ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Kerry ស្ថិត​នៅ​ជប៉ុន​សម្រាប់​កិច្ចប្រជុំ​រដ្ឋ​មន្ត្រី G-7


រដ្ឋ​មន្ត្រី​ការបរទេស​ជប៉ុន Fumio Kishida ឈរ​ថត​រូប​ជាមួយ​រដ្ឋ​មន្រ្តី​ការបរទេស​របស់​ប្រទេស​ G7 នៅ​ក្រុង​ហ៊ីរ៉ូស៊ីម៉ា ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦។

ការ​គំរាម​កំហែង​សន្តិសុខ​សាកលលោក​ស្ថិតក្នុង​ចំណោម​ចំណុច​សំខាន់ៗ​សម្រាប់​លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក John Kerry ​និង​រដ្ឋ​មន្រ្តី​ការបរទេស​របស់​ប្រទេស​ដែល​មាន​ឧស្សាហកម្មជឿន​លឿន​ជាង​គេ​នៅ​លើ​ផែនដី​ហៅ​កាត់ថា (G-7) ​ដែល​បាន​ចាប់​សន្និសីទ​រយៈ​ពេល២ថ្ងៃ​នៅ​ក្នុង​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា​នៃ​ប្រទេស​ជប៉ុន។

លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក Kerry ​បាន​អញ្ជើញ​ទៅ​ដល់​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា​នៅ​ថ្ងៃ​អាទិត្យ​នេះ​បន្ទាប់​ពី​ដំណើរ​បំពេញ​ទស្សនកិច្ច​ប្រទេស​អាហ្វហ្គានីស្ថាន។លោក​ក៏​ជា​រដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លើក​ដំបូង​ដែល​បំពេញ​ទស្សនកិច្ច​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ាដែល​ត្រូវ​បានកម្ទេច​ដោយ​គ្រាប់​បែក​បរមាណូ​របស់​សហរដ្ឋ​អាមេរិក​នៅ​ជិត​ចប់​សង្គ្រាម​លោក​លើក​ទី២។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​កាសែត​ហ៊ីរ៉ូស៊ីម៉ា លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិកាំង ​បាន​មាន​ប្រសាសន៍​ថា ការ​គំរាម​កំហែង​សាកលលោក​ភាគ​ច្រើន​ដល់​សន្តិភាព​អន្តរជាតិ​តម្រូវ​ឲ្យ​មាន​ចំណាត់​ការ​រួម។

លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក Kerry បាន​មាន​ប្រសាសន៍​ទៀត​ថា «ជំនួប​បែប​នេះ ​ជា​ឱកាស​ដ៏​មាន​សារៈសំខាន់​ដើម្បី​ជួយ​យើង​ដោះ​ស្រាយ​ការ​ព្រួយ​កង្វល់​អន្តរជាតិ ​និង​សន្តិសុខ​បន្ទាន់ៗ​ ហើយ​និង​និយាយ​ក្នុង​សំឡេង​ដ៏​ច្បាស់​លាស់​ស្តី​ពី​ចំណាត់​ការ​សំខាន់​ដែល​ត្រូវ​ធ្វើ។

ក្រុម​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ជឿន​លឿន​ទាំង​៧​ប្រទេស​រួម​មាន​ប្រទេស​អង់គ្លេស ​កាណាដា ​បារាំង ​អាល្លឺម៉ង់ ​អ៊ីតាលី​ និង​ជប៉ុន។ សមាជិក​ខ្លះ​របស់​អឺរ៉ុប ​កំពុង​រក​មធ្យោបាយ​ដោះ​ស្រាយ​បញ្ហា​សន្តិសុខ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល និង​ទីក្រុង​ប៉ារីស។

បន្ថែម​បញ្ហា​ភេរវកម្ម ​ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​ជឿន​លឿន ​ត្រូវ​គេ​រំពឹង​នឹង​ពិភាក្សា​សន្តិសុខ​នាវាចរណ៍​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​និង​វិបត្តិ​ជន​ភៀស​ខ្លួន​ដែល​កំពុង​ប៉ះពាល់​អឺរ៉ុប​ និង​តំបន់​មជ្ឈឹម​បូព៌ា៕

XS
SM
MD
LG