង​ និយាយ​ថា៖ «អ្វីៗ​ទាំង​អស់ត្រូវ​តែ​ធ្វើ​ឡើង​ក្នុ​ង​របៀប​តម្លាភាព ​ហើយ​យើង​មិន​ត្រូវ​អត់​ឱន​ឲ្យ​ទាល់​តែ​សោះ​ចំពោះ​អំពើ​ពុក​រលួយ»។រដ្ឋាភិបាល​របស់​លោក​ឥឡូវ​នេះ​នឹង​ស្នើ​ផ្តល់​គម្រោង «គម្រោង​ការ​ងារ​បំណុល​ប្រកប​ដោយ​ចីរភាព» ​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​អនុវត្ត​ទៅ​តាម​បទដ្ឋាន​អន្តរ​ជាតិ​ក្នុង​ការ​ផ្តល់​កិច្ច​សន្យា​ហេដ្ឋា​រចនា​សម្ព័ន្ធ។

​ខុស​ពី​សុន្ទរកថា​មុនៗ​របស់​លោក​នៅ​ឯវេទិការ​ក្នុង​ឆ្នាំ​២០១៧​ និង​ក្នុង​សន្និ​សីទ​អន្តរជាតិ​ជា​ច្រើន ​ប្រធានា​ធិបតី​ ស៊ី ​មិន​បាន​លាត​ត្រដាង​ទស្សនៈ​សាកល​នូវ​អ្វី​ដែល​ផែនការ​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ ​អាច​ធ្វើ​ដើម្បី​ភ្ជាប់​ប្រទេសនិង​ទ្វីប​នោះ​ទេ។​ តែ​ផ្ទុយ​ទៅ​វិញ ​លោក​បាន​ផ្តោត​លើ​ចម្លើយ​នៃ​ការ​រិះគន់​អំពី​អំពើ​ពុករលួយ​ និង​ការ​ត្រួតត្រា​របស់​ក្រុម​ហ៊ុន​ចិន​នៅ​ក្នុងគម្រោង​ផ្លូវ​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ​ដ៏​ធំ​របស់​ខ្លួន​ឬ​ (BRI) ទាំងនោះ។

​ប្រធានា​ធិបតី​ ស៊ី ​បាន​អញ្ជើញ​ដៃគូបរទេស​ និង​ផ្នែក​ឯកជន​ឲ្យ​រួម​វិភាគ​ទាន​ថវិកាដល់​គម្រោង​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​គាំទ្រ​ដោយ​ចិន។ សំណើ​នេះ​ខុសគ្នាពី​សំ​ណើ​កាល​ពី​ដំបូង​របស់​លោកដែល​ផ្តល់​ហិរញ្ញវត្ថុដល់​គម្រោង​ទាំង​នេះ​មក​ពី​ធនាគារ​ និង​ទីភ្នាក់​ងារ​របស់​ចិន៕

XS
SM
MD
LG