ព្រឹទ្ធសភាគ្រប់គ្រងប្រទេសបានអនុម័តសេចក្តីព្រាងច្បាប់សហជីពកាលពីថ្ងៃអង្គារ នៅគ្រាដែលក្រុមសហជីពឯករាជ្យនឹងបន្តធ្វើយុទ្ធនាការតស៊ូមតិឲ្យមានការកែប្រែសេចក្តីព្រាងច្បាប់នេះ។
ព្រឹទ្ធសភាកម្ពុជាដែលគ្របដណ្តប់ដោយគណបក្សប្រជាជនកាលពីថ្ងៃអង្គារម្សិលមិញនេះ បានអនុម័តសេចក្តីព្រាងច្បាប់សហជីពដ៏ចម្រូងច្រមាសដោយគ្មានការគាំទ្រពីសមាជិកព្រឹទ្ធសភាមកពីគណបក្សជំទាស់។ នេះបើយោងទៅតាមការបញ្ជាក់ពីអ្នកនាំពាក្យនៃព្រឹទ្ធសភា។
ការអនុម័តសេចក្តីព្រាងច្បាប់ កើតមាននៅស្របពេលដែលសហជីពឯករាជ្យធំៗ បន្តការប្រឆំាងនឹងសេចក្តីព្រាងច្បាប់ ដែលពួកគេយល់ថា នឹងគាបសង្កត់សិទ្ធិសេរីភាពរបស់កម្មករ។
លោក អ៊ុំ សារិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានមានប្រសាសន៍ប្រាប់ VOA ថា សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា ព្រះបរមរាជវាំង និងរដ្ឋសភាចំនួន៤០រូបនៃចំនួនសរុប៤៦រូប បានផ្តល់ការយល់ព្រមលើសេចក្តីព្រាងច្បាប់នេះ ទោះបីជាមានមតិរិះគន់ពីសមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ី ក៏ដោយ។
លោក អ៊ុំ សារិទ្ធ ថ្លែងប្រាប់ VOA ថា៖
«សមាជិកព្រឹទ្ធសភាម្នាក់ខាងគណបក្សប្រឆាំង គាត់បានលើកយោបល់សើ្នសុំកែប្រែលើចំណុចមួយចំនួន ប៉ុន្តែខាងរាជរដ្ឋាភិបាល ក៏បានឡើងពន្យល់ ហើយសមាជិកព្រឹទ្ធសភាផ្សេងទៀត ឡើងធ្វើបទអន្តរាគមន៍ ពាក់ព័ន្ធនឹងបញ្ហាហ្នឹង ដែលភាគច្រើនគេមើលឃើញថា អ្វីដែលបានសរសេរនៅក្នុងសេចក្តីព្រាងច្បាប់ហ្នឹង គឺវាត្រឹមត្រូវគ្រប់គ្រាន់ហើយ មិនចាំបាច់ថែមថយ ឬកែប្រែឬក៏លុបចោលអីទេ»។
លោកបន្ថែមថា សេចក្តីព្រាងច្បាប់នេះត្រូវបានបញ្ជូនភ្លាមៗផងដែរទៅរដ្ឋសភា មុននឹងរដ្ឋសភាបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅព្រះមហាក្សត្រខ្មែរ ដើម្បីឡាយព្រះហស្ថលេខា នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។
ការតាក់តែងសេចក្តីព្រាងច្បាប់នេះ បានទទួលរងការរិះគន់យ៉ាងខ្លាំងពីក្រុមសហជីពឯករាជ្យដែលធ្វើការដើម្បីប្រយោជន៍កម្មករ ហើយនិងក្រុមអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិនានា។ពួកគេនិយាយថា ច្បាប់នេះធ្វើឲ្យពិបាកក្នុងការបង្កើតសហជីពនិងពិបាកសម្រាប់កម្មករក្នុងការធ្វើបាតុកម្មតវ៉ា។ ក្រុមអ្នករិះគន់និយាយថា ច្បាប់នេះមានលក្ខខណ្ឌតម្រូវឲ្យធ្វើរបាយការណ៍ថវិកាពីសហជីព ហើយច្បាប់នេះ ក៏មានឃ្លាឃ្លោងមួយចំនួនដែលរើសអើងក្រុមមេដឹកនាំសហជីពកម្មករផងដែរ។
លោក អាត ធន់ ប្រធានសហភាពការងារកម្ពុជា ថ្លែងថា ក្រុមសហជីពឯករាជ្យនានា នៅមានក្តីបារម្ភចំពោះសេចក្តីព្រាងច្បាប់សហជីព ដែលអាចមានការរឹតបន្តឹងសេរីភាពរបស់កម្មករក្នុងការចងក្រងសហជីព និងការតវ៉ាជាមួយនិយោជកទៅថ្ងៃខាងមុខ។ លោកថា ក្រុមសហជីពនឹងពិនិត្យលើលទ្ធភាពនៃការតស៊ូមតិបន្តទៀត នៅមុន និងក្រោយពេលព្រះមហាក្សត្រឡាយព្រះហស្ថលេខាលើសេចក្តីព្រាងច្បាប់នេះ។
លោក អាត ធន់ ថ្លែងថា៖
«ក្នុងករណីដែលមិនមានការកែប្រែអី ពេលច្បាប់ហ្នឹងចូលជាធរមានហើយ យើងនឹងៗអនុវត្តមើលច្បាប់ហ្នឹង។ បើសិនជា យើងឃើញចំណុចខ្វះខាត យើងនឹងស្នើឲ្យមានការកែប្រែ ឧទាហរណ៍ថា អនុវត្តន៍ វាប៉ះពាល់សិទ្ធិខ្លាំងដល់ពួកយើងហ្នឹងណ៎ា យើងនឹងស្នើឲ្យមានការធ្វើវិសោធនកម្មឡើងវិញ»។
ការអនុម័តសេចក្តីព្រាងច្បាប់សហជីពដោយរដ្ឋសភាកាលពីដើមខែមេសានេះ បានធ្វើឡើងនៅក្នុងស្ថានភាពហិង្សាមួយ ដោយតំណាងក្រុមសហជីពដែលមិនពេញចិត្តនឹងសេចក្តីព្រាងច្បាប់នេះ បានប៉ះទង្គិចគ្នា ជាមួយក្រុមសនិ្តសុខ និងមន្ត្រីប៉ូលិសស្លៀកពាក់ឯកសណ្ឋានប្រមាណ២០០នាក់នៅក្បែររដ្ឋសភា។ យ៉ាងហោចណាស់ មានតំណាងសហជីពពីររូប បានរងរបួសធ្ងន់។ នៅគ្រានោះ តំណាងរាស្ត្រចំនួន៦៧រូបនៃចំនួន៩៨រូបដែលមានវត្តមាន បានលើកដៃអនុម័ត សេចក្តីព្រាងច្បាប់នេះ មុនពេលបញ្ចប់អង្គប្រជុំរបស់ខ្លួន។ តំណាងរាស្ត្រភាគច្រើនដែលអនុម័តសេចក្តីព្រាងច្បាប់នោះ គឺមកពីគណបក្សកាន់អំណាច។
បន្ទាប់ពីមានបាតុភាពហិង្សានោះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch និងក្រុមសហជីពក្នុងស្រុកបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះអំពើហិង្សានោះដែរ។ សេចក្តីថ្លែងការណ៍ដែលចេញដោយអង្គការ Human Rights Watch កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ បានឲ្យដឹងថា ការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសហជីពគឺ «ផ្ទុយពីស្តង់ដារអន្តរជាតិដែលបញ្ជាក់ពីការធ្លាក់ចុះនៃការគោរពសិទ្ធិការងារក្នុងប្រទេសកម្ពុជា»៕