ចិននិយាយថា សិទ្ធិមនុស្សនៅសហរដ្ឋអាមេរិកកាន់តែមានស្ថានភាពអាក្រក់ ដោយសារតែភាពសាហាវរបស់ប៉ូលិស អំពើហិង្សាដោយសារការប្រើប្រាស់កាំភ្លើងដែលមិនអាចទប់ស្កាត់បាន និងឥទ្ធិពលលុយដែលបានពីការប្រព្រឹត្តអំពើពុករលួយនៅក្នុងនយោបាយ។
រដ្ឋាភិបាលក្រុងប៉េកាំងបានធ្វើការចោទប្រកាន់យ៉ាងដូច្នេះកាលពីថ្ងៃព្រហស្បតិ៍នៅ ក្នុងរបាយការណ៍ប្រចាំឆ្នាំមួយ ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាការបរទេស ដើម្បីជាការឆ្លើយតបទៅនឹងរបាយការណ៍ប្រចាំឆ្នាំអំពីការបំពានសិទ្ធិមនុស្សនៅក្នុងប្រទេសចិនរបស់ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃពុធ។
បន្ថែមទៅលើការបំពានក្នុងប្រទេស របាយការណ៍របស់ចិនក៏បានចោទប្រកាន់សហរដ្ឋអាមេរិកអំពីការរំលោភសិទ្ធិមនុស្សនៅបរទេស ដោយរួមមានទាំងការស្លាប់របស់ជនស៊ីវិលនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ការវាយប្រហារដោយប្រើយន្តហោះមិនមានមនុស្សបើក (drone) និងការលួចស្តាប់បទសន្ទនារបស់ជនបរទេសដោយរដ្ឋាភិបាលអាមេរិកផងដែរ។ ព័ត៌មានជាច្រើននៅក្នុងរបាយការណ៍នេះត្រូវបានដកស្រង់ចេញពីទីភ្នាក់ងារសារព័ត៌មានជាច្រើនរបស់អាមេរិក។
របាយការណ៍នេះក៏បានសរសេរថា ប្រសិនបើសហរដ្ឋអាមេរិកមិនព្រមឆ្លុះកញ្ចក់មើលខ្លួនឯងពីបញ្ហាសិទ្ធិមនុស្សទេនោះ ប្រទេសដទៃទៀតត្រូវតែឆ្លុះកញ្ចក់មើលខ្លួនឯង។
អ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសចិនបានចោទប្រកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ថាបានប្រើប្រាស់សិទ្ធិមនុស្សដើម្បី «លូកលាន់ដល់កិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ»។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីសិទ្ធិមនុស្សរបស់អាមេរិក អាមេរិកបាននិយាយថា នៅក្នុងប្រទេសចិន ការគាបសង្កត់ និងការបង្ខិតបង្ខំទៅលើស្ថាប័ន និងបុគ្គលិកពាក់ព័ន្ធនឹងការតស៊ូមតិជុំវិញបញ្ហាសិទ្ធិមនុស្ស និងនយោបាយបានកើនឡើងគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ២០១៥ ជាពិសេសក្នុងចំណោមស្ថាប័នច្បាប់នៅក្នុងប្រទេសចិន៕